ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងអប់រំ យុវជននិងកីឡារឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦


លោក​​ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អបរំ និង​​លោក​ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និងអ្នកអង្កេតជាច្រើននាក់ត្រួតពិនិត្យ​វិញ្ញាសារ​នៃ ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
លោក​​ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អបរំ និង​​លោក​ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និងអ្នកអង្កេតជាច្រើននាក់ត្រួតពិនិត្យ​វិញ្ញាសារ​នៃ ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ការប្រឡងបាក់ឌុបនាឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងការប្រឡងបាក់ឌុបកាលពីពីរឆ្នាំមុន។

ក្រសួង​អប់រំ​ យុវជន​និង​កីឡា បាន​រឹត​បន្តឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦​នេះ​ ដោយ​បាន​ដាក់​ចេញ​វិធានការ​ជាច្រើន​ដែល​អាច​ឲ្យ​សិស្ស​ខ្លះ​ដែល​រំលោភ​បទបញ្ញតិ​នេះ​នឹង​ធ្លាក់​ជា​ស័្វយ​ប្រវត្តិ។​

បេក្ខជន​ចូលរួម​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំនួន​២​ថ្ងៃ​ ចាប់ពី​ថ្ងៃច័ន្ទ​នេះ​គឺ​មាន​ចំនួន​៩៣.៧៥២​នាក់​ ​ក្នុង​នោះ​សិស្សស្រី​មាន​ចំនួន​៤៥.២៣៧​នាក់។​ ការ​ប្រឡង​នេះ​ចែកជា១៥៧ ​មណ្ឌល​សំណេរ​ ស្មើ​នឹង​៣.៧៨១​បន្ទប់​ ទាំង​ថ្នាក់​វិទ្យាសាស្រ្ត ​និង​វិទ្យាសាស្រ្ត​សង្គម។ ​នេះ​បើ​យោង​ទៅ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា។​

លោក​ហង់ ជួនណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​និយាយ​ថា ​ការ​ប្រឡង​បាក់ឌុប​នា​ឆ្នាំ​នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ពីរ​ឆ្នាំ​មុន។​ លោក​បាន​បន្ថែម​ថា ​ដើម្បី​ទប់ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​ការ​លួច​ចម្លង​ផ្សេងៗ​ ក្រសួង​បាន​រក្សា​សុវត្ថិភាព​វិញ្ញាសារ​ ហើយ​ក្រសួង​មាន​ចែង​ជា​បទបញ្ញត្តិ​ថា ​ប្រសិន​បើ​មាន​បុគ្គល​ណា​ម្នាក់​លួច​ចម្លង​ ឬ​ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស​ បុគ្គល​នោះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ​ក៏​ដូច​ជា​អាច​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវ​ច្បាប់​ផង​ដែរ។ ​លោក​បាន​បន្ត​ថា ​ទាក់ទិន​នឹង​បញ្ហា​ពុករលួយ មន្រ្តី​អប់រំ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​កម្រិត​ទី​មួយ​ ហើយ​នឹង​អាច​ប្រឈម​មុខ​នឹង​វិធាន​ការផ្លូវ​ច្បាប់។​

យោង​តាម​លោក​ហង់ ជួនណារ៉ុន ​គោលបំណង​នៅ​ក្នុង​ចំណាត់ការ​ខាង​លើ​ដោយ​ក្រសួង​អប់រំ​ គឺ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​របស់​សិស្ស​ដើម្បី​អាច​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់ ​និង​ជួយ​ក្នុង​ការ​ស្វែងរក​ការងារ។​

ទោះ​បី​យ៉ាងណា​ក៏​ដោយ ​ លោកស្រី​អ៊ុក ឆាយ៉ាវី ​ប្រធាន​ស្តីទី​នៃ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ បាន​ថ្លែង​ថា ​គ្រូ​បង្រៀន​មួយ​ចំនួន​ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ឃ្លាំ​មើល​ខ្លាំង​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​ ការណ៍​នេះ​ត្រូវ​លោកស្រី​អ៊ុក ឆាយ៉ាវី​ បកស្រាយ​ថា ​វា​ហាក់​ដូចជា​ គ្រូ​បង្រៀន​ជា​ពិរុទ្ធជន ​និង​ហាក់​ដូចជា​ក្រសួង​អប់រំ​ផ្ទាល់​មិន​ទុក​ចិត្ត​លើ​មន្រ្តី​របស់​ខ្លួន។​ លោក​ស្រី​សំណូម​ពរ​ឲ្យ​ក្រសួង​អប់រំ​ធ្វើ​កំណែ​ទម្រង់​ឡើង​វិញ​ តាម​រយៈ​ការ​ស្នើដាក់​នគរបាល​មាន​សមត្ថកិច្ច​រក្សា​សន្តិសុខ​ ជំនួស​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ៕

XS
SM
MD
LG