សមត្ថភាពយោធារបស់សហរដ្ឋអាមេរិកពីចម្ងាយគួបផ្សំនឹងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានទំនងជាមិនអាចប្រៀបធៀបជាមួយពួកសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលបន្តប្រយុទ្ធឈ្នះកងទ័ពរដ្ឋាភិបាលដែលមានការគាំទ្រផ្នែកអាវុធប្រសើរជាង ហើយមានកម្លាំងច្រើនជាង ក្នុងការព្យាយាមដណ្តើមកាន់កាប់ប្រទេសដែលហែកហួរដោយសង្គ្រាមនេះទេ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានហៅស្ថានការណ៍នៅលើសមរភូមិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានថា «ជាការព្រួយកង្វល់ដ៏ខ្លាំង» ដោយបានលើកពីការចូលកាន់កាប់របស់ក្រុមតាលីបង់នៅទីរួមខេត្តចំនួន៥ក្នុងរយៈពេល៧២ម៉ោង ជាបញ្ហាដែលមិនមែនមិនមានការចាប់អារម្មណ៍ពីក្រុមមន្ត្រីនៅឯមន្ទីរបច្ចកោណនោះទេ។
លោក John Kirby អ្នកនាំពាក្យមន្ទីរបច្ចកោណបានសារភាពប្រាប់ពួកអ្នកយកព័ត៌មានថា ប្រទេសអាហ្វហ្គានីស្ថាន«ច្បាស់ណាស់ថា នឹងមិនមានអនាគតល្អនោះទេ»។ លោកនិយាយទៀតថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានបង្ហាញការព្រួយកង្វល់នេះប្រាប់សហគមន៍អន្តរជាតិ។
លោក Kirby បានបន្ថែមថា «លោករដ្ឋមន្ត្រីបន្តជឿថា កងកម្លាំងអាហ្វហ្គានីស្ថានមានសមត្ថភាព។ ពួកគេមានសមត្ថភាពធ្វើឲ្យមានការប្រែប្រួលខ្លាំងនៅលើសមរភូមិ»។
ក៏ប៉ុន្តែជំនឿទុកចិត្តនេះ រហូតមកទល់ពេលនេះ មិនអាចទប់ទល់ការវាយប្រហាររបស់ក្រុមតាលីបង់ដែលបានរុញច្រានកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានកាន់តែខ្លាំងឡើងៗនោះទេ។
មន្រ្តីអាមេរិកម្នាក់បានប្រាប់វីអូអេថា « ការវាទីដែលពួកតាលីបង់បានអនុញ្ញាតឱ្យពួកគេប្រមូលបានឧបករណ៍ និងបានដោះលែងអ្នកទោសដែលមានឥទ្ធិពលលើការពង្រីកអំណាចយោធារបស់ពួកគេ»។ មន្ត្រីនេះបាននិយាយដូច្នេះដោយសុំមិនបញ្ចេញឈ្មោះ ដោយសារវាជាព័ត៌មានរសើប។
សហរដ្ឋអាមេរិកបានព្យាយាមម្តងហើយម្តងទៀតដើម្បីពង្រឹងសន្តិសុខអាហ្វហ្គានីស្ថានដោយដំបូងឡើយវាយប្រហារតាមអាកាសលើឧបករណ៍ និងយានយន្តដែលត្រូវបានលួចហើយរុញច្រានពួកសកម្មប្រយុទ្ធតាលីបង់៕