ម៉ាស់ការពារមេរោគកូរ៉ូណាដែលបោះចោល កំពុងគរនៅតាមឆ្នេរសមុទ្រនិងផ្លូវដើរតូចៗរបស់ដែនដីហុងកុង ដោយបានធ្វើឲ្យមានការព្រមានពីក្រុមបរិស្ថានថា កាកសំរាមទាំងនេះកំពុងបណ្តាលឲ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វសមុទ្រនិងសត្វព្រៃ។
ប្រជាពលរដ្ឋហុងកុងភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន៧លាន៤សែននាក់ បានពាក់ម៉ាស់ដែលប្រើបានតែមួយដងជារៀងរាល់ថ្ងៃ ដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណា។ កន្លងមក វីរុសកូរ៉ូណានេះបានចម្លងដល់មនុស្ស ១២៦ នាក់ និងបានសម្លាប់មនុស្ស ៣ នាក់ នៅក្នុងទីក្រុងហុងកុង។
ក៏ប៉ុន្តែម៉ាសយ៉ាងច្រើនបំផុត មិនត្រូវបានគេទុកដាក់ឲ្យបានត្រឹមត្រូវ ហើយផ្ទុយទៅវិញ បានត្រូវគេបោះចោលនៅតាមទីជនបទឬសមុទ្រ ដែលសត្វសមុទ្រអាចស៊ីម៉ាស់នោះជាចំណីអាហារ អណ្តែតតាមឆ្នេរសមុទ្រជាមួយថង់ប្លាស្ទិកនិងសំរាមផ្សេងៗទៀត។
ក្រុមបរិស្ថាន ដែលបានប្រមូលរួចហើយនូវកាកសំរាមអណ្តែតតាមសមុទ្រមកពីចិនដីគោកនិងកន្លែងផ្សេងៗទៀត និយាយថា ម៉ាស់ពាក់ការពារមេរោគកូរ៉ូណាដែលគេបោះចោល បានធ្វើឲ្យបញ្ហាយ៉ាងធ្ងន់ធ្ងរ ហើយក៏បានបង្កើនការព្រួយកង្វល់អំពីការរាលដាលនូវមេរោគនេះ។
លោក Gary Stokes អ្នកបង្កើតអង្គការបរិស្ថានមហាសមុទ្រអាស៊ី បាននិយាយថា «យើងមានម៉ាស់ក្នុងចំនួនយ៉ាងច្រើននៅរយៈពេលពី៦ទៅ៨សប្តាហ៍មកនេះ។ យើង ឥឡូវនេះកំពុងឃើញផលប៉ះពាល់ដល់បរិស្ថាន»។
លោក Stokes បានលើកឡើងឧទាហរណ៍នៅប្រជុំកោះសូកូដែលជាកោះដាច់ស្រយាលនិងគ្មានមនុស្សរស់នៅរបស់កោះហុងកុងដែលស្ថិតនៅផ្នែកខាងត្បូងចំណតយន្តហោះអន្តរជាតិ។
លោកនិយាយទៀតថា ឆ្នេរសមុទ្រផ្សេងទៀតនៅជុំវិញទីក្រុងក៏មានបញ្ហាដូចគ្នាដែរ។
ទីក្រុងហុងកុងដែលមានពលរដ្ឋរស់នៅដ៏ច្រើន បានខំដោះស្រាយបញ្ហាប្លាស្ទិក នេះជាច្រើនឆ្នាំមកហើយ។ វប្បធម៌នៃការបរិភោគនៅខាងក្រៅ ម្ហូបច្អិនស្រាប់ បានបង្កើនការប្រើស្បោងប្លាស្ទិក៕