លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រកាសបើកផ្លូវឱ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជា ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់បញ្ជូនចូលក្នុងពន្ធនាគារ ព្រោះ លោក សម រង្ស៊ី គ្មានឱកាសទទួលបានការលើកលែងទោសទៀតទេ។
លោក សម រង្ស៊ី ដែលជាគូប្រជែងនយោបាយយូរឆ្នាំរបស់ លោក ហ៊ុន សែន ត្រូវបានតុលាការនៅទីក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ក្រោមបទព្រហ្មទណ្ឌជាច្រើនករណី គិតចាប់តាំងពីលោកបានចាកចេញពីប្រទេសកម្ពុជា មុនការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១៦ ខែតុលានេះ លោកសម រង្ស៊ី ដែលបច្ចុប្បន្នរស់នៅប្រទេសបារាំងបានចេញសារនយោបាយតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនឹងវិលចូលប្រទេសកម្ពុជានៅឆ្នាំ២០២៣ និងបានស្នើឱ្យកងកម្លាំងប្រដាប់អាវុធកុំស្តាប់តាមបញ្ជា លោក ហ៊ុន សែន ក្នុងការប្រើប្រាស់អាវុធមកតទល់នឹងពលរដ្ឋ។
ប្រតិកម្មទៅនឹងការប្រកាសរបស់ លោក សម រង្ស៊ី យ៉ាងដូច្នេះ លោកហ៊ុន សែនបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិតឧត្តមសិក្សាមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរណ៍មួយណាក៏អាចដឹកជញ្ជូន លោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជាបានដែរ ដោយថាលោកមិនធ្លាប់ស្នើក្រុមហ៊ុនណាមួយឱ្យរារាំងដំណើរ លោក សម រង្ស៊ី នោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនដែលបានហាមឃាត់ទេ នរណាចង់ដឹកអីដឹកទៅ ដឹកមក សុំអញ្ជើញដឹកមក។ បញ្ជាក់ឡើងវិញ គេថាឱ្យលោកហ៊ុន សែនដកបម្រាម។ ខ្ញុំមានដែលបញ្ជាឯណា! ប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់គឺតែប៉ុណ្ណេះទេ មកដល់ស្វាគមន៍ដោយខ្នោះ តែប៉ុណ្ណឹងទេ ព្រោះទោសអ្នកឯងប៉ុន្មានទៅ? អត់រួចខ្លួនទេ អាពៅ។ ហើយកុំសង្ឃឹមលើហ៊ុន សែនចុះហត្ថលេខា លើកលែងទោសឱ្យឯងឱ្យសោះ។ កុំសង្ឃឹមឱ្យសោះ! អ៊ីចឹង អ្នកណាចង់ដឹកក៏ដឹកមក អត់បញ្ហា! ប៉ុន្តែចង់តែបញ្ជាក់ថា ពេលមកដល់ គឺត្រូវតែជាប់ខ្នោះ! ហើយបញ្ចូលគុក»។
គួររំឭកឡើងវិញផងដែរថា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំព្រមទាំងសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៨ នាក់ទៀតព្យាយាមវិលចូលមកកម្ពុជាជាបន្តបន្ទាប់ក្រោយឆ្នាំ២០១៩ ដើម្បីមកតតំាងរឿងក្តីព្រហ្មទណ្ឌជាច្រើនករណីក្នុងនោះមាន «បទឧបឃាត» ឬការប៉ុនប៉ងធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។ ប៉ុន្តែពួកគេត្រូវបានដាក់ឱ្យស្ថិតក្រោមបម្រាមមិនឱ្យចូលមកកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាហាមក្រុមហ៊ុនអាកាសចរណ៍នានាមិនឱ្យដឹកពួកគេចូលប្រទេស។ចំណែកលិខិតឆ្លងដែនរបស់ពួកគេក៏ត្រូវបានក្រសួងការបរទសកម្ពុជាធ្វើមោឃភាពសុពលភាព។
នៅក្នុងសារជាសំឡេងដែលមានរយៈពេលជាង ៥នាទី បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោកសម រង្ស៊ី បានលើកឡើងថា លោកនឹងវិលចូលប្រទេសកម្ពុជានៅឆ្នាំ២០២៣ ខាងមុខ ព្រោះលោកជឿថា នឹងមានការជំទាស់មួយកើតឡើងទៅនឹងដំណើរនៃការផ្ទេរអំណាចរបស់ លោក ហ៊ុន សែន ទៅកូនប្រុសរបស់លោកគឺលោកហ៊ុន ម៉ាណែត និងស្នើឱ្យកងកម្លាំងប្រដាប់អាវុធស្តាប់តាមការចង់បានរបស់ពលរដ្ឋ និងកុំទទួលបញ្ជាពី លោក ហ៊ុន សែន។
លោកសម រង្ស៊ីថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំជឿថា នឹងមានការជំទាស់ មានការតវ៉ាយ៉ាងខ្លាំងប្រឆាំងគម្រោងបន្តពូជរបស់ លោក ហ៊ុន សែន។ យើងចង់ឱ្យមានការបន្តវេន ក្នុងចំណោមយុវជនខ្មែរដែលមានសមត្ថភាព មានស្នាដៃ តែយើងមិនចង់ឱ្យ មានការបន្តវេនឱ្យតែនៅក្នុងត្រកូលមួយ គឺត្រូវតែលើសគេលើសឯង មានសិទ្ធិដឹកនាំប្រទេសកម្ពុជាជារៀងរហូត។ ខ្ញុំជឿថា នឹងមានព្រឹត្តិការណ៍សំខាន់ណាស់នឹងកើតឡើងទន្ទឹមគ្នានេះ គឺការជំទាស់ផែនការបន្តពូជរបស់ លោក ហ៊ុន សែន»។
លោកបន្ថែមថា៖ «ចំពោះខ្ញុំ សម រង្ស៊ី ខ្ញុំមានគម្រោងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០២៣វិញហ្នឹងដែរ ដើម្បីជំរុញព្រឹត្តិការណ៍ដែលខ្ញុំរៀបរាប់អម្បាញ់មិញនេះ ឱ្យវាក្លាយទៅជាការពិត ឱ្យចេញជារូបរាងពិតប្រាកដ។ ហើយខ្ញុំទៅដល់ទឹកប្រទេសកម្ពុជា ខ្ញុំនឹងអំពាវនាវពេលនោះ ប្រជារាស្ត្រខ្មែរដែលរង់ចាំឱកាស រង់ចាំមេមកដល់ ឥឡូវឱកាសក៏មកដល់ មេក៏មកដល់ ខ្ញុំសុំអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំធ្វើតាមបញ្ជា លោក ហ៊ុន សែន»។
ក៏ប៉ុន្តែ លោក ហ៊ុន សែន បានយកវេទិកាចែកសញ្ញាបត្រជូននិស្សិតកាលពីព្រឹកថ្ងៃចន្ទនេះ វាយបកលោក សម រង្ស៊ី ថា កម្លាំងប្រដាប់អាវុធនឹងមិនធ្វើតាមការអំពាវនាវរបស់ លោក សម រង្ស៊ី នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «ហើយស្មានតែកងទ័ពហ្នឹង គេទៅជួយការពារលោកឯង។ លោកឯងគិតថា ទ័ពរាល់ថ្ងៃហ្នឹងស្រឡាញ់លោកឯង ប៉ុន្មានទៅ? មានប៉ុន្មាន?ចេញមក! ចេញមក!»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់វោហារសព្ទនយោបាយ ឬក៏ការប្រកាសពីបំណងប្រាថ្នានៃការធ្វើសកម្មភាពអ្វីមួយ របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជារឿយៗបង្កការលំបាកដល់អ្នកគាំទ្រ ឬសកម្មជនបក្សជំទាស់ក្នុងស្រុក ដោយខ្លះត្រូវជាប់ពន្ធនាគារ និងខ្លះទៀតរងការចោទប្រកាន់ពីសំណាក់តុលាការជាបន្តបន្ទាប់។ ការណ៍នេះនាំឱ្យសង្គមស៊ីវិលកើតការព្រួយបារម្ភ ហើយក៏ស្នើអ្នកនយោបាយកុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ដែលនាំឱ្យមានការរងគ្រោះខាងនយោបាយតទៅទៀត៕