ប្រធានាធិបតី​ Ghani​ ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ខណៈ​ក្រុម​តាលីបង់​ចូល​រដ្ឋធានី​កាប៊ុល រង់ចាំ​ការ​ផ្ទេរអំណាច​

ក្រុម​យុទ្ធជន​តាលីបង់​បាន​ចូល​កាន់​កាប់​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន បន្ទាប់​ពី​លោក​ប្រធានាធិបតី Ashraf Ghani បាន​ចាកចេញ​ពី​ប្រទេស នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ (AP Photo/Zabi Karimi)

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​លោក​ Ashraf Ghani​ រួម​ជាមួយ​អនុ​ប្រធានាធិបតី​និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​បាន​ជិះ​យន្តហោះ​ចេញ​ពី​ប្រទេស​អាហ្វហ្គាកានីស្ថាន​កាល​ពី​ថ្ងៃ​អាទិត្យ​ទុក​ឲ្យ​ពួក​បះបោរ​តាលីបង់​ឡើង​កាន់​អំណាច​វិញ​២០​ឆ្នាំ​បន្ទាប់​ពីការ​លុកលុយ​ផ្នែក​យោធា​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកដែល​បាន​បណ្តេញ​ពួកគេ​ចេញ​ពី​អំណាច។​

សមាជិក​កំពូលៗ​របស់​គណៈ​កម្មការ​យោធា​ក្រុម​តាលីបង់​បាន​ទៅ​ដល់​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ខណៈ​ពួក​អ្នក​ប្រយុទ្ធ​តាលីបង់​បាន​កាន់កាប់​ទីកន្លែង​សំខាន់ៗ​នៅ​ក្នុង​ទីក្រុង។​

លោក ​Mullah Abdul Ghani Baradar​ សហ​ស្ថាបនិក​និង​ជា​អនុ​ប្រធាន​ក្រុម​តាលីបង់​បាន​អបអរ​ប្រជា​ពលរដ្ឋ​និងយុទ្ធជន​ Mujahideen ​អំពី​ជ័យ​ជម្នះ​របស់​ពួកគេ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​យប់​ថ្ងៃ​អាទិត្យ។ ​លោកបាន​ផ្ញើ​សារ​តាម​វីដេអូ​ជា​ភាសា​ Pashto ​ពី​ការិយាល័យ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ដូហាប្រទេស​កាតា។​

ការិយាល័យ​របស់​លោក​ Baradar​ ក៏​បានផ្សាយ​វីដេអូ​ដែល​គាត់​និងសហការីមើលការ​ផ្សាយផ្ទាល់​អំពី​ប្រយុទ្ធជន​តាលីបង់​ចូល​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​កាលពី​យប់​ថ្ងៃ​អាទិត្យ។

លោក​និយាយ​ថា៖​«ខ្ញុំនៅ​ទីនេះ​ប្រកាស​ថា​យើង​ទទួល​ខុសត្រូវ​ចំពោះ​ជីវិត​របស់​អ្នក​និង​អ្វីៗ​ទាំងអស់​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​និង​ធានា​ថា​យើង​នឹង​ផ្តល់អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​ជីវិត​អ្នក​ប្រសើរ​ឡើង។ ​ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ប្រជាជន​អាហ្វហ្គានីស្ថាន​និងយុទ្ធជន ​Mujahideen»។​

អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​លោក​ Zabihullah Mujahid​ បាន​និយាយ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ថា ក្រុម​ប្រយុទ្ធជន​ខ្លួន​ត្រូវ​បាន​បញ្ជា​ឲ្យ​យាម​ប៉ុស្តិ៍​សន្តិសុខ​និង​ទី​កន្លែង​ផ្សេងៗ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​«ដើម្បី​រារាំង​ភាព​ច្របូក​ច្របល់​និង​ការ​លួច​បន្ទាប់ពី​កងទ័ព​សន្តិសុខ​អាហ្វហ្គានីស្ថាន​បាន​បោះបង់​ប៉ុស្តិ៍​ទាំង​នេះ។​

លោក ​Ghani​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ​ហ្វេសប៊ុក​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា​គាត់​បាន​ចាកចេញ​ពី​ប្រទេស​ដើម្បី​រារាំង​ការ​បង្ហូរ​ឈាម។​គាត់​បាន​ទៅដល់​ប្រទេស​តាហ្ស៊ីគីស្ថាន​បន្ទាប់​មក​បាន​ចាកចេញ​ភ្លាមៗ​ទៅ​កាន់​ទីកន្លែង​ដែល​គេ​មិន​ដឹង។​នេះ​បើ​តាម​បណ្តាញព័ត៌មាន​ RFE/RL។​

លោក​ Ghani​ បាន​សរសេរ​ថា៖​ «ក្រុម​តាលីបង់​បាន​ឈ្នះ​ដោយ​ដាវ​និង​កាំភ្លើង​ ហើយ​ឥឡូវ​នេះ​ពួកគេ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដើម្បី​ការពារ​កិត្តិយស​ទ្រព្យ​សម្បត្តិ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រួម​ជាតិ​យើង។​ ឥឡូវនេះ​ ពួក​គេកំពុង​ប្រឈម​ការ​សាក​ល្បង​ជា​ប្រវត្តិសាស្ត្រ​ថ្មី។​តើ​ពួកគេ​នឹង​ការពារ​កេរ្តិ៍ឈ្មោះ​និង​កិត្តិយស​អាហ្វហ្កានីស្ថាន​ឬផ្តល់​អាទិភាព​ដល់​ទីកន្លែង​និង​បណ្តាញ​ផ្សេងៗ​ទៀត។​ក្រុម​តាលីបង់​ត្រូវ​ធានា​នឹងប្រជា​ពលរដ្ឋ​ប្រជាជាតិ ​វិស័យ​ផ្សេងៗ​និង​ស្ត្រី​របស់​អាហ្វហ្កានីស្ថាន​ដើម្បី​ទទួល​បាន​ភាព​ស្រប​ច្បាប់​និង​ការ​ទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ»។​

លោក​ Abdullah Abdullah​ ប្រធាន​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​ជាតិ​អាហ្វហ្គានីស្ថាន​បាន​ចុះ​ផ្សាយ​វីដេអូ​នៅ​លើ​ហ្វេសប៊ុករិះគន់​លោក​Ghani។

លោក​បាន​និយាយ​ថា៖​ «ខ្ញុំ​មាន​អារម្មណ៍​ថា​អតីត​ប្រធានាធិបតី​បាន​ចាក​ចេញ​ចោលប្រទេស​និង​ប្រជា​ពលរដ្ឋ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់។​ព្រះ​ជាម្ចាស់​នឹង​ឲ្យ​លោក​ទទួល​ខុសត្រូវ»។

អនុ​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក​ Amrullah Saleh​ ដែល​បាន​ចាកចេញ​ជាមួយ​លោក​Ghani ​ដែរ​នោះ​បាន​សន្យា​នៅ​ក្នុង​ធ្វីតធឺ​ថា​មិន​ឱន​ក្បាល​ដាក់​ក្រុម​តាលីបង់​ទេ​ក៏ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អំពី​សេចក្តី​រាយ​ការណ៍ថា​ លោក​បាន​ចាកចេញ​ពី​ប្រទេស​ទេ។​

ក្រុម​តាលីបង់​បាន​ដណ្តើម​កាន់កាប់​ផ្នែក​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ក្នុង​ពេល​ជាង​មួយ​សប្តាហ៍​ហើយ​បាន​ទៅ​ដល់​ច្រក​សំខាន់ៗ​នៃ​រដ្ឋធានី​កាប៊ុល​កាលពី​ថ្ងៃ​សៅរ៍។​

សេចក្តី​ថ្លែង​ការណ៍​ពីលោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ António Guterres​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​និយាយ​ថា​អង្គការ​សហ​ប្រជាជាតិ​បាន​ជំរុញ​ឲ្យ​ក្រុម​តាលីបង់​ «អនុវត្ត​នូវ​ការ​អត់ធ្មត់​បំផុត​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ពលរដ្ឋ»។​ លោក​បាន​បន្ថែម​ទៀត​ថា​អង្គការ​មនុស្ស​ធម៌​ទាំង​អស់​ត្រូវ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្តល់​ជំនួយដោយ​គ្មាន​ការ​រារាំង។​

លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅឯ​កិច្ចប្រជុំ​ចំហ​មួយ​ស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ។​

សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ជាង​៦០​ទៀត​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាលពី​យប់​ថ្ងៃ​អាទិត្យ​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានគោរព​និង​សម្រួល​ការ​ចាក​ចេញ​តាម​របៀប​រៀបរយ​របស់​ពលរដ្ឋ​អាហ្វហ្គានីស្ថាននិង​ជន​បរទេស​ដែល​ចង់​ចាក​ចេញ​ពី​ប្រទេស​នេះ។​

ពលរដ្ឋ​អាហ្វហ្គានីស្ថានប្រជ្រៀត​គ្នា​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ព្យាយាម​ចាកចេញ​ពី​ប្រទេស​នេះ ខណៈ​ក្រុម​តាលីបង់​ឡើង​កាន់កាប់​អំណាច នៅ​ក្រោយ​ពី​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​ចាកចេញ​ពី​ប្រទេសនិង​ទទួល​ស្គាល់​ថា​ក្រុមបះបោរ​នេះ​បាន​ឈ្នះសង្គ្រាម​ដែល​អូស​បន្លាយ​អស់​២០​ឆ្នាំ។

សាក្សី​បាន​និយាយ​ថា​មនុស្ស​ប្រាំ​នាក់​បានស្លាប់​នៅ​ក្នុង​ភាព​វឹកវរ​នៅ​ឯ​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល​នៅ​ថ្ងៃ​ច័ន្ទ​ខណៈ​ទាហាន​អាមេរិក​ការពារ​ការ​ជម្លៀស​បុគ្គលិក​ស្ថានទូត​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​តាលីបង់​បាន​កាន់កាប់​រដ្ឋធានី​កាប៊ុល។

គេ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​របៀប​ណា​នោះ​ទេ។​ មន្រ្តី​អាមេរិក​ម្នាក់​បាន​និយាយ​ថា​កងទ័ព​បាន​បាញ់​ឡើង​លើដើម្បី​រារាំង​មនុស្ស​ដែល​ព្យាយាមចូល​ទៅ​ជិះ​យន្តហោះយោធា​សម្រាប់​ដឹក​អ្នក​ការទូត​និង​បុគ្គលិក​ស្ថានទូត​អាមេរិក​ចេញ​ពី​ទីក្រុងនេះ។

​ប្រភព​នានា​ថា​ក្រុម​តាលីបង់​បាន​បន្ត​ចរចា​ដោយមិន​មាន​លោក Ghani ​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​និយាយ​ថា ​លោក​មិន​មែន​ជា​ប្រធានាធិបតី​ស្របច្បាប់។​

ម៉្យាងទៀត​ឧត្តមសេនីយ៍​អាមេរិក​កំពូល​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ឥឡូវ​នេះ​សហ​រដ្ឋ​អាមេរិក​អាច​ប្រឈម​កំណើន​ការ​គំរាម​កំហែង​ភេរវកម្ម​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​កាន់កាប់​ដោយ​ក្រុមតាលីបង់។ ការ​ព្រមាន​នោះ​កើត​ឡើង​ខណៈទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ដែល​ទទួល​ខុសត្រូវ​តាមដាន​ការ​គំរាម​កំហែង​ទាំង​នោះប្រឈម​នឹង​សំណួរ​ថ្មី​បន្ទាប់​ពី​យោធា​អាហ្វហ្គានីស្ថាន​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក​បាន​ដួល​រលំ​យ៉ាង​ល្បឿន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន AP៕

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP, Reuters)