ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ G20 ​រៃ​អង្គៀស​ប្រាក់​៨​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា

រូបឯកសារ៖ រូបថត​ថ្នាក់​ដឹកនាំ​ប្រទេស​ចំនួន ​២០ ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន (G20) ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ខែ​មីនា ២០២០។

ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​២០​ហៅ​ថា​ G20 ​កំពុង​អំពាវនាវ​ដល់​​បណ្តា​ប្រទេស ​អង្គការ​អន្តរ​ជាតិ ផ្នែក​ឯក​ជន​ និង​បុគ្គល​នានា​ឲ្យ​រួម​វិភាគ​ទាន​ថវិកា​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ ដោយ​គ្រោង​រៃ​អង្កៀស​ប្រាក់​ឲ្យ​បាន ៨​ ពាន់​លាន​ដុល្លារ។

វេទិកា​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​និង​អភិបាល​ធនាគារ​កណ្តាល​របស់​ប្រទេស​១៩ និង​សហភាព​អឺរ៉ុប​ហៅ​ថា ​G2020​ បាន​រៃ​អង្កៀស​ប្រាក់​បាន​១,៩​ពាន់​លាន​ដុល្លារ​រួច​ហើយ​នៅ​ថ្ងៃសុក្រ​នេះ។ ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​ប្រធាន​របស់ ​G20​ នៅ​ពេល​បច្ចុប្បន្ន​នេះ បាន​រួម​វិភាគទាន​៥០០​លាន​ដុល្លារ។​

លោក ​Sherpa Fahad Almubarak​ នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​និយាយ​ថា៖ «បញ្ហា​ ប្រឈម​សាកល​លោក​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជា​សាកល​ ហើយ​នេះ​ជា​ពេល​វេលា​របស់​យើង​ដើម្បី​ជួយ​ឧបត្ថម្ភ​បង្កើត​ថ្នាំ​វ៉ាក់​សាំង​ចាក​ការពារ​និង​វិធានការ​ព្យាបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩»។

ចក្រភព​អង់គ្លេស ​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ធ្វើការ​សាក​ល្បង​ថ្នាំ​វ៉ាក់សាំង​មេរោគ​កូរ៉ូណា​លើ​មនុស្ស​លើក​ដំបូង​នៅ​ក្នុង​តំបន់​អឺរ៉ុប។​

អ្នក​ស្ម័គ្រ​ចិត្ត​២​នាក់​ បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​សាក​ល្បង​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​ Oxford ​ដែល​នៅ​ទីនោះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យាល័យ​នោះ​ បាន​ផលិត​ថ្នាំ​វ៉ាក់សាំង​មិន​ដល់​៣​ខែ​ផង។​ ពួក​អ្នក​ស្ម័គ្រ​ចិត្ត​រាប់​រយ​នាក់​ផ្សេង​ទៀត​ នឹង​ត្រូវ​ចាក់​ថ្នាំ​វ៉ាក់សាំង​សាក​ល្បង​នោះ ហើយ​ចំនួន​ដូច​គ្នា​នៃ​ស្ម័គ្រ​ចិត្ត​ នឹង​ទទួល​បាន​ថ្នាំ​វ៉ាក់​សាំង​ចាក់​ការពារ​រោគ​រលាក​ស្រោម​ខួរ​ដែល​គេ​អាច​ធ្វើ​ការ​ប្រៀប​ធៀប​លទ្ធផល​នៃ​ថ្នាំ​វ៉ាក់​សាំង​នោះ។ ពួក​អ្នកស្ម័គ្រ​ចិត្ត​ នឹង​មិន​ដឹង​ថា​តើ​ថ្នាំ​វ៉ាក់សាំង​មួយ​ណា​ពួក​គេ​ចាក់​នោះ​ទេ។​

ការ​សាក​ល្បង​នោះ​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​នៅ​ពេល​ដែល​ឱសថ​ Antiviral​ បាន​បង្ហាញ​ភាព​គ្មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា នៅ​លើ​អ្នក​ជំងឺ​នៅ​ក្នុង​ប្រទេស​ចិន។​Remdesivir ​ជា​ឱសថ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន ​Gilead Science​ ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ មិន​បាន​បង្ហា​ពី​ការ​មាន​ប្រយោជន៍​លើ​ពួក​អ្នក​ជំងឺ​កូវីដ១៩​ដែរ។

សហ​រដ្ឋ​អាមេរិក បាន​ធ្វើ​ការ​សាក​ល្បង​ថ្នាំវ៉ាក់សាំង​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ខែ​មីនា នៅ​ក្នុង​ទីក្រុង ​Seattle រដ្ឋ​វ៉ាស៊ីនតោន។

ប្រទេស​កាណាដា រុស្ស៊ី និង ​ប្រទេស​ផ្សេង​ទៀត​ ក៏​កំពុង​ធ្វើ​ការ​ដើម្បី​បង្កើត​ថ្នាំ​វ៉ាក់សាំង​ដែរ​ ក៏ប៉ុន្តែ ​ពួក​អ្នក​ជំនាញ និយាយ​ថា​ ទោះបី​បាន​ជោគ​ជ័យ​នៅ​ពេល​ឆាប់ៗ​ក៏​ដោយ ការ​ផលិត​និង​ចែក​ចាយ​ថ្នាំ​វ៉ាក់សាំង​នោះ នឹង​ត្រូវ​ចំណាយ​ពេល​យូរ៕