ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង


រូបឯកសារ៖ រថយន្ត​ដឹក​ជន​ជាប់ចោទ​ក្នុងសំណុំរឿង​លោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ដទៃ​ទៀត​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៣១ ខែសីហា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)​
រូបឯកសារ៖ រថយន្ត​ដឹក​ជន​ជាប់ចោទ​ក្នុងសំណុំរឿង​លោក រ៉ុង ឈុន និង​អ្នកជាប់ឃុំ​ដទៃ​ទៀត​ចាក​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី​៣១ ខែសីហា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)​

សកម្មជន​សង្គម​បរិស្ថាន និង​នយោបាយ​បន្ត​ជំរុញ​ឲ្យ​តុលាការទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពួកគេ​បន្ទាប់​ពី​ពួក​គេ​ភាគច្រើន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ទោស​នៅ​សេស​សល់​ត្រូវ​ព្យួរ។

តុលាការ​ក្រុង​ភ្នំពេញ​និង​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ចាប់ផ្តើម​ដោះលែង​សកម្មជន​ទាំង​នោះ​តាំង​ពី​ដើម​ខែ​វិច្ឆិកា​តាម​អ្វី​ដែល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​សង្កេត​ឃើញ​ថា​ ការ​ដោះលែង​នោះ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ដែល​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិមនុស្សនិង​ពី​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មក​ទល់​ពេល​នេះ សកម្មជន​ចំនួន​សរុប ២៨ នាក់​ត្រូវ​បាន​ដោះលែង​ដែល​ក្នុង​នោះ​មាន ២៦ នាក់​នៅ​រាជធានី​ភ្នំពេញ ១​នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ​និង​១​នាក់​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

លោក​បាន​បន្ត​ថា លោក​ទទួល​ព័ត៌មាន​ថា​សកម្មជន​មួយ​ចំនួនដែល​ត្រូវ​បាន​ដោះលែង​ខាង​លើ​នេះ​មាន​បំណង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​សង្កត់​ធ្ងន់​ថា សង្គមស៊ីវិល ក៏ដូចជា សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ក្រុមសកម្មជន ដែល​ទើប​នឹង​ត្រូវ​បាន​ដោះលែង​និង​អ្នក​ដែល​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ជាប់​ឃុំ ដោយ​បាន​ពន្យល់​ថា សកម្មភាពសកម្មជន​ទាំង​នោះ​ដែល​ធ្វើ​កន្លង​មក​នោះគឺ​ជា​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖ «អា​ហ្នឹង​វា​ជា​ឆន្ទានុសិទ្ធិ​និង​អំណាច​ឯករាជ្យ​របស់​តុលាការ។ ក៏​ប៉ុន្តែ​បើ​ក្នុង​នាម​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ ក៏​ដូចជា​ អង្គការ​អន្តរជាតិ​និង​សហគមន៍​អន្តរជាតិ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស និង​អង្គទូត​មួយ​ចំនួន​នៅ​តែ​ទាមទារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើង​វិញ ដោយសារ​តែ​ពួកគាត់​ហ្នឹង​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន អនុវត្ត​សកម្មភាព​ជា​សិទ្ធិ​ដែល​ធានា​ឲ្យ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ទេ​បាទ»។

អាជ្ញាធរ​បាន​ចាប់ផ្តើម​ដោះ​លែង​មេដឹកនាំ​សហជីព និងសកម្មជន​សង្គម ​បរិស្ថាន និង​នយោបាយ ជា​បន្ត​បន្ទាប់​នៅ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ក្នុង​នោះ​រួម​មាន​លោក រ៉ុង ឈុន មេដឹកនាំ​សហភាព​សហជីព​កម្ពុជា​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំខ្លួនបន្ទាប់​ពី​លោក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏ចម្រូងចម្រាសទាក់​ទិន​ការ​កំណត់​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

លោក​ហ៊ុន វណ្ណៈ ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​៦ ​នាក់ នៃ​ក្រុម​ខ្មែរ​ថាវរៈ​ដែល​លេច​ធ្លោ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​លោក​រ៉ុង ឈុន ត្រូវ​បាន​ដោះលែងកាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ក្រោយ​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​១៥​ខែ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០​ខែ។

រូបឯកសារ៖ បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​លោក រ៉ុង ឈុន មេដឹកនាំសហជីព​ និង​យុវជន​ដែល​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​បញ្ចេញ​មតិ​រិះគន់​តាម​បណ្តាញ​សង្គម ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)
រូបឯកសារ៖ បាតុករ​កាន់​ផ្ទាំង​បដា​ដែល​មាន​រូប​លោក រ៉ុង ឈុន មេដឹកនាំសហជីព​ និង​យុវជន​ដែល​បាន​ជាប់​ពន្ធនាគារ​ដោយ​សារ​ការ​បញ្ចេញ​មតិ​រិះគន់​តាម​បណ្តាញ​សង្គម ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ (ម៉ែន គឹមសេង/វីអូអេ)

លោក​បាន​ឲ្យ​ដឹង​ថាលោក​ និង​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ដទៃ​ទៀត គ្រោងប្តឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពួកគេ​នៅ​មុន​ថ្ងៃ​២៦ ខែ​វិច្ឆិកា​នេះ ដែល​ជា​រយៈពេល​កំណត់​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​សារទុក្ខ។

លោក ហ៊ុន វណ្ណៈ បាន​បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​លោក​និង​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ដទៃ​ទៀត​ជា​រឿង​អយុត្តិធម៌ ហើយ​លោក​នៅ​តែ​ប្តេជ្ញា​ចូលរួម​ក្នុង​សកម្មភាពសង្គម​នា​ពេល​ខាង​មុខ។

លោក​បាន​ថ្លែង​ថា៖ «​ពេល​ដែល​ចេញ​ភ្លាម​ហ្នឹង​គឺ​យើង​ម្នាក់ៗ​មាន​អារម្មណ៍​ថា វា​អយុត្តិធម៌​ខ្លាំង​មែនទែន​ដោយសារ​ឃុំ​ខ្លួន​យើង​សុទ្ធ​តែ​មួយ​ឆ្នាំ​ជាង​ទាំងអស់​គ្នា ខណៈ​ពេល​ដែល​យើង​អត់​បាន​ធ្វើ​អី​ខុស​ផង។ ហើយ​ពេល​ដែល​គេ​ដោះ​លែង​ហ្នឹង​ក៏​គេ​នៅ​តាម​ដាន​តាមលក្ខខណ្ឌ​ត្រួត​ពិនិត្យ​ពួក​ខ្ញុំ​នេះ រហូត​ដល់​ពីរ​ឆ្នាំ​ទៀត។ យើង​មាន​ការ​មិន​សប្បាយ​ចិត្ត ហើយ​ចង់​តែ​ស្រែក ចង់​សម្តែង​មតិ​បន្ត​ទៀត។ ប៉ុន្តែ​ដោយសារ​បញ្ហា​សុខភាព គឺ​ម្នាក់ៗ​ចាប់​ផ្តើម​មាន​បញ្ហា​សុខភាព​ផ្លូវកាយ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​គួរ​សម​ដែរ អញ្ចឹង​យើង​ត្រូវ​ការ​សម្រាក​យក​កម្លាំង​មួយ​រយៈ​ពេល​ហើយ​បាន​យើង​អាច​បន្ត​ការងារ​ទៅ​មុខ​ទៀត»។​

ចំណែក​លោក យឹម លាងហ៊ី ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​យុវជន​បរិស្ថាន​មាតា​ធម្មជាតិដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ពេល​ថ្មីៗ​នេះ។

​លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារថា​លោក​នឹង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់ចោល​បទ​ចោទប្រកាន់​ខណៈសំណុំ​រឿង​របស់​លោក​និង​សកម្មជន​ចលនាមាតា​ធម្មជាតិ​៦​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស៊ើប​សួរ​នៅ​ឡើយ។

សកម្មជន​ការពារ​បរិស្ថាន​រូប​នោះបាន​បញ្ជាក់​ទៀតថា ការងារ​និង​សកម្មភាព​របស់​លោក​កាល​ពី​ពេល​កន្លង​មក​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​លើក​ស្ទួយ​និង​ថែរក្សា​បរិស្ថាន​តែ​ប៉ុណ្ណោះ ហើយ​មិន​បាន​បង្ក​ឲ្យ​មាន​បទល្មើស​ឧក្រិដ្ឋ​ណា​មួយ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​ការងារ​បរិស្ថាន​ទាំង​អស់​ហ្នឹង វា​អត់​មាន​អី​ពាក់ព័ន្ធ​នឹង​ការ​រួម​គំនិត​ក្បត់ និង​ការ​ប្រមាថ​លើ​អង្គ​ព្រះ​មហាក្សត្រ​នោះ​ទេ។ អ៊ីចឹង​វា​ប្រាសចាក​ទាំងស្រុង​ពី​ការងារ​ខ្ញុំ​ដែល​បាន​ធ្វើ។ ហើយ​ទីពីរ​ទៀត សម្រាប់​ចលនា​មាតា​ធម្មជាតិ​ដែល​យើង​ធ្លាប់​ធ្វើការ​ជាមួយ​ហ្នឹង គឺ​យើង​អត់​មាន​ជា​រចនាសម្ព័ន្ធ​អី​ច្បាស់ ហើយ​មិនមែន​ជា​ការ​ស្តាប់​បង្គាប់​បញ្ជា​ពី​ជន​ណា​ម្នាក់​ពី​បរទេស​ ឬ​ក៏​ក្នុង​ស្រុក​អី​ទេ។ ការងារ​របស់​យើង​គឺ​ស្ម័គ្រចិត្ត​ធ្វើ​តែ​លើ​បរិស្ថាន​ប៉ុណ្ណឹង​ទេ»។

លោក​យឹម​ លាងហ៊ី និង​សមាជិកក្រុម​យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ដទៃ​ទៀត​បាន​រង​បណ្តឹង​ពី​បទប្រមាថ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់។ លោកត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​៥​ខែ​ មុន​ពេល​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

អ្នកស្រី លី​ ចាន់​ណាវី ដែល​ជា​ម្តាយ​បង្កើត​របស់​លោក​លី ចាន់​ដារ៉ាវុធ សមាជិក​មួយ​រូប​ទៀត​នៃ​ក្រុម​យុវជន​បរិស្ថាន​មាតា​ធម្មជាតិ​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​កូន​ប្រុស​របស់​អ្នកស្រីនិង​សកម្មជន​បរិស្ថាន​ផ្សេង​ទៀត​ពីព្រោះ​អ្នកស្រី​ថា ពួកគេ​មិន​មាន​កំហុស​នោះ​ទេ និង​គ្រាន់​តែ​ចូលរួម​ក្នុង​សកម្មភាព​ការពារ​បរិស្ថាន​របស់​ប្រទេស​តែ​ប៉ុណ្ណោះ។

ដំណាល​គ្នា​នេះ​ដែរ អ្នកស្រី​បាន​បន្ត​ថា កូន​ប្រុស​របស់​អ្នក​ស្រី​ក៏​នឹង​មិន​បោះបង់​ចោល​សកម្មភាព​សង្គមនោះ​ទេ ទោះ​បីជា​មាន​បញ្ហា​សុខភាព​ហើយ​ត្រូវ​ការ​ការ​ព្យាបាល​មួយ​រយៈ​ក្តី។

ការ​ដោះ​លែងក្រុម​សកម្មជន​ជា​បន្ត​បន្ទាប់​នេះ កើត​មានឡើងគាប់​ជួន​នឹង​ពេល​ដែល​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ថ្ងៃ​ទី​២៥-២៦​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ហើយ​កម្ពុជា​ក៏​នឹងត្រូវ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ​ផងដែរ។

នៅ​ថ្ងៃ​អង្គារ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ដោះ​លែង​ក្រុម​សកម្មជន​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ដោយលោក Brad Adams នាយក​អង្គការ​នេះ​ប្រចាំតំបន់​អាស៊ី​បាន​លើក​ឡើង​ក្នុង​សម្តី​ដើមជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរភាសា​ថា៖

«ការ​ដោះលែង​អ្នកទោស​នយោបាយ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​សមស្រប​ចំនួន ២៦​នាក់ គឺ​ជា​ព័ត៌មាន​ល្អ​មួយ ប៉ុន្តែមិន​មាន​អ្វី​អាច​បញ្ឈប់​អាជ្ញាធរ​កម្ពុជា​ពី​ការ​ចាប់​ខ្លួន​ពួក​គេ​នៅ​ពេល​ណា​មួយ​ខាង​មុខ​នោះ​ទេ។ រដ្ឋាភិបាល​នានា​ជា​ពិសេស​បណ្តា​ប្រទេស​សមាជិកសហភាព​អឺរ៉ុប​ដែល​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ក្រុង​ភ្នំពេញ នាចុង​ខែ​វិច្ឆិកា គួរ​តែ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នានា​មក​លើ​អ្នក​ដែល​ត្រូវ​បាន​ដោះលែង និង​ដោះលែង​អ្នកទោស​នយោបាយ​ដែល​នៅ​សេសសល់​ឲ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ»។

លោក​បាន​បន្ត​ថា៖ «ការ​ដោះ​លែង​អ្នកទោស​នៅ​កម្ពុជា​ហាក់ដូចជា​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​ពី​សំណាក់​អន្តរជាតិ​នៅ​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុប ក៏​ដូចជា​ ការ​ផ្តោត​សំខាន់​មក​លើ​កម្ពុជា​ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២។ សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក ម្ចាស់​ជំនួយ និង​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​នឹង​កម្ពុជា​ដទៃ​ទៀត គួរ​តែ​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន បញ្ចប់​នូវ​ល្បែង​ដ៏​អាក្រក់​នៃ​និន្នាការ​[នយោបាយ ]ចំពោះ​ការដោះលែង​និង​ការ​ចាប់ដាក់ពន្ធនាគារជា​បន្តបន្ទាប់ ដែល​ត្រូវ​បានគេសង្កេត​ឃើញ​ថា មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង តែមនុស្ស​ដទៃ​ទៀត​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារជំនួស​វិញ»។

យ៉ាងណាក៏ដោយ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ជិន ម៉ាលីន បាន​លើក​ឡើង​កន្លង​មក​ថា ការ​ផ្តន្ទាទោស​ជនល្មើស​កន្លង​មក​នេះ ធ្វើ​ឡើង​តាម​នីតិវិធី​តុលាការ និង​«មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ តែ​ជា​ការ​លើកស្ទួយ​សិទ្ធិមនុស្ស នីតិរដ្ឋ ក្នុង​សង្គម​ប្រជាធិបតេយ្យ»៕

XS
SM
MD
LG