អតីត​​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ចេញ​សេចក្តី​ថ្លែង​ការណ៍​ការពារ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្ងាត់

រូបឯកសារ៖ អតីត​នាយក​ CIA លោក John Brennan ថ្លែង​នៅ​មុខ​គណៈកម្មាធិការ​ស៊ើប​អង្កេត​របស់​សភា អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី។

អតីត​មន្រ្តី​ស៊ើប​ការណ៍​សម្ងាត់​ជាន់​ខ្ពស់​ចំនួន​១២​រូប​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្តី​ពី​អ្វី​ដែល​ពួក​គេ​ហៅ​ថា ​សុន្ទរក​ថា​និង​សកម្ម​ភាព​មិន​ត្រឹមត្រូវ​និង​មិន​ធ្លាប់​មាន​ពីមុន របស់​សេត​វិមាន​ទាក់​ទង​នឹង​ការ​ដក​ចេញ​នូវ​សិទ្ធិ​របស់​លោក​ John Brennan ​ក្នុង​ការ​ទទួល​បាន​ព័ត៌មានសម្ងាត់។

សេចក្តី​ថ្លែង​ការណ៍​នេះ​គឺ​ជា​ប្រតិកម្ម​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​លោក​ ដូណាល់ ត្រាំ​ ​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ការដក​ហូត​សិទ្ធិ​របស់​លោក ​Brennan ​អតីត​នាយក​CIA ​ក្នុង​ការ​ទទួល​បាន​ព័ត៌មានសម្ងាត់។

សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ​«សកម្ម​ភាព​របស់​លោក​ប្រធានាធិបតី​ទាក់​ទង​នឹង​លោក ​John Brennan ​និង​ការ​គំរាម​កំហែង​ដោយ​សកម្ម​ភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ ប្រឆាំង​នឹង​អតីត​មន្ត្រី​ដទៃ​ទៀត​នោះ​ ​មិន​ទាក់​ទង​ទៅ​នឹង​អ្នក​ដែល​គួរ​ឬ​មិន​គួរ​រក្សា​សិទ្ធិ​ទទួល​បាន​ព័ត៌មានសម្ងាត់នោះ​ទេ​ តែជាការ​ព្យាយាម​រារាំង​សេរីភាព​បញ្ចេញ​មតិ»។

សេចក្តី​ថ្លែង​ការណ៍​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​អតីត​នាយក ​CIA ​ចំនួន​៦​នាក់ ​អតីត​អនុ​ប្រធាន​៥​រូប​របស់​ CIA ​និង​អតីត​ប្រធាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​មួយ​រូប។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ថា ​«យើង​មិន​ដែល​ឃើញ​មាន​ការ​អនុញ្ញាត​ ឬ​ការ​ដក​ចេញ​សិទ្ធិ​ទទួល​បាន​ព័ត៌មានសម្ងាត់​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​នយោបាយ​ដូច​ដែល​បាន​ធ្វើ​នៅ​ក្នុង​ករណី​នេះ​នោះ​ទេ។​ លើស​ពីនេះ​ទៅ​ទៀត ​សកម្មភាព​នេះ​គឺ​ជា​សញ្ញា​មួយ​យ៉ាង​ច្បាស់​សម្រាប់​អតីត​មន្រ្តី​និង​មន្រ្តី​បច្ចុប្បន្ន» ។​

ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​គឺ​អតីត​ឧត្ដម​សេនីយ៍​កង​ទ័ព​ជើង​ទឹក​អាមេរិក​ដែល​ដឹក​នាំ​ប្រតិបត្តិការ​ដើម្បី​សម្លាប់​មេដឹក​នាំ​ភេរវករ​ Osama bin Laden ​កំពុង​ប្រឈម​នឹង​លោក​ប្រធានាធិបតី​ ត្រាំ​ ​ដើម្បី​ដកហូត​សិទ្ធិ​ទទួល​បាន​ព័ត៌មានសម្ងាត់​របស់​លោក។ ​នៅ​ក្នុង​លិខិតចំហ​មួយ​ផ្ញើ​ទៅ​លោក ត្រាំ​ ​ហើយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ការ​សែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ​លោក​ឧត្តមនាវីឯក ​William McRaven​ បាន​សរសេរ​ថា ​លោក​ចាត់​ទុក​វា​ជា​បញ្ហា​ «កិត្តិយស»។​ ​

លោក ​McRaven ​បាន​សរសេរ​ថា៖​ «តាម​រយៈ​សកម្មភាព​របស់​លោក​ លោក​បាន​ធ្វើ​ឱ្យ​យើង​អាម៉ាស់​មុខ​ចំពោះ​កូនៗ​របស់​យើង ​ ធ្វើ​ឱ្យ​យើង​អាម៉ាស់​មុខ​នៅ​លើ​ឆាក​ពិភព​លោក​ ហើយ​អាក្រក់​បំផុត​នោះ​គឺ​ធ្វើ​ឲ្យជាតិ​យើង​បែក​បាក់»។​ ​លោក​ឧត្ដមសេនីយ៍​ចូល​និវត្តន៍​រូប​នេះ​បាន​និយាយ​ថា ​«លោក ​Brennan ​ជា​មន្ត្រី​រដ្ឋាភិបាលល្អ​បំផុត​ម្នាក់​តាម​ដែល​ខ្ញុំ​ដឹង»៕