អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាលើកឡើងថា ចលនារបស់មហាជនខ្មែរនៅមិនទាន់ខ្លាំងក្លានៅឡើយ ក្នុងការទាមទារឲ្យមានច្បាប់ថ្មីមួយ ដើម្បីបង្ការទំនាស់ផលប្រយោជន៍រវាងការបំពេញតួនាទីរបស់មន្ត្រីក្នុងមុខតំណែងសាធារណៈ និងផលប្រយោជន៍ឯកជនរបស់ពួកគេ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃព្រហស្បតិ៍ថា បើប្រទេសកម្ពុជា នៅតែទន្ទឹងរង់ចាំឲ្យអ្នកនយោបាយស្ម័គ្រចិត្ត ធ្វើច្បាប់នេះដោយខ្លួនឯងនោះ គឺមិនងាយទេ ដោយសារ ច្បាប់នេះ នឹងប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកនយោបាយទាំងនោះ។
«យើងចង់ឲ្យចលនាមហាជន ចង់ឲ្យប្រជាពលរដ្ឋ ចង់ឲ្យសង្គមទាំងមូលហ្នឹង នាំគ្នាទាមទារ ហើយថ្ងៃក្រោយទៅ ប្រសិនបើមានគណបក្សនយោបាយណាដែលលោក ចង់ធ្វើរឿងហ្នឹងដែរ យើងនាំគ្នាជំរុញករណីហ្នឹង ឲ្យមានការធ្វើច្បាប់ហ្នឹង ដើម្បីបម្រើផលប្រយោជន៍រួម»។
Your browser doesn’t support HTML5
នៅកម្ពុជា សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋាភិបាលខ្លះ គឺជាម្ចាស់ក្រុមហ៊ុនឯកជន ឬគ្រប់គ្រងមុខជំនួញធំៗ ខណៈដែលពួកគេ កំពុងបំពេញតួនាទីក្នុងមុខតំណែងសាធារណៈនេះ។
លោក ព្រាប កុល មានប្រសាសន៍ថា នៅពេលដែលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងក្រុមហ៊ុនឬមុខជំនួញរបស់មន្ត្រីសាធារណៈទាំងនេះ គេពិបាកក្នុងការដោះស្រាយ ដោយសារតែកង្វះខាតច្បាប់ស្តីពីទំនាស់ផលប្រយោជន៍នេះ។
«យើងអត់បានធ្វើទេ យើងទុកឲ្យនៅចន្លោះ អញ្ចឹងងាយស្រួលក្នុងការធ្វើអ្វីៗ តាមតែអំពើចិត្ត។ ដូច្នេះ វាជារឿងមួយដែលធ្វើឲ្យការអនុវត្តអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយនេះ ជួបឧបសគ្គ ដោយសារយើងមិនដឹងយកយន្តការអីមកប្រើ បើច្បាប់វាអត់មាន»។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយយូរឆ្នាំមកហើយនេះ បានបន្តថា នៅប្រទេសដែលមានការអភិវឌ្ឍ គេមានច្បាប់បែបនេះ ដើម្បីទាមទារឲ្យមន្ត្រីដែលមានមុខងារខ្ពស់ៗក្នុងតំណែងសាធារណៈ ហ្នឹង ត្រូវតែប្រកាសអ្វីដែលជាមុខរបររបស់ពួកគេជាសាធារណៈ ហើយធានាថា ពួកគេមិនស្ថិតនៅក្នុងតួនាទីសម្រេចចិត្តណាមួយ នៅពេលដែលការសម្រេចចិត្តនោះ ពាក់ព័ន្ធនឹងក្រុមហ៊ុនឬមុខជំនួញរបស់ពួកគេ។
លោកបន្តថា សូម្បីតែលោក ដូណាល់ ត្រាំ (Donald Trump) សេដ្ឋីអចលនទ្រព្យដែលទើបឈ្នះឆ្នោតថ្មីៗនៅសហរដ្ឋអាមេរិកក៏ដោយ ក៏មិនអាចផ្ដល់ព័ត៌មានណាមួយដល់ក្រុមគ្រួសារឬបុគ្គលិកក្រុមហ៊ុនរបស់ខ្លួនអំពីគម្រោងរបស់រដ្ឋក្នុងការអភិវឌ្ឍអចលនទ្រព្យណាមួយបានដែរ នៅពេលដែលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកនោះ។
«បើគាត់ហ៊ានធ្វើអញ្ចឹង ខ្ញុំថា គាត់កាន់តំណែងអត់បានយូរទេនៅអាមេរិក។ ប្រាកដជាមានតំណាងរាស្ត្រ ឬសមាជិកសភា ជំទាស់គាត់ហ្នឹងរុញគាត់ ហើយប្រជាពលរដ្ឋ អាចនឹងតវ៉ានៅក្នុងទ្រង់ទ្រាយមួយដែលធ្វើឲ្យគាត់ពិបាក ក្នុងការកាន់ដំណែងស្រួល គឺមិនស្រួលទេបាទគឺគេមានយន្តការទប់ស្កាត់»៕