លោកស្រី Carrie Lam នាយកប្រតិបត្តិក្រុងហុងកុង និយាយថា រដ្ឋាភិបាលនឹងដកចេញជាផ្លូវការនូវសេចក្តីព្រាងច្បាប់បត្យាប័នដែលបានបណ្តាលឲ្យមានការតវ៉ាប្រឆាំងដែលរីកកាន់តែធំឡើង ហើយជារឿយៗបានក្លាយជាហិង្សាអស់រយៈពេល៣ខែ។
ក្នុងសារតាមវីដេអូមួយដែលបានចេញផ្សាយនៅថ្ងៃពុធនេះដោយការិយាល័យរបស់លោកស្រី លោកស្រី Carrie Lam បាននិយាយថា លោកស្រីបានដកសេចក្តីព្រាងច្បាប់នោះចេញដែលនឹងអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជនទៅកាន់ចិនដីគោកដើម្បីកាត់ទោសនៅក្នុងតុលាការមួយដែលត្រូវបានត្រួតត្រាដោយគណបក្សកុម្មុយនិស្តចិន។
លោកស្រី Lam បានព្យួរទុកសេចក្តីព្រាងច្បាប់នោះនៅពេលដែលបាតុកម្ម បានរីកកាន់តែធំឡើងនៅខែទី១ ក៏ប៉ុន្តែ បានធ្វើមិនដឹងឮពីការអំពាវនាវដោយដកសេចក្តីព្រាងច្បាប់នោះចេញទាំងស្រុង។ ក្នុងការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយនៅថ្ងៃពុធនេះ លោកស្រី Lam បានយល់ព្រមទៅតាមការទាមទារមួយចំណុចនៃការទាមទារទាំងអស់៥ចំណុចដែលបានធ្វើឡើងដោយពួកបាតុករ ដែលរួមមានការស៊ើបអង្កេតឯករាជ្យក្នុងការចោទប្រកាន់ពីការប្រព្រឹត្តអំពើព្រៃផ្សៃរបស់ប៉ូលិស ហើយនិងគោលដៅឲ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើងសម្រាប់ដែនដីដែលត្រួតត្រាដោយចិនដីគោកនេះ។
បាតុកម្ម បានធ្វើឲ្យជាប់គាំងជីវភាពប្រចាំថ្ងៃជិតចំនួនពាក់កណ្តាលនៅទីក្រុងហិរញ្ញវត្ថុអាស៊ី ដោយពួកបាតុករ បានបង្អាក់សកម្មភាពនានានៅឯប្រព័ន្ធរទេះភ្លើងក្រោមដីនិងចំណតអាកាសយាន។បាតុកររាប់រយនាក់ បានត្រូវចាប់ខ្លួន បន្ទាប់ពីប៉ះទង្គិចជាមួយប៉ូលិសដែលបានប្រើដំបងនិងឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក។
ក៏ប៉ុន្តែ លោក Joshua Wong សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្រុងហុងកុង បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីសុន្ទរកថារបស់លោកស្រី Lam ថា ការសម្រេចចិត្តដើម្បីដកសេចក្តីព្រាងច្បាប់«យឺតពេលបន្តិចទៅហើយ»៕