លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទ បានព្រមានចាប់ខ្លួនអ្នកហ៊ានអត្ថាធិប្បាយទាក់ទងនឹងការកែប្រែរដ្ឋធម្មនុញ្ញស្តីពីការបង្កើតរដ្ឋាភិបាលពីសំឡេងពីរភាគបីទៅសំឡេង៥០បូក១ ថា មិនគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩១នៃការបញ្ចប់សង្រ្គាមក្នុងប្រទេស និងរៀបចំដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកនាយករដ្ឋមន្រ្តីបានចាត់ទុកការអត្ថាធិប្បាយបែបនេះ «ជាការប្រមាថ»មួយមកលើសភាកម្ពុជា ហើយលោកថា នេះជាការប្រឈមមុខនឹងផ្លូវច្បាប់។ លោកបន្ថែមថា កម្ពុជាមានរដ្ឋធម្មនុញ្ញ ដែលបញ្ចូលស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចហើយ។
លោក ហ៊ុន សែន ថ្លែងថា៖ «និយាយអី និយាយចុះ ក៏ប៉ុន្តែតែចូលដល់ខុសច្បាប់ ធ្ងន់ពេក គឺដាក់ហើយ។ ឧទាហរណ៍ អ្នកឯង មានមូលដ្ឋានផ្លូវច្បាប់មកពីណា ចោទយើងថា សភានេះ កែពីអាពីរភាគបី មក៥០បូក១ ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អាកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាមិនបានកំណត់ថា ធម្មនុញ្ញកម្ពុជា ត្រូវតែពីរភាគបីអាណា»។
លោកបន្ថែមថា៖ «អ៊ីចឹងបើអ្នកឯងចោទសភាខុស គេមានសិទ្ធិទៅវ៉ៃខ្នោះអ្នកឯង។ ផ្តាំផ្ញើទៅផង ល្មមៗបានហើយ។ ហើយតិចថា ហ៊ុន សែន មិនហ៊ាន និយាយគ្នាឲ្យច្បាស់។ តិចថា ហ៊ុន សែន មិនហ៊ាន។ ហ៊ុន សែន ហ៊ានវ៉ៃខ្នោះអ្នកនយោបាយ ម៉ោង១២យប់។ រឿងអី មិនហ៊ានវ៉ៃខ្នោះ ត្រឹមប៉ុននេះ។ ឲ្យមកបកស្រាយជាមួយតុលាការ»។
រូបមន្តពីរភាគបីនៃការបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោត ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០០៦។ ប៉ុន្តែចំណុចនេះ ត្រូវបានកែប្រែមករូបមន្ត៥០បូក១វិញ ដែលត្រូវបានរដ្ឋសភាអនុម័ត កាលពីឆ្នាំ២០០៦។ ការឈានទៅរកការអនុម័តរូបមន្តនេះ បានកើតឡើង ក្រោយមានកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង។
ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះថា តើបុគ្គលណាដែលបានថ្លែងទាក់ទងនឹងការកែប្រែរដ្ឋធម្មនុញ្ញស្តីពីការបង្កើតរដ្ឋាភិបាលនោះទេ។
នៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំឡើងដោយវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ«២៨ឆាំ្នក្រោយប្រកាសរដ្ឋធម្មនុញ្ញ»អតីតព្រះរាជលេខាផ្ទាល់របស់សម្តេចព្រះបរមរតនកោដ្ឋ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងជាអតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ មានព្រះបន្ទូលថា ការអនុវត្តរូបមន្តពីរភាគបីនៃការបង្កើតរដ្ឋាភិបាល គឺស្របតាមការជំរុញនៃស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសារកម្ពុជាទើបចេញពីសង្រ្គាម ដូច្នេះត្រូវមានការផ្សះផ្សាជាតិ។ ទោះជាយ៉ាងណា ព្រះអង្គម្ចាស់បញ្ជាក់ថា ការកែប្រែរដ្ឋធម្មនុញ្ញពីពីរភាគបីមក៥០បូក១ មិនខុសនោះទេ។
ព្រះអង្គម្ចាស់មានព្រះបន្ទូលក្នុងកិច្ចពិភាក្សារបស់វីអូឌីថា៖ «អ្នកដែលបានសរសេររដ្ឋធម្មនុញ្ញ ផ្អែកទៅលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្មារតីក្នុងការផ្សះផ្សាជាតិ ក៏គេបានអនុម័តច្បាប់ពីរភាគបីនោះទៅ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាននៅឡើយទេ។
នៅថ្ងៃចន្ទនេះផងដែរ លោក ហ៊ុន សែន ក៏បានព្រមានថា អាជ្ញាធរក៏អាចចាប់ខ្លួនមនុស្ស ពេលប្រជុំអាស៊ានក្នុងប្រទេសកម្ពុជា ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «អ្ហែងសាកមើល បើមិនត្រពាំងផ្លុង។ កំពុងតែប្រជុំអាស៊ានក៏ដោយ ព្រោះអត់មានទាក់ទងអីនឹងគ្នាទេ។ កិច្ចការរបស់កម្ពុជា គឺកម្ពុជាធ្វើ អត់មានអាស៊ានមកលូកលាន់កិច្ចការកម្ពុជាទេ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា យុវជន ឬអ្នកបញ្ចេញមតិជួនកាលមិនបានយល់ច្បាស់អំពីកិច្ចព្រមព្រៀងនេះ ហើយអាចមតិខ្លះ មិនឆ្លុះបញ្ចាំងពីកិច្ចព្រមព្រៀង។ លោកបញ្ជាក់ថា ការបកស្រាយ និងការពន្យល់ទៅវិញទេ ជារឿងល្អជាងការព្រមានចាប់ខ្លួន។
លោកបញ្ជាក់ថា៖ «ហើយបើចំណុចខ្វះខាតណាមួយ ដែលគាត់មិនបានច្បាស់ អាហ្នឹងមានការពន្យល់ មានការបកស្រាយឲ្យបានត្រឹមត្រូវ ដើម្បីឲ្យគាត់យល់ ឲ្យគាត់បញ្ចេញមតិឲ្យបានត្រឹមត្រូវ អាហ្នឹងវាជារឿងល្អជាង»។
គួរបញ្ជាក់ថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ត្រូវបានរំឭកជាបន្តបន្ទាប់ ក្រោយមានការរំលាយគណបក្សសង្រ្គោះជាតិ និងការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
បើតាមលោក ហ៊ុន សែន អ្នកចង់សើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺចង់ឲ្យបរទេសមកត្រួតត្រាកម្ពុជា។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បានបញ្ជាក់ថា មានការធានានៅក្នុងកិច្ចព្រមព្រៀងដែលនៅ«មានសុពលភាព»ទៅលើចំណុចឯករាជ្យភាពនិងអធិបតេយ្យភាពរបស់កម្ពុជា៕