សាស្ត្រាចារ្យខ្មែរម្នាក់នៅក្នុងសហរដ្ឋអាមេរិក លើកឡើងថា ដើម្បីឲ្យស្ថាប័នគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសកម្ពុជា មានឯករាជ្យផុតពីឥទ្ធិពលនយោបាយ លុះត្រាតែបុគ្គលម្នាក់ៗនៅក្នុងស្ថាប័ននោះ ហ៊ានបំពេញតួនាទីរបស់ខ្លួន ដោយឯករាជ្យ ទោះបីជាត្រូវប្រឈមនឹងផលវិបាកផ្សេងៗ ដែលអាចកើតចេញពីបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យនេះក៏ដោយ។
លោក ខូ តារាឫទ្ធិ ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UMass Lowell and Middlesex Community College ក្នុងរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក បានថ្លែងបែបនេះ នៅក្នុងកម្មវីធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនានេះ។
«បើសិនជាប៉ូលិសចរាចរ មើលចរាចរកុំឲ្យស្ទះ។ បើសិនជាគ្រូបង្រៀន បង្រៀនកូនសិស្សឲ្យចេះ។ បើជាអ្នកការពារព្រំដែន ការពារព្រំដែន កុំឲ្យបាត់បង់ ហើយបើជាអ្នកខាងគយឬរដ្ឋាករហ្នឹង មើលយ៉ាងម៉េចកុំឲ្យគេរត់ពន្ធខុសច្បាប់ កុំឲ្យមានឡាន មានម៉ូតូនៅក្នុងស្រុក មិនបានបង់ពន្ធ។ តែប៉ុណ្ណឹងចប់ហើយ មិនចាំបាច់យកចិត្តទុកដាក់ជាមួយអ្នកនយោបាយអីផ្សេងទៀតទេ»។
លោក ខូ តារាឫទ្ធិ ដែលជាអ្នកនិពន្ធ ដែលបានសិក្សានៅសាកលវិទ្យា Harward ក្នុងសហរដ្ឋអាមេរិកផងនោះ មានប្រសាសន៍ថា ប្រសិនបើ បុគ្គលម្នាក់ៗ ត្រូវគេបញ្ឈប់ពីការងារដោយសារតែការហ៊ានបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យបែបនេះក៏ដោយ ក៏បុគ្គលនោះ នៅតែជាបុគ្គល ដែលមានតម្លៃនិងបានចូលរួមកែប្រែសង្គមទៅរកភាពត្រឹមត្រូវនិងវិជ្ជមានដែរ។
«លុះត្រាតែម្នាក់ៗហ្នឹង ហ៊ានសម្រេចចិត្ត។ បើសិនជា យើងធ្វើកិច្ចការមួយ ហើយគេគំរាមយើងថា បើមិនធ្វើតាមគេទេ គេដកយើងចេញ យើងឈប់ក៏ល្អដែរ ព្រោះបើ មនុស្សទាំងអស់គ្នាហ្នឹង ឈប់ធ្វើការ បើសិនជាមនុស្សទាំងអស់ហ្នឹង គ្មានមុខងារនៅក្នុងកន្លែងពុករលួយ ខ្ញុំជឿថា សង្គមហ្នឹង ផ្លាស់ប្តូរ ច្រើនមែនទែន»។
ស្ថាប័នរដ្ឋស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវអ្នកវិភាគខ្លះ មើលឃើញថា ខ្វះឯករាជ្យភាពក្នុងការបំពេញការងាររបស់ខ្លួនដោយឯករាជ្យពេញលេញ ដោយសារតែឥទ្ធិពលនយោបាយគ្រប់ដណ្ដប់។
មន្ត្រីរាជការឬបុគ្គលិករដ្ឋមួយចំនួន តែងតែរអ៊ូរទាំថា ពួកខ្លួន មិនអាចបំពេញការងារទៅតាមតួនាទីរបស់ខ្លួនសុទ្ធសាធដោយគ្មានគំនាបណាមួយដោយផ្ទាល់ក្តីឬដោយប្រយោលក្តី ពីឥទ្ធិពលនៃគណបក្សនយោបាយនោះឡើយ។
លោក ខូ តារាឫទ្ធិ មានប្រសាសន៍ថា ការទទួលបានឯករាជ្យនេះ មិនអាចកើតឡើងបាន ដោយគ្មានការប្រថុយប្រថាននោះទេ ពោលគឺបុគ្គលម្នាក់ៗ ត្រូវតែហ៊ាន ប្រឈមនឹងផលវិបាកដែលអាចកើតចេញពីការបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យនេះ។
«នៅស្រុកយើង លុះត្រាតែ មានមនុស្សហ្នឹង ហ៊ានលះបង់ច្រើន។ ប្រសិនបើយើង រស់នៅក្នុងសង្គមមួយ ដែលពុករលួយ មិនថ្លៃថ្លូរ យើងកុំទៅធ្វើអញ្ចឹងទៅ។ បើគេបញ្ឈប់ការងារយើង យើងឈប់ទៅ ចាំបាច់ទៅនេះអី មានស្រែមានចម្ការ ធ្វើស្រែធ្វើចម្ការ ក៏អាចរស់បានដែរ ព្រោះស្រុកខ្មែរ មិនពិបាករស់ទេ »។
លោកបន្ថែមថា៖«អញ្ចឹងហើយបានខ្ញុំថា ត្រូវឲ្យហ៊ាន។ បើយើងធ្វើអ្វីមួយខុសពីគោលការណ៍ ខុសពីច្បាប់រដ្ឋធម្មនុញ្ញ ខុសពីអ្វីដែលច្បាប់ចែងមក យើងកុំធ្វើ។ បើគេឲ្យយើងឈប់ធ្វើការ យើងឈប់ទៅ ព្រោះអាហ្នឹងហើយ ជាតម្លៃរបស់មនុស្ស ជាតម្លៃរបស់យើង»៕