ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោម​សម្ពាធ​នៃ​ការរិះគន់ តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ខ្លះ​ឲ្យ​មាន​សេរីភាព


រូបឯកសារ៖ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជា​សកម្មជនម្នាក់​ដែល​ស្ថិតក្នុង​ចំណោម​សកម្មជន​ដែល​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបនេះ ថត​នៅ​ពេល​កញ្ញា​ ម៉ាឡៃ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជា​សកម្មជនម្នាក់​ដែល​ស្ថិតក្នុង​ចំណោម​សកម្មជន​ដែល​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបនេះ ថត​នៅ​ពេល​កញ្ញា​ ម៉ាឡៃ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

សកម្មជន​សង្គម​និង​នយោបាយ​យ៉ាង​តិច​៦​នាក់ ត្រូវ​បាន​ដោះលែង​ជា​បន្ត​បន្ទាប់ នា​ពេល​ថ្មីៗ​នេះ ដែល​នាំ​ឲ្យ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ​ជា​ការ​សម្រាល​មួយ​ផ្នែក​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា។

ដំណាល​គ្នា​នឹង​ការ​ដោះលែង​សកម្ម​ជន​ទាំង​នោះ​ សកម្មជន​ការពារ​បរិស្ថាន​៦​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ នឹង​ត្រូវ​នៅ​បន្ត​ស្ថិត​ក្នុង​ពន្ធនាគារ។ សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ក្នុង​ចំណោម​៦​នាក់​នោះ​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កាត់​ព្យួរ​ទោស​ និង​អនុញ្ញាត​ឲ្យស្ថិត​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ​ពួកគេ​នៅ​រង​ការ​ចោទ​ប្រកាន់​មួយ​ផ្សេង​ទៀត ​គឺ​បទ​រួម​គំនិត​ក្បត់​ ដែល​បាន​ចោទ​ទៅ​លើ​សកម្មជន​បរិស្ថាន​៣​នាក់​ទៀត​នៃ​ចលនា​មាតា​ធម្មជាតិ​ដដែល​នោះ។

នាយក​រង​ទទួល​បន្ទុកឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​លីកា​ដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ ការ​សម្រេច​របស់​តុលាការ​ ដែល​នាំ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ គឺ​មាន​គោលដៅ​បន្ថយ​កម្តៅ​នៃ​ការ​រិះ​គន់​របស់​អ្នក​ពាក់​ព័ន្ធ​ក្នុង​កិច្ច​ការ​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ។

លោក​ថ្លែង​ថា៖ «ទោះ​បី​ជា​មាន​ការ​ដោះ​លែង​ខ្លះ​ក៏​ដោយ​ ក៏​អ្នក​ទាំង​អស់​ហ្នុង ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ផង​ដែរ ដែល​កន្លង​មក​ សហគមន៍​ជាតិ​ អន្តរជាតិ​ និង​អ្នកជំនាញ​សិទ្ធិមនុស្ស​ និង​អង្គ​ទូត​មួយ​ចំនួន​ គេ​ថា ​ការ​ចាប់​ ការ​ឃុំខ្លួន​កន្លង​មក​នេះ​ គឺ​ជា​ការ​បំពារ​បំពាន​ និង​រឹតត្បិត​ទៅ​លើ​សេរី​ភាព​ជាមូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេសេ​ គឺ​សេរី​ភាព​ក្នុង​ការ​ជួប​ជុំ​ ការ​ប្រមូលផ្តុំ​ និង​ការ​បញ្ចេញ​មតិ ដោយ​សន្តិវិធី​នោះ​បាទ»។

បើ​តាម​លោក​ អំ សំអាត​ សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ​ ក៏​គួរ​ត្រូវ​ទទួល​បាន​ការ​ដោះ​លែង​មក​វិញ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ចូលរួម​ក្នុង​ការ​ទប់​ស្កាត់​ការ​បំផ្លាញ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​សំណុំ​រឿង​សកម្មជន​បរិស្ថាន លោក​ ​Alejandro Gonzalez Davidson ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៥ ក៏​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​«បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ហើយ​ក៏​កំពុង​រង​បទ​ចោទ​មួយ​ទៀត ​គឺ​រួម​គំនិត​ក្បត់។ ​

ដោយ​ឡែក​ សកម្មជន​សង្គម និង​នយោបាយ​ទាំង​៦​នាក់​ដែល​ទើប​ត្រូវ​បាន​តុលាការ​ដោះ​លែង​កាលពី​ពេល​ថ្មីៗ​នេះ​ រួម​មាន​សកម្មជន​ខ្លះ​នៃ​ក្រុម​ខ្មែរ​ថាវរៈ​ ដែល​លេច​ធ្លោ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​មេដឹកនាំសហជីព​លោក ​រ៉ុង ឈុន សកម្មជន​មួយ​រូប​ទៀតនៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ព្រម​ទាំង​សកម្ម​ជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨។

ពួក​គេ​ភាគ​ច្រើនរង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ និង​ត្រូវ​បាន​តុលាការ​ព្យួរ​ទោស​ដែល​នៅ​សេស​សល់​ ហើយ​ក៏​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​យ៉ាង​តិច​ពីរ​ឆ្នាំ ក្នុង​នោះ​ គឺ​ការ​មិន​តម្រូវ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​កន្លង​មក។

សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​អនុ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែ លោក ​មាន ព្រហ្មមុន្នី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ​តុលាការ​មិន​ផ្តល់​យុត្តិធម៌​ឲ្យ​លោក ហើយ​លោក​ការពារ​ថា ​ខ្លួន​មិន​បាន​ធ្វើ​សកម្ម​ភាព​ឧក្រិដ្ឋ​ តែ​បាន​ចូលរួម​លើក​ស្ទួយ​ដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។​ លោក​ថា ក្រោយ​ពី​បាន​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃទី​៥​ខែ វិច្ឆិកា​នោះ​ លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ ដើម្បី​ឲ្យ​បាន​រួច​ពី​បទចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ញុះ​ញង់។

លោក​បន្ថែម​ថា ​លោក​មិន​សោក​ស្តាយ​ទេ​ ដែល​បាន​ចូលរួម​ជាមួយ​សកម្មជន​ឯទៀត ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ រ៉ុង ឈុន​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដ៏​ចម្រូង​ចម្រាស ពាក់​ព័ន្ធ​នឹង​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-វៀត​ណាម​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

លោក​និយាយ​ថា៖ «អត់​សោក​ស្តាយ​ទេ​ ព្រោះ​ខ្ញុំ​ថា​ ជា​អំពើ​ត្រឹម​ត្រូវ​ ដែល​យើង​ធ្វើ។ មនុស្ស​ជាតិ​ត្រូវ​តែ​ធ្វើ ព្រោះ​រឿង​អយុត្តិធម៌​ក្នុង​សង្គម​រឿង​របស់​ប្រទេស​ ហើយ​គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ត្រូវ​តែ​មាន​ពី​កំណើត​ ពី​ធម្មជាតិ​មក​ ដូច្នេះ​ ខ្ញុំ​ថា​មិន​មែន​ជា​រឿង​អី​សោក​ស្តាយ​ទេ ហើយ​កាល​ណា​មាន​អំពើ​ប៉ះ​ពាល់​សិទ្ធិ​ដល់​អ្នកដទៃ​ យើង​ត្រូវ​តែ​ការពារ​ ទៅ​តាម​គោល​ការណ៍​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ»។

កញ្ញា ឡុង សុខលីន​ វ័យ​២១​ឆ្នាំ​ ដែល​ជា​ប្អូនស្រី​បង្កើត​របស់​កញ្ញា​ ឡុង គន្ធា ដែល​ជា​អ្នកការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ចង់​ឃើញ​បង​ស្រី​មាន​សេរី​ភាព​ឡើង​វិញ​ ដូច​សកម្មជន​ឯ​ទៀត​ ដោយ​បារម្ភថា​ ការ​ជាប់​ពន្ធនាគារ​យូរ​ឆ្នាំ​អាច​នាំ​ឲ្យ​ខាត​បង់​ការ​រៀន​សូត្រ។

កញ្ញា​ សុខលីន​ ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​បារម្ភ​ពី​សុខ​ទុក្ខបង​ស្រី​ខ្ញុំ ​ហើយ​នឹង​សកម្មជន​ផ្សេង​ទៀត​ ព្រោះ​អី​ពួក​គាត់​ជា​សកម្មជន​បរិស្ថានដែល​ការពារ​ធនធាន​ធម្មជាតិ។ ពេល​ដែល​ចាប់​ពួក​គាត់​អ៊ីចឹង​ វា​គំរាម​កំហែង​ដល់​យុវជន​ផ្សេង​ទៀត​ ដែល​គេ​ឃើញ​អ៊ីចឹង​ ពួក​គាត់​នឹង​អត់​ហ៊ាន​ធ្វើ​សកម្មភាព ​ដើម្បី​ការពារ​ ឬ​ក៏​បញ្ចេញ​មតិ​ ទៅ​លើ​បញ្ហា​ដែល​ពួក​គាត់​មើល​ឃើញ​ទេ។ ហើយ​វា​ជា​ការ​បារម្ភ​មួយ​ទៀត​សម្រាប់​ខ្ញុំ គឺ​បង​ស្រី​ខ្ញុំ​ គាត់​នឹង​ប្រឈម​ការ​ជាប់​យូរ​ទៀត​ អ៊ីចឹង​គាត់​ខាត​ក្នុង​ការ​សិក្សា​របស់​គាត់​ទៀត»។

កាល​ពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា សាលា​ឧទ្ធរណ៍​បាន​ចេញ​សេចក្តី​សម្រេច ដោយ​ព្យួរ​ទោស​សាក​ល្បង​សកម្ម​ជន​បរិស្ថាន​៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​សិទ្ធិ​ និង​សេរី​ភាព​របស់​ពួក​គេ​ត្រូវ​បាន​កំហិត​រយៈ​ពេល​៣​ឆ្នាំ​ ដោយ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

សកម្ម​ជន​ជា​យុវជន​បរិស្ថាន​ទាំង​៣​នាក់​នោះ ​រួម​មាន លោក​ ថុន រដ្ឋា ​កញ្ញា ​ឡុង គន្ធា ​និង​កញ្ញា ភួន កែវ​រស្មី ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ពីបទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ពាក់​ព័ន្ធ​ទៅនឹង​គម្រោង​យុទ្ធនា​ការ​ដើរ​តែ​ម្នាក់​ឯង​របស់​កញ្ញា ឡុង គន្ធា ទៅ​កាន់​គេហដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក។ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ត​ន្ទា​ទោស​ពួក​គេ​ដាក់​ពន្ធនាគារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១។

ប៉ុន្តែ​យុវជន​បរិស្ថាន​ទាំង​៣​នាក់​នោះ នៅ​ជាប់​ចោទ​មួយ​ករណី​ទៀត​ពី​បទ​ក្បត់​ជាតិ ដែល​អាច​ជាប់​ពន្ធនា​គារ រហូត​ដល់​១០​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស។ ករណី​នេះ​ ជាប់​ពាក់​ព័ន្ធនឹង​យុវ​ជន​បរិស្ថាន​មាតា​ធម្មជាតិ​៣​រូប​ផ្សេង​ទៀត​ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ដែរ គឺ​កញ្ញា ស៊ុន រដ្ឋា ​លោក ​យឹម លាងហ៊ី និង​លោក​ លី ចាន់​ដារ៉ាវុត ។

លោក អំ សំអាត​ ​នាយករង​ទទួលបន្ទុក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកា​ដូ ​ប្រាប់​វីអូអេ​បន្ថែម​ទៀត​ថា ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​មក​លើ​សកម្មជន​បរិស្ថាន​ទាំង​៦​រូប​ខាង​លើ​នោះ​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ផ្ទុយ​ពី​និន្នាការ​សាកល​លោក​ដែល​ផ្តល់​តម្លៃ​ដល់​សកម្មភាព​ការពារ​បរិស្ថាន។

លោក​ថ្លែង​ថា៖ «បើ​យើង​មើល​ស្ថានភាព​នៃ​ការ​ចោទ​ប្រកាន់​ទៅ​លើ​យុវជន​ការ​ពារ​បរិស្ថាន​ចំនួន​៦​នាក់​ផ្សេង​ទៀត​ ពី​បទ​រួម​គំនិត​ក្បត់​ហ្នឹង​ គឺ​ជា​ស្ថាន​ភាព​មួយ​ធ្ងន់​ធ្ងរ​ណាស់​សម្រាប់​អ្នក​ការពារ​បរិស្ថាន​ ពីព្រោះ​ យើង​មើល​ការ​រិះ​គន់​កន្លង​មក​ នៅ​ក្នុង​ពិភព​លោក​ សកម្មជន​ដែល​ការពារ​បរិស្ថាន​ ត្រូវ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត។ ក៏​ប៉ុន្តែ​សកម្មជន​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ ហើយ​ចោទ​ប្រកាន់​ពី​បទ​...ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​បន្ថែម​ទៀត​នោះ​បាទ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ឲ្យ​ដឹង​ថា​ ខាង​ពន្ធនាគារ​នឹង​មាន​ការ​ដោះ​លែង​សកម្មជន​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ ក្នុង​នោះ ​គឺ​អ្នកស្រី​ ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ នៃ​ក្រុម​ខ្មែរ​ថាវរៈ​ អាច​នឹង​ត្រូវ​ដោះ​លែងនៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។ ចំណែក​យុវជន កាក់​ សុវណ្ណច្ឆ័យ កូន​ប្រុស​របស់​អតីត​មន្ត្រី​បក្ស​ជំទាស់​ ក៏​នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ ​ថ្លែង​ថា​ ការ​ដោះ​លែង​សកម្មជន​ជា​បន្ត​បន្ទាប់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌​ក្នុង​ការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តុលាការ​ និង​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ ដែល​អនុវត្ត​ទៅ​លើ​ជន​ទូទៅ​ ដោយ​មិន​កំណត់​ថា​ ជា​សកម្មជន​ ឬ​ក៏​មិន​មែនជា​សកម្ម​ជន​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​បន្ធូរ​បន្ថយ​ទោស​ ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ការ​សម្រេច​សេចក្តី​សកម្មជន​ នា​ពេល​ថ្មីៗ​នេះ​ គឺ​ផ្អែក​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​យុត្តិធម៌​ ដែល​បាន​ដាក់​ចេញ​ក្នុង​អំឡុង​ពេល​យុទ្ធនា​ការ​នៃ​ការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​ និង​ភាព​ចង្អៀត​ណែន​ពន្ធនាគារ។​ ហើយ​គោល​ការណ៍​ទាំង​អស់​នេះ​ គឺ​ថា​ក្រសួង​លើក​ចិត្ត​ឲ្យ​បន្ត​ បន្ត​ទៅ​ទៀត មិន​មែន​យុទ្ធនាការ​ចប់​ លែង​អនុវត្ត​ទេ​ គឺ​ថា​បន្ត​ទៅ​ទៀត​ជា​និរន្តរ៍​ ទោះ​បី​យុទ្ធនាការ​ចប់​ក៏​ដោយ»។

លោក​បន្ថែម​ថា​ សកម្មជន​ដែល​ត្រូវ​បាន​ដោះ​លែង​ហើយ​តែ​នៅ​ធ្វើ​សកម្ម​ភាព​បំពាន​ច្បាប់​នោះ​ ក៏​នឹង​ត្រូវ​បន្ត​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរ​មាន៕

XS
SM
MD
LG