ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ព្យួរទោស​សកម្មជន​បរិស្ថាន​៣នាក់ ប៉ុន្តែ​កំហិត​សេរីភាព​រយៈពេល​៣ឆ្នាំ​ពេល​នៅ​ក្រៅ​ឃុំ


រូបឯកសារ៖ លោក ថុន រដ្ឋា សកម្មជន​មួយ​រូប​នៃសកម្មជន​បរិស្ថាន​៣រូប ដែល​នៅថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបាន​តុលាការ​ ​ព្យួរ​ទោស​សាក​ល្បង​ ​ប៉ុន្តែ​កំហិត​សេរីភាព​រយៈពេល​៣ឆ្នាំ​ពេល​នៅ​ក្រៅ​ឃុំ។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្នុង​ការ​សម្រេច​មួយ​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ តុលាការ​ បាន​ព្យួរ​ទោស​សាក​ល្បង​សកម្ម​ជន​បរិស្ថាន​៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​សេរី​ភាព​របស់​ពួក​គេ​ត្រូវ​បាន​កំហិត​រយៈ​ពេល​៣​ឆ្នាំ។ នេះ​ បើ​យោង​តាម​អង្គការសិទ្ធិ​មនុស្ស​លីកាដូ ដែល​មាន​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ទាំង​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ការ​លីកាដូ​ឲ្យ​ដឹង​ថា ​យុវជន​បរិ​ស្ថាន​មាតាធម្មជាតិ​៣​នាក់ ​ត្រូវ​បានសាលា​ឧទ្ធរណ៍​«​ព្យួរ​ទោស​សាក​ល្បង» និងដាក់អ្នកទាំង​៣​ឲ្យ​ស្ថិត​នៅក្រោមការត្រួតពិនិត្យតាម​ផ្លូវតុលា​ការ រយៈ​ពេល៣​ឆ្នាំ។ ការ​សម្រេចសេចក្តីនេះ មានន័យ​ថា ​អ្នកទាំង៣ ត្រូវរាយ​ការណ៍ទៅ​អាជ្ញាធរលើសកម្ម​ភាពជា​ច្រើន​របស់ខ្លួន និង​មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បីអាចរួចផុតពី​ការ​ចាប់បញ្ជូនខ្លួនត្រឡប់ទៅ​ពន្ធនាគារ មក​ទទួលទោសដែលនៅ​សល់។

សកម្ម​ជនជា​យុវជន​បរិស្ថាន​ទាំង​៣​នាក់​នោះ ​រួម​មាន លោក​ ថុន រដ្ឋា ​កញ្ញា ​ឡុង គន្ធា ​និង​កញ្ញា ភួន កែវ​រស្មី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ទៅ​លើ​បទ​ញុះ​ញង់​ឲ្យប្រព្រឹត្តបទ​ឧក្រិដ្ឋជា​អាទិ៍ ទាក់​ទង​នឹងគម្រោងយុទ្ធនា​ការដើរតែម្នាក់​ឯងរបស់កញ្ញា ឡុង គន្ធា ទៅ​កាន់​គេហដ្ឋានរបស់​នាយក​រដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យបញ្ឈប់ការលុបបឹង​តាមោក។ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្ត​ន្ទា​ទោស​ពួក​គេ​ដាក់​ពន្ធនាគារ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១។

លោក រដ្ឋា ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំ​នួន​២០​ខែ ប៉ុន្តែសាលា​ឧទ្ធរណ៍​បាន​សម្រេចបន្ថយទោស ដោយ​ព្យួរ​ទោសចំនួន​៦​ខែដែលនៅសល់។ ចំណែកកញ្ញា ​គន្ធា និងកញ្ញា រស្មី ត្រូវ​បាន​សាលា​ឧទ្ធរណ៍រក្សាទោសពន្ធនា​គារចំនួន​១៨​ខែ​ដដែល ប៉ុន្តែ​ព្យួរ​ទោស​ចំនួន​៤​ខែ​ដែល​នៅ​សល់។

ទោះ​ជាយ៉ាងណា យុវជន​បរិ​ស្ថាន​ទាំង​៣​នាក់​នោះ នៅ​ជាប់​ចោទ​មួយ​ករណីទៀត​ពី​បទ​ក្បត់​ជាតិ ដែល​អាចជាប់​ពន្ធនាគារ​រហូត​ដល់១០​ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស។ ករណី​នេះ​ ជាប់​ពាក់​ព័ន្ធនឹ​ងយុវ​ជនបរិស្ថានមាតា​ធម្មជាតិ​៣​រូប​ផ្សេង​ទៀត​ ដែល​កំពុងជាប់ឃុំ​ខ្លួនបណ្តោះអាសន្ន​ដែរ គឺ​កញ្ញា ស៊ុន រដ្ឋា ​លោក ​យឹម លាងហ៊ី និង​លោក​ លី ចាន់​ដារ៉ាវុត ។

បើ​តាម​អង្គការ​លីកាដូ រដ្ឋា គន្ធា និង​រស្មី ក៏​ត្រូវបានហាមឃាត់ ដោយមិនឲ្យ​ទាក់​ទងនឹងបុគ្គលដែល​ធ្លាប់ត្រូវបាន​ផ្តន្ទា​ទោសពី​បទ​ល្មើសដូច​គ្នានេះផងដែរ ។ ប្រសិនបើអ្នកទាំង៣ ​ត្រូវបាន​ផ្តន្ទា​ទោសពីបទល្មើសញុះ​ញង់នេះម្តង​ទៀត ក្នុងរយៈ​ពេល​៣​ឆ្នាំនៃការ​ព្យួរ​ទោសសាកល្បង អ្នកទាំង​នោះ នឹងត្រូវទទួលទោសពន្ធ​នា​គារ​ពេញ បន្ថែមលើទោសនៃបទ​ល្មើសញុះញង់ថ្មី។ នេះ ​បើ​តាម​អង្គការ​លីកាដូ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកា​ដូ​ លោក​ អំ សំអាត បាន​ចាត់​ទុក​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ «ជា​ការ​កំណត់​សេរី​ភាព​របស់​ពួកគេ»។ លោក​បន្ថែម​ថា​ ការ​សម្រេច​ឲ្យ​ពួកគេ​មាន​ទោស និង​កំហិត​សិទ្ធិ​សេរីភាព​របស់​ពួកគេ នៅ​តែ​ជា​សារគំរាម​គំហែង​ដល់​សកម្មភាព​បរិស្ថាន និង​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត។

លោក អំ សំអាត បន្ថែម​ថា​ នេះ​ជា​ការ​បន្ធូរ​បន្ថយ ដែល​លោក​មើល​ឃើញ​ថា​ ដើម្បី​សម្រួល​ស្ថានភាព​បរិយា​កាស​សិទ្ធិ​មនុស្ស ក្រោយ​មាន​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរ​ជាតិ និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា៖ «ជាពិសេស​ ជា​សារ​មួយ​ដែល​គំរាម​កំហែង​បំភិត​បំភ័យ​ទៅលើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។

លោក សំ ចំរើន មេធាវី​ម្នាក់​របស់​ពួកគេ លើក​ឡើង​ថា​ រាល់​ការ​សម្រេច​របស់​តុលាការ​ថា​ពួកគាត់​មាន​«ទោស» មេធាវី​ មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​បន្ថែម​ថា​លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​របស់​លោក​ថា ​តើ​ពួក​គេ​នឹង​មាន​ការ​ប្តឹង​សាទុក្ខ ​ឬ​យ៉ាងណា​ចំពោះសេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG