ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស៖​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិមនុស្ស​ថយ​ក្រោយ​ក្រោម​ការដឹក​នាំ​៣០​ឆ្នាំ​របស់​លោក​ហ៊ុន សែន

  • សុខ ខេមរា

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ (ស្តាំ) កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បានកាន់​កាប់​អំណាច​៣០​ឆ្នាំ​ហើយ​មក​ដល់​ថ្ងៃពុធ​សប្តាហ៍​នេះ។ ​នៅ​ក្នុង​ថ្ងៃ​ខួប​នៃ​ការ​កាន់​អំណាច​ដ៏​យូរ​ម្នាក់​ក្នុង​ពិភពលោក​ លោក​ហ៊ុន សែន​រង​ការ​រិះគន់​ជាច្រើន​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឲ្យ​ប្រជា​ធិប​តេយ្យ​មិន​ដើរ​ទៅ​មុខ។​

ការ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ទាំង​នោះ​ រាប់​បញ្ចូល​ទាំង​ការ​ដឹក​នាំ​ប្រទេស​តាម​របៀប​ជិះជាន់​ គាប​សង្កត់​ ប្រើ​អំពើ​ហិង្សា​ រំលោភ​សិទ្ធិ​មនុស្ស​ បង្អាក់​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​ ពុករលួយ​ ​បក្ខពួក​និយម ​បង្កើត​វប្បធម៌​និទណ្ឌភាព ​ការ​បាញ់​សម្លាប់​កម្មករ​ ការ​បង្ក​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ ការ​រំលោភ​យកដីធ្លី​ប្រជា​ពលរដ្ឋ ​និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​មាត់​ក្រុម​ជំទាស់​ជា​ដើម។​

លោក​វីល្លៀម ហ្វ័ត ​(William Ford)​ មន្ត្រី​កម្ម​វិធី​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ Freedom House ​របស់​ស.រ.អា.បាន​ថ្លែង​ថា៖​

«ក្នុង​អំឡុង​ពេល​៣០​ឆ្នាំ​មក​ដល់​ពេល​នេះ ​ក្រោមការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​លោក​មាន​ពេល​ម្តង​ហើយ​ម្តង​ទៀត​យ៉ាងប៉ិន​ប្រសប់​ដើម្បី​បំបាក់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ បំបិទ​មាត់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ហើយមិន​អើពើនឹង​ការ​ទាមទារ​ជា​មូលដ្ឋាន​សឹងតែ​ទាំងអស់​របស់​ពលរដ្ឋ​កម្ពុជា​ រួម​ទាំង​ប្រព័ន្ធ​នយោបាយ​ដែល​មាន​ការ​ទទួល​ខុសត្រូវផង។​ ប្រទេស​កម្ពុជា​ត្រូវ​ចាត់​ទុក​ថា ​ជា​ប្រទេស​គ្មាន​សេរីភាព​ នៅ​ក្នុង​របាយ​ការណ៍​របស់​ Freedom House ​ស្តីពី​សេរីភាព​ប្រទេស​ជុំវិញ​ពិភព​លោក​ចាប់តាំង​ពីឆ្នាំ​១៩៩៨ ​ដែល​មាន​ការចាត់​បញ្ចូល​ចំណាត់​ថ្នាក់​ដំបូង​នោះ​»។​

លោក​បាន​ផ្តល់​អនុសាសន៍​សម្រាប់​មេ​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ក្នុង​ការ​រៀន​សូត្រ​ពី​មេរៀន​ប្រវត្តិសាស្ត្រ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយសារ​ការ​កាន់​អំណាច​យូរ​របស់​មេ​ដឹកនាំ។​

«ក្រុម​អ្នក​ដឹកនាំ​កម្ពុជា​នាពេល​អនាគត ​ដែល​ចង់​ធ្វើ​ឲ្យ​រីក​ចម្រើនផ្នែក​អភិបាល​កិច្ច​តាម​បែប​ប្រជា​ធិប​តេយ្យ ​ដែល​អាច​ការពារ​សិទ្ធិ​មនុស្ស​ អាច​រៀន​សូត្រ​បាន​ច្រើន​អំពី​អ្វី​ដែល​មិន​ត្រូវ​ធ្វើ​ ដោយ​សិក្សា​ពីមុខ​តំណែង​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ដ៏យូរ​ក្នុង​ប្រទេស​អាស៊ី។ ​លោក​ហ៊ុន សែន​បាន​បន្ត​រក្សា​ផ្លាក​បែប​ពហុនិយម​ ដោយ​តាំង​ខ្លួន​ថា​ លោក​គឺជាអ្នក​ការពារ​កម្ពុជា​ប្រឆាំង​នឹង​អំពើ​អាក្រក់​នៅ​ក្នុង​អតីត​កាល។​ តែ​ជា​ការណ៍​ពិត​វិញ ​លោក​បាន​កាន់​អំណាច​តាម​រយៈ​ការ​ប្រើ​កម្លាំង​យ៉ាង​សាហាវ ​ឃោរឃៅ​ និង​គ្រប់គ្រង​នយោបាយ​ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ប្រជា​ពលរដ្ឋ​កម្ពុជា»។​

របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​គឺ​អង្គការ​យូមែនរ៉ៃវ៉ច​របស់​ស.រ.អា.កាលពី​ដើម​សប្តាហ៍​ បាន​និយាយ​ចំៗ​ទៅ​លើការ​ស្លាប់​ប្រជា​ពលរដ្ឋ​សម័យ​បញ្ជូន​ពលរដ្ឋ​ទៅ​កាប់​ព្រៃ​ «ក៥»​ ដែល​ស្លាប់​ដោយសារ​ជាន់​មីន​នៅ​ជាយ​ព្រំ​ដែន​ថៃ ​ការ​សម្លាប់​ក្រុម​កម្មករ​រោងចក្រ​ដែល​គ្មាន​អាវុធ​នៅ​នឹង​ដៃ ​ការ​កាប់​សម្លាប់​នៅ​ក្នុង​អំពើ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃទី​៥​ទី​៦ ​ខែ​កក្កដា​ឆ្នាំ​១៩៩៧​លើ​ក្រុម​ទាហាន​ស្មោះ​ត្រង់​នឹង​គណបក្ស​រាជានិយម​ហ៊ុនស៊ីនប៉ិច​ ការ​បោក​គ្រាប់​បែក​ទៅ​លើ​ហ្វូង​បាតុករ​ក្រុម​ជំទាស់​នៅថ្ងៃ​ទី៣០​មិនា​ឆ្នាំ​១៩៩៧​ និង​អំពើ​រំលោភ​បំពាន​ដីធ្លី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា​ជាច្រើន​គ្រួសារ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ អាយុ​៦២​ឆ្នាំ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ បាន​ឡើង​កាន់​អំណាច​កាលពី​ថ្ងៃទី​១៤​ខែ​មករា ​ឆ្នាំ​១៩៨៥​ក្រោម​ការ​គាំទ្រ​របស់​វៀតណាម។ ​ទោះជា​លោក​ហ៊ុន​ សែន​រង​ការ​រិះគន់​ម្តងម្កាល​ឬ​ប្រឈម​មុខ​នឹង​បាតុកម្ម​បណ្តេញ​លោក​ចេញពី​មុខ​តំណែង​យូរៗ​ម្តង​ក្តី ​តែ​ក្រុម​អាជ្ញាធរ​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​ផ្តាច់​ផ្តិល​ជីវិត​ក្រុម​បាតុករ​អហិង្សា​ ចោទ​ប្រកាន់​ ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ជំទាស់​ មន្ត្រី​សហជីព​កម្មករ​ជាដើម។​

ក្នុង​ពេល​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការ​ភ្ជាប់​មុខ​តំណ​ចុង​ក្រោយ​នៃ​ការ​សង់​ស្ពាន​អ្នក​លឿង​ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ​ស្ពាន​ស៊ូបាសា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ទទួល​ស្គាល់​ថា ​ការ​ដឹកនាំ​ប្រទេស​៣០​ឆ្នាំ​របស់​លោក​ពិត​ជា​មាន​កំហុស​ខ្លះមែន​ តែ​លោក​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​ប្រទេស​ដែរ​ រាប់​ទាំង​សមិទ្ធិផល​ និង​សន្ធិ​សញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃទី​២៣​ ខែ​តុលា ​ឆ្នាំ​១៩៩១​ផង​ដែរ។​

«ពី​១៩៨៥​ដល់​បច្ចុប្បន្ន​គឺ​ជា​នាយក​រដ្ឋមន្ត្រី។​ គុណ​សម្បត្តិ ​និង​គុណ​វិបត្តិ​តែង​កើត​មាន។ ​ក៏​ប៉ុន្តែ​សុំ​ក្រឡេក​មើល​ថយ​ក្រោយ​បន្តិច។​ នៅ​ពេល​ហ៊ុន សែន​ចាប់​ផ្តើម​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​ សង្គ្រាម​នៅ​ហែក​ហួរ​ប្រទេស​នេះ​នៅ​ឡើយ។ ​សុំ​កុំភាន់​ច្រឡំ។​ បើ​គ្មាន​បាត​ដៃ​ហ៊ុន សែន​ទេ ​ក៏គ្មាន​អា​កិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីស​ចេញ​មក​ដែរ ​និយាយ​ឲ្យ​ច្បាស់។ ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ​វា​កើត​ព្រោះ​ហ៊ុន សែន​អ្នក​ទៅ​ចរចា»។​

លោក​និយាយ​ថា ​នយោបាយ​សន្តិភាព ​ដែល​លោក​អះអាង​ថា ​អ៊ុនតាក់​ ឬ​អ.ស.ប.មិន​អាច​ធ្វើ​បាន​នោះ​គឺ​កម្ពុជា​អាច​ធ្វើ​បាន​ ដោយ​ខ្លួន​ឯង​ ហើយ​លោក​បាន​បង្ហាញ​ការ​បដិសេធ​ចំពោះ​របាយ​ការណ៍​អង្គការ​យូម៊ែនរ៉ៃវ៉ច​ហើយ​នឹង​និយាយ​លេង​បែបឆាក​កប្លែង​ដឺដង​ដាក់​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​យូម៊ែនរ៉ៃវ៉ច​របស់​លោក​ប្រេត អាដាំ​ នាយក​អង្គការ​នេះ​ប្រចាំ​តំបន់​អាស៊ី។​

ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ លោក ​Rupert Abbott ​នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​អង្គការ ​Amnesty​ International ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ បាន​រិះគន់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដោយ​ចាត់​ទុក​ថា ​នៅ​តែ​ជា​ក្តី​បារម្ភ។ ​លោក​បាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​កន្លង​ទៅ​ សិទ្ធិ​សេរីភាព​ជួប​ប្រជុំ ​ដោយ​អហិង្សា​ត្រូវ​រិត​បន្តឹងយ៉ាង​តឹងរ៉ឹង ​សកម្មជន​ដីធ្លី​ ផ្ទះ​សម្បែង​ត្រូវ​ចាប់​ដាក់​គុក​ហើយ សមាជិក​គណបក្ស​ជំទាស់​ត្រូវ​ចាប់​កាត់​ទោស​ ដែល​រឿង​នេះ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​តាម​ការ​សន្យា។​

លោក​ Rupert Abbott ​បាន​បន្ត​ដែរ​ថា ​ជា​ទូទៅ​ រដ្ឋាភិបាល​មាន​ឱកាស​ក្នុង​ការ​កែ​ទម្រង់​ តែ​គេ​ត្រូវ​ការ​ឆន្ទៈ​នយោបាយ។​ អង្គការ ​Amnesty International ​គាំទ្រ​សំណើឲ្យ​មាន​កំណែ​ទម្រង់​ជា​ច្រើន ​ជា​ពិសេស​បញ្ហា​សិទ្ធិ​មនុស្ស​លើក​ឡើង​ដោយលោក​សូរិយ៉ា​ប្រាសាទ​ស៊ូម៊ែឌី ​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។​

លោក​ Rupert Abbott ​បញ្ជាក់​តាមខ្លឹមសារ​ដើម​ថា៖​

«អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ​Amnesty International ​សុំ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អាជ្ញាធរ​កម្ពុជា​ ឲ្យ​យក​ចិត្តទុក​ដាក់​ខ្លាំងក្លា​ចំពោះ​អនុសាសន៍​របស់​លោក​សូរិយា ​ស៊ូប៊ែឌី​ ហើយ​ពន្លឿន​ដំណើរ​ការ​កែ​ទម្រង់​ ដែល​បាន​សន្យាបន្ទាប់​ពីការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។​ ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា ​និង​កតិការ​សញ្ញា​ស្តីពី​សិទ្ធិ​មនុស្ស​ជាច្រើន​ចំពោះ​ច្បាប់​អន្តរជាតិ​ ដែល​មាន​ន័យ​ថា ​កម្ពុជា​មាន​កាតព្វ​កិច្ច​ដើម្បី​ធានា​ថា​ សិទ្ធិ​ទាំង​នេះ​ត្រូវតែ​ការ​ពារ ​រាប់​ទាំង​សិទ្ធិ​ពលរដ្ឋ ​សិទ្ធិ​នយោបាយ​រហូត​ដល់​សិទ្ធិ​សេដ្ឋ​កិច្ច​ សិទ្ធិ​ផ្នែក​សង្គម ​និង​វប្បធម៌។ ​ប្រទេស​កម្ពុជា​ត្រូវតែ​ការពារ​សិទ្ធិ​ មនុស្ស​ឲ្យ​បាន​ពិតប្រាកដ​ តាម​គោល​នយោបាយ​របស់​ខ្លួន»។​

លោក​ព្រមាន​ថា​ មេរៀន​មួយ​គឺ​ថា​ បរាជ័យ​ក្នុង​ការ​កាត់​ទោសជន​ល្មើស ដែល​រំលោភ​សិទ្ធិ​មនុស្ស​ នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​វិល​ទៅ​វិល​មក​ដែល​ពិបាក​នឹង​បំបាត់​បាន។​

«ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ហើយ​នឹង​ការ​កែ​ទម្រង់​នានា​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើនដ៏​យូរ​អង្វែង​ចំពោះ​ស្ថានភាព​សិទ្ធិ​មនុស្ស។ ​

បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាក់​ឫស​យ៉ាងជ្រៅ​ ដូច​ជា​ការ​ប្រើ​ប្រាស់​តុលាការ​ដើម្បី​បំបិទ​មាត់​សកម្ម​ជន​នានា ​ការខ្វះ​ឯក​រាជ្យ​ភាព​របស់​តុលាការ ​និង​និទណ្ឌភាព​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ​ដែល​ជា​ការ​បញ្ជូន​សារ​មួយ​ថា ​ក្រុម​ជន​ល្មើស​មិន​ត្រូវ​គេ​កាត់​ទោស​ទេ»។​

លោក​ Rupert Abbott ​បាន​បញ្ជាក់​ថា​ វិបត្តិ​ដីធ្លី​ជា​រឿង​ដែល​រដ្ឋាភិបាល​គួរ​ដោះស្រាយ​ជូន​ពលរដ្ឋ​ ទន្ទឹម​គ្នា​ដែល​មាន​ការ​អះអាង​ថា ​នឹង​មានកំណើន​សេដ្ឋកិច្ច​នោះ។​

«បើ​ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​៣០​ឆ្នាំ​ ដែល​ជា​ទី​ចាប់​អារម្មណ៍​ ហើយ​រដ្ឋា​ភិបាល​សម​នឹង​ទទួល​បាន​ការ​កោត​សរសើរ​មែន​ក្តី​ តែ​មាន​កត្តា​មួយ​ក្នុង​ចំណោម​កត្តាជា​ច្រើន​ ដែល​ធ្វើឲ្យ​ភាព​ក្រីក្រ​បន្ត​កើត​មាន​ នោះ​គឺ​វិបត្តិ​ដី​ធ្លី។ ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន ​ការ​រឹប​អូស​ដីធ្លី ​ហើយ​នឹង​ការ​ប៉ះ​ពាល់​ដោយសារ​ដី​សម្បទាន​សេដ្ឋ​កិច្ច ​កំពុង​បន្ត​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​ដោះស្រាយ»។​

លោក​នី ចរិយ៉ា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុកបាន​ថ្លែង​ថា​ លោក​យល់ស្រប​ទៅ​នឹង​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​បាន​លើក​ឡើង​ច្រើន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​ទាក់ទង​ទៅនឹង​ការ​ដឹក​នាំ​៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​លោក​បាន​បញ្ជាក់​ថា​ ការ​ដឹកនាំ​យូរ ​ជា​ធម្មតា​ តែង​តែ​មាន​កំហុស​ហើយខំ​បិទ​បាំង ​ដែល​លោក​ថា​ ការ​បិទបាំង​នោះ​ហើយ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

«អញ្ចឹង​ហើយ​ដើម្បី​លុបលាង​កំហុស​ គេ​ត្រូវ​តែ​បង្កើត​សកម្ម​ភាព​អ្វី​មួយ​ដើម្បី​ទប់ទល់។ ​អញ្ចឹង ​អ្វី​ដែល​បង្កើត​ឡើង​ដើម្បី​ទប់ទល់​ ឬ​ក៏​បិទ​បាំង​នូវ​កំហុស​របស់​ខ្លួន​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​ អញ្ចឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នឹង​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​មួយ​ ដែល​គ្មាន​ចីរភាព​ឬ​ក៏​មិន​មាន​សមភាព​នៅ​ក្នុង​សង្គម»។​

លោកបន្ថែម​ថា ​មន្ត្រី​រាជការ​មិនមាន​ការ​បែង​ចែក​ឲ្យ​បាន​ស្មើ​គ្នា​ចំពោះ​អ្វី​ដែល​បាន​ពី​ការ​ដោះដូរ​ជា​មួយ​នឹង​ធនធាន​ធម្មជាតិ​ ដែល​ត្រូវបាត់​បង់​តែ​បាន​ផល​ទៅ​លើ​តែ​ក្រុម​ដែល​មាន​អំណាច​ ដើម្បី​ធ្វើ​ជា​មហា​សេដ្ឋី​ប៉ុណ្ណោះ។​

លោក​បាន​មើល​ឃើញ​ពី​ការ​រំលោភ​ដីធ្លី​នៃ​ក្រុម​បក្ខ​ពួក​អ្នក​កាន់​អំណាច​ ហើយ​ការ​ទាមទារ​របស់​ពលរដ្ឋ​មិន​ត្រូវ​បាន​ដោះស្រាយ ​ដោយសារ​តែ​បក្ខ​ពួក​នោះ។ ​ហើយ​មួយ​ទៀត​គឺ​គម្លាត​រវាង​អ្នក​មាន ​និង​អ្នកក្រ​កាន់​តែ​ធំ​ទៅ​ ​ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ចេញ​មុខ​ច្បាស់​ឡើង​ ដូច​ជា​ឧទាហរណ៍​ជាក់​ស្តែង​គឺ​ការ​ឈរ​បាញ់​កម្មករ ​ដែល​គ្មាន​អាវុធ​នៅ​នឹង​ដៃ​នៅ​ផ្លូវ​វ៉េង​ស្រេង​ កាលពី​ដើម​ឆ្នាំ​២០១៤ ​ដោយ​ពួកគេគ្រាន់​តែ​ធ្វើ​បាតុកម្ម​ ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​ប្រាក់ខែ​ឲ្យ​គ្រប់​គ្រាន់។​

លោក​នី ចរិយា​បាន​សង្កេត​ឃើញ​ថា​ អ្នក​ដឹកនាំ​តាម​បែប​ផ្តាច់ការ​មិន​ដែល​មាន​ការ​ប្តូរ​របៀប​ដឹកនាំ​ទេ។​ វា​លើក​លែង​តែ​មាន​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ។​

«អញ្ចឹង​ខ្ញុំ​យល់​ថា ប្រហែល​ជា​មិនមាន​លទ្ធភាព​ទេ​ក្នុង​ការ​ធ្វើ​ឲ្យចរិក​របស់របៀប​ដឹកនាំ​របស់​បុគ្គល​ម្នាក់ៗ​ ដែល​គេ​បាន​ដឹក​នាំ​យូរ​អង្វែង​នោះ​ ​ផ្លាស់​ប្តូរ​ពី​របៀប​ដឹកនាំ​ផ្តាច់ការ​ ផ្លាស់​ប្តូរ​ពីរបៀប​ដឹកនាំ​ដោយ​បក្ខពួក​និយម​ ផ្លាស់​ប្តូរ​ពី​របៀប​ដឹកនាំ​ដោយ​អំពើ​ពុករលួយ ​ផ្លាស់​ប្តូរ​ពី​របៀប​ដឹកនាំ​ដោយ​អំពើ​ហិង្សា ទៅ​ជាការ​ដឹកនាំ​មួយ​ដែល​មាន​លក្ខណៈ​គោរព​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​និង​យុត្តិធម៌​សង្គម​បាន​ទេ»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​

«អ្នក​ដឹកនាំ​បន្ត​ទៅ​ទៀត​ គឺ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ គួរតែ​មើល​ឲ្យ​បាន​ច្រើន​ មើល​ឲ្យ​បាន​វែង​ឆ្ងាយ ​ហើយ​យក​ការ​ដឹកនាំ​ពោរពេញ​ទៅ​ដោយ​កំហុស​ហ្នឹង ​យក​ទៅ​ធ្វើ​ការ​សិក្សា​រៀន​សូត្រ​ ដើម្បី​កែ​ទម្លាប់​នេះ​ចេញ​ ដក​នូវ​កំហុស​ឆ្គង​ទាំងអស់​ចេញ ​ហើយ​ទៅ​រក​របៀប​ដឹកនាំ​មួយ​ដែល​មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ ​គោរព​សិទ្ធិ​មនុស្ស​ និង​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម ​វិញ ​ហើយ​គួរតែ​សម្លឹង​មើល​ទៅ​អ្នក​ដឹកនាំ​ជា​គំរូៗ​នៅ​ក្នុង​ប្រទេស​ដទៃៗ​ទៀត​ ដែល​គេអាច​ដឹក​នាំ​ប្រទេស​របស់​គេ​ពី​ការ​ដែល​មាន​វិបត្តិ​រហូត​ទៅ​ដល់​មាន​ការ​រីក​ចម្រើន​អី​ហ្នឹង​គឺ​ថា ​ទៅមើល​ការ​ដឹកនាំ​របៀប​អស់​អញ្ចឹងៗ»។​

លោក​ជេម ថៃន័រ ​(JAMES TYNER) ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Kent State​ រដ្ឋ ​Ohio​ និង​ជា​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​ បាន​មើល​ឃើញ​ស្រដៀង​គ្នា​ដែរ​អំពី​បញ្ហា​កម្ពុជាទាក់​ទង​នឹង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា៖​

«ប្រជា​ធិបតេយ្យ​មាន​ភាព​ផុយស្រួយ។​ អភិបាល​កិច្ច​ល្អ​ទាមទារ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​តម្រូវ​ការ​នានា​របស់​ពលរដ្ឋ​ ហើយនឹង​ការ​បើក​ចំហ​ឲ្យ​មាន​ការ​ចូលរួម​ក្នុង​ឆាក​នយោបាយ។​ វា​ពិត​ជារឿង​ដែល​មេដឹកនាំ​នានា​អាច​ធ្វើ​បាន​ដើម្បី​ធ្វើឲ្យ​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ​មិន​ថា ​ឡើយ​មេ​ដឹកនាំ​នោះ​កាន់​មុខ​តំណែង​រយៈ​ពេល​ប៉ុណ្ណា​ទេ។ ​សំណួរ​ដ៏​សំខាន់​នោះ​គឺ​ថា ​តើ​រឿង​នេះ​អាច​កើត​ឡើង​ឬ​ទេ?»​

លោក​បាន​ថ្លែង​បន្ថែម​ថា៖​

«វា​ត្រូវតែ​មាន​ការ​ទទួល​ស្គាល់​ប​ញ្ហា​ទាំងអស់​ដែល​កំពុង​ប្រឈម​មុខ​ចំពោះ​កម្ពុជា។​ បញ្ហា​ទាំងនោះ​រាប់ចាប់​ពី​រឿង​សន្តិសុខ​ទឹក​ និង​សន្តិសុខ​ស្បៀង​ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ពិនិត្យ​មើល​អំពី​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច​ និ​ងសង្គម​នៃ​ពលរដ្ឋ​កម្ពុជា ​ក្នុង​ចំណោម​រឿង​រ៉ាវ​ដ៏​ធំ​នៃ​អភិបាល​កិច្ច​អន្តរកាល។​ និយាយ​មួយ​បែប​ទៀត ​នាយក​រដ្ឋមន្ត្រី​មិនមែន​ឈរ​តែ​ម្នាក់​ឯង​ទេ ​តែ​លោក​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដ៏ស្មុគស្មាញ​បន្ថែម​ទៀត​ នៃ​ក្រុម​ឥស្សរជន​អន្តរជាតិ​ដែល​អាច​មាន​ ឬ​មិន​មាន​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ចិត្ត»។​

លោក​ភីធ័រ ម៉ាខ្វៃយអ័រ ​(Peter Maguire)​ សាស្ត្រាច្បាប់​សាកល​វិទ្យាល័យ​អាមេរិកាំង ​និង​ជា​អ្នកតាម​ដានសភាព​ការ​នយោបាយ​កម្ពុជា​ បាន​ថ្លែង​អះអាង​ថា ​លោក​ពិតជា​ពិបាក​ជឿ​ថា​ លោក​ហ៊ុន សែន​នឹង​ធ្វើការ​កែ​ទម្រង់​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ ដោយសារ​កម្ពុជា​មិន​ពឹង​លើ​បស្ចឹម​ប្រទេស​ទៀត​ទេ​ ហើយ​លោក​ហ៊ុន សែន​បាន​ពង្រឹង​អំណាច​ និង​អាច​គ្រប់គ្រង​ម្ចាស់​ជំនួយ​បាន​យ៉ាងងាយ​ស្រួល​ទៅ​ហើយ​នោះ។

«ខ្ញុំ​មិន​គិត​ថា ​លោក​ហ៊ុន សែន​ពិតជា​ចង់​ធ្វើ​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។​ ខ្ញុំ​មិន​គិត​ថា​ គាត់​ចាំ​បាច់​ត្រូវ​ធ្វើ​ទេ។ ​គាត់​មិន​ពឹង​ពាក់​ច្រើន​ទៀត​លើ​បស្ចឹមប្រទេស​ ​ដូចមុន​ទេ។​ ពេលនេះ​គាត់​មាន​ចិន​ជា​អ្នក​ឧបត្ថម្ភ ​ដែល​អនុញ្ញាត​ឲ្យ​គាត់​ធ្វើអ្វីៗ​ដែល​គាត់​ចង់​ធ្វើ ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ នៅ​ពេល​ ដែល​ចិន​ទទួល​បាន​ផល​ចំណេញ​ចំពោះ​វិនិយោគ​ទុន​របស់​គេ ​ចិន​មិន​ខ្វល់អ្វី​ឡើយ»។​

លោកបាន​សង្កត់​ធ្ងន់ការ​ផ្លាស់ប្តូរ​ដែល​លោក​ចង់ឃើញ​មិនមែន​ផ្ទេរ​អំណាច​ទេ៖

«មិន​មែន​ជា​ការ​ផ្លាស់ប្តូរ​ពី​លោក ​ហ៊ុន សែន​ទៅ​លោក​ហ៊ុន ម៉ាណែត​កូន​របស់​លោក​ហ៊ុន សែន​ទេ។ ​ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ វា​នឹង​ពិបាក​ក្នុង​ការ​សម្រេច​បាន​ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ​បែប​នយោបាយ​ពិតៗ​ ដែល​មិន​មែន​គ្រួសារ​និយម​នោះ។​ ដូច្នេះ​ខ្ញុំ​មិន​ឃើញ​ថា ​រឿង​នេះ​អាច​កើត​មាន​ឆាប់ៗ​ទេ។​ កាលពី​ឆ្នាំ​ទៅ​ ខ្ញុំ​បាន​ទៅ​កាន់​ប្រទេស​កម្ពុជា។ ​វាហាក់​ដូច​ជាមាន​អស្ថិរភាព​ខ្លះ​កើត​ឡើង។​ ខ្ញុំ​គិត​មួយ​ស្របក់​ថា​ ការ​ផ្លាស់ប្តូរ​ទំនង​ជា​កើត​ឡើង​ឆាប់ៗ តែ​រឿង​នោះ​បាន​រលាយ​បាត់​ទៅ​វិញ។​ ខ្ញុំ​មាន​ន័យ​ថា ​មាន​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​មិន​សប្បាយ​ចិត្ត​ជាមួយនឹ​ង​ការ​គ្រប់គ្រង​របស់​លោកហ៊ុន សែន ​ហើយ​ថា​ តើ​គេ​អាច​ឈ្នះ​ការ​បោះឆ្នោតទេ​ ​ហើយ​ថា ​តើ​លោក​ហ៊ុន សែន​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ?​ ​នោះ​ជា​សំណួរ​ពិត​ប្រាកដ។ ​លោក​ហ៊ុន សែន​ពិតជា​មិន​បាន​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​សម័យអ៊ុនតាក់​ទេ»។​

លោក​និយាយ​យោង​ទៅ​ដល់​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣​ ដែល​អ៊ុនតាក់​បាន​រៀបចំ​ដំបូង ​ឲ្យ​មាន​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ ​គណបក្ស​ប្រជាជន​កម្ពុជា​ ពេល​នោះ​ចាញ់​ការ​បោះឆ្នោត​ ពេល​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម ​រណ​ឫទ្ធិ។ តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​ទាមទារ​ចែក​អំណាច​ ដោយ​ការ​ដែល​គេ​បាន​ដឹង​ថា ​គំរាមប្រើ​កង​ទ័ព​ធ្វើ​រដ្ឋប្រហារ។​ កិច្ច​ព្រម​ព្រៀង​ចែក​អំណាច​គឺ​មាន​នាយក​រដ្ឋ​មន្ត្រី​ពីរ​រូប​គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ ​ជា​សហ​នាយក​រដ្ឋមន្ត្រី​ទី១​ ​និង​លោក​ហ៊ុន សែន​ជា​សហ​នាយក​រដ្ឋ​មន្ត្រី​ទី២។

លោក ​Peter Maguire ​បាន​បន្ត​ថា​ បន្ទាប់ពីពេល​នោះ​មក​ រាល់​ការ​បោះ​ឆ្នោត​គឺ​ក្រុម​ប្រឆាំង​រង​ការ​យារយី​ និង​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ជា​ដើម។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្លាក់​សំឡេងឆ្នោត​ពី​៩០​អាសនៈ​មក​ត្រឹម​៦៨​អាសនៈ​កាលពី​ការ​បោះឆ្នោត​ជា​សកល​ឆ្នាំ​២០១៣​ ហើយ​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី ​និង​លោក​ កឹម សុខា ​ដែល​បាន​រួបរួមគ្នា​ជា​គណបក្ស​សង្គ្រោះជាតិ​ ​ឈ្នះ​បាន​៥៥​អាសនៈ​ ​ដែល​គេ​ចាត់​ទុក​ថា ​ជា​កម្លាំង​ខ្លាំង​មួយ​ដែល​គំរាមអំណាច​របស់លោក​ហ៊ុន សែន​នៅក្នុង​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​នេះ។ ​ក្រុម​ជំទាស់​និយាយ​ថា ​ប្រសិន​បើ​ប្រព័ន្ធ​បោះឆ្នោត​មាន​ការ​កែ​ទម្រង់​តាម​បែប​ប្រជា​ធិបតេយ្យ​នោះ​ នោះ​គេ​ឈ្នះ​ការ​បោះឆ្នោត ​ហើយ​អាច​ផ្លាស់​ប្តូរ​មេ​ដឹកនាំ​ប្រទេស​បាន​នៅ​ពេល​នោះ៕

XS
SM
MD
LG