ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ស្លឹករឹត​គ្រោង​កសាង​​បដិមា​មួយ​ដើម្បី​ឧទ្ទិស​ដល់​វីរភាព​ស្រ្តី


 វិទ្យាស្ថាន​ស្លឹក​រឹត​បាន​បញ្ចេញ​រូប​ភាព​គំរូ​នៃ​បដិមា​ «វីរៈ​ស្រ្តី​កម្ពុជា​ ៖ មាន​ក្តី​សង្ឃឹម​»​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ រូបបដិមា​នេះ​គឺ​ជា​អំណោយ​ដល់​វិទ្យាស្ថាន​ស្លឹករឹត​ (មជ្ឈមណ្ឌល​អចិន្រ្តៃយ៍​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា) និង​ជា​ការរចនា​របស់​សិល្បករ​ឥណ្ឌូនេស៊ី លោក I Nyoman Nuarta ដែល​មាន​ជំនាញ​ខាង​ផ្នែក​ចម្លាក់​រូប​មនុស្ស​ជាង​៣០ឆ្នាំ​មក​ហើយ។ (រូប​ភាព​ផ្តល់​ដោយ​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
វិទ្យាស្ថាន​ស្លឹក​រឹត​បាន​បញ្ចេញ​រូប​ភាព​គំរូ​នៃ​បដិមា​ «វីរៈ​ស្រ្តី​កម្ពុជា​ ៖ មាន​ក្តី​សង្ឃឹម​»​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ រូបបដិមា​នេះ​គឺ​ជា​អំណោយ​ដល់​វិទ្យាស្ថាន​ស្លឹករឹត​ (មជ្ឈមណ្ឌល​អចិន្រ្តៃយ៍​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា) និង​ជា​ការរចនា​របស់​សិល្បករ​ឥណ្ឌូនេស៊ី លោក I Nyoman Nuarta ដែល​មាន​ជំនាញ​ខាង​ផ្នែក​ចម្លាក់​រូប​មនុស្ស​ជាង​៣០ឆ្នាំ​មក​ហើយ។ (រូប​ភាព​ផ្តល់​ដោយ​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

បដិមា​នេះ​គឺ​ជា​អំណោយ​ពី​សិល្បករ​​ឥណ្ឌូនេស៊ី​ម្នាក់​ ដែល​ធ្លាប់​បាន​ជួប​ស្រ្តី​កម្ពុជា​ដែល​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

វិទ្យាស្ថាន​ស្លឹករឹត​គ្រោង​កសាង​បដិមា​មួយ​ដើម្បី​ឧទ្ទិស​ដល់​វីរភាព​ និង​ការ​តស៊ូ​របស់​ស្រ្តី​ដែល​បាន​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។ ​បដិមា​នេះ​គឺ​ជា​អំណោយ​ពី​សិល្បករឥណ្ឌូនេស៊ី​ម្នាក់​ ដែល​ធ្លាប់​បាន​ជួប​ស្រ្តី​កម្ពុជា​ដែល​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

វិទ្យា​ស្ថាន​ស្លឹករឹត​បាន​បញ្ចេញ​រូបថត​នៃបដិមា​គម្រូ​ ដែល​មាន​ចំណង​ជើង​ថា​«វីរស្រ្តី​កម្ពុជា៖​ មាន​ក្តី​សង្ឃឹម»។​ បដិមា​គម្រូ​នេះត្រូវ​បាន​ជ្រើស​រើស​ឡើងក្នុង​ចំណោម​បដិមា​គម្រូ​មួយ​ចំនួន​ដែល​ឆ្លាក់​ដោយ​សិល្បករ​ឥណ្ឌូនេស៊ី។ ​បដិមា​នេះ​គឺជា​រូប​ម្តាយ​ប្រឹង​ទាញ​ដៃ​កូន​ឡើង​ ​ដែល​អ្នក​ជំនាញ​នៃ​វិទ្យាស្ថាន​នេះ​ពន្យល់​ថា​ វា​បង្ហាញ​ពី​សេចក្តី​សង្ឃឹម​របស់​ស្ត្រី​ជួយ​យឹត​យោង​ក្មេង ​ដែល​ជាកូន ឲ្យ​ឡើង​រូចផុតពីក្តី​លំបាក។​

អ្នក​នាង​ស៊ីរិក សាវីណា ​នាយិកា​នៃ​សារមន្ទីរ​នៃ​ការ​ចងចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត ​បាន​ឲ្យដឹង​ថា​ គម្រោង​កសាង​បដិមា​នេះ​ផ្តួចផ្តើម​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​ ហើយ​វា​ក៏​ជា​គម្រោង​មួយ​ក្នុង​គម្រោង​សាង​សង់​វិទ្យាស្ថាន​ស្លឹក​រឹត​ផងដែរ។​

អ្នក​នាង​ស៊ីរិក សាវីណា ​នាយិកា​នៃ​សារមន្ទីរ​នៃ​ការ​ចងចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត។ (រូប​ភាព​ផ្តល់​ដោយ ៖ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា)
អ្នក​នាង​ស៊ីរិក សាវីណា ​នាយិកា​នៃ​សារមន្ទីរ​នៃ​ការ​ចងចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត។ (រូប​ភាព​ផ្តល់​ដោយ ៖ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា)

«យើង​ចង់​ធ្វើជា​រូប​សំណាក​មួយ​រំឭក ឬ​ក៏ឧទ្ទិស​ទៅដល់​វីរភាព​និង​ការ​តស៊ូ​របស់​ស្រ្តី​ដែល​បាន​តស៊ូ​រួច​រស់​ជីវិត​តាំងពី​របប​ខ្មែរ​ក្រហម​មក ​ហើយ​គាត់បាន​ចូល​រួម​នៅក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​យើង​ឡើងវិញ»។​

ចេញ​ពីរូបថត​គម្រូ​នេះ​ សិល្បករ​ឥណ្ឌូនេស៊ី​គឺ ​លោក ​I Nyoman Nuarta ​នឹង​កសាង​ឡើង​ជា​បដិមា​ធំ​មួយ​សម្រាប់​ជា​អំណោយ​ដល់​វិទ្យាស្ថាន​ស្លឹករឹត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​អ្នក​នាង​សាវីណាបាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ចំណោម​អ្នក​រស់រាន​មាន​ជីវិត​ក្រោយ​របប​ខ្មែរ​ក្រហមមាន​ស្រ្តីចំនួន៧០%។ ​ដូចនេះ​ការ​ទទួល​ស្គាល់ការ​ចូលរួម​របស់​ពួក​គាត់​ក្នុង​សង្គមពិត​ជា​មាន​សារៈសំខាន់។​

«ពួកគាត់ភាគ​ច្រើន​បាត់បង់​ក្រុម​គ្រួសារ​ និង​សាច់ញាតិ ​តែពួកគាត់​នៅ​តែមាន​ការ​តស៊ូ​ ចូល​រួម​កសាង​ប្រទេស​ក្នុង​វិស័យផ្សេងៗ​ ដូចជាវិស័យ​អប់រំ ​សេដ្ឋកិច្ច ​និង​វប្បធម៌។ ​គាត់​ជា​កម្លាំង​ចលករ​មួយដែ​ល​សំខាន់ដែរ​ ហើយ​ជំរុញ​ឲ្យមាន​ការ​អភិវឌ្ឍ​រហូត​មក​ដល់​សព្វថ្ងៃ។​ អញ្ចឹង​ហើយ​ការ​តស៊ូ​របស់​ពួក​គាត់​ធំធេង​ ហើយ​ដែល​ត្រូវមាន​ការ​ទទួល​ស្គាល់»។​

អ្នក​នាង​បាន​រំឭកដែរ​ថា ​វិទ្យាស្ថាន​ស្លឹក​រឹត​ចង់​ឲ្យ​រូបភាព​នេះ​មាន​លក្ខណៈ​ជា​សាកល ​ហើយ​វា​អាច​តំណាង​ឲ្យ​ស្រ្តី​នៅ​ក្នុង​តំបន់ ​និង​ប្រទេស​លើ​សាកល​លោក​ទាំងឡាយ​ដែល​ឆ្លង​កាត់​សម័យកាលប្រវត្តិ​សាស្រ្ត​ដ៏ជូរចត់ ​ ហេតុ​ដូចនេះ ​វិទ្យាស្ថាន​ស្លឹក​រឹត​ជ្រើសរើស​សិល្បករ​ណា​ដែល​អាចផ្សារភ្ជាប់​កម្ពុជា​ទៅនឹង​ពិភព​លោក។​

ម្យ៉ាង​ទៀត ​លោក​ I Nyoman Nuarta ​គឺជា​អ្នក​ជំនាញ​ផ្នែក​ចម្លាក់​រូបមនុស្ស​ប្រមាណ​ជាង​៣០​ឆ្នាំ​មក​ហើយ ហើយ​ស្នាដៃ​របស់​លោក​ក៏​ត្រូវ​បានមជ្ឈដ្ឋាន​អន្តរជាតិ​ទទួល​ស្គាល់​ផង​ដែរ។​

ដោយ​មាន​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះគម្រោង​សាងសង់​បដិមា​វីរ​ស្រ្តី​កម្ពុជា​នោះ​ សិល្ប​ករ​ឥណ្ឌូនេស៊ី​រូប​នេះ​បាន​មក​ទស្សនកិច្ចប្រទេស​កម្ពុជា​កាលពី​ខែ​កក្កដា​កន្លង​ទៅ ​ដើម្បីស្វែងយល់​អំពី​ប្រវត្តិ​សាស្រ្ត ​និង​អំពីស្រ្តី​កម្ពុជា។​

រូបភាពឯកសារ ៖ សិល្បករឥណ្ឌូនេស៊ី I Nyoman Nuarta ចែករំលែកបទពិសោធអំពីសិល្បៈទៅកាន់និស្សិតកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។ (ស៊ូ ពិសែន/VOA)
រូបភាពឯកសារ ៖ សិល្បករឥណ្ឌូនេស៊ី I Nyoman Nuarta ចែករំលែកបទពិសោធអំពីសិល្បៈទៅកាន់និស្សិតកម្ពុជានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។ (ស៊ូ ពិសែន/VOA)

លោក​ក៏​បាន​សន្ទនា​ជាមួយ​ស្រ្តី​កម្ពុជា​មួយ​ចំនួន ​ដែល​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដើម្បី​សិក្សា​ពី​ពួកគាត់។ ​ ក្រោយ​មក​លោក​សម្រេច​ចិត្តសាង​សង់បដិមា​នេះ​នៅ​ឯ​វិចិត្រ​សាល​របស់​លោក​ក្នុងប្រទេស​ឥណ្ឌូនេស៊ី។

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ VOA ​ លោក​បាន​បង្ហាញ​ទស្សន​អំពី​សិល្បៈ​នេះ​ថា៖​

«សិល្បៈ​តំណាង​ឲ្យ​អ្វីៗ​ទាំងអស់​ក្នុង​នយោបាយ​ សង្គម​ វប្បធម៌​ និង​បរិស្ថាន។ ​ហើយ​វា​អាច​ឲ្យ​ខ្ញុំ​បង្ហាញ​ចេញ​ពី​បេះដូង​របស់​ខ្ញុំ​ ហើយ​រូប​ចម្លាក់​មនុស្ស​អាច​ឲ្យ​ខ្ញុំ​បញ្ចេញ​អំពី​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ»។​

ទោះជាយ៉ាងណា​ក៏​ដោយ ​គេ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់លាក់​ថា ​តើ​រូប​នេះ​នឹ​ង​សាង​សង់​រួច​រាល់នៅ​ពេល​ណា​ទេ ​ហើយ​ទីតាំង​សាធារណៈ​ដែល​នឹង​ត្រូវ​តម្កល់រូប​នេះ​ក៏​មិន​ទាន់​បាន​កំណត់នោះ​ដែរ។​

ក៏​ប៉ុន្តែ​អ្នក​នាង​ស៊ិរិក ​សាវីណា​បាន​បញ្ជាក់​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​បានសម្រេចរួច​ហើយអនុញ្ញាត្តឲ្យ​ដាក់​តម្កល់​បដិមា​នេះ​នៅ​ទីសារធាណៈ៕​

រាយ​ការណ៍​បន្ថែម​ដោយ ៖ ស៊ូ ពិសែន

XS
SM
MD
LG