អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា ការអប់រំតែចំណេះដឹងនិងជំនាញវិជ្ជាជីវៈនៅតាមគ្រឹះស្ថានអប់រំនៅមិនទាន់គ្រប់គ្រាន់ដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសនេះបានទេ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនានេះថា គេចាំបាច់ត្រូវអប់រំអំពីសីលធម៌និងគុណធម៌ដើម្បីបង្រៀនមនុស្សឲ្យស្អប់ខ្ពើមអំពើពុករលួយតាំងពីតូចៗទៅ។
«អំពើពុករលួយកើតចេញពីចិត្តពុករលួយ។ ផ្នត់គំនិតពុករលួយនេះ នាំឲ្យស្តែងចេញជាសកម្មភាពពុករលួយ»។
អង្គការតម្លាភាពអន្តរជាតិ កាលពីឆ្នាំមុនបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ថាជាប្រទេសដែលគេយល់ថា ជាប្រទេសពុករលួយជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៥។
លោក ព្រាប កុល ថ្លែងថា ដើម្បីបង្ការការឆ្លងផ្នត់គំនិតពុករលួយនេះ ពីមនុស្សជំនាន់មុន មកមនុស្សជំនាន់ក្រោយ គេត្រូវរៀបចំឲ្យមានយន្តការទប់ស្កាត់ «ជំងឺពុករលួយ»នេះ នៅគ្រប់ស្រទាប់សង្គមនិងថ្នាក់ដឹកនាំរដ្ឋ ដោយតម្រូវឲ្យមានប្រព័ន្ធតុលាការយុត្តិធម៌ ការតែងតាំងឬជ្រើសរើសបុគ្គលិកនិងថ្នាក់ដឹកនាំស្ថាប័នទៅតាមសមត្ថភាពនិងជំនាញបុគ្គល ជាជាងតាមរយៈបក្សពួក និងគ្រួសារនិយមជាដើម ជាពិសេសគឺផ្លាស់ប្ដូរផ្នត់គំនិតដែលឲ្យតម្លៃទៅលើបុណ្យស័ក្ដិនិងសម្ភារៈនិយមជាធំ៕