ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា កម្ពុជា គួរ​តែ​បង្កើត​ច្បាប់​ ហាម​មិន​​ឲ្យ​មាន​គ្រួសារ​និង​បក្ខពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ


រូបឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (VOA)

លោក​ ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជាថា ទង្វើ​ដែល​គេ​តែង​ហៅ​ថា​គ្រួសារ​និយម​​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​មន្ត្រី​និង​បុគ្គលិក​ផ្សេង​ទៀត​ក្នុង​ស្ថាប័ន ដែល​ធ្វើ​ការ​ដោយ​ផ្អែកលើ​សមត្ថភាព​ពិត​ប្រាកដ​ ជាជាង​លើ​សែស្រឡាយ​ឬ​ញាតិបក្ស​របស់​ខ្លួន។

អ្នក​ជំនាញ​ខាងសុចរិត​ភាព​និង​តម្លាភាព​នៅ​កម្ពុជា លើក​ឡើង​ថា ប្រទេស​កម្ពុជា គួរ​តែ​មាន​ច្បាប់​ ហាម​ប្រាម​មិន​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​របស់​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ​ធ្វើ​ការ​ងារ​ក្នុង​ស្ថាប័ន​តែ​មួយ​ ​ក្នុង​តួនាទី​ដែល​អាច​បង្ក​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ និង​ឈាន​ទៅ​ដល់​អប្រសិទ្ធភាព និង​អ​ប្រសិទ្ធផល​ការងារ។


លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​កម្មវិធី​«Hello VOA» នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែ​ឧសភា៖

«នៅ​ប្រទេស​ជឿនលឿន​ជាច្រើន​ដូចជា​នៅ​ប្រេស៊ីល អាមេរិក អង់គ្លេស ជា​ពិសេស​នៅ​ប្រទេស​ជាច្រើន​នៅ​អ៊ឺរ៉ុប គឺ​គេ​មាន​ច្បាប់​ហ្នឹង។ អញ្ចឹង ខ្ញុំ​គិត​ថា មាន​ច្បាប់ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​មេដឹកនាំ​ស្ថាប័ន​ទាំង​អស់​ហ្នឹង​នាំ​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន​មក​ធ្វើ​ការ​ជាមួយ​បាន ព្រោះ​មាន​ច្បាប់​ហាម​ហើយ។ អញ្ចឹង​ មាន​ច្បាប់​គឺ​ជា​ការ​ប្រសើរ​បំផុត»។

ការ​ថ្លែង​បែប​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​តែងតាំង​កូន​ប្រុស​ពីរ​នាក់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជា​ឧបការី​ឬ​ជំនួយ​ការ​ក្នុង​ស្ថាប័ន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ។

លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅរាជធានីភ្នំពេញ​ ក្នុងពេល​ដែលលោក​ចូលរួមជា​វាគ្មិន​ក្នុងកម្មវិធី​ Hello VOA នៅថ្ងៃព្រសហ្បតិ៍ទី ១២ ខែឧសភា ឆ្នាំ ២០១៦។
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅរាជធានីភ្នំពេញ​ ក្នុងពេល​ដែលលោក​ចូលរួមជា​វាគ្មិន​ក្នុងកម្មវិធី​ Hello VOA នៅថ្ងៃព្រសហ្បតិ៍ទី ១២ ខែឧសភា ឆ្នាំ ២០១៦។

លោក ប៉ិច ពិសី បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ការ​យក​សមាជិក​ក្រុម​គ្រួសារ​របស់​មន្ត្រី​ឬ​ថ្នាក់​ដឹកនាំ​អង្គភាព​រដ្ឋ​ ឲ្យ​ចូល​ធ្វើការ​ក្នុង​ស្ថាប័ន​តែ​មួយ មិន​មែន​ជា​ទង្វើ​ខុសច្បាប់​ទេ ដោយសារ​តែ​នៅ​កម្ពុជា ពុំ​ទាន់​មាន​ច្បាប់​ណាមួយ ហាមប្រាម​ទង្វើ​បែប​នេះ​នៅ​ឡើយ។

ប៉ុន្តែ លោក​ថា ទង្វើ​ដែល​គេ​តែង​ហៅ​ថា​គ្រួសារ​និយមនេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​មន្ត្រី​និង​បុគ្គលិក​ផ្សេង​ទៀត​ក្នុង​ស្ថាប័ន ដែល​ធ្វើ​ការ​ដោយ​ផ្អែកលើ​សមត្ថភាព​ពិត​ប្រាកដ​ ជាជាង​លើ​សែស្រឡាយ​ឬ​ញាតិបក្ស​របស់​ខ្លួន។

«វា​ខុស​ពី​វិស័យ​ឯកជន ដែល​គេ​អាច​តែងតាំង​ប្អូន​ឬ​កូន​ចៅ​គេ​ធ្វើ​ការ​បាន​ ដោយសារ​តែ​គេ​ទុក​ចិត្ត​ហើយ​បើ​គេ​គិត​ថា អ្នក​ហ្នឹង​មាន​សមត្ថភាព ប៉ុន្តែ ស្ថាប័នរដ្ឋ​ជា​ស្ថាប័ន​ដែល​បម្រើ​រាស្ត្រ អញ្ចឹង ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​បាត់​បង់​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ»។

ដូច្នេះ​ លោក ប៉ិច ពិសី ពន្យល់​ថា ការ​មាន​ច្បាប់ ​ហាម​ប្រាម​មន្ត្រី​រដ្ឋ មិន​ឲ្យ​នាំ​យក​សមាជិក​ក្រុម​គ្រួសារ​មក​ធ្វើ​ការ​ជាមួយ​ក្នុង​ស្ថាប័ន​រដ្ឋ​នេះ គឺ​ជា​អ្វីមួយ​ដែល​កម្ពុជា ត្រូវ​ការ​ជា​ចាំបាច់។

«កាល​ណា​យើង មាន​ច្បាប់​ហ្នឹង​ហើយ គឺ​ប្រសិន​ជា​មាន មន្ត្រី​មាន​អំណាច​ផ្សេងៗ ដែល​គាត់​យក​សាច់​ញាតិ​មក យើង​អាច​យោង​ទៅ​លើ​ច្បាប់​ហ្នឹង ដើម្បី​ហាម​គាត់​មិន​ឲ្យ​ធ្វើ។ ហើយ​ខ្ញុំ​គិត​ថា បើ​សិន​ជា​មាន​ច្បាប់​ហ្នឹង ប្រហែល​ជា​ថ្នាក់​ដឹកនាំ​ផ្សេងៗ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ហ្នឹង អាច​មាន​ការ​ពិចារណា​ក្នុង​ការ ​មិន​យក​គ្រួសារ​មក​ធ្វើ​ការ​ទេ ព្រោះ​វា​ខុសច្បាប់»។

​លោក​បន្ថែម​ថា ស្ថាប័ន​ដឹកនាំ​រដ្ឋ​ទាំង​បី​គឺ​ស្ថាប័ន​នីតិ​បញ្ញត្តិ ប្រតិបត្តិ​និង​តុលាការ គួរ​តែ​ចាប់​ផ្តើម​ធ្វើ​ជា​គំរូ ក្នុង​ការ​យ៉ាង​ហោច​ណាស់ ចែង​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន ដែល​ហាម​មិន​ឲ្យ​យក​គ្រួសារ​និង​បក្ខពួក​និយម​មក​ធ្វើការ​ជាមួយ ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍ និង​ធ្វើឲ្យ​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល​ការងារ​ក្នុង​ស្ថាប័ន​ទាំង​នេះ ចុះ​ខ្សោយ៕

XS
SM
MD
LG