លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ថា «ជន​ក្បត់​បី​ជំនាន់» និង​សម​ទទួល​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ ដោយ​មាន​លោក សម រង្សី ដែល​នៅ​ពេល​នោះ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។ (វីអូអេ)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុងភ្នំពេញ​ ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី​ ដែល​ទើប​បាន​ប្រកាស​ពី​គម្រោង​វិល​ចូល​មក​កម្ពុជា​ ក្នុង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០២៣ ខាង​មុខ។

ថ្លែង​នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ លោក ហ៊ុន សែន លើក​ឡើង​ថា​ លោក​ សម រង្ស៊ី មាន​បំណង​កាត់ទឹក​ដី​កម្ពុជា​ទៅ​ឱ្យ​ជន​បរទេស គ្រា​ខ្លួន​មិន​ទាន់​បាន​ឡើង​កាន់​អំណាច។ លោក​ថ្លែង​បន្ថែមថា​ ការ​កាត់​សេចក្តី​របស់​តុលាការ​ធ្វើ​ឡើង​ដោយ​មាន​ភស្តុតាង​គ្រប់​គ្រាន់។​

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ការ​ចុះ​កិច្ច​សន្យា​រវាង​លោក​ សម រង្ស៊ី​ ជាមួយ​នឹង​អ្នក​តំ​ណាង​ជន​ជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​នោះ​ ​បញ្ជាក់​បាន​ថា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ ជា​ជន​ក្បត់​ជាតិ​ ដោយសារ​តែ​ក្រុម​ជន​ជាតិ​ម៉ុងតាញ៉ា​នោះ​ ប្រើ​ប្រាស់​ទង់​ជាតិ​របស់​ខ្លួន​មួយ​ដាច់​ដោយ​ឡែក​ ពី​កម្ពុជា​ និង​វៀតណាម។

​លោក​ ហ៊ុន សែន ​ថ្លែង​ថា៖ «បងប្អូន​ប្រជាពល​រដ្ឋ​ត្រូវ​មើល​ឃើញ​ឱ្យ​ច្បាស់​ពីចរិត​សារជាតិ​ក្បត់​ជាតិ​របស់​ជន​ក្បត់ជាតិ​នេះ ដែល​ខ្ញុំ​ចាត់ទុក​ថា​ជា​អំពើក្បត់​បី​ជំនាន់​មក​នោះ​ តាំងពី​ជីតា ឪពុក រហូតមក​ដល់​កូន។ សូម្បី​តែ​យើង​សព្វថ្ងៃ​ ចរចា​ មួយ​តឹក មួយ​ផឹង​ ចុះហត្ថលេខាទើប​បាន​ ៨៤​ % ប៉ុណ្ណោះ។ នៅ​សល់ ១៦% ទៀត​ នៅតថ្លៃគ្នា​ស្វិត​ស្វាញ​នៅ​ទីនេះ​ ប៉ុន្តែ​ហេតុអ្វី​បាន​ជា​ជននេះ​មិនទាន់​បាន​កាន់អំណាច​ផង​ បែរ​ជា​ហ៊ាន​កាត់​ទឹក​ដី​រហូតដល់​បួន​ខេត្ត​ទៅ​ឱ្យ​ជនបរទេស»។

លោក​អះអាង​ទៀត​ថា៖ «គេ​មាន​ទង់ជាតិ​របស់​គេ​មួយ មិនមែន​ជា​ទង់ជាតិ​ខ្មែរ​ ហើយ​ក៏​មិនមែន​ទង់ជាតិ​វៀតណាម​ដែរ គឺជា​ទង់ជាតិ​មួយ​នៃ​រដ្ឋ​ដែល​គេ​បាន​បង្កើត​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​វៀតណាម និង​សហការ​ជាមួយ​ក្រុមឧទ្ទាម​ក្រៅ​ច្បាប់​នៅ​កម្ពុជា​ ដែល​គេ​បានចុះ​ហត្ថលេខា»។

បើ​តាម​លោក​ ហ៊ុន សែន ​ការ​វិល​ត្រឡប់​មក​ចូល​ប្រទេសកម្ពុជា​វិញ​របស់​លោក សម​ រង្ស៊ី គឺ​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ឡើយ ដោយ​ហេតុ​ថា​លោក​ សម រង្ស៊ី​ នឹង​មិន​ទទួល​បាន​ការ​លើក​លែងទោស​ពី​លោក​ជា​លើក​ទី​ ៣ ទេ។

លោក ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​៖ «អត់មានផ្លូវ​ទេ។ ខ្ញុំ​ធ្លាប់បាន​អនុគ្រោះ​ឱ្យ​ជន​ក្បត់​ជាតិ​នេះ​ពីរ​ដង​រួច​ស្រេច​ទៅ​ហើយ។ ឯជ​នក្បត់ជាតិ​នេះ មិនត្រឹម​តែមិនធ្វើការ​កែប្រែ​ ក៏ប៉ុន្តែ​ពួកគេ​នៅបន្ត​បំផ្លិច​បំផ្លាញ​កម្ពុជា។ ដូច្នេះ​ ខ្ញុំ​មិន​ត្រឹម​តែ​មិន​លើក​លែង​ លើក​ដៃ​លើក​លែង​ ចុះហត្ថ​លេខា​លើក​លែង​ឱ្យ​ជន​ក្បត់​នេះ​តែ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​កំពុង​តែ​បំផុស​ចលនា​ ដើម្បីនឹង​កម្ចាត់​ចោល​នូវ​មនោគម​វិជ្ជាជ្រុល​និយម​នៃ​ជន​ក្បត់​បី​ជំនាន់»។

ការ​ថ្លែង​ចោទ​ប្រកាន់​របស់​លោក ​ហ៊ុន​ ​សែន ​មក​លើ​លោក​ សម រង្ស៊ី​ ថាជាជនក្បត់​ជាតិ​ម្តង​ហើយម្តង​ទៀត​នោះ ធ្វើ​ឡើង​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​ សម រង្ស៊ី ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ ចំពោះ​ការ​ចុះ​ហត្ថលេខា​ជាមួយ​ប្រធាន​មូល​និធិម៉ុងតាញ៉ា​ ដែល​មាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក​គឺ​លោក​ កុក​ ស អំពី​ការ​កាត់​ទឹក​ដី​បួន​ខេត្ត​របស់​កម្ពុជា​ ឱ្យ​ទៅ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា។ តុលាការ​ក៏​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ សម រង្ស៊ី​ ក្នុង​សំណុំរឿង​កាត់​ដីឱ្យ​ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​នេះ​ផង​ដែរ។

លោកយុង ផានិត មេធាវី​ការ​ពារ​ក្តី​ឱ្យ​លោក​ សម រង្ស៊ី ប្រាប់វីអូអេថា ការ​សម្រេច​របស់​តុលាការ​គឺ​ធ្វើឡើង​ដោយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដាក់​បន្ទុក​នោះ​ឡើយ ព្រោះ​សម្រាប់​ការ​កាត់​ក្តី​នេះ តុលាការសម្អាង​តែ​ទៅ​លើ​លិខិត​ស្នាម​ដែល​បាន​ចុះ​កិច្ច​សន្យា​រវាង​លោក​ សម រង្ស៊ី ជាមួយ​នឹង​លោក កុក ស ​កាលពី​ឆ្នាំ ២០១៣ តែ​ប៉ុណ្ណោះ។

លោក យុង ផានិត ថ្លែង​ថា៖ «ខ្ញុំយល់ឃើញ​ថា អត់មាន​ភស្តុតាង​គ្រប់គ្រាន់​ទៅ​លើ​បទ​ចោទប្រកាន់នេះ​ទេ។ អាហ្នឹង​ខ្ញុំ​ឱ្យ​លុប​បទចោទ»។

ក្នុង​សំណុំរឿង​កាត់​ដី​ខ្មែរ​ឱ្យ​ជនជាតិ​ដើមភាគតិច​ម៉ុងតាញ៉ា​នេះ​ ​លោក​ សម រង្ស៊ី ​កន្លងមក ​បាន​បដិសេធការ​ចោទ​ប្រកាន់ ដោយ​ថា​ ភាសា​របស់​លោក​ដែល​បាន​ប្រើ​ពេល​ចុះហត្ថលេខា​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៣ នោះ​ មាន​ន័យ​សំដៅ​ទៅ​លើ​ការ​គោរព​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគតិច​ តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​កាន់កាប់​ដីធ្លី​និង​មាន​សេរីភាព​ក្នុង​ការ​ប្រណិប័តន៍​ជំនឿ​សាសនា​ដែល​ស្មើភាព​គ្នា​ដូច​នឹងជនជាតិ​ខ្មែរ​ទូទៅ​ដែរ។

បើ​តាម​លោក សម រង្ស៊ី អ្វី​ដែល​លោក​បាន​និយាយ ​គឺ​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​ដែល​មាន​ចែង​ក្នុង​អង្គការ​សហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច៕

រាយការណ៍បន្ថែមដោយ លោក ហាន ណូយ