ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន​ស្លឹករឹត​នឹង​ជួយ​ដល់​ការផ្សះផ្សា​របួស​ពី​របប​ខ្មែរ​ក្រហម


អត្ថន័យ​និង​គោល​បំណង​នៃ​វិទ្យាស្ថាន​ស្លឹករឹត(ភាគ១)
សូម​រង់ចាំ

No media source currently available

0:00 0:11:27 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

នេះជាវីអេអូបទសម្ភាសន៍​ភាគ១។ សូមអញ្ចើញ​ទស្សនា​វីអេអូ​បទសម្ភាសន៍ភាគ២នៅ​ក្នុង​អត្ថបទ។​អរគុណ!

របបខ្មែរ​ក្រហម​បានដួលរលំ​អស់​រយៈ​ពេល​ជាង​៣៥​ឆ្នាំ​ហើយដោយ​បន្សល់ទុក​ស្នាកស្នាម​ទុរយស​និង​ការ​បែកបាក់​ជាតិ​សាសន៍​មួយ​ដែល​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ទសវត្សរ៍​ដើម្បីលុបលាង​និង​ផ្សះផ្សា​ហើយ​វិទ្យាស្ថាន​ថ្មី​មួយ​ឈ្មោះ​ថា​«ស្លឹករឹត»​ដែល​នឹង​បង្កើត​ឡើង​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​នឹង​ជួយ​បំពេញ​ដល់​ការងារ​នេះ។ (ចុច​មើល​រូបភាព)

លោក​ឆាំង យុ​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ស៊ើប​អង្កេត​ពី​អំពើ​ព្រៃផ្សៃ​នៃ​របប​ខ្មែរ​ក្រហម និង​ជាអ្នក​ផ្តើម​គំនិត​សាងសង់​វិទ្យាស្ថាន​នេះ​បានបញ្ជាក់​ក្នុង​ បទសម្ភាស​ជាមួយ​VOA ​ថា៖​

«ខ្ញុំ​គិត​ថា​ស្រុក​ខ្មែរ​យើង​ត្រូវ​ ការ​ផ្សះផ្សា​ ត្រូវ​ការ​ការព្យាបាល​របួស​ផ្លូវ​ចិត្ត​ ត្រូវ​ការ​ដើរ​ទៅមុខ​ពីព្រោះ​យើង​បាន​ដើរ​ថយ​ក្រោយ​អស់​រយៈ​ជាងបី​ទសវត្សរ៍​ ហើយ​នៅ​ក្នុងតំបន់​របស់​យើង។ អញ្ចឹង​ខ្ញុំ​ចង់​ឱ្យ​មាន​គំនិត​ថ្មី​មួយ​ថា​យើង​នៅ​តែ​ចាំ​ យើង​នៅតែរំលឹក​ប៉ុន្តែ​យើង​ត្រូវ​ដើរ​ទៅ​មុខ។ យើង​មិន​គួរ​ជា​ទាសករ​របស់​ប្រវត្តិសាស្រ្ត​ប៉ុន្តែ​យើង​ត្រូវ​ស្គាល់​ ប្រវត្តិ​សាស្រ្ត​ពីព្រោះវាមាន​ទំនាក់​ទំនង​ទៅ​នឹង​បច្ចុប្បន្ន​និង​អនាគត​ របស់​យើង»។​

អត្ថន័យ​និង​គោល​បំណង​នៃ​វិទ្យាស្ថាន​ស្លឹករឹត​(ភាគ​២​ចប់)
សូម​រង់ចាំ

No media source currently available

0:00 0:13:49 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្លង់​មេ​នៃ​វិទ្យាស្ថាន​«ស្លឹករឹត»​ត្រូវ​បាន​ចេញផ្សាយ​ នៅ​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ឡុងដ៍​កាលពី​ថ្ងៃទី​៩ខែតុលា​ដោយ​មាន​ការ ​ចូលរួម​ពី​ស្ថាបត្យករ​ដ៏​ល្បី​ ហ្សាហា ហាឌីដ ​ដែល​ជាអ្នក​គូសប្លង់​នេះ។ វិទ្យាស្ថាន​នេះ​នឹង​មាន​សារៈ​មន្ទីរ​ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ សាលារៀន​កម្រិត​ថ្នាក់​ឧត្តម​សិក្សា បណ្ណសារដ្ឋាន​តម្កល់​ឯកសារ​និង​បណ្ណា​ល័យស្រាវជ្រាវ។

វិទ្យាស្ថាន​ស្លឹករឹតនឹង​ផ្ទុក​ឯកសារ​ស្តី​ពី​របបខ្មែរ​ក្រហម​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ទសវត្សរ៍​១៩៧០ ​ដែល​ជា​រយៈ​ពេល​នៃ​ការ​ប្រល័យ​ពូជសាសន៍​ដែល​បាន​បណ្តាល​ឱ្យពលរដ្ឋ​ខ្មែរ​ជិត​ពីរលាន​នាក់​ស្លាប់​បាត់​បង់​ជីវិត។

លោក​ឆាំង យុ​ បាន​បន្ថែម​ទៀត​ថា៖

«អញ្ចឹង​នៅ​ក្នុង​សារៈ​មន្ទីរខ្ញុំ​ហ្នឹង​នៅ​ខាង​ក្រោម​ជារឿង​ខ្មែរ​ក្រហម​គឺ​យើង​មាន​អារម្មណ៍​មួយ​ថា​បើ​ចង់​មើល​ខ្មែរក្រហម​ត្រូវ​ចុះ​ទៅក្រោម​បាន​មើល​ឃើញ​ហើយ​បើ​នៅ​ខាងលើ​យើង​ប្រើ​សិល្បៈ​សហស្ស​សម័យ​។ បច្ចុប្បន្ន​ទាក់​ទង​នឹង​គំនូរ​សិល្បៈ​ ទាក់​ទង​ជាមួយ​នឹង​ស្ថាបត្យកម្ម​ ឬ​ក៏ ទាក់​ទង​ជាមួយ​នឹង​រឿង​បិតិកភណ្ឌ​ ហើយ​នេះ​ជាផ្នែក​មួយ​របស់សារៈ​មន្ទីរ។ អញ្ចឹង​សារៈ​មន្ទីរ​នេះ​មាន​រាង​ដូច​ផ្តិល​ប្រាក់​អញ្ចឹង​... រាង​វា​មាន​លក្ខណៈ​ជាស្រ្តី​គឺ​មិន​ត្រង់​ភ្លឹង​ទេ​ហើយ​មើល​សារៈ​មន្ទីរ​ហើយ​ស្រាវជ្រាវ​យើង​ដាក់​នៅ​ពីក្រោយ​ពីព្រោះ​យើង​អាច​មើល​ឃើញ​ទន្លេ​បាសាក់​ ហើយ​សាលា​រៀនយើងធ្វើ​ខ្ពស់​ជាងគេ​ព្រោះ ​និយាយ​ពី​អនាគត។ ​អញ្ចឹង​កម្ពស់​របស់​សាលារៀន​មាន​រហូត​ដល់​៨​ជាន់»។​

វាមិនមែន​ជាការ​ចៃដន្យ​ទេ​ដែល​ស្ថាបត្យករ​វិទ្យាស្ថាន​នេះ​គឺជា​ស្ត្រី​ តែ​វាជា​ការ​តាំង​ចិត្ត​របស់​លោក​ឆាំង យុ ​ក្នុង​ការ​គោរព​ដល់​ស្រ្តី​ជាច្រើន​ដែល​នៅ​រស់​រាន​មាន​ជីវិត​ក្រោយ​ការ​ដួលរលំ​នៃ​របបខ្មែរ​ក្រហម​និង​ការ​យល់​ឃើញ ​ថា​ស្នាដៃ​ស្ត្រី​នឹង​ជួយ​ដល់​ការ​ផ្សះផ្សា​ផ្លូវចិត្ត​បាន​ល្អ​ជាជាង​ការបន្ត​រក្សា​គំនុំ។

លោក​ស្រី​ហ្សាហា ហាឌីដ ​អ្នក​គូស​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត​បាន​បញ្ជាក់​ប្រាប់​សារ​ព័ត៌មានអង់គ្លេស​ The Guardian ​ថា​គម្រោង​នេះ​សំខាន់​ណាស់​ចំពោះ​ក្រុមហ៊ុន​លោកស្រី​ ដោយ​សារ​តែ​វា​ជា​លើក​ទីមួយ​ហើយ​ដែល​គេ​ប្រើ​ឈើ​ដើម្បី​ បង្កើត​បរិយាកាស​កក់ក្តៅ​និង​ស្រទន់​ហើយ​វា​នឹង​ប្រែប្រួល​ទៅ​តាម​អាកាស​ធាតុ​ដែល​នឹង​កាន់តែ​មាន​លក្ខណៈ​ដូច​ធម្មជាតិ។

វិទ្យាស្ថាន​ស្លឹតរឹត​នឹងស្ថិតនៅ​ក្នុង​សាលារៀន​បឹង​ត្របែក​ដែល​ជា​មណ្ឌល​មួយ​របប​ខ្មែរ​ក្រហម​ប្រើ​ប្រាស់​ជា​មន្ទីរ​ឃុំឃាំង។​ តួ​អគារ​បាន​បញ្ចូល​គ្នា​នូវ​ស្ថាបត្យកម្ម​សម័យបុរាណ​នៃ​ប្រាសាទ​អង្គវត្ត​និង​ប្រាសាទ​ដទៃ​ទៀត​ក្នុង​សម័យ​អង្គរ​ដែល​ក្រុម​ស្ថាបត្យករ​មាន​បរទេស​និង​ខ្មែរ​បាន​ចូល​ទៅ​សិក្សា​ដល់​ទីកន្លែង​ក្នុង​ពេល​ដែល​ខិតខំ​ប្រមូល​គំនិត​ដើម្បី​គូស​ប្លង់។

អគារ​នឹង​ត្រូវ​រចនា​ឡើង​តាម​លំនាំ​ដើម​ទ្រាំង​មួយ​ដើមដោយ​បែក​ជាសំណង់​អគា​រ​ឈើ​ចំនួន​ប្រាំ ក្នុង​នោះ​ជាន់​ផ្ទាល់​ដី​របស់​អគារ​ទាំងប្រាំ​មាន​លក្ខណៈ​ដាច់​ពីគ្នា​ប៉ុន្តែ​អគា​ទាំង​នេះ​ត្បាញ​បញ្ចូល​គ្នា​និង​ភ្ជាប់​គ្នា​នៅ​ជាន់​ខាងលើ​ដោយ​ភ្ជាប់​អគា​នីមួយៗ​បញ្ចូល​គ្នា​នៅ​លើ​ជាន់​តែ​មួយ។ អគារ​ទាំងមូល​នឹង​មាន​បណ្តោយ​៨០ម៉ែត្រ​ និង​ទទឹង៣០​ម៉ែត្រ និងត្រូ​វ​សាងសង់ឱ្យ​ស្ថិតស្ថេរ​បាន​រហូត​ដល់​៣០០​ឆ្នាំ។

នៅ​ខាងក្រៅ​មាន​ដាំស្មៅ​រាង​ក្រឡា​គោម​ហូល​និង​ដើមឈើ​ដែល​លោកស្រី​ ឌីផុន ប៉ូលីន​ អ្នក​ស្រាវជ្រាវ​ពី​រុក្ខជាតិ​ខ្មែរបាន​ចងក្រង។

លោក​ឆាំង យុ​បាន​ពន្យល់​ថា៖​

«ព្រៃ​ឈើ​ទាំង​អស់​ដែល​យើង​នឹង​ធ្វើ​នៅ​ទីវាល​រំលឹក​អនុស្សាវរីយ៍​ហ្នឹង​គឺ​អាច​សុទ្ធ​តែ​ប្រើ​ប្រាស់​ជា​ថ្នាំ​អាច​ប្រើ​ប្រាស់​ជាការ​ព្យាបាល​ ទាំង​ផ្នែក​សុខភាព​ទាំង​ផ្នែក​អារម្មណ៍​ទាំង​ក្លិន»។

វិទ្យាស្ថាន​ស្លឹករឹត​នឹង​ក្លាយ​ជា​វិទ្យាស្ថាន​តែមួយ​គត់​នៅ​តំបន់​អាស៊ី​ដែល​ផ្តល់​ការ​សិក្សា​ពី​របប​ប្រល័យ​ពូជសាសន៍។

លោក​ឆាំង​ យុ​ បាន​បញ្ជាក់​ថា៖

«អីចឹង​សិស្ស​ទាំង​អស់​មិន​ថា​សិស្ស​ខ្មែរ​ទេ​អាច​សិស្ស​ក្នុង​តំបន់​សិស្ស​បរទេស​ក៏​អាច​មក​រៀន​អំពី​រឿងរ៉ាវ​របស់​ខ្មែរ​ដែរ។ វាធ្វើ​ឱ្យ​រឿង​នេះ​ទៅជា​រឿង​របស់​សាកល​លោក»។​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឱ្យ​វិទ្យាស្ថាន​ស្លឹករឹត​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​វិទ្យាស្ថាន​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​និង​សិទ្ធិមនុស្ស​នាំ​មុខគេ។

លោក​ហង់ ជួនណារ៉ុន​បានបញ្ជាក់​ក្នុង​សារ​របស់​លោក​ថា៖

«នេះ​មិន​មែន​ជា​សកម្មភាព​ធម្មតា​ទេ​ ប៉ុន្តែ​ជា​សកម្មភាព​ដ៏​សំខាន់​ដើម្បី​ រំឭក​ដល់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ដ៏​សាហាវ​ឃោរឃៅ»។​

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​ចំណុ​ច​ផ្តើម​របស់​វិទ្យាស្ថាន​ស្លឹករឹតបាន​ដើរ​តួរនាទី​នាំ​មុខ​ក្នុង​ការ​ចងក្រង​ឯកសារ​ស្តី​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត​ដែល​ប្រព្រឹត្ត​ដោយ​របប​ខ្មែរក្រហម​នៅ ​ក្នុង​អំឡុងពេល​គ្រប់​គ្រង​ប្រទេស​ប្រទេស​ពីខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG