ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិទ្យាស្ថាន​ស្លឹករឹត​ជាគ្រឹះស្ថាន​ឧត្តម​សិក្សា​ដំបូង​គេ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​​និង​ឧក្រិដ្ឋកម្ម​​នៅ​​កម្ពុជា

  • គង់ សុឋានរិទ្ធ

លោក ​ឌី ខាំបូលី ​​នាយក​កម្ម​វិធី​សិក្សា​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត (ផ្តល់​ឲ្យ​ដោយ​ DC-Cam)

រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេចកាល​ពី​ខែមុន​ឲ្យ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បង្កើតវិទ្យាស្ថាន​មួយ​សម្រាប់​អប់រំ​កម្រិត​ឧត្តម​សិក្សា​អំពីការ​សម្លាប់​រង្គាល​នៅ​ប្រទេស​កម្ពុជា​ដែល​បង្ក​ឡើង​ដោយ​ពួក​ខ្មែរក្រហម។​

វិទ្យាស្ថាន​នោះ​ដែល​មាន​ឈ្មោះ​ថា ​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​នឹង​មាន​គោល​ដៅ​មិន​ត្រឹម​តែ​សម្រាប់​អប់រំ​ពី​អតីតកាល​ដ៏​ឃោរឃៅនៅ​កម្ពុជា​ដល់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​គ្រឹះសា្ថន​នេះ​ក៏ជា​គោល​ដៅ​សម្រាប់​ផ្តល់​ការ​អប់រំ​សម្រាប់​និស្សិតនៃ​ប្រទេស​ទាំង​ដប់​របស់សមាគម​អាស៊ានផង​ដែរ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​បាន​ចុះ​ហត្ថលេខា​លើ​អនុក្រិត្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ដោយ​សម្រេចអនុញ្ញាត​ឲ្យ​បង្កើត​វិទ្យាស្ថាន​នេះ។​

យោង​តាម​អនុក្រិត្យ​ដដែល​នេះ​ឲ្យ​ដឹង​ថា​ ​វិទ្យាស្ថាន​ស្លឹករឹតនឹងបង្កើត​ឲ្យ​មាន​សារមន្ទីរ​មួយ​ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​និង​ស្រាវជ្រាវ​ថ្នាក់​ឧត្តម​សិក្សា​លើ​មុខ​ជំនាញ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍ ​វិវាទ​កម្ម ​និង​សិទ្ធិ​មនុស្ស។​ បន្ថែម​ពី​នោះ​ វិទ្យាស្ថាន​ស្លឹក​រឹត​ក៏​នឹង​មាន​មណ្ឌល​សារ​ព័ត៌មាន​របស់​ខ្លួន​ផង​ដែរ។​

លោក​ឌី ខាំបូលី នាយក​កម្ម​វិធី​សិក្សា​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត​អះអាង​ថា​ វិទ្យាស្ថាន​នេះ​គឺជា​គ្រឹះស្ថាន​សិក្សា​អំពី​ឧក្រិដ្ឋ​កម្ម​ដ៏​ធំ​ដំបូង​គេ​ប្រចាំ​ទ្វីបអាស៊ី។​

«នេះ​ជា​វិទ្យាស្ថាន​ឈាន​មុខ​មួយ​នៅ​អាស៊ី​ និង​ផ្តល់​ឲ្យ​នូវ​ការ​អប់រំ​អំពី​ប្រធាន​បទ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ ជម្លោះ​និង​សិទ្ធិ​មនុស្ស​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​ នៅ​ក្នុង​ការ​ផ្សះផ្សារ​ និង​ក្នុង​ការ​ថែ​រក្សា​ការ​ចងចាំ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដោយសារ​តែ​ប្រទេស​កម្ពុជា​យើង​គឺ​ជា​ប្រទេស​ដែល​បាន​ជួប​ប្រទះ​ដោយ​ផ្ទាល់​នូវ​អំពើ​ប្រល័យ​ពូជ​សាសន៍​ក្នុង​រយៈ​កាល​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ»។​

មាន​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧លាន​នាក់​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួកខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ ​អំពើ​ឃោរឃៅ​នេះ​ក្លាយ​ជា​ការ​ប្រល័យ​ពូជ​សាសន៍​ដែល​មិន​ធ្លាប់​កើត​មាន​ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំងដប់ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ី​ទាំង​មូល​ផង​ដែរ។​

លោក​ឆាំង យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ស្លឹករឹត​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​សិក្សាក្នុង​វិទ្យាស្ថាន​នេះនឹង​ផ្តល់​ការ​វិភាគ​ស៊ី​ជម្រៅ​លើ​ប្រវត្តិ​នៃ​ឧក្រិដ្ឋកម្ម​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​មនុស្សជាតិ​ និង​អំពើ​ប្រល័យ​ពូជ​សាសន៍។ ក្នុងនោះ​ក៏មាន​គោល​ដៅបញ្ជ្រាប​ជា​លក្ខណៈ​អន្តរជាតិ​នៃ​អំពើ​ឃោរឃៅ​ដែល​បាន​កើត​ឡើង​នេះ​ដែរ។​

លោក​ឆាំង យុ​បញ្ជាក់​បន្ថែម​ថា​ និស្សិត​ ឬ​អ្នក​សិក្សា​ជាន់ខ្ពស់​ក៏​នឹង​មាន​ឱកាស​ជួប​ជាមួយ​ជនរង​គ្រោះ​ និង​ការ​ទៅ​ទស្សនា​ទីតាំង​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​វគ្គ​សិក្សា​របស់​ពួក​គេ​ផង​ដែរ។​

លោក​ឌី ខាំបូលី​បញ្ជាក់​ថា​ វិទ្យាស្ថាន​ស្លឹករឹត​នឹង​ធ្វើ​ការ​បណ្តុះ​បណ្តាល​និង​ការ​ស្រាវជ្រាវ​លើ​អំពើ​ប្រល័យ​ពូជ​សាសន៍​ មិន​ត្រឹមតែ​សម្រាប់​បរិបថ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ការ​សិក្សា​នឹង​ផ្តោត​ជា​ពិសេស​លើ​អំពើ​ឃោរឃៅ​ដែល​បាន​កើត​ឡើង​នៅ​ជុំវិញ​ពិភព​លោក។​

ការ​សិក្សា​នៅវិទ្យាស្ថាន​នេះ​នឹង​ចែកចេញ​ជា​ពីរ​វគ្គ​គឺ​វគ្គ​សិក្សា​រយៈ​ពេលខ្លី​ដែល​មាន​បី​ខែ​ និង​វគ្គ​សិក្សាផ្នែក​អនុបណ្ឌិត​ដែល​មាន​រយៈ​ពេល​ពីរ​ឆ្នាំ។​ ប៉ុន្តែ​មិន​មាន​ការ​សិក្សា​កម្រិត​បរិញ្ញា​ប័ត្រ​ទេ។​

សិស្សានុ​សិស្ស​និង​និស្សិត​ជាតិ​និង​និស្សិត​បរទេសមក​ពី​ប្រទេស​ក្នុង​តំបន់​និង​ប្រទេស​ដទៃ​ទៀត​នឹង​មាន​ឱកាស​ចូល​សិក្សា​ដែល​មាន​ការ​បង់​ថ្លៃ​ដ៏​តិច​តួច។​

លោក​ឌី ខាំបូលី​បញ្ជាក់​បន្ថែម។​

«វគ្គសិក្សា​នេះ​មិន​ផ្តោត​លើ​ប្រវត្តិ​សាស្ដ្រខ្មែរ​ក្រហម​តែមួយ​មុខ​ទេ​ ​គឺយើង​យក​ប្រវត្តិ​សាស្ដ្រ​ខែ្មរ​ក្រហម​ធ្វើជា​មូល​ដ្ឋាន​គ្រឹះ។​ ប៉ុន្តែ​យើង​នឹង​ផ្តោត​ការ​សិក្សា​ទូលំ​ទូលាយ​ជាងប្រវត្តិសាស្ដ្រ​ខែ្មរ​ក្រហម​ទៅ​ទៀត​ ​គឺ​យើង​សិក្សា​ទៅ​លើ​ការ​ប្រៀប​ធៀប​លើ​អំពើ​ប្រល័យ​ពូជ​សាស្រ្ត​ក្នុង​ប្រទេស​ផ្សេងៗ។​ យើង​សិក្សា​អំពី​ជម្លោះ​និង​ការ​ដោះ​ស្រាយ​ជម្លោះ ​សន្តិភាព​ និង​ការ​ផ្សះ​ផ្សារ​ជាតិ​ ក៏​ដូច​ជា​ភាព​ជា​អ្នក​ដឹក​នាំ​ធ្វើ​យ៉ាង​ណា​ឲ្យការ​សិក្សា​របស់​យើង​នេះ​ក្លាយ​ជាផ្នែក​មួយ​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍មិន​ត្រឹម​តែ​សម្រាប់​ប្រទេស​កម្ពុជា ​ប៉ុន្តែ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ពិភព​លោក​ក្នុ​ងការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍»។​

ការ​សាងសង់​វិទ្យាស្ថាន​ស្លឹករឹត​ដែល​មានក្បាច់​រចនា​បែបខ្មែរ​ត្រូវ​រំពឹង​ថា ​នឹង​ធ្វើ​ចប់​សព្វគ្រប់​នៅ​ក្នុង​អំឡុង​បី​ឆ្នាំ​ទៀត។ ​ក៏ប៉ុន្តែ បើយោង​តាម​លោក​ឌី ខាំបូលី​ នាយក​កម្ម​វិធី​សិក្សា​នៃ​វិទ្យាស្ថាន​ស្លឹករឹត​ឲ្យ​ដឹង​ថា​ វគ្គសិក្សា​ដំបូង​បំផុត​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ឆ្នាំ​២០១៥​សម្រាប់​វគ្គ​សិក្សា​ខ្លី​ដែល​មាន​រយៈ​ពេល​បី​ខែ។ ​ហើយ​បន្ទាប់​មក​ ថ្នាក់​អនុ​បណ្ឌិត​គ្រោងនឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៦។​

«យើង​នឹង​ជ្រើស​រើស​សិស្ស​ដែល​ចូល​រៀន​ មិន​មែន​តែ​សិស្ស​កម្ពុជា​ទេ ​តែយើង​នឹង​ជ្រើស​រើស​សិស្ស​នៅ​ក្នុង​តំបន់​អាស៊ី​ និង​សិស្ស​អន្តរជាតិ​មក​ពី​សហ​រដ្ឋ​អាមេរិក​ក្តី​ មក​ពី​អឺរ៉ុប​ក្តីសម្រាប់​ចូល​រៀន​ក្នុ​ងវិទ្យា​ស្ថាន​នោះ​ដែរ»។​

ក្នុង​ការ​ត្រៀមខ្លួន​បើកគ្រឹះស្ថាន​ឧត្តម​សិក្សា​ដំបូង​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រចាំ​តំបន់​ដែរ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជានឹង​ប្រើ​ប្រាស់​ធនធាន​មនុស្ស​របស់​ខ្លួន​ដែល​បាន​ទៅ​បំពេញ​ការ​សិក្សា​ថា្នក់​បណ្ឌិត​ និង​អនុ​បណ្ឌិត​នៅ​ក្រៅ​ប្រទេសសម្រាប់ការ​បណ្តុះ​បណ្តាល​ដល់​ក្រុម​និស្សិត។ ​ក្រៅពី​នោះ​ ដោយ​មាន​ការ​សហការជាមួយ​សាកល​វិទ្យាល័យ​ចំនួន​៦៧​នៅ​សហ​រដ្ឋ​អាមេរិក ​នៅ​អឺរ៉ុប​ និង​នៅ​ទ្វីប​អាស៊ី ​ វិទ្យាស្ថាន​ស្លឹករឹត​គ្រោង​នឹង​អញ្ជើញ​សាស្ដ្រាចារ្យ​ជំនាញ​ផ្នែក​ឧក្រិដ្ឋ​កម្ម​មក​ពី​គ្រឹះស្ថាន​សិក្សា​ទាំងនោះ​ជា​ជំនួយ​ដល់​ការ​បង្រៀន។​

យោង​តាម​អនុក្រិត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ហ៊ុន សែន​ឲ្យ​ដឹង​ថា​ វិទ្យាស្ថាន​ស្លឹករឹត​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​បឹង​ត្របែក​ ក្បែរ​មហា​វិថី​ព្រះមុន្នីវង្ស ​ក្នុងសង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ​រាជធានី​ភ្នំពេញ​ ​ហើយ​វិទ្យាស្ថាន​នេះ​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។​

ក្នុង​រយៈ​ពេល​កន្លង​មក​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាគ្រោង​នឹង​ជំរុញ​ឲ្យបញ្ចូល​ការ​អប់រំ​អំពីការ​សម្លាប់​រង្គាល​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​អប់រំ​ក្នុង​បណ្តា​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍​ហៅ​ថា​សមាគម​អាស៊ាន៕

XS
SM
MD
LG