ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន និង លោក ​សម រង្ស៊ី​ អះអាង​ជ័យជម្នះ​រៀងៗខ្លួន​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​នៅតុលាការ​បារាំង


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន (ស្ដាំ) និយាយ​ទៅ​កាន់​ក្រុមអ្នក​សារព័ត៌មាន​ ដោយ​មាន​លោក​​ សម​ រង្ស៊ី (ឆ្វេង) អតីត​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/វីអូអេ)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃអង្គារនេះ​ សាទរចំពោះ​ការ​សម្រេច​របស់​តុលាការ​បារាំង ដែល​លោកអះអាង​ថា​ បាន​បញ្ជាក់​ពីភាព​ស្អាតស្អំ​របស់​លោក​ក្នុង​សំណុំ​រឿងបរិហារកេរ្តិ៍​ពាក់​ព័ន្ធនឹងឃាតកម្ម​អតីត​អគ្គស្នង​ការ​នគរបាល​ជាតិលោក ​ហុក ឡងឌី​ មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​គូប្រជែងនយោបាយ​របស់​លោក​គឺ លោក​ សម រង្ស៊ី​ កន្លង​មក​នោះ​ទេ។

ថ្លែង​នៅក្នុង​ពិធីប្រគល់​សញ្ញា​បត្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​កាលពីព្រឹក​ថ្ងៃទី១១ ខែ​តុលា​ ឆ្នាំ​២០២២ ​លោក ​ហ៊ុន សែន​ លើក​ឡើង​ថា​ សាល​ក្រម​របស់តុលាការ​នៅ​ប្រទេស​បារាំង​ បាន​បញ្ជាក់​ថា​ លោក​មិន​មែន​ជា​អ្នក​ចេញ​បញ្ជា​ឱ្យសម្លាប់​លោក ​ហុក​ ឡងឌី​ ដែល​ជា​ដន្លង​របស់​លោក​នោះ​ទេ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្តឹង​ទៅកាន់​តុលាការ​បារាំងកាលពីឆ្នាំ ២០១៩ ដោយចោទ​ លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​ក្នុងសារ​ហ្វេសប៊ុក​ដែល​ថា លោក ហ៊ុន សែន​ នៅពី​ក្រោយ​ការស្លាប់​របស់ លោក ហុក ឡងឌី។

សាលក្រម​តុលាការ​បារាំង​ចេញ​ថ្ងៃទី១០ ខែ​តុលា​នេះ បាន​សម្រេច​ថា ​ការ​ចោទ​ប្រកាន់របស់​ លោក សម រស្ស៊ី​ បែបនេះ​ ជា​ការ​បង្ខូចកេរ្តិ៍ឈ្មោះ​ដល់​ លោក ហ៊ុន សែន។ ក៏​ប៉ុន្តែតុលាការក៏បាន​សម្រេច​មិន​កាត់ទោសលោក​ សម រស្ស៊ី ពីបទបរិហារកេរ្តិ៍​នោះ​ទេ ដោយ​យោង​ហេតុផល​ថា ការចោទប្រកាន់របស់​មេបក្ស​ប្រឆាំង​វ័យ ៧៣ឆ្នាំ រូបនេះ ជាការ​បញ្ចេញសំឡេង​ប្រឆាំង និងស្ថិត​ក្នុង​ទម្រង់​លើក​លែង​ពីព្រោះ លោក សម រស្ស៊ី ត្រូវបាន​រឹតត្បិត​សេរីភាព​នយោបាយ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​រក​ភស្តុតាង​នៅក្នុងប្រទេស​កម្ពុជា។

បើ​តាមលោក ហ៊ុន សែន លោកក៏​នឹង​មិន​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​ឡើយ ខណៈ​លោក​ចាត់​ទុក​ករណី​នេះ​ជាជោគជ័យ​មួយ​សម្រាប់​លោក​ ​ក្នុង​ការ​តតាំង​ក្តី​នៅ​តុលាការ​បារាំង​ ជា​មួយ​អតីត​មេបក្សប្រឆាំង​ លោក ​សម រង្ស៊ី​ ហើយ​ថា​សេចក្តី​សម្រេច​របស់​តុលាកា​របារាំង​ថ្មីៗ​នេះបានជម្រះ​មន្ទិលសង្ស័យ​ផ្សេងៗ ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​លោក​ ហុក ឡង​ឌី ​កាល​ពី​ឆ្នាំ​២០០៨​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «អ្វីដែលខ្ញុំចង់បានគឺគ្រប់គ្រាន់សម្រាប់ខ្ញុំ ដែល​ខ្ញុំ​ចាត់​ទុក​ថា​ជា​ការ​ឈ្នះ​និង​ជម្រះ​នូវ​មន្ទិល​ទាំង​ឡាយ​តាម​រយៈ​តុលាការ​បារាំង​ដែល​អ្នក​ឯងចាត់​ទុក​ថា​ជា​តុលាការ​ឯករាជ្យ​ តុលាការ​មិន​តេឡេ​។ ឥឡូវ​តុលាការ​មិន​តេឡ​គេបញ្ជាក់ថា​លោកឯង​នេះ​និយាយ​ដូច្នេះ​។ ការ​និយាយ​នេះ​ទុកថា​ជា ការបរិហារ​កេរ្តិ៍​ លោក ហ៊ុន សែន​។ ហើយដែល​ភាគី​ខាង​ជន​ជាប់​ចោទ​មិន​បាន​បដិសេធ​នោះទេ។ មានន័យថា​ម៉េច​ គេ​បាន​កាត់ទោស​លោក​ឯង​ថាបរិហារកេរ្តិ៍​ទៅហើយ​»។

ក៏ប៉ុន្តែ​ លោក សម រង្ស៊ី​ បាន​បង្ហោះសារ​អត្ថាធិប្បាយនៅលើគេហទំព័រហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២២ ថា​ តុលាការបារាំងបាន​សម្រេច​លើក​លែង​ការចោទ​ប្រកាន់​មកលើ​លោក​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ខាង​លើ​។

លោក សម រង្ស៊ី បានបញ្ជាក់ក្នុងន័យដើម​ ដោយ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មេធាវី​ការពារក្តី​លោក​ថា​៖ «តាមរយៈ​ការ​ប្រកាស​ថា សម រង្ស៊ី ​គ្មាន​ទោស​កំហុស​អ្វីទេ​ តុលាការ​ប្រទេស​បារាំង​ ទទួល​ស្គាល់​ជា​ឱឡារឹក ថា​ការ​តស៊ូ​របស់ ​លោក សម រង្ស៊ី ​ជា​ការ​តស៊ូ​ត្រឹម​ត្រូវ​ ហើយ​តុលាការ​ក៏​បាន​ការពារ​សិទ្ធិសម្តែង​មតិ​របស់​គាត់​»។

អ្នក​វិភាគ​នយោបាយ​ លោក ​សេង សារី បានប្រាប់វីអូអេ​នៅថ្ងៃអង្គារនេះ​ថា លោក សម រង្ស៊ី និង លោក ហ៊ុន សែន គឺជាអ្នក​នយោបាយ​ដែល​មិន​អាចប្រកួត​ប្រជែង​គ្នា​ដោយសន្តិវិធី និង​ថា​មេដឹកនាំគណបក្ស​ជំទាស់រូបនោះ​ លែងមានឱកាសចូល​មក​ប្រទេសកម្ពុជា​ដើម្បី​ធ្វើនយោបាយ​វិញហើយ។

អ្នក​វិភាគ​រូប​នេះ​អះអាង​ថា បើ​ទោះ​ជា​មាន​ការ​បិទ​ផ្លូវ​មិន​ឱ្យ លោក សម រង្ស៊ី ចូល​កាន់​ប្រទេសកម្ពុជាវិញក្តី​ ក៏​ស្ថានភាពនឹង​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​ពាក់​ព័ន្ធ​ជាមួយ​សម្ពាធ​អន្តរជាតិ​។

បើតាម​ លោក ​សេង សារី​ លោក​កឹម សុខា ឥឡូវ​ទំនង​ជាក្លាយ​ជា​ប៉ូលនយោបាយ​មួយ​ដែល​សំខាន់ជាង​ លោក សម រង្ស៊ី បន្ទាប់​ពីការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ២០១៧​។

លោក សេង សារី ថ្លែង​ថា​៖ «​ខ្ញុំមើល​ឃើញ​ថា​អន្តរជាតិ​ បើ​សិន​ជា​ឃើញ​រូបភាព​ថា​កម្ពុជា​ងាកមក​ការគោរពសិទ្ធិ​មនុស្ស​ ប្រជាធិប​តេយ្យ​អីឡើង​វិញ​ ជំរុញ​ឱ្យ​មាន​ការ​បោះ​ឆ្នោតមាន​ភាពត្រឹម​ត្រូវ ​តម្លាភាពអ៊ីខ្លះ​ចឹងទៅ​ ខ្ញុំគិត​ថា​លោក​ សម រង្ស៊ី អាច​បញ្ចប់​ជីវិតនយោបាយ​មុន​ឆ្នាំ​២០២៣ ហ្នឹង​ហើយ​»។

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ហ៊ុន សែន និង​កូន​ប្រសារ​របស់​លោក​គឺលោក ឌី វិជ្ជា ​បាន​ប្តឹង លោក សម រង្ស៊ី​ ពី​បទ​បរិហារកេរ្តិ៍​ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់មេដឹកនាំ​ជំទាស់រូប​នោះ​ដែល​ថា​ លោក ​ហ៊ុន សែន​ ជា​អ្នក​ដែល​នៅ​ពីក្រោយ​នៃការស្លាប់របស់លោក ​ហុក ឡងឌី​។

បណ្ដឹង​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី ​លោក សម រង្ស៊ី កាល​ពីថ្ងៃ​ទី២​ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ឱ្យ​សម្លាប់​លោក ហុក ឡងឌី តាមរយៈ​ការ​ធ្វើ​ឱ្យ​ផ្ទុះ​ឧទ្ធម្ភាគចក្រ ដែលលោក​ ហុក ឡងឌី កំពុង​ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០០៨​។

លោក សម រង្ស៊ី បានចោទ​បន្ត​ទៀត​ថា កូន​ប្រុស​របស់ លោក ហុក ឡងឌី គឺ ​លោក ឌី វិជ្ជា ដែល​ត្រូវ​ជា​កូន​ប្រសារ​របស់ ​លោក ហ៊ុន សែន កំពុង​រៀបចំផែនការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ដើម្បី​រក​វិធី​សងសឹក លោក ហ៊ុន សែន​ ផងដែរ៕

XS
SM
MD
LG