ក្រុមសិទ្ធិ​មនុស្ស​និង​សកម្មជន​សិទ្ធិ​មនុស្ស ទាមទារ​ឲ្យ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ទម្លាក់​ចោល​ការចោទ​ប្រកាន់​លើ​ពួកគេ

លោក រស់ សុដ្ឋា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់ថា CHRAC ថ្លែង​សារ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ឆ្នូ លើក​ទី៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស ​និង​សកម្មជន ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​ទី​១០ ខែ​ធ្នូ ​បាន​រៀបចំ​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ខួប​៧៣​ឆ្នាំ ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដោយ​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ​និង​ការ​តាម​ដាន​ពួក​គេ។​

ក្រុម​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​មនុស្ស​តែ ​២០០ ​នាក់​ប៉ុណ្ណោះ​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ។​

នៅ​ក្នុង​ពិធី​នោះ លោក ​រស់ សុដ្ឋា ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា ​CHRAC​ ដែល​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​រៀបចំ​កម្មវិធី​នេះ ​បាន​ថ្លែង​ថា​ ​ប្រទេស​កម្ពុជា ​«មិន​អាច​ដើរ​ថយ​ក្រោយ​បាន​ទេ» ​ទាក់​ទង​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដោយ​សារ​កម្ពុជា ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​គតិយុត្ត​អន្តរ​ជាតិ​នានា​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​និង​ការ​ចែង​អំពី​តម្លៃ​នៃ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «ដូច្នេះ​មាន​ន័យ​ថា​ ប្រសិន​ជា​យើង​ដើរ​ថយ​ក្រោយ​ ឬ​ក៏​យើង​រំលោភ​នូវ​ច្បាប់​ទាំង​នេះ មាន​ន័យ​ថា​ គឺ​យើង​ត្រូវ​បាន​បន្ទាប​បន្ថោក​អំពី​មតិជាតិ ​និង​អន្តរជាតិ។​ វា​អាច​ប៉ះពាល់​ទៅ​ដល់​កិច្ច​សហ​ប្រតិបត្តិ ​និង​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​របស់​យើង។​ ដូច្នេះ​គឺ​ថា ​ផ្លូវ​មាន​តែ​មួយ​ទេ ​គឺ​យើង​នាំគ្នា​កែ​លម្អ​នូវ​ការ​ខ្វះខាត​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នេះ»។​

ពិធី​អបអរ​នេះ​ ក៏​មាន​ការ​យាម​កាម​ពី​នគរបាល​ដែល​មាន​ពាក់​ឯក​សណ្ឋាន​ និង​សន្តិសុខ​ខណ្ឌ​មួយ​ចំនួន​ផង​ដែរ។​

កញ្ញា ស៊ុន រដ្ឋា សកម្មជន​បរិស្ថាន​របស់​មាតា​ធម្មជាតិ​ថ្លែង​សារ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ឆ្នូ លើក​ទី៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

កញ្ញា​ ស៊ុន រដ្ឋា​ អាយុ​២៦​ឆ្នាំ ​ជា​សកម្មជន​បរិស្ថាន​ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ ថ្លែង​ថា​ កញ្ញា​សង្ឃឹម​ថា​ រដ្ឋាភិបាល​ និង​អាជ្ញាធរ​ ផ្តល់​សិទ្ធិ​សេរីភាព​ដល់​យុវជន​នៅ​ក្នុង​ការ​ការពារ​បរិស្ថាន។​ កញ្ញា​បញ្ជាក់​ថា​ ក្រុម​សកម្ម​ជន ​មិន​បាន​រារាំង​ការ​អភិវឌ្ឍ​ប្រទេស​នោះ​ទេ ​ប៉ុន្តែ​គ្រាន់​តែ​ចង់​ឲ្យ​ការ​អភិវឌ្ឍ​នោះ​ មាន​តម្លាភាព និង​និរន្តរភាព។​

សកម្ម​ជន​វ័យ​ក្មេង​រូប​នេះ​ ក៏​បាន​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​យុវជន​បរិស្ថាន​ដែល​ទើប​ត្រូវ​បាន​ដោះលែង ​និង​បញ្ឈប់​ការ​តាម​ដាន​ពួក​គេ។​

កញ្ញា​បញ្ជាក់​ថា៖ ​«ហើយ​ជា​ចុង​ក្រោយ​ នាង​ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា​ សកម្មភាព​របស់​ចលនា​មាតា​ធម្មជាតិ​ និង​សកម្មភាព​របស់​សកម្មជន​ដ​ទៃ​ទៀត​ធ្វើ​ឡើង​នៅ​ក្នុង​គោល​បំណង​ដើម្បី​អនុវត្ត​សិទ្ធិ ​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ​និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ ​គ្មាន​បំណង​ចង់​ទៅ​បះបោរ​ ឬ​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដូច​ដែល​បាន​ចោទ​ប្រកាន់​លើ​ក្រុម​ពួក​ខ្ញុំ​នោះ​ទេ ​ ហើយ​និង​យុវជន​ផ្សេង​ទៀត»។​

លោក ថុន រដ្ឋា សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ ចូលរួម​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ឆ្នូ លើក​ទី៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

សកម្ម​ជន​បរិស្ថាន​មាតា​ធម្មជាតិ​ម្នាក់​ទៀត ​លោក ​ថុន រដ្ឋា ​អាយុ​២៩​ឆ្នាំ​ ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ដែរ​នោះ​ ថ្លែង​ថា​ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ស្តាប់​សំឡេង​របស់​សកម្ម​ជន​ និង​យុវជន​បរិស្ថាន​ដោយ​គួរ​តែ​ជជែក ​និង​សួរ​នាំ​អំពី​ចេតនា​របស់​ពួក​គេ​ឲ្យ​បាន​ច្បាស់​លាស់​ ជា​ជាង​ការ​ប្រើ​កំហឹង ​ការ​គាប​សង្កត់ ​និង​ការ​ចាប់​ដាក់​ពន្ធនាគារ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «វា​ប៉ះពាល់​ដល់​យុវជន​ដទៃ​ក្នុង​ការ​ចង់​ចូល​រួម​ចំណែក​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ​ចង់​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ។ ពួក​គាត់​បារម្ភ ។​ ពួកគាត់​ភ័យ​ ហើយ​ពួក​គាត់​មិន​ហ៊ាន​ចុះ​ បែប​ហ្នឹង ​គឺ​ជា​គ្រោះ​ថ្នាក់​មួយ​…​ខាត​ គឺ​ខាត​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល ជាពិសេស​រដ្ឋាភិបាល​ដែល​ខ្វះ​មនុស្សនិយាយ​ការណ៍​ពិត។ ​ហើយ​អាច​នៅ​ពេល​មាន​មន្ត្រី​ស្អុយ​ ដែល​ទៅ​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​ពួក​គាត់​ [គឺ​]អាច​មាន​ក្រុម​យុវជន​ទៅ​ប្រាប់​ពួកគាត់។ ​អ៊ីចឹង​បើ​គាត់​ចោទ​ប្រកាន់​បែប​ហ្នឹង​ ហើយ​យុវជន​ឈប់​ធ្វើ​សកម្ម​ភាព​ អា​ហ្នឹង​ គឺ​គាត់​ខាត​ធ្ងន់​មែន​ទែន»។​

ចំណែក​សកម្មជន​មួយ​រូប​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ អ្នកស្រី ​ឈឿន ដារ៉ាវី​ អាយុ​៣១​ឆ្នាំ​ស្នើ ​ឲ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​គោរព​តាម​ច្បាប់​ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ស្តាប់​នូវ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​ និង​យក​បញ្ហា​ទាំង​នោះ​ទៅ​ដោះស្រាយ​ មិន​មែន​គំរាម​កំហែង​ ឬ​ចាប់​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ដាក់​ពន្ធនាគារ ​ពាក់​ព័ន្ធ​ការ​បញ្ចេញ​មតិ​នោះ​ទេ។​

អ្នកស្រី ឈឿន ដារ៉ាវី សកម្មជន​មួយរូប​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ចូលរួម​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ឆ្នូ លើក​ទី៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖​ «ការ​អនុវត្ត​ច្បាប់​ក៏​ដូច​គ្នា ​គឺ​មិន​ត្រូវ​បំពាន​សិទ្ធិ​របស់​ពល​រដ្ឋ​ជា​ដាច់ខាត។ ​តែ​កន្លង​ទៅ​ឃើញ​តែ​ការ​បំភិត​បំភ័យ​ ដោយ​ការ​ចាប់​ឃុំ​បែប​ហ្នឹង​ គឺ​បំបាក់​ស្មារតី។ ​ជន​រួម​ជាតិ​យើង​ច្រើន​ណាស់​ដែល​គាត់​ចង់​ចូល​រួម​ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ឃើញ​ហិង្សា​ ឃើញ​ថា​ មាន​តែ​ការ​ចាប់​ដាក់​គុក​អី​ជា​ដើម​ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​លែង​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ​ក្នុង​ការ​សម្តែង។​ នៅ​ពេល​ឃើញ​មាន​ភាព​អយុត្តិ​ធម៌​សង្គម​កើត​ឡើង​ នៅ​ពេល​មាន​ការ​រំលោភ​បំពាន​ មិន​ថា​ រឿង​ដីធ្លី ​និង​បញ្ហា​អ្វី​ទេ ​គឺ​ឃើញ​គាត់​មាន​ការ​ខ្លាច​រអា​ លែង​ហ៊ាន​តវ៉ា​រក​យុត្តិ​ធម៌​ទៅ​មុខ»។​

នៅ​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ លោក​ នី សុខា​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ កាល​ពី​កន្លង​ទៅ ​ប្រជា​ពលរដ្ឋ​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ហៅ​សួរ​នាំ​អំពី​សកម្ម​ភាព​ចូលរួម​ ឬ​ប្រមូល​ផ្តុំ​របស់​ពួកគេ ​ដែល​លោក​ថា ​ជា​ការ​រឹតត្បិត​មួយ។​ លោក​បន្ត​ថា​ រដ្ឋាភិបាល​មិន​បាន​«ឆ្លើយ​តប​ជា​វិជ្ជមាន»​ទៅ​នឹង​អនុសាសន៍​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​សហភាព​អឺរ៉ុប ​និង​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​នី សុខា ​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​លើ​ការ​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ​និង​ការ​វាយ​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​របួស ​និង​ស្លាប់​ផង​ដែរ។​

លោក​បន្ថែម​ថា​ ការ​ធ្លាក់​ចុះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កើត​ឡើង​នៅ​ពេល​មាន​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ ដែល​លោក​ស្នើ​ឲ្យ​មាន​ការ​ស្រុះ​ស្រួល​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត។​

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ថ្លែង​សារ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ឆ្នូ លើក​ទី៧៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ទន្ទឹម​នឹង​នេះ ​យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០២២​ ឆ្នាំ​២០២៣​...​យើង​ស្នើ​ទៅ​ដល់​រដ្ឋាភិបាល ​ធ្វើ​យ៉ាង​ណា ​ដើម្បី​ងាក​មក​ធ្វើ​ការ​សម្រុះ​សម្រួល​ផ្នែក​នយោបាយ​ដើម្បី​តម្កល់​ផល​ប្រយោជន៍​ជាតិ។ ​អា​នេះ​ គឺ​ជា​រឿង​មួយ​ចាំបាច់​បំផុត ដើម្បី​រៀបចំ​ស្ថាន​ការណ៍​ បរិយាកាស​នយោបាយ​ បរិយាកាស​សិទ្ធិ​មនុស្ស​ ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ភាព​កក់​ក្តៅ​ មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​សម្តែង​មតិ​ នៅ​ក្នុង​ការ​ចូលរួម​សម្តែង​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ»។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​ សុខ ឥសាន ​ច្រាន​ចោល​ការ​ទាម​ទារ​របស់​ក្រុម​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ ឲ្យ​ស្តារ​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស។​ លោក​បន្ថែម​ថា​ បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ ​ប៉ុន្តែ​មិន​អាច​ធ្វើ​ហួស​ព្រំដែន​ច្បាប់​បាន​ឡើយ។​

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​វីអូអេ នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/វីអូអេ)

លោក​ប្រាប់​វីអូអេ​ថា៖ ​«សិទ្ធិ​សេរីភាព​ទាំង​ឡាយ​ត្រូវ​ផ្សារ​ភ្ជាប់​នឹង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​ ហើយ​បើ​ថា​ សិទ្ធិ​សេរីភាព​ស្រេច​ក្បាល​វ៉ាល់​ ហើយ​អត់​មាន​ព្រំដែន​អ៊ីចឹង​ គឺ​ថា​អាជ្ញាធរ​ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​ចាត់​វិធានការ​ហើយ។ ​ហើយ​កុំ​ថា​ គេ​ជិះជាន់​សង្កត់​សង្កិន។ ​ខ្លួន​ឯង​រំលោភ​សិទ្ធិ​មនុស្សខ្លួន​ឯង ​ពីព្រោះ​ខ្លួន​ឯង​រំលោភ​ច្បាប់។​ អត់​មាន​សិទ្ធិ​ណា​ឲ្យ​រំលោភ​ច្បាប់​នោះ​ទេ»។​

លោក​ កែវ រ៉េមី ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល ​ថ្លែង​ថា​ ការ​រិះគន់ ​គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ កម្ពុជា ​បាន​អនុម័ត​ផ្តល់​សច្ចាប័ន​សិទ្ធិ​មនុស្ស​នាំ​មុខ​គេ​ក្នុង​តំបន់ ​និង​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ នេះ​ បើ​យោង​តាម​សារ​ជា​វីដេអូ​តាម​ការ​រយៈ​ហ្វេសប៊ុក​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ថ្លែង​ថា៖​«ហើយ​អ្វី​ដែល​ជា​ការ​រិះគន់​របស់​ក្រុម​មួយ​ចំនួន​តូច​វាជា​រឿង​ធម្មតា ។ ​យើង​ទទួល​ការ​ពិចារណា។ ​ ហើយ​គ្នា​យើង​ក៏​ដឹង​ដែរ​ថា​ សម្តេច​[ហ៊ុន សែន]​លោក​បាន​បញ្ចេញ​បង​ប្អូន​យើង​ដែល​ជាប់​ពន្ធនាគារ​ ធ្វើ​ឲ្យ​មាន​ការ​ធានា​នៅ​ក្រៅឃុំ។ ​ អ៊ីចឹង​នេះ​ជា​សិទ្ធិ​សេរីភាព​មួយ​ទៀត។​ហើយ​លម្ហ​នយោបាយ​ទាក់ទង​ការ​បោះឆ្នោត​ខាង​មុខ​ គឺ​មាន​គណបក្ស​…​៤៦​គណបក្ស​បាន​ចុះ​បញ្ជី​ហើយ​កំពុង​តែ​ធ្វើ​សកម្ម​ភាព»។​

នៅ​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ នេះ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ក៏​បាន​បង្ហោះ​សារ​អបអរ​សាទរ​ ដោយ​រំឭក​ពី​ការ​ស្តារ​សិទ្ធិ​មនុស្ស​ពី​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត​(១៩៧៥-១៩៧៩)​ ដែល​ប្រជា​ពលរដ្ឋ​ពុំ​មាន​សិទ្ធិ​សេរីភាព​អ្វី​ឡើយ៕