ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​វាយ​ប្រហារ​គណបក្ស​ជំទាស់​ទាក់​ទង​នឹង​ថ្ងៃ​៧​មករា


លោក​​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន (កណ្តាល) ក្នុង​ពេល​និយាយ​ទៅ​កាន់​អ្នកកាសែត​​នៅ​ឯ​រដ្ឋ​សភា​​ជាតិ​​នៃ​​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​​ទី ២៨ ខែកក្កដា ឆ្នាំ ២០១៤។
លោក​​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន (កណ្តាល) ក្នុង​ពេល​និយាយ​ទៅ​កាន់​អ្នកកាសែត​​នៅ​ឯ​រដ្ឋ​សភា​​ជាតិ​​នៃ​​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​​ទី ២៨ ខែកក្កដា ឆ្នាំ ២០១៤។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​នៅថ្ងៃ​ច័ន្ទ​នេះបាន​ធ្វើ​ការ​វាយ​ប្រហារ ​ចោទ​ប្រកាន់​ដោយ​ប្រយោលលើ​គណបក្ស​សង្គ្រោះ​ជាតិថា​ ជា​សម្ព័ន្ធមិត្ត​ជា​មួយ​ពួក​ខ្មែរ​ក្រហម។​

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​និយាយ​រំឭកពី​ថ្ងៃ៧​មករា​ឆ្នាំ​១៩៧៩​ ដែល​មន្ត្រី​គណ​បក្ស​ជំទាស់​ធ្លាប់​កត់​សម្គាល់ថា​ គឺ​ជា​ថ្ងៃនៃ​ការ​ចូល​លុកលុយ​ឈ្លាន​ពាន​របស់​កងទ័ព​វៀតណាម​ ដោយ​ធៀប​ទៅ​នឹង​ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១ ​ដែល​ជា​ថ្ងៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ និង​ជា​ថ្ងៃបើក​ទំព័រ​សន្តិភាព ​ការ​បោះ​ឆ្នោត​ដោយសេរី​ និង​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។​

ថ្លែង​ក្នុង​ពិធី​សម្ពោធន៍​បើកការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទី​រួម​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ព្រឹកមិញ​ លោក​ហ៊ុន សែន​ចាត់​ទុក​អ្នក​ប្រឆាំង​ថ្ងៃ​៧​មករា​គឺជា​អ្នក​គាំទ្រ​របប​ប្រល័យ​ពូជ​សាសន៍​របស់​ពួក​ខ្មែរក្រហម។​

«បើ​អ្នក​ណា​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា​ អ្នកនោះ​(ស្ថិត​ក្នុង)​សម្ព័ន្ធ​ភាព​ជាស្វ័យ​ប្រវត្តិ​ជាមួយ​ខ្មែរក្រហម​ និង​របប​ប្រល័យ​ពូជ​សាសន៍»។

ការ​រិះ​គន់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ប្រារព្ធ​ខួប​លើក​ទី​៣៦​ឆ្នាំនៃ​ថ្ងៃ​៧​មករា។​

លោក​ហ៊ុន សែន​បាន​លើកប្រវត្តិ​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម ​ហើយ​បាន​រិះគន់​អង្គការ​សហ​ប្រជា​ជាតិ​ថា ​បាន​ចំណាយ​លុយ​ច្រើន​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​មិន​អាច​បញ្ចប់​អង្គការ​ចាត់​តាំង​របស់​ខ្មែរក្រហម​បាន។​

មន្ត្រី​គណបក្ស​ជំទាស់ធ្លាប់​បាន​បង្ហាញ​ជំហរ​ផ្ទុយ​ពី​នេះ ​ដោយ​សំអាង​ថា ​«ថ្ងៃ​៧​មករា»​ក្រៅ​ពី​បង្ហាញ​ពី​ការ​ឈ្លាន​ពាន​របស់​បរទេស​ ថ្ងៃ​នេះមិន​បាន​នាំ​មក​នូវ​សេចក្តី​រុងរឿង​និង​របប​សេរី​ពហុ​បក្ស​នោះ​ទេ។​

ក្រោយ​ពី​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១ ​រដ្ឋា​ភិបាល​បាន​ចាត់​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ជាតិ ​ក៏​ប៉ុន្តែ​ក្រោយ​មករដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ថ្ងៃ​នោះ​ទៅ​វិញ​ ដែល​អ្នកវិភាគ​មួយ​ចំនួន​យល់​ថា​ នេះ​ជា​ហេតុផល​នយោបាយ។​ ហើយ​ចាប់​ពី​ពេល​នោះ​មក គណបក្ស​ជំទាស់​បន្ត​ទាម​ទារ​ឲ្យ​មាន​ការ​គោរព​ថ្ងៃ​២៣​តុលា​ថា​ ជា​ថ្ងៃ​ប្រវតិ្ត​សាស្ត្រ​របស់​កម្ពុជា និង​បាន​រិះគន់​ថ្ងៃ​៧​មករា ​ដែល​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជា​ច្រើន​នោះ។​

លោក​ហ៊ុន សែន​បាន​វាយ​បក​មក​វិញ​ថា​ មាន​ថ្ងៃ​៧​មករា​ទើប​នាំ​ឲ្យ​ឈាន​ដល់​ថ្ងៃ​ទី​២៣​តុលា។​

«បើ​គ្មាន​ថ្ងៃ​៧​មករា​១៩៧៩​ទេ​ គ្មាន​អ្វី​កើត​ឡើង​ទេ។​ កុំ​និយាយ​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស។​ បើ​អត់​មាន​ថ្ងៃ​៧​មករា​ទេ​ ក៏​អត់​មាន​ជីវិត​យើង​រាល់​ថ្ងៃ​នេះ​ដែរ។​ សច្ចធម៌​ប្រវត្តិសាស្ដ្រ​យ៉ាង​ដូច្នេះ»។​

ទោះ​ជា​បែប​នេះ​ក្តី​ លោក​យ៉ែម ​ប៉ុញ្ញរិទ្ធ ​តំណាង​រាស្ដ្រ ​និង​ជា​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​តប​វិញ​ថា​ ការ​បក​ស្រាយ​បែប​ណា​ត្រូវ​សិក្សា​លើ​ឫស​គល់​នៃ​ប្រវត្តិ​សាស្ដ្រ។ ​ហើយ​លោក​នៅតែ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ថ្ងៃ​ទី​២៣​តុលា​ជាង​ថ្ងៃ​៧​មករា។​

«២៣​តុលា​មាន​តម្លៃ​ធំ​ធេង​ ពីព្រោះ​ជា​ការ​រស់​រាន​ឡើង​វិញ​ទទួល​ស្គាល់​អធិប​តេយ្យភាព​ដោយ​គ្មាន​កង​ទ័ព​បរទេស។​ បន្ទាប់​មក​ទៀត​ចាប់​ផ្តើម​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​អង្គការ​សហ​ប្រជាជាតិ​ជាដើម។ ​ហើយ​គឺ​ក្រោយ​ថ្ងៃ​ទី​២៣​តុលា​នោះ​ហើយ​ដែល​ចាប់​ផ្តើម​មាន​ជំនួយ​សន្ធឹក​សន្ធាប់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍរហូតពេល​បច្ចុប្បន្ន​នេះ។ ​មុន​២៣​តុលា​ ទាំង​អស់​នេះ​អត់​មាន​ទេ»។​

​មន្ត្រី​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​ដដែល​ បាន​និយាយ​យោង​ដល់​ការ​ចោទ​ប្រកាន់​ដែល​ថា ​ឫស​គល់​នៃ​អ្នក​ដឹក​នាំ​ប្រទេស​បច្ចុប្បន្ន​ក៏​ចេញ​មក​ពី​ជួរ​ជាន់​ខ្ពស់​របស់​ខ្មែរក្រហម​ដែរ។​

របប​ខ្មែរក្រហម​បាន​កាប់​សម្លាប់​ និង​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​ ចន្លោះ​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG