នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការចុះឈ្មោះបោះឆ្នោត នាថ្ងៃព្រហស្បតិ៍ ទី ២០ ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោកក៏ស្នើឱ្យគណបក្សនយោបាយទាំងអស់ ជំរុញសមាជិកនិងសកម្មជនរបស់ខ្លួន ទៅចុះឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធិជ្រើសរើសមេដឹកនាំប្រទេសកម្ពុជាថ្មី នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង នៅពេលលោកបានទៅចុះឈ្មោះបោះឆ្នោតសារជាថ្មី នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានប្តូរឆ្នាំកំណើតរបស់លោកពីថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី៥ ខែសីហា ឆ្នាំ ១៩៥២។
លោក ហ៊ុន សែន ថ្លែងក្នុងសម្តីដើមថា៖ «[នេះ]គឺជាឱកាសល្អដែលខ្ញុំសូមអំពាវនាវទៅបណ្តាបក្សនយោបាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត ដើម្បីអាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំ»។
លោក ហ៊ុន សែន ក៏បានថ្លែងចំអកដល់យុទ្ធសាស្ត្រ «ដេកផ្ទះឈ្នះឯង» របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ ២០១៨ ថា មិនមែនជាយុទ្ធសាស្ត្រឈ្នះទេ តែជាការនាំមកនូវការបរាជ័យទៅវិញ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៧ មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ តុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតមួយនៅកម្ពុជា។ ក្រោយលទ្ធផលនៃការបោះឆ្នោតត្រូវបានចេញជាស្ថាពរនោះ កម្ពុជាបានក្លាយជាប្រទេសដែលមានរដ្ឋាភិបាលឯកបក្សគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
លោក ហ៊ុន សែន ជំរុញពលរដ្ឋឱ្យចុះឈ្មោះបោះឆ្នោត ដោយចំអកយុទ្ធសាស្ត្រ«ដេកផ្ទះឈ្នះឯង»របស់ដៃគូប្រជែងនយោបាយជើងចាស់
ភ្នំពេញ —