លោក​សម រង្ស៊ី​និង​លោក​ហ៊ុន សែន​ជួបគ្នា​នៅថ្ងៃ​នេះ​ក្រោម​អធិបតី​ភាព​ព្រះ​មហាក្សត្រ

Tracer rounds cross the sky over the Syrian town of Kobani, as seen from the Mursitpinar crossing on the Turkish-Syrian border in the southeastern town of Suruc in Sanliurfa province.

គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះតាមការអញ្ជើញ​របស់​ព្រះ​ម​ហាក្សត្រ​ព្រះ​បរម​នាថ​នរោត្តម សីហមុនីដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ចេញ​ពី​ភាព​ទាល់ច្រក​ដែល​កំពុង​រួតរឹត​ប្រទេស​កម្ពុជា។

ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ហើយ​ចូលរួមដោយ​លោក​ ស ខេង និង​លោក​សាយ ឈុំ ​រីឯ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​និង​ចូលរួម​ដោយ​លោក​កឹម សុខា ​និង​លោក​ស្រី ជូឡុង​ សូម៉ូរ៉ា។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​គណបក្ស​ទាំងពីរ។

លោក​ជាម យៀប​ សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ថា​គណបក្ស​របស់​លោកមាន​ភាព​បត់​បែន​តាម​ប្រធាន​បទ​ដែល​ដៃ​គូ​ចរចា​នឹង​លើក​ឡើង​យក​មក​ពិភាក្សា។

«ខ្ញុំ​សូម​ជម្រា​ប​ថា​នេះ​គឺ​ជា​ការ​អញ្ជើញ​របស់​ព្រះ​ករុណា​ជា​អង្គ​ម្ចាស់​ជីវិត​ដម្កល់​លើ​ត្បូង​ព្រះ​មហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ចឹង​ទេ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​នាម​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជា​ផ្លូវ​ការ​ចុងក្រោយ​បំផុត​គឺ​ថា​ឃើញ​ថា​យើង​មិន​មាន​ស្អី​ទេ​ ចាំ​មើល​ចាំ​ស្តាប់​តែ​មាន​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​គេ​ដាក់​ប្រធាន​បទ​អី​ពិភាក្សា​គ្នា​នៅ ចំពោះ​មុខ​ព្រះមហាក្សត្រ»។

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ការដើរ​ចូល​តុ​ចរចា​លើក​នេះ​គឺ​ដើម្បី​ទាម​ទារ​ឱ្យ​បាន​នូវ​អ្វី​ដែល​ជា​ជំហរ​ធ្លាប់​បាន​បង្ហាញ​ជា​សាធារណៈ​កន្លង​មក ​នោះ​គឺ​«យុត្តិធម៌​សម្រាប់​អ្នក​បោះឆ្នោត»។

លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ជំហរ​របស់​គណបក្ស​គឺ​ មិន​មាន​ការផ្លាស់​ប្តូរ​អ្វី​ទេ៖

«របៀបវារៈ​សំខាន់​គឺ​យើង​ទាម​ទារ​ឱ្យ​រក​យុត្តិធម៌​រកការពិត​ បង្កើត​គណៈកម្មការ​ដើម្បី រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ពិត​ប្រាកដ​ថា​អ្នក​ណា​ឈ្នះ​ពិត​អ្នក​ណា​ឈ្នះ​មិន​ពិត។ គោល​បំណង​ធំ​គឺ​នៅតែ​ទាម​ទារ​ការពិត​ជុំ​វិញ​ការបោះឆ្នោត​នេះ»។

ការចរចា​នេះ​ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​ការដាក់​សម្ពាធ​ពីខាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ត​អត់​ឈប់​នៅ​ឡើយ។ គណបក្ស​សង្រ្គោះ​ជាតិ​បញ្ជាក់​ថាបាតុកម្មដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​១៥​ដល់​ថ្ងៃ​អង្គារ​ទី​១៧​នឹង​នៅតែ​ប្រព្រឹត្ត​ទៅ​ដដែល​មិន​មាន​ការផ្លាស់​ប្តូរ​អ្វី​ទេ​បើ​ទោះ​បី​ជាលទ្ធផល​នៃ​ការ​ចរចាយ៉ាង​ណា​ក៏ដោយ។

លោក​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បានសម្តែង​សុទិដ្ឋិនិយម​តិចតួច​ចំពោះ​លទ្ធផ​ល​ដែល​ចេញ​ពី​កិច្ច​ប្រជុំ​នៅថ្ងៃ​នេះ។ លោក​វីរៈ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុ​ង​បទ សម្ភាស​កាលពី​ថ្ងៃ​សុក្រ​ថា៖

«ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ត្រូវ​តែ​មាន​ភាព​អត់​ធ្មត់​បន្តិច​។ ខ្ញុំ​ជឿជាក់​ថា​ការ​ជួប​គ្នា​នេះប្រហែល​ជា​មិន​អាច​ឈាន​ទៅដល់​ការ​មាន​ដំណោះស្រាយ​ជាដំ​កំភួន​ភ្លាមៗ​ប៉ុន្តែ​បើសិន​ជា​អ្នក​នយោបាយ​ទាំង​ពីរ​ខាង​មាន​ភាព​ចាស់​ទុំ​ទោះបី​ជា​មាន​បញ្ហា​មួយ​ចំនួន​ដែលមិន​អាច​ចុះ​សម្រុង​គ្នា​នៅថ្ងៃ​ស្អែក​ក៏​ត្រូវ​សន្យា​ដើម្បី​ជួប​បន្ត​ដើម្បី​ជជែក​បន្ត​នូវ​បញ្ហា​ទាំង​អស់​នោះ​ហើយ​ខ្ញុំ​រំលឹក​ហើយ​រំលឹក​ទៀត​ថា​បើ​គណបក្ស​ទាំង​ពីរ​យក​ប្រយោជន៍​ជាតិ​ជាធំ​ការ​ជួប​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ជា​ជម្រើស​ដ៏ល្អ​បំផុត»។

ផលប្រយោជន៍​ជាតិ​ដែល​លោ​កអ៊ូ វីរៈ​ស្នើ​ឡើង​ថា​គួរ​តែ​បញ្ចូល​ក្នុង​របៀប​វារៈ​នោះ​គឺ​ «ផ្តោតលើការ​រក​ការពិត​ដើម្បី ​រក​យុត្តិធម៌​ហើយ​នឹង​ការពិត​ជូន​ដល់​ប្រជាពលរដ្ឋ​ហើយ​ឈាន​ទៅ​ដល់​ការ​ធ្វើ​កំណែទម្រង់​មួយ​ចំនួន ​ក្នុង​នោះ​មាន​ប្រព័ន្ធ​បោះឆ្នោតរួម​ទាំង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​និង​ការកែ​ទម្រង់បណ្តាញ​សារព័ត៌មាន​និង​ប្រព័ន្ធ​យុត្តិធម៌។

ការជួប​ជុំ​នៃ​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​សៅរ៍​នេះ​គឺ​ជាលើក​ទីមួយ​ហើយ​ដែល​ព្រះ​មហាក្សត្រ​ខ្មែរ​បាន​ដើរ​តាម​លំអាន​បិតា​របស់​ព្រះ​អង្គ​គឺ​ព្រះ​បរម​រតនកោដ្ឋ​ព្រះបាទ​នរោត្តម​សីហនុ ​ដែល​ធ្លាប់​បានផ្តល់​ការសម្រុះ​សម្រួល​ដល់​អ្នក​នយោបាយ​ខ្មែរ​នៅ​ពេល​មាន​វិបត្តិ​នយោបាយកើត​ឡើង។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះមួយ​ជំហាន​ទៀត​ថា​នេះ​មិន​មែន​ជាការ​ជួប​ជុំ​លើក​ទីមួ​យ​និង​ជាលើក​ចុងក្រោយ​ទេ។ លោក ជាម យៀប ​បាន​បញ្ជាក់​ពី ​សុទិដ្ឋិនិយម​ថា​ច្រក​សម្រាប់​ការចរចា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​មាន​ជាបន្ត​ទៀត។

«ប្រាកដ​ជា​អញ្ចឹង​ហើយ​ព្រោះ​ថា​គណបក្ស​ប្រជាជន​បាន​បើក​ទ្វារ​ទូលាយ​នៅ​ពេល​ណា​ដែល​ចាំ​បាច់​គឺ​ថា​ជួប​គ្នា​ពិគ្រោះគ្នា​ទៅ»។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទទួលបាន​អាសនៈ​ចំនួន​៦៨​ក្នុង​ចំណោម​អាសនៈ​១២៣​ក្នុង​រដ្ឋ​សភាជាតិ​ ដែល​អាច​បង្កើត​រដ្ឋាភិបាល​មួយ​តែ​ម្នាក់​ឯង​បាន ចំណែក ​គណបក្ស​សង្រ្គោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​ទទួល​បាន​អាសនៈ​ចំនួន​៥៥។ នេះបើ​តាម​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា​គឺ​ខ្លួន​ជា​អ្នក​ឈ្នះ​ពិតប្រាកដ​ដោយ​ទទួលបាន​អាសនៈ​ចំនួន​៦៣​ហើយ​ទាម​ទារ​ឱ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នោះ៕