ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​ព្យាយាម​ការពារ​គំនិត​​ផ្តួច​ផ្តើម​​ឲ្យ​មាន​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន


លោក Mohammad Sadiq អ្នក​តំណាង​ពិសេស​របស់​ប៉ាគីស្ថាន​សម្រាប់​​អាហ្វហ្គានីស្ថាន​ លោក Zalmay Khalilzad បេសកជន​​​អាមេរិក​ទទូល​បន្ទុក​បង្រួប​បង្រួម​ជាតិ​​នៅ​អាហ្វហ្គានីស្ថាន និង​លោក Jean Arnault ប្រេសិត​អគ្គលេខាធិបការ​អ.ស.ប.ពិភាក្សា​គ្នា​នៅ​​ប្រទេស​កាតា កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា។
លោក Mohammad Sadiq អ្នក​តំណាង​ពិសេស​របស់​ប៉ាគីស្ថាន​សម្រាប់​​អាហ្វហ្គានីស្ថាន​ លោក Zalmay Khalilzad បេសកជន​​​អាមេរិក​ទទូល​បន្ទុក​បង្រួប​បង្រួម​ជាតិ​​នៅ​អាហ្វហ្គានីស្ថាន និង​លោក Jean Arnault ប្រេសិត​អគ្គលេខាធិបការ​អ.ស.ប.ពិភាក្សា​គ្នា​នៅ​​ប្រទេស​កាតា កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា។

មន្រ្តី​ស៊ីវិល​និង​មន្ត្រីសន្តិសុខ​ជាន់​ខ្ពស់​ក្នុង​ប្រទេស​ប៉ាគីស្ថាន និយាយ​ថា ពួក​គេ «បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​បញ្ចុះ​បញ្ជូលក្រុមតាលីបង់អាហ្វហ្គានីស្ថាន​ដើម្បី​ចរចា​បញ្ចប់​សង្គ្រាម​ជាមួយ​ដៃគូ​ជម្លោះនៅ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន​នោះ។ ក្រុម​មន្ត្រី​ទាំង​នេះ​ក៏​បាន​បដិសេធការ​ចោទ​ប្រកាន់​ដែលថា រដ្ឋាភិបាល​ប៉ាគីស្ថានស្ថិត​នៅ​ពី​ក្រោយជ័យ​ជម្នះក្នុង​សមរភូមិ​របស់​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្រុម​តាលីបង់បាន​កាន់កាប់ស្រុក​និង​ទី​រួម​ខេត្ត​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយកំពុង​រុល​ទៅ​មុខក្នុង​ការ​កាន់កាប់​ទីតាំង​ជា​ច្រើន​ផ្សេង​ទៀត​ចាប់​តាំង​ពីដើម​ខែ​ឧសភា​មក ខណៈពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​បាន​ចាប់ផ្តើមដក​កងទ័ព​របស់​ខ្លួនដែល​នៅ​សល់​ចុង​ក្រោយ​ចេញ​ពី​ប្រទេសដែល​ហែក​ហួរ​ដោយ​សង្រ្គាម​អស់​រយៈពេល​២០​ឆ្នាំ​នេះ។

ក្នុង​ករណី​មួយ​ចំនួន កង​កម្លាំង​សន្តិសុខនិង​កងកម្លាំង​ការ​ពារ​ជាតិ​របស់អាហ្វហ្គានីស្ថាន ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពីកង​កម្លាំង​សហរដ្ឋ​អាមេរិក​នោះ​បាន​ចុះ​ចូល​ឬ​បោះ​បង់​ទីតាំង​ឈរជើង​របស់​ពួក​គេ​នៅ​តាម​បណ្តា​ស្រុក​នានា​ដើម្បី​គេចចេញ​ពី​ការ​រុល​ចូល​មក​ដល់ដោយក្រុម​តាលីបង់​ដោយ​ពួក​គេ​មួយ​ចំនួន​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន អ៊ីរ៉ង់​និង​តាហ្សីគីស្ថាន។

មន្ត្រីសន្តិសុខ​ជាន់​ខ្ពស់​ប៉ាគីស្ថាន​មួយ​ចំនួន​បាន​បដិសេធ​នូវ​លទ្ធភាព​ដែល​ថា ក្រុម​តាលីបង់​និង​ដណ្តើម​កាន់កាប់​រដ្ឋធានី​កាប៊ុល​ដោយពួក​គេលើក​ឡើងនៅ​ក្នុង​កិច្ច​ប្រជុំ​មួយថា​កង​កម្លាំង​សន្តិសុខ​របស់​អាហ្វហ្គានីស្ថាន «មាន​ការហ្វឹកហាត់​ល្អ​ជាង» និង«មាន​ឧបករណ៍​ទំនើប​ជាង​ក្រុម​តាលីបង់​ដែល​អាច​រារាំង​ពួក​គេ​មិន​អោយ​ដណ្តើម​យករដ្ឋធានី​កាប៊ុលបាន។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​និយាយកាល​ពី​ខែ​មុន​ថា​កង​ទ័ព​ប្រយុទ្ធ jihadi (ជីហាត) ចំនួន​១ម៉ឺននាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​និងកន្លែង​ដទៃ​ទៀត​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​តាលីបង់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​កម្លាំង​សន្តិសុខជាតិរបស់លោក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

បេសកជន​ពិសេសអាមេរិក​ទទូល​បន្ទុក​ការ​បង្រួប​បង្រួម​ជាតិ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​លោក Zalmay Khalilzad ដែល​បានចូលរួម​ចរ​ចារផែន​ការ​សន្តិភាព​ដ៏​សំខាន់ជា​មួយ​ក្រុម​តាលីបង់​នោះ​បានលើក​ឡើង​កាល​ពី​សប្តាហ៍​មុន​ថា កង​កម្លាំង​អាហ្វហ្គានីស្ថាន«គួធ្វើ​ការ​ងារ​បាន​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​គេ​កំពុង​ធ្វើ» ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជា​មួយ​ក្រុម​បះបោរ​នោះ។​

លោក Khalilzad បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «យើង​បន្តគាំទ្រ​កង​កម្លាំង​សន្តិសុខរបស់អាហ្វហ្គានីស្ថាន» ហើយ​យើង​បេ្តជ្ញាចិត្ត​ក្នុង​ការ​គាំទ្រកម្លាំង​នេះ​ឲ្យ​បាន​ល្អ​ក្នុង​ពេល​អនាគត»៕

XS
SM
MD
LG