អ្នកវិភាគ៖ សេរីភាព​របស់​អ្នកវិភាគ​ធ្លាក់​ចុះ ក្រោយ​ការស្លាប់​របស់​លោក កែម​ ឡី តែ​រដ្ឋាភិបាល​ជា​អ្នក​បាត់​ប្រជាប្រិយភាព

រូបថត​​លោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

លោក​ មាស​ នី បន្ថែម​ទៀត​ថា បញ្ញវន្ត​ខ្លះ ដែល​ធ្លាប់​ចូល​រួម​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ម្ដងម្កាល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​លែង​ហ៊ាន​ធ្វើការ​វិភាគ​តទៅទៀត​ដែរ។

អ្នក​វិភាគ​បញ្ហា​សង្គម​ក្នុង​ប្រទេសកម្ពុជា លើកឡើង​ថា សេរីភាព​របស់​បញ្ញវន្ត​ខ្មែរ ក្នុង​ការ​ចូលរួម​ចំណែក​ផ្ដល់​ការ​វិភាគ​លើ​បញ្ហា​ជាតិ​សំខាន់ៗ បាន​ធ្លាក់​ចុះ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​ការ​បាញ់សម្លាប់​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​ម្នាក់​គឺ​លោក​បណ្ឌិត​ កែម ឡី ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦។

Your browser doesn’t support HTML5

Hello VOA៖ អ្នកវិភាគ​ថា សេរីភាព​របស់​អ្នកវិភាគ​ធ្លាក់​ចុះ ក្រោយ​ការស្លាប់​របស់​លោក កែម​ ឡី តែ​រដ្ឋាភិបាល​ជា​អ្នក​បាត់​ប្រជាប្រិយភាព

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​និង​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​លោក កែម​ ឡី បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​កម្មវិធី«Hello VOA» ​នៅ​ថ្ងៃ​ចន្ទ​នេះ៖

«សម្រាប់​បញ្ញវន្ត​ដែល​កំពុង​ព្យាយាម​ប្រឹង​ ជួយ​ដល់​សង្គម ជួយ​ផ្ដល់​ការពិត​ទៅ​ជូន​រដ្ឋាភិបាល​នេះ គឺ​យើង​មាន​អារម្មណ៍​ថា​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ហើយ​សេរីភាព​ក្នុង​ការ​និយាយ​របស់​យើង​ទៀត​ ក៏​យើង​លែង​ហ៊ាន​និយាយ​អី​ច្រើន ពិសេស​និយាយ​អី​សំដៅ​ទៅ លើក​អំពី​ឈ្មោះ​អ្នក​នេះ ឈ្មោះ​អ្នក​នោះ​ យើង​អត់​ហ៊ាន​ទេ។ ហេតុអ្វី​បាន​យើង​អត់​ហ៊ាន? កាល​ណា​យើង​លើក​ទៅ​ចំ​ឈ្មោះ​អ្នក​មាន​អំណាច​ ក៏​យើង​នឹង​ត្រូវ​ទទួល​រង​គ្រោះ​ថ្នាក់​ដែរ​បាទ»។

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក​ មាស​ នី បន្ថែម​ទៀត​ថា បញ្ញវន្ត​ខ្លះ ដែល​ធ្លាប់​ចូល​រួម​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ម្ដងម្កាល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​លែង​ហ៊ាន​ធ្វើការ​វិភាគ​តទៅទៀត​ដែរ។

«អ្នក​ខ្លះ បាត់​ស្រមោល​តែ​ម្ដង គឺ​ថា​គាត់​ខ្លាច​ គាត់​លែង​ហ៊ាន សូម្បី​តែ​ទូរស័ព្ទ​ ក៏​គាត់​ឈប់​លើក​ដែរ»។

លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​ចំនួន​ពីរ​គ្រាប់​ បណ្ដាល​ឲ្យ​ស្លាប់​ភា្លមៗ​នៅ​ក្នុង​ហាង​ស្តារម៉ាត​មួយ​កន្លែង​ក្នុង​ស្ថានីយ​សាំង​កាល់​តិច ក្បែរ​ស្តុប​បូកគោ ខណៈ​ពេល​ដែល​លោក​កំពុង​អង្គុយ​ទទួល​ទាន​កាហ្វេ​ពេល​ព្រឹក​ដូច​សព​មួយ​ដង​នៅ​ទី​នោះ។

ការ​បាញ់​សម្លាប់​លោក កែម ឡី ​នេះ កើត​ឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពីអ្នក​វិភាគ​រូប​នេះ បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ Global Witness ដែល​មាន​ចំណងជើង​ថា «Hostile Takeover»ឬ​មានន័យថា «ការ​កាន់​កាប់​ដោយ​អរិភាព»។ របាយការណ៍​នេះ ​បាន​លាត​ត្រដាង​ពី​ការ​គ្រប់គ្រង​ជំនួញ​និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សម្បើម​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក មាស នី ថ្លែង​ថា ទោះបី​ជា​បញ្ញវន្ត​ឬ​អ្នក​ចេះដឹងខ្លះ នៅ​តែ​បន្ត​ចូលរួម​ផ្ដល់​ការ​វិភាគ​របស់​ខ្លួន​ ទៅ​លើ​បញ្ហាជាតិ​សំខាន់ៗ​ក៏​ដោយ ក៏​ពួកគេ ត្រូវ​ធ្វើ​ដោយប្រុងប្រយ័ត្ន​ជាង​មុន​ដែរ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​រូប​នេះ អះអាង​ថា ការ​ធ្លាក់​ចុះ​នូវ​ការ​ចូលរួម​វិភាគ​បញ្ហា​ពី​សហគមន៍​បញ្ញវន្ត​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​ខាត​បង់​ទៅវិញ។

«ប្រសិន​បើ​កុំ​មាន​ការ​ជួយ​វិភាគ យើង​មិន​ជួយ​កៀស​ចន្លុះ​ភ្លើង​ហ្នឹង​ទេ ខ្ញុំ​គិត​ថា អ្វី​ដែល​ជា​ការ​កើត​ឡើង ពិសេស​ដូចជា​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងៗ វា​នៅ​តែ​មាន​បន្ត​ទៅ​ទៀត អ្នក​ដែល​ទទួល​រងគ្រោះ​ហ្នឹង គឺ​មិនមែន​អ្នក​វិភាគ​ទេ គឺ​អ្នក​ទទួល​រងគ្រោះ​ហ្នឹង គឺ​រដ្ឋាភិបាល គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយ​របស់​រដ្ឋាភិបាល»៕