វិទ្យាស្ថានស្លឹករឹត ដែលត្រូវបានបង្កើតឡើងដើម្បីជួយក្រុមអ្នកស្រាវជ្រាវអំពីអំពើប្រល័យពូជសាសន៍ទូទាំងពិភពលោក បានឈ្នះពានរង្វាន់សម្រាប់គេហទំព័ររបស់ខ្លួនពីសមាគម Web Marketing Association។
ពានរង្វាន់ W3 Award តំណាងឲ្យ «ភាពល្អប្រសើរផ្នែកច្នៃប្រឌិតនៅលើគេហទំព័រ» ត្រូវបានជ្រើសរើសដោយវិទ្យាស្ថាន Academy of Interactive and Visual Arts។
លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលដឹកនាំវិទ្យាស្ថានមួយនេះ បាននិយាយថា គោលដៅរបស់វិទ្យាស្ថានគឺការសម្របសម្រួលអ្នកដែលត្រូវការការអប់រំនិងការស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍ ដើម្បីរារាំងមិនឲ្យអំពើនេះកើតឡើងសារជាថ្មីទៀត។
លោកបានបន្តថា វាស្ថិតនៅក្រោមបរិបទខាងលើដែលគេហទំព័រនោះត្រូវបានបង្កើតឡើង។
«គេហទំព័រនោះត្រូវតែបង្កើតឡើងនៅក្នុងបែបផែនយ៉ាងប្រសើរបំផុតមួយ ដើម្បីផ្តល់ការគោរពដល់ជនដែលបានបាត់បង់ជីវិត»។
គេហទំព័ររបស់វិទ្យាស្ថាននេះត្រូវការរយៈពេលប្រាំមួយខែដើម្បីចេញជារូបរាង ដែលនៅក្នុងគេហទំព័រនោះរួមមាន ទស្សនៈអំពីបញ្ហាស្រ្តី បរិស្ថាន និងវប្បធម៌កម្ពុជានាពេលបច្ចុប្បន្ន។
គេហទំព័រនេះមានគោលដៅទំនាក់ទំនងជាមួយនឹងសាធារណជន។ លោក ឆាំង យុ បានថ្លែងថា «វាដូចជាមនុស្ស ដែលនិយាយជាមួយយើងបាន»។
រចនាសម្ព័ន្ធរបស់គេហទំព័ររួមមានរូបថត ១០សន្លឹកដែលថតពីប្រាំបួនខេត្ត ហើយរូបថតទាំងនោះត្រូវបានជ្រើសរើសពីរូបថតចំនួន៤.០០០ សន្លឹក ដែលបង្ហាញពីស្ថាបត្យកម្មបុរាណពីសម័យព្រះបាទជ័យវរ្ម័នទី៧ ក៏ដូចជាស្រូវ កុមារ និងដើមស្រឡៅជាដើម។ រចនាសម្ព័ន្ធរបស់គេហទំព័រក៏បានរួមបញ្ចូលនូវរចនាសម្ព័ន្ធរបស់វិទ្យាស្ថានផ្ទាល់ ពីស្ថាបត្យករឈ្នះពានរង្វាន់លោស្រី Zaha Hadid ផងដែរ។
នៅលើគេហទំព័រនោះលោក ឆាំង យុ បានបន្សល់ទុកនូវសារមួយថា៖
«សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនណាបើសង្គមនោះគ្មានការចងចាំពិតប្រាកដមួយរបស់ប្រវត្តិសាស្រ្តរបស់ខ្លួនឯង»៕