ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ស៊ើបអង្កេតរឿងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ


គណៈ​កម្មការ​កម្មវិធី​ប្រលង​ត្រួតពិនិត្យ​បេក្ខជននៃ ​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែសីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/VOA)

លិខិតកោះហៅរបស់ ACU ចុះថ្ងៃទី៣០ ខែសីហា បានកោះហៅលោកជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន និងលោកប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្តាប់ចម្លើយនៅថ្ងៃទី៥ ខែកញ្ញា វេលាម៉ោង៨:៣០នាទីព្រឹក ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីអំឡុងពេលប្រឡង។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU) ​បាន​កោះ​ហៅ​មន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​២​នាក់ ​និង​គ្រូ​បង្រៀន​វិទ្យាល័យ​៣​នាក់ ​ដើម្បី​ស្តាប់​ចម្លើយ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ក្នុង​ការ​អនុវត្ត​តួនាទី ​ភារកិច្ច​ពេល​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​កន្លង​ទៅ។​

លិខិត​កោះ​ហៅ​របស់​ ACU ​ចុះ​ថ្ងៃ​ទី៣០ ​ខែ​សីហា បាន​កោះ​ហៅ​លោក​ជីវ រដ្ឋា ​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​យុវជន ​និង​លោក​ប៉ូវ វី​ អនុ​ប្រធាន​នាយក​ដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ដើម្បី​ស្តាប់​ចម្លើយ​នៅ​ថ្ងៃទី៥ ​ខែ​កញ្ញា ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​តួនាទី​អំឡុង​ពេល​ប្រឡង។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បានចេញ​ក្នុង​លិខិត​ពីរ​ទៀត​កោះហៅ​គ្រូ​បង្រៀន​បី​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតីក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច នា​សម័យ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ និង​ការ​ទទួល​លុយ​ពី​បេក្ខជន​ប្រឡង។​

VOA មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​សម្បត្តិ ហ៊ូណា ​មន្រ្តី​នគរបាល​យុត្តិ​ធម៌​ និង​ជា​អ្នក​សាកសួរ​ក្នុង​ការ​កោះ​ហៅ​នោះ​បាន​ទេ។ ​រីឯ​រដ្ឋមន្រ្តី ​និង​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ក៏ ​VOA ​មិន​អាច​ទាក់ទង​បាន​ដែរ។​

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ឬ​ហៅ​ថា​បាក់ឌុប​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី២២-២៣ ​ខែ​សីហា ​ដោយ​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​

ក្រសួង​អប់រំ​បាន​ចេញ​ប្រកាស​មួយ​កំណត់​អំពី​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ ដែល​ប្រព្រឹត្ត​ខុស​ឆ្គង​ក្នុង​ដំណើរ​ការ​ប្រឡង​ និង​កំណត់​វិធានការ​ទប់ស្កាត់​ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​វិញ្ញាសារ​មុន​ពេល​ប្រឡង​ ឬ​ការ​ទប់ស្កាត់​ការ​បញ្ចុះបញ្ចូល​ឲ្យ​បេក្ខជន​ ឬ​អ្នក​អាណាព្យាបាល​សូកប៉ាន់ ​ដើម្បី​ប្រឡង​ជាប់ ​ឬ​ទទួល​បាន​និទ្ទេស​ល្អ។ ​ក្រសួង​ក៏​បាន​កម្រិត​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី២ ​មាន​ដូចជា​ការ​ស្តី​បន្ទោស​ជា​ទម្ងន់ ​ការ​លុប​ឈ្មោះ​ចេញ​ពី​តារាង​ឡើង​ឋានន្តរ​ស័ក្តិ ​ការ​ដាក់​ឲ្យ​ទំនេរ​គ្មាន​បៀវត្ស ការ​បន្ថយ​ឋានន្តរ​ស័ក្តិ ​ការ​ដាក់​ឲ្យ​ចូល​និវត្តន៍​មុន​កំណត់​ ឬ​បញ្ឈប់​ពី​ការងារ និង​បណ្តេញ​ចេញ​ពី​មុខ​តំណែង​រាជការ​ជាដើម៕​

XS
SM
MD
LG