ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ខុមហ្វ្រែល​បង្ហាញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់


រូបឯកសារ៖ ពលរដ្ឋតម្រង់ជួរចូលបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋតម្រង់ជួរចូលបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ស៊ុន ណារិន/វីអូអេ)

អង្គការ​ខុមហ្វ្រែល​ដែល​ជា​សា្ថប័ន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​អាណត្តិ​ទី​៥ ​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មិថុនា ​ឆ្នាំ​២០២២។ ​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​មួយ​នេះ។​

របាយ​ការណ៍​របស់អង្គការ​ខុមហ្វ្រែល​ ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ថ្ងៃទី​២៧ ​ខែ​កញ្ញា ​ឆ្នាំ​២០​២​២ ​បាន​បង្ហាញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដូច​ជា​មាន​វត្តមាន​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​បរិវេណ ​និង​ក្រៅ​ការិយាល័យ​ ដើម្បី​កត់​ឈ្មោះ​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត ​និង​ប្រជា​ពល​រដ្ឋ​ខ្លះ​ទៀត​មិន​អាច​បោះ​ឆ្នោ​ត​បាន ​ដោយ​សារ​រក​ឈ្មោះ​មិន​ឃើញ។​

របាយ​ការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ពី​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​ដែរ។​ ភាព​មិន​ប្រក្រត្រី​ទាំង​នោះ ​មាន​ដូច​ជា​កន្លែង​ខ្លះ​អ្នក​សង្កេត​ការណ៍​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​សង្កេត​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ​កន្លែង​ខ្លះ​ទៀត ​មន្ត្រី​ការិយាល័យ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សង្កេត​ការណ៍​ថត​រូប​ពី​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត ​និង​ការិយាល័យ​មួយ​ចំនួន​ទៀត​បាន​បិទ​បាំង​ដោយ​ការ​បិទ​ទ្វារ ឬ​បង្អួច​ការិយាល័យ​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​ជាដើម។​

លោក​ កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត ​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល ​កត់​សម្គាល់​ថា ​បញ្ហា​ខាង​លើ​បាន​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ការិយាល័យ​បោះ​ឆ្នោត ​ហើយ​ប្រជា​ពល​រដ្ឋ​គ្រប់​គ្នា​សុទ្ធ​តែ​បានដឹង​ ឮ​អំពី​រឿង​នេះ។​ អ្នក​ឃ្លាំ​មើល​រូប​នេះ​ជំរុញ​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ​ដើម្បី​បញ្ចៀស​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​ក្រោយ។​

រូបឯកសារ៖ ពលរដ្ឋនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នាំគ្នាទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នាំគ្នាទៅបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «ដើម្បី​តម្លា​ភាព​ទាំង​អស់​គ្នា ​អ៊ីចឹង​គ.ជ.ប.​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ ​ហើយ​ជា​ពិសេស​នីតិវិធី​ហ្នឹង ​ដែល​ចែង​អំពី​រឿង​បិទ​ទ្វារ ​បិទ​បង្អួច​នេះ។ ​បើ​តាម​ខ្ញុំ​ពិនិត្យ​មើល ​គឺ​ច្បាស់​លាស់ ​ដែល​ចែង​ហ្នឹង​[អំពី​រឿង​បិទ​ទ្វារ]។​ អត់​មាន​ខ្វះ​ចន្លោះ​ទេ ​ពី​ព្រោះ​គេ​និយាយ​ពី​ការ​ការពារ​ក្រែង​មាន​អសន្តិសុខ​[កើត​ឡើង]»។​

លោក ​ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ប្រាប់​វីអូអេ​ថា​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​បញ្ចប់​ទៅ​ដោយ​រលូន ​បើ​ទោះ​មាន​ភាព​ឆក​ល្វែង​បន្តិច​បន្តួច​ក៏​ពិត​មែន។​ លោក​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​នេះ​មាន​ភាព​វិជ្ជមាន​«ដ៏ច្រើន​លើស​លប់» ​ហើយ​ប្រជា​ពល​រដ្ឋ​ទទួល​ស្គាល់​នូវ​លទ្ធផល​នេះ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​សម្រាប់​ខ្ញុំ ​ ខ្ញុំ​ចង់​សុំ​ឱ្យ​មាន​ការ​ស្វែង​យល់​គ្នា ​ជជែក​គ្នា​រវាង​អ្នក​ចេញ​របាយ​ការណ៍ ​ហើយ​នឹង​ប្រធាន​ការិយាល័យ​ហ្នឹង​មើល!​ តើ​វា​មាន​ហេតុផល​អ៊ីចឹង​ទេ?​ ពីព្រោះ​គ.ជ.ប.​នៅ​ពេល​ទទួល​យក​ព័ត៌មាន​តែ​មួយ​ចំហៀង ​ក៏​គ.ជ.ប.​មិន​ធ្វើ​ការ​សន្និដ្ឋាន​បែប​ណា​នោះ​ទេ»។​

លោក ​សុន ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ​ដែល​ប្តឹង​ដោយ​គ.ជ.ប.​ និង​គណបក្ស​កាន់​អំណាច​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​បាន​លើក​ឡើង​ថា ​របាយ​ការណ៍​របស់​អង្គការ​ខុមហ្វ្រែល​ជា​«ការ​ដាស់​តឿន»​ដល់​ស្ថាប័ន​គ.ជ.ប.​ ដែល​លោក​ថា​ មិន​គោរព​ទៅ​តាម​គោល​ការណ៍​នៃ​ការ​បោះ​ឆ្នោត។ ​លោក​បន្ថែម​ថា ​អ្វី​ដែល​រក​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​គណ​បក្ស​ភ្លើង​ទៀន​ធ្លាប់​បាន​លើក​ឡើង។​

លោក ​សុន ឆ័យ ​បញ្ជាក់​ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​មែន​អាស្រ័យ​ទៅ​លើ​តែ​ការ​អះអាង​របស់​គណ​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ និង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប.​ឡើយ។​ ប៉ុន្តែ​វា​ត្រូវ​យោង​ទៅ​តាម​ភាព​ជាក់​ស្តែង ​និង​ការ​ទទួល​ស្គាល់​ពី​ប្រជា​ពល​រដ្ឋ ​និង​សហគមន៍​អន្តរ​ជាតិ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ថា ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​មាន​គ.ជ.ប.​និង​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​កែ​លម្អ​សកម្ម​ភាព​មិន​ប្រក្រតី​កន្លង​ទៅ​ឱ្យ​បាន​ត្រឹមត្រូវ»។​

លោក ​សាម អ៊ីន​ អគ្គ​លេខាធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​បាន​ថ្លែង​ក្តី​បារម្ភ​អំពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​នា​ឆ្នាំ​២០២៣​ ប្រសិន​បើ​មិន​មាន​ការ​កែ​លម្អ​ភាព​មិន​ប្រក្រតី​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​នយោបាយ​មួយ​ចំនួន។​ លោក​បន្ត​ថា​ លោក​កំពុង​តែ​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​គ.ជ.ប.​ទាក់ទង​នឹង​សំណើ​របស់​គណបក្ស​នយោបាយ​ជំទាស់​ចំនួន​៤ ​ដែល​បាន​រួម​គ្នា​តស៊ូ​មតិ​ទាម​ទារ​ឱ្យ​មាន​ការ​កែ​លម្អ​ភាព​មិន​ប្រក្រតី។​

លោក​ថ្លែង​ថា៖ ​«កាល​ណា​វា​ប៉ះពាល់​សុចរិត​ភាព​នៃ​ការ​បោះ​ឆ្នោត​ វា​អាច​បង្ក​ឱ្យ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​កើត​ឡើង ​ដូច​ជា​ការ​ប្តឹង​តវ៉ា ​ឬ​មួយ ​ឬ​ក៏​អាច​ឈាន​ទៅ​មាន​អំពើ​ហិង្សា​ក្រោយ​ការ​បោះ​ឆ្នោតជាដើម។​ នេះ​ជា​អ្វី​ដែល​យើង​ធ្លាប់​ឃើញ​កន្លង​មក»។​

គួរ​បញ្ជាក់​ថា​ កាលពី​កន្លង​ទៅ ​គណ​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ ​ដែល​រួម​មាន​គណបក្ស​ភ្លើង​ទៀន ​និង​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ផង​ដែរ ​បាន​លើក​សំណើ​១៦​ចំណុច​ទៅ​កាន់​ស្ថាប័ន​គ.ជ.ប.​ រួម​មាន​ការ​កំណត់​យន្ត​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ប្រចាំ​នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ការ​បង្កើន​ពេល​វេលា​ក្នុង​ការ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​គណបក្ស​ឱ្យ​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ ​ប្រធាន​គណៈ​កម្មការ​ឃុំ​សង្កាត់​គឺ​ជា​អ្នក​បញ្ជាក់​បេក្ខ​ជន ​និង​ភ្នាក់​ងារ​នយោបាយ​ត្រូវ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើស​រើស​មន្ត្រី​ដោយ​ត្រូវ​ធានា​ភាព​មិន​លម្អៀង​ទៅ​លើ​គណបក្ស​ណា​មួយ គណបក្ស​អាច​ចុះ​ភ្នាក់​ងារ​សង្កេត​ការណ៍​ចល័ត ​ត្រូវ​មាន​ការ​កំណត់​ពី​ទម្រង់​ឃោសនា​ឱ្យ​មាន​ភាព​ស្មើគ្នា​សម្រាប់​គណបក្ស​ទាំង​អស់​ ត្រូវ​កំណត់​ថវិកា​អតិបរមា​សម្រាប់​យុទ្ធនា​ការ​ឃោសនា​ដើម្បី​ធានា​តម្លាភាព​ និង​គោល​ការណ៍​ស្មើ​គ្នា​សម្រាប់​គណបក្ស​ទាំង​អស់​ ជំរុញ​អនុវត្ត​យន្តការ​ដាក់​ពិន័យ​ការ​ប្រើប្រាស់​លុយ​កាក់ ​និង​អំណោយ​ទិញ​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត​ ​ត្រូវ​ដាក់​បម្រាម​មិន​ឱ្យ​មន្ត្រី​រាជការ​ចាប់​ពី​ប្រធាន​ការិយាល័យ​ឡើង​ ​ចូលរួម​ការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ណា​មួយ៕

XS
SM
MD
LG