ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR (United Nations High Commissioner for Refugees) បានឲ្យដឹងនៅថ្ងៃចន្ទនេះថានៅពេលដែលជំងឺ កូវីដ១៩ កំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់សហគមន៍នានានៅទូទាំងពិភពលោកស្ត្រី និងកុមារីដែលត្រូវបានផ្លាស់ទីលំនៅ និងឥតមានរដ្ឋរស់នៅដូចគេ កំពុងរងហានិភ័យកាន់តែខ្លាំងឡើងចំពោះអំពើហិង្សាដោយសារបញ្ហាយេនឌ័រ។
ឧត្តមស្នងការរងទទួលបន្ទុកការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិគឺអ្នកស្រី Gillian Triggs មានប្រសាសន៍ថា «យើងចាំបាច់ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់ចំពោះការការពារស្ត្រី និងកុមារីដែលជាជនភៀសខ្លួនឥតរដ្ឋរស់នៅ និងត្រូវបានគេផ្លាស់ទីលំនៅ ក្នុងគ្រាដែលមានជំងឺរាតត្បាតនេះ»។ អ្នកស្រីបន្តថា «ស្ត្រីនិងកុមារីទាំងនេះស្ថិតក្នុងក្រុមងាយរងគ្រោះជាងគេ ហើយគេមិនគួរបើកឱកាសសម្រាប់អ្នកបំពារបំពានទៅលើដែលស្ត្រីដែលរួចផុតជីវិតពីអំពើហិង្សានិងការរំលោភបំពាននោះទេ»។
អ្នកស្រី Triggs និយាយថា ការបិទប្រទេសនិងការដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដែលវិធានការទាំងនេះត្រូវបានដាក់ចេញ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានឈានទៅធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែដុនដាបជាងមុន ដោយសារតែការរឹតត្បិតការធ្វើដំណើរនិងការបិទសេវាកម្មនានា។
អ្នកស្រី Triggs បន្ថែមថា ក្នុងកាលៈទេសៈបែបនេះ ស្ត្រីនិងកុមារី «អាចត្រូវគ្រួសាររបស់ពួកគេបង្ខំឲ្យរៀបការទាំងមិនទាន់គ្រប់អាយុ ឬប្រឡូកក្នុងសកម្មភាពផ្លូវភេទដើម្បីរស់»។
ទីភ្នាក់ងារទទួលបន្ទុកការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ អំពាវនាវដល់រដ្ឋាភិបាលនានាឲ្យធានាថាពួកគេចាត់ទុក «ហានិភ័យនៃអំពើហិង្សាកាន់តែខ្លាំងឡើង ចំពោះស្ត្រីដែលជាជនភៀសខ្លួន» ជាបញ្ហាអាទិភាពក្នុងផែនការសកម្មភាពរបស់រដ្ឋាភិបាលដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតថ្មីនេះ៕