ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ស្លឹករឹត​នឹង​រក្សា​ការ​ចងចាំ​អំពី​របប​ខ្មែរ​ក្រហម​ឱ្យ​នៅ​អចិន្ត្រៃយ៍


លោក​ ឆាំង​ យុ ​នាយក​​មជ្ឈមណ្ឌល​​ឯកសារ​​កម្ពុជា ថត​នៅ​សាលារៀន​ទួលស្លែង ដែល​ជា​អតីត​មណ្ឌល​ធ្វើ​ទារុណកម្ម​​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ឥឡូវ​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​សារមន្ទីរ ដែល​ឯកសារ​ជាច្រើន​ដែល​លោក​កំពុង​ស្រាវជ្រាវ ត្រូវបាន​រក្សា​ទុក។
លោក​ ឆាំង​ យុ ​នាយក​​មជ្ឈមណ្ឌល​​ឯកសារ​​កម្ពុជា ថត​នៅ​សាលារៀន​ទួលស្លែង ដែល​ជា​អតីត​មណ្ឌល​ធ្វើ​ទារុណកម្ម​​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​ឥឡូវ​នេះ​បាន​ប្រែក្លាយ​ទៅ​ជា​សារមន្ទីរ ដែល​ឯកសារ​ជាច្រើន​ដែល​លោក​កំពុង​ស្រាវជ្រាវ ត្រូវបាន​រក្សា​ទុក។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ធ្វើ​ការងារ​ប្រមូល​ឯកសារ​និង​ស្រាវជ្រាវ​ពី​របប​ខ្មែរ​ក្រហម​នឹង​ពង្រីកការងារ​របស់​ខ្លួន​ថែម​ទៀត​ឱ្យ​ទៅ​ជា​កន្លែង​មួយ​ដែល​បង្រៀន​អំពី​របប​ខ្មែរ​ក្រហម​តាម​រយៈ​ការប្រែ​ខ្លួន​ជា​វិទ្យាស្ថាន​មួយ​មាន​ឈ្មោះ​ថា​ «ស្លឹករឹត»។

វិទ្យាស្ថាន​«ស្លឹករឹត»​នឹងត្រូវ​ស្ថិត​នៅក្នុង​អគារ​អចិន្ត្រៃយ៍​ថ្មី​មួយ​ដែល​នឹង​ផ្តល់​ការ​សិក្សា​អំពី​របប​ខ្មែរ​ក្រហម​និង​ការសិក្សាអំពី​បញ្ហា​ជាច្រើន​ទៀតដែល​កើត​មាន​នៅក្នុង​តំបន់។

លោក​ឆាង​ យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ពន្យល់​ពី​ការបន្ត​បេសក​កម្ម​ដូច​មុន​ ​បើ​ទោះបី​ជា​នឹង​មាន​ការ​វិវត្ត​ថែម​ទៀត​ក៏​ដោយ។

«មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ប្រែ​ខ្លួន​ជា​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​តួនាទី​ក្នុង​ការប្រមែ​ប្រមូល​ឯកសារ​នៅ​តែ​បន្ត។​ កិច្ចការ​អ្វី ​ដែល​យើង​ធ្វើ​នៅ​តែ​បន្ត។ ​ប៉ុន្តែ​យើង​បាន​បន្ថែម​នូវ​តួនាទី​ធំៗ​ដាច់​ដោយ​ឡែក​ចំនួន​បី»។

តួនាទី​បន្ថែម​ទាំងនោះ​រួម​មាន​ការបង្រៀន​អំពី​របប​ប្រល័យ​ពូជ​សាសន៍ ​ជម្លោះ​និងសិទ្ធិ​មនុស្ស​ ការសិក្សា​ស្រាវជ្រាវ​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់ ​និង​ជា​សារមន្ទីរ​ចងចាំ​អំពី​របប​ខ្មែរ​ក្រហម។

សម្រាប់​លោក​ឆាំង​ យុ ​វិទ្យាស្ថាន​ស្លឹករឹត​មិនគ្រាន់​តែ​តំណាង​ឱ្យ​ការចងចាំ​ពី​អតីតកាល​ដ៏​ជូរចត់​ដែល​ប្រទេស​កម្ពុជា​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហមទេ ​ប៉ុន្តែ​វា​ក៏​តំណាង​ឱ្យ​ភាព​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​របស់​ខ្មែរ។

ការគូរ​ប្លង់​នេះ​ធ្វើឡើង​ក្រោម​គោល​គំនិត​ហៅ​ថា​ ដំណើរ​វិវត្តន៍​ពី​សាលា​ឆទាន​ទៅ​កាន់​សាកល​ភាវូបនីយកម្ម។

តាម​ការរៀបរាប់​របស់​លោក​អាសា សាស្រ្ត​ ស្ថាបត្យករ​ដែល​បាន​គូរ​ប្លង់​នេះ​ពន្យល់​ថា​ នៅផ្នែក​ខាងមុខ​មាន​សង់​អគារ​ទំនើប​ធំៗ​ពីរ​សងខាង​ផ្លូវ​ចូល​ដែល​មាន​រចនា​លម្អជាប៉ាណូ ទ្រង់​ទ្រាយដូចស្លឹករឹត​ទម្លាក់​ចុះ​ពី​ដំបូល​សំយ៉ាក​មក​ក្រោម។ ​នៅ​បន្ទាប់​ពី​នោះ​ មាន​អគារ​មូល​មួយ​ដែល​មាន​រាង​ជា​តុម​កំបោរ​ដែល​មាន​កម្ពស់​៣០​ម៉ែត្រ​ពី​ផ្ទៃ​រាប​ខាងក្រោមដល់​ក្បាល​តុម​ ​ដោយ​នៅ​ពីលើក្បាល​តុម​មាន​បន្ថែម​កំពូល​ស្រួច​ មាន​ប្រវែង​១៥​ម៉ែត្រ​ទៀត។​ វានឹង​ក្លាយ​ជា​រូបតុម​កំបោរ​ដែល​តំណាង​វប្បធម៌​ដ៏​ចំណាស់​របស់​ខ្មែរ​ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​នេះ។ អគារ​ភ្លោះ​ទាំងពីរ​និង​អគារ​តុម​កំបោរ​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​១០០​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ​លើ​ផ្ទៃ​រាប​មួយដែល​មាន​រាង​ដូច​ផ្កា​ចន្ទន៍។​ ​នៅ​ផ្នែក​ទីពីរ​ជា​ផ្នែក​ខាងក្រោយ ​មាន​សាង​សង់​ជា​សាលា​ឆទាន​ដែល​មាន​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់​ទៅ​បីជាន់។​ សម្រាប់​តួ​វិទ្យាស្ថាន​ទាំងមូល​ ចាប់​ពីខាងមុខ​រហូត​ដល់​ផ្នែក​ខាងក្រោយ​មាន​ប្រវែង​១៦០​ម៉ែត្រ។

លោក​អាសា សាស្រ្ត​ពន្យល់​ពី​របៀប​ដែល​លោក​គូរ​ប្លង់​នេះ​ឡើង​ដោយមាន​ការ​គិតគូរប្រើ​ប្រាស់​ធម្មជាតិ​ដែល​មាន​ដូច​ជា​ពន្លឺ​ព្រះ​អាទិត្យ​ជាដើម​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​បំភ្លឺ​ផ្ទៃ​ខាង​ក្នុង​ផង​ដែរ។

«កន្លែង​បើក​ឆ្នុក​វា​មាន​គំនិតល្អៗ​ណាស់។ ​កន្លែង​ហ្នឹង​យើង​អាច​ ពេល​ថ្ងៃ​ យើង​មិន​ចាំ​បាច់​បើក​អំពូល ​ក៏​យើង​ឃើញ។ ​ពន្លឺ​ព្រះ​អាទិត្យ​ចូលក្នុង​ប្រហោង​ទៅក្រោម​គឺ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​តែម្តង។ ​យើង​មិន​ចាំ​បាច់​ប្រើ​ភ្លើង​ទេ។ ​យើង​អាច​ប្រើ​ភ្លើង​គឺ​យើង​អាច​ប្រើ​ដើម្បី​យក​ពន្លឺ​ព្រះ​អាទិត្យ​ធម្ម​ជាតិ​ចាំង​ទៅក្រោម​ ហើយ​កម្ពស់​ពី​ខាង​ហ្នឹង​ទៅ​ក្រោម​មាន​៣០​ម៉ែត្រ​ ហើយ​ធ្លាក់​ទៅ​ដល់​កន្លែង​ក្រោម​បំផុត​ដែល​មាន​រង្វង់​មូល​ធំ​ គេ​ហៅថា ​សារមន្ទីរ​ខ្មែរ​ក្រហម»។

សារមន្ទីរ​នេះ​នឹង​ស្ថិត​នៅ​ជម្រៅ​៧​ម៉ែត្រ​ពី​ផ្ទៃ​ខាងលើ។ លោក​ឆាង យុ​ពន្យល់​បន្ថែមថា៖

«យើង​ហៅ​ថា​ សារមន្ទីរ​នៃ​ការ​ចងចាំ។ ​នៅក្នុង​សារមន្ទីរ​នេះ​គឺ​យើង​ដាក់​សារមន្ទីរ​ខ្មែរ​ក្រហម​នៅ​ក្រោម​ ទៅ​បាត​ដី​ នៅ​ខាងក្រោម​ដី ​ហាក់​ដូច​ជា​កប់​មិន​ឱ្យ​ខ្មែរ​ក្រហម​នេះ​ងើបឡើង។​ ហើយ​យើង​បាន​ធ្វើ​សារមន្ទីរ​នេះ​គឺ​នៅ​ក្រោម​វប្បធម៌​គឺ​នៅក្រោម​អក​កំបោរ។​ អញ្ចឹង​ពេល​ដែល​យើង​ចូល​ក្នុង​អគារ​អកកំបោរ​ហ្នឹង​ យើង​អាច​ចុះ​ទៅក្រោម​គឺ​អាច​មើល​ឃើញ​ពិព័រណ៍​អចិន្ត្រៃយ៍​មួយ​ដែល​និយាយ​អំពី​ការ​ជម្លៀស​ប្រជាជន​ថ្ងៃ​១៧​មេសា​ ហើយ​នៅ​ក្នុង​ជុំ​វិញ​ នៅក្នុង​ផ្ទៃខាង​ក្រោមបាត​នៃ​អគារ​អក​កំបោរ​ហ្នឹង​គឺ​មាន​តាំង​ពិព័រណ៍​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ក៏​ដូច​ជា​មាន​តាំង​ពិព័រណ៍​ផ្សេងៗ​ដែល​មាន​លក្ខណៈ​ចល័ត»។

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ​អំពី​របប​ខ្មែរ​ក្រហម​តាំង​ពី​ឆ្នាំ​១៩៩៥​ ដោយ​បាន​ចងក្រង​ឯកសារ​ជិត​មួយ​លាន​ទំព័រអំពី​របប​នេះ​ ​ហើយ​ឯកសារ​មួយ​ចំនួន​របស់​មជ្ឈ​មណ្ឌល​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ដើម្បី​ជា​ទុនក្នុង​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​របប​នេះ។

លោក​ជុំ​ ម៉ី ​អតីត​អ្នក​ទោស​ម្នាក់​នៃមន្ទីរ​ឃុំ​ឃាំង​ស២១ ​និង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ត​ ដែល​ជា​សមាគម​តំណាង​ជន​រងគ្រោះ​ពី​របប​ខ្មែរ​ក្រហម បាន​និយាយ​ថា ​វិទ្យាស្ថាន​នេះ​នឹង​សម​តាម​ការ​ទាមទារ​របស់​ជន​រងគ្រោះ​ដែល​ចង់​ឱ្យ​មាន​ការ​ចងចាំ​អំពី​របប​ដ៏​សាហាវ​ឃោរឃៅ​នោះ​ ហើយ​ប្រសិន​បើ​អាច​ត្រូវ​បាន​គេ​ស្នើ​ដាក់​ជា​ផ្នែក​មួយ​នៃ​សំណង​ផ្លូវចិត្ត​ក្រោយពីការ​កាត់​ទោស​ក្រុម​មេដឹកនាំខ្មែរ​ក្រហម​គឺ​កាន់តែ​ជួយ​ដល់​អារម្មណ៍​ផ្សះផ្សារ​របស់​ជន​រងគ្រោះ។

«បើ​បាន​គេ​ជួយ​អញ្ចឹង​ហើយ ​យើង​មិនយក​ម៉េច​នឹង​កើត? ​បើ​យើង​មិនយក​ ដូច​ជា​យើង​ហ្នឹង​នៅ​តែ​មាន​ការ​គំនុំ​ដដែល»។

រីឯ​លោក​ហុង គឹមសួន​ មេធាវី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​តំណាង​ឱ្យ​ជន​រងគ្រោះ​នៅ តុលាការ​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ថា៖

«វា​គឺ​ជា​កិត្តិយស​មួយ​ដ៏​ធំ​ធេង​ណាស់​ដែល​គាត់​អាច​ធ្វើ​ជំនួស​តុលាការ​បាន។ ​មាន​ន័យ​ថា​ តុលាការ​អត់​មាន​លទ្ធភាព​ សមត្ថភាព​បង្ខំ​ជន​ជាប់​ចោទ​ ឬ​មាន​សមត្ថភាព​ទៅ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ពួក​អាជន​ទណ្ឌិត​ហ្នឹង​យក​មក​សម្រាប់​ធ្វើ​ជា​សំណង​និមិត្តរូប​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​នោះ​ទេ។ ​អញ្ចឹង​ខ្ញុំ​គាំទ្រ​ ប្រសិន​បើ​លោក​ឆាង យុ​គាត់​ធ្វើ​អញ្ចឹង​បាន​មែន​...គឺ​ល្អណាស់»។

តាម​គម្រោង​ វិទ្យាស្ថាន​ស្លឹករឹតត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​សាងសង់​នៅ​ក្នុង​ផ្នែក​មួយ​នៃ​វិទ្យាល័យ​បឹងត្របែក។​ ប៉ុន្តែ​បើតាម​ទំហំ​និង​បេសកម្ម​ដ៏​ធំ​ ​វិទ្យាស្ថាន​នេះ​អាច​នឹង​ត្រូវការ​ទីតាំង​មួយ​ធំ​ជាង​នេះ។ យ៉ាងណាក៏​ដោយ ​ការ​សាងសង់​វិទ្យាស្ថាន​ថ្មី​នេះ​នឹង​មិន​អាច​ចាប់ផ្តើម​បាន​ឆាប់ទេ​ យ៉ាងហោចណាស់​ក៏ប្រហែល​ពីរឆ្នាំ​ទៀត​ដែរ​ទើប​ចាប់ផ្តើម។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឆាង យុ៕

XS
SM
MD
LG