ស្លឹករឹត គឺជាប្រភេទស្លឹករុក្ខជាតិម្យ៉ាង ដែលត្រូវបានយកទៅប្រើប្រាស់សម្រាប់ការចងក្រងឯកសារទាក់ទងនឹងវប្បធម៌ អត្តសញ្ញាណ សាសនា និងប្រវត្តិសាស្ត្រកម្ពុជា។ ប្រវត្តិវិទូ និងអ្នកប្រាជ្ញខាងអក្សរសាស្ត្រខែ្មរ បញ្ជាក់ថា ការយល់ដឹងពីប្រភពដើមកំណើត និងខ្លឹមសារវប្បធម៌ប្រវត្តិសាស្ត្ររបស់ស្លឹករឹត នៅមានកម្រិតនៅឡើយ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេស យុវជនកម្ពុជា។ ដូច្នេះ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីកេរមរតកវប្បធម៌ អត្តសញ្ញាណជាតិ សាសនា និងប្រវត្តិសាស្ត្រកម្ពុជា មជ្ឈមណ្ឌលឯកសារកម្ពុជា បានយក ស្លឹករឹត ដាក់ឈ្មោះវិទ្យាស្ថានស្រាវជ្រាវអចិន្ត្រៃយ៍របស់ខ្លួន ដែលត្រូវបានស្គាល់ថា «វិទ្យាស្ថានស្លឹករឹត»។
ប្រភពស្លឹករឹត
ស្លឹករឹត គឺជាស្លឹករបស់ដើមទ្រាំង។ ដើមទ្រាំង មានដើមកំណើតនៅភាគខាងកើត និងខាងជើងប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ នៅទ្វីបអាស៊ីអាគ្នេយ៍វិញ ដើមទ្រាំងនេះមាននៅប្រទេសកម្ពុជា ភូមា និងប្រទេសថៃ។ នៅប្រទេសកម្ពុជា ដើមទ្រាំងភាគច្រើនមាននៅខេត្តក្រចេះ និងខេត្តកំពង់ធំ។
ដើមទ្រាំង គឺជាដើមឈើប្រភេទតចសារព្រឹក្សមួយដែលខ្ពស់បំផុតក្នុងពិភពលោក។ ដើមទ្រាំងនេះមានកម្ពស់ខ្ពស់រហូតដល់២៥ម៉ែត្រ ហើយមានអាយុកាលយូរអង្វែង ជាងអាយុមនុស្សទៅទៀត។ ប៉ុន្តែ ដល់កាលកំណត់របស់វា ដើមទ្រាំងនឹងងាប់ដោយឯកឯង ក្រោយពេលដែលវាចេញផ្កាចំត្រង់កំពូល ចេញផ្លែជាធ្លាយ ហើយផ្លែនោះទុំជ្រុះ។ លោក សឹង ផុស សាស្ត្រាចារ្យចូលនិវត្តន៍ខាងអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានពន្យល់បន្ថែមថា៖
«ដើមទ្រាំង លោកពន្យល់ថា ជាប្រភេទតចសារព្រឹក្ស។ គឺជាដើមឈើមួយប្រភេទ ដែលខ្លឹមរបស់វានៅខាងក្រៅ ហើយកណ្តាលគឺឥតខ្លឹមទេ។ ដើមទ្រាំងជាប្រភេទដើមស្លា ដើមដូង ដើមត្នោត។ តច ប្រែថាសំបក ឬស្បែក ហើយសារព្រឹក្សគឺខ្លឹម»។
ដូចខាងដើម ស្លឹករឹតគឺជាស្លឹករបស់ដើមទ្រាំង ប៉ុន្តែ ហេតុអ្វីបានជាគេហៅស្លឹកទ្រាំងថាស្លឹករឹតទៅវិញ? លោក សឹង ផុស បានបកស្រាយថា៖
«នៅពេលដែលស្លឹកនៅលើដើមទ្រាំង គេហៅវាថាស្លឹកទ្រាំង។ តែនៅពេលគេកាត់ស្លឹកនោះហាលថ្ងៃ ហើយចងរឹតវាឲ្យតឹងស្មើសាច់ទៅ ហើយយកមកធ្វើជាវត្ថុផ្សេងៗគេលែងហៅថាស្លឹកទ្រាំងទៀតហើយ។ គេហៅស្លឹកថា ស្លឹករឹត»។
ស្លឹករឹតនេះ ត្រូវបានយកមកធ្វើជាជញ្ចាំងផ្ទះ ការ៉ុង មួក និងកន្ទេលជាដើម។ ជាពិសេស ផ្អែកតាមប្រវត្តិសាស្ត្រខ្មែរ ក្រៅពីសិលាចារឹក ស្លឹករឹតត្រូវបានយកមកចារសាស្ត្រា ដើម្បីចងក្រងក្បួនច្បាប់ និងប្រវត្តិសាស្ត្រ ដែលយើងហៅថា សាស្ត្រាស្លឹករឹត។ មុននឹងត្រូវបានហៅជាសាស្ត្រាស្លឹករឹត ស្លឹកទ្រាំងនេះត្រូវបានយកទៅហាលថ្ងៃឲ្យស្ងួត ហើយកាត់ជាបន្ទះរាងចតុកោណកែង ដាក់បន្ទុបលើគ្នា ចងឲ្យតឹង រួចហើយយកមកចារសាស្ត្រា។
លោក ឆាំង យុ នាយកវិទ្យាស្ថានស្លឹករឹត និយាយថា៖
«អញ្ចឹង ស្លឹកទ្រាំង ដែលគេយកមកធ្វើឲ្យស្ងួត ហើយយកមកសរសេរហ្នឹង ព្រះសង្ឃ ហៅថា ស្លឹករឹត»។
សាស្ត្រាស្លឹករឹត
តាមការពន្យល់ពាក្យរបស់សម្តេចសង្ឃ ជួន ណាត សាស្ត្រា ក្នុងភាសាបាលី និងសំស្រ្កឹត គឺសំដៅលើក្បួនច្បាប់ ដែលស្តីអំពីចំណេះដឹង វិទ្យាសាស្ត្រ សាសនា ច្បាប់ ទ្រឹស្តីអប់រំផ្សេងៗអំពីជីវិត។
ទាក់ទងនឹងកាលប្រវត្តិរបស់សាស្ត្រាស្លឹករឹត លោកបណ្ឌិត លី សុរវី សាស្ត្រាចារ្យកត្តិយសខាងអក្សរសាស្ត្រខ្មែរវ័យដ៏ចំណាស់ម្នាក់ រៀបរាប់ថា៖
«ស្លឹករឹតកើតតាំងពីក្រោយសម័យអង្គរ។ មានឯកសារតាំងពីពេលនោះមក យូរហើយ មិនមែនឥឡូវទេ។ ប៉ុន្តែ តាមខ្ញុំសន្និដ្ឋាន វាមានតាំងពីមុនសម័យអង្គរផង»។
បន្ថែមលើនេះ លោកបណ្ឌិត សួន ឱសថ បណ្ឌិតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងអតីតទីប្រឹក្សាពុទ្ធសាសនបណ្ឌិតអមក្រុមជំនុំព្រះត្រៃបិតក ថា កាលប្រវត្តិនៃសាស្ត្រាស្លឹករឹតចាប់ផ្តើមមានតាំងពីសតវត្សរ៍ទី៩មក នៅពេលដែលខ្មែរមន មានទំនាក់ទំនងជាមួយនឹងភូមា។ លោកថា៖
«ប្រទេសភូមាបានទៅចម្លងព្រះត្រៃបិតកជាសាស្ត្រាស្លឹករឹតពីរច្បាប់។ មួយច្បាប់ជាភាសាសំស្ក្រឹត និងមួយច្បាប់ទៀតជាភាសាបាលី។ ហើយភាសាបាលីចូលមកស្រុកខ្មែរយើង ជាមួយនឹងព្រះកែវមរកតមួយព្រះអង្គផង ដែលភូមាបានសុំពីប្រទេសស្រីលង្កាមក។ ជាសំណាងរបស់ខ្មែរយើង មានសំពៅផ្ទុកទៅដោយព្រះត្រៃបិតក និងព្រះពុទ្ធរូបព្រះកែវមរកតចូលមកស្រុកខ្មែរយើង។ ហើយយើងក៏បានតម្កល់ទុករហូតមក។ ហើយពេលនោះ ខ្មែរយើងបានចម្លងសាស្ត្រាស្លឹករឹតជាភាសាបាលីទុកដាក់នៅតាមវត្តអារាមគ្រប់ទីកន្លែងដើម្បីសិក្សា»។
ចំណែកឯ លោកបណ្ឌិត ចាន់ សំណព្វ សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរមួយរូបទៀត រៀបរាប់ថា៖
«ពីដើមឡើយ យើងមានប្រវត្តិកត់ត្រាចារទុកនៅលើផ្ទាំងថ្ម ដែលគេហៅថា សិលាចារឹក។ ហើយក្រោយមកនៅក្នុងសម័យខ្មែរកណ្តាល យើងបានប្តូរទំនៀមទម្លាប់នៃការចារនៅលើផ្ទាំងថ្ម គឺចារនៅលើស្លឹករឹត»។
ការចារសាស្ត្រាស្លឹករឹត
ការចារសាស្ត្រាស្លឹករឹតមានលក្ខណៈពិសេស ហើយទាមទាររយៈពេលយូរ។ ស្លឹករឹតដែលស្ងួត ត្រូវបានគេយកដែកចារមកចារ រំលេចចេញជាតួអក្សរ។ ក្រោយពីចាររួច គេយកទឹកខ្មៅ ឬជាតិល័ក្តផ្សេងៗមកលាប ឬវាយបំបោសពីលើ ដើម្បីឲ្យចេញជាគំនូសស្នាមអក្សរ ដែលបានចារនៅលើស្លឹករឹតនោះ។ លោកសាស្ត្រាចារ្យ លី សុរវី ថា៖
«ក្រោយពីចាររួច គេយកទឹកខ្មៅលាប ហើយគេយកវាជូតដោយកន្ទក់ឲ្យស្អាត បានវាលេចអក្សរតែម្តង»។
ហើយលោកបណ្ឌិតសាស្ត្រាចារ្យ ចាន់ សំណព្វ ក៏បានរៀបរាប់ថា៖
«គេយកស្លឹកទ្រាំងមក ចារចេញជាកូត រំលេចចេញជាតួអក្សរដើម្បីកត់ត្រាជារឿងរ៉ាវ ហើយគេយកម្រះ ឬក៏យកជាតិល័ក្តផ្សេងៗមកបោសវាយពីលើទៅ ដើម្បីឲ្យមានពណ៌ខ្មៅ រំលេចជាពណ៌ផ្សេងៗនៅលើគំនូសស្នាម ដែលគេបានចារនៅលើស្លឹករឹតនោះ»។
កាលពីដើម សំណេរនៅលើសាស្ត្រាស្លឹករឹត គឺជាអក្សរក្នុងសម័យខ្មែរកណ្តាល ដែលមានតួអក្សរប្រហាក់ប្រហែលនឹងតួអក្សរខ្មែរយើងសព្វថ្ងៃនេះ ប៉ុន្តែ មានរាងមូលជាអក្សរខ្មែរសព្វនេះបន្តិច។ ហើយភាគច្រើន ព្រះសង្ឃ គឺជាអ្នកចារសាស្ត្រាស្លឹករឹតនេះ។ យោងតាមការបកស្រាយរបស់លោកសាស្ត្រាចារ្យ សួន ឱសថ ភាគច្រើនការចារនេះ គឺប្រើអក្សរខ្មែរ តែក្នុងសូរ្យជាភាសាបាលី។
លោកថា៖ «បានន័យថាអក្សរខ្មែរ តែ យើងយកទៅកត់ត្រាជាសូរ្យបាលី។»
សម្បត្តិវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររបស់សាស្ត្រាស្លឹករឹត
សាស្ត្រាស្លឹករឹត គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ និងសាសនារបស់កម្ពុជា។ សាស្ត្រាស្លឹករឹតនេះ មានចារជាព្រះត្រៃបិតក ទេវកថា ប្រវត្តិសាស្ត្រនៃរបបគ្រប់គ្រងរបស់សេ្តចព្រះរាជាក្នុងសម័យកាលនីមួយៗរបស់កម្ពុជា អរិយ្យធម៌ខ្មែរ ដូចជា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ស្ថាបត្យកម្ម ក្បួនច្បាប់ ហោរាសាស្ត្រ និងរឿងព្រេងជាដើម។
លោក ឆាំង យុ បានរៀបរាប់ពីសារសំខាន់ខាងប្រវត្តិសាស្ត្រមួយរបស់ស្លឹករឹត។ លោកនិយាយថា៖
«ហើយនៅក្នុងការតស៊ូនៅជំនាន់បារាំង បារាំងបានបង្ខំឲ្យខ្មែរយើងប្តូរអក្សរ។ អ្នកដឹកនាំជាតិយើង ដូចជា អាចារ្យ ពោធិ៍ កំបោរ ក្តី បានពួននៅលើដើមទ្រាំង ហើយបានយកស្លឹកទ្រាំងសរសេរជាសារ ទម្លាក់ចុះ ឲ្យអ្នកស្រុករួបរួមគ្នា បះបោរប្រឆាំងនឹងបារាំង កុំឲ្យលុបអក្សរសាស្ត្ររបស់យើង។ អញ្ចឹង ស្លឹករឹតនេះ មានតួនាទីច្រើនណាស់ក្នុងការការពារឯករាជ្យភាព អក្សរសាស្ត្រ ការប្រៀនប្រដៅដល់ប្រជាជនខ្មែរតាំងពីបុរាណកាលមក»។
ប៉ុន្តែ កេរ្តិ៍មរតកនៃសាស្ត្រាស្លឹករឹត ត្រូវបានថយចុះតាមរយៈកាល។ ជាពិសេស ក្នុងរបបខ្មែរក្រហម សាស្ត្រាស្លឹករឹតជាច្រើនត្រូវបានដុតបំផ្លាញ នៅពេលដែលខ្មែរក្រហមបានបំផ្លាញវត្តអារាម និងសម្លាប់ព្រះសង្ឃ។ ហើយ ក្នុងសម័យសាកលភាវរូបនីយកម្ម ការចារសាស្ត្រាស្លឹករឹតទៀតសោត ស្ទើរតែត្រូវបានបាត់បង់ ហើយការថែរក្សាទុកក៏នៅមានចន្លោះប្រហោងដែរ។
លោកបណ្ឌិតសាស្ត្រាចារ្យ សួន ឱសថ អស់សង្ឃឹមនឹងការបន្តចារសាស្ត្រាស្លឹករឹតនេះ។
«តាមខ្ញុំវិភាគមើល ប្រហែលជាអត់មានទេ ហើយការយកចិត្តទុកដាក់ថែរក្សាមិនទាន់ដល់កម្រិតដែរ កុំថាឡើយការបន្ថែមថ្មី សូម្បីតែការថែរក្សាទុកដាក់ក៏មិនទាន់បានត្រឹមត្រូវសមរម្យដែរ»។
យ៉ាងណាមិញ លោកក៏ទទួលស្គាល់ថា ការកត់ត្រា និងរក្សាទុកតាមប្រព័ន្ធកុំព្យូទ័រក៏អាចមានអាយុកាលយូរដែរ។ បន្ថែមលើនេះ លោកបណ្ឌិតសាស្ត្រាចារ្យ លី សុរវី ចង់ឲ្យមានការជួយថែរក្សាវប្បធម៌នៃចារសាស្ត្រាស្លឹករឹត។
«ទេ ខ្ញុំគួរតែធ្វើឲ្យមានតទៀត ពីព្រោះជីវិតរបស់វាមិនដូចក្រដាសទេ។ លើកលែងតែភ្លើងឆេះ វាមិនងាយខូចទេ»។
ប៉ុន្តែ លោកបណ្ឌិតសាស្ត្រាចារ្យ ចាន់ សំណព្វ យល់ឃើញថា ការចារសាស្ត្រាស្លឹករឹតនៅបន្តមាននៅឡើយនាពេលសព្វថ្ងៃនេះ។
«ហើយសព្វថ្ងៃនេះទៀតសោត ទោះបីជាប្រជាជនយើង ដែលទាំងអស់គ្នាប្រើកត់ត្រា ប៊ិចលើផ្ទៃក្រដាសផ្សេងៗ ឈានរហូតដល់យើងមានកុំព្យូទ័រប្រើថែមទៀត ក៏ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងទាក់ទងនឹងការកត់ត្រាចារទុកតាមបែបប្រពៃណីខ្មែរតាមទីវត្តអារាមក៏មិនមានការផ្លាស់ប្តូរដែរ»។
ទាក់ទងនឹងការដាក់ឈ្មោះវិទ្យាស្ថានស្លឹករឹត លោក ឆាំង យុ បកស្រាយថា មេគំនិតនៃការបង្កើតវិទ្យាស្ថាននេះ គឺឈរទៅលើបញ្ហាស្ត្រី បរិស្ថាន និងវប្បធម៌។ ហើយការដាក់ឈ្មោះដោយផ្អែកតាមមេគំនិតទាំងបីនេះ គឺធ្វើឡើងដោយចង់បង្ហាញពីអត្តសញ្ញាណជាតិ។ តាមបរិបថបរិដ្ឋានធម្មជាតិរបស់កម្ពុជា ក្រៅពីដើមត្នោត ស្លឹករឹតនេះ គឺបញ្ជាក់ពីអត្តសញ្ញាណជាតិ និងវប្បធម៌ ប្រពៃណីខ្មែរច្រើន។ លោក និយាយថា៖
«អញ្ចឹង ខ្ញុំគិតថា ដាក់ឈ្មោះស្លឹករឹត វាសាមញ្ញ ហើយមានន័យទូលំទូលាយ ហើយវាមិនគ្រោតគ្រាត ទោះបីជាវិទ្យាស្ថាននេះ ឈរនៅលើមូលដ្ឋាននៃការស្វែងរកយុត្តិធម៌ពីអំពើប្រល័យពូជសាសន៍ ប៉ុន្តែ យើងត្រូវងាកចេញពីភាពជាជនរងគ្រោះ។ យើងចង់ឲ្យវិទ្យាស្ថាននេះដើរទៅមុខ សម្លឹងទៅមុខ ព្រោះយើងដឹងថា យើងមិនអាចគេចវេសពីប្រវត្តិសាស្ត្រ ប៉ុន្តែ យើងក៏មិនគួរជាទាសកររបស់ប្រវត្តិសាស្ត្រដែរ»។
ដោយសារតែការខ្វះការយល់ដឹងខាងវប្បធម៌ និងប្រវត្តិសាស្ត្រនៃសាស្ត្រាស្លឹករឹតនេះ ប្រវត្តិវិទូ និងអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរ ចង់ឲ្យមានការបន្តចារសាស្ត្រាស្លឹករឹត និងការថែរក្សាសាស្ត្រាស្លឹករឹតឲ្យបានប្រសើរជាងនេះ ដើម្បីការពារមរតកវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រកម្ពុជា៕