ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo៖ គំនិត​ផ្តួចផ្តើម​ថ្មី​របស់​អាមេរិក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ចង់​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ចិន


រដ្ឋ​មន្ត្រីការបរទេស​អាមេរិក Mike Pompeo ថ្លែង​ទៅ​កាន់​វេទិកា​ជំនួញ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅ​សភាពាណិជ្ជកម្ម​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៣០ កក្កដា ២០១៨។
រដ្ឋ​មន្ត្រីការបរទេស​អាមេរិក Mike Pompeo ថ្លែង​ទៅ​កាន់​វេទិកា​ជំនួញ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅ​សភាពាណិជ្ជកម្ម​អាមេរិក ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​៣០ កក្កដា ២០១៨។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Mike Pompeo បាន​ប្រាប់​វីអូអេ​ថា គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ មាន​បំណង​ធ្វើ​ឲ្យ​មាន​តុល្យភាព ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម «ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ» របស់​ប្រទេស​ចិន។

លោក Pompeo នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី និង​ឥណ្ឌូនេស៊ី​ដែល​ស្ថិត​តំបន់​អាស៊ីអាគ្នេយ៍​នា​សប្តាហ៍​នេះ។

នៅ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​នឹង វីអូអេ កាល​ពី​ថ្ងៃ អង្គារ៍ ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៨ លោក Pompeo បាន​និយាយ​ ថា សហរដ្ឋអាមេរិក​កំពុង​តែ​វិនិយោគ ១១៣ លាន​ដុល្លា​សហរដ្ឋអាមេរិក លើ​វិស័យ​បច្ចេកវិទ្យា ថាមពល និង​ហេដ្ឋា​រចនា​សម័្ពន្ធ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Pompeo ធ្លាប់​ជា​នាយក​នៃ​ទីភ្នាក់ងា CIA ។ លោក​ក៏​ធ្លាប់​ជា​តំណាង​រាស្រ្ត​មក​ពី​រដ្ឋKansas ផង​ដែរ។

លោក Pompeo បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «បើ​មិន​មាន​គំនិត​ផ្តួច​ផ្តើម ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ របស់​ប្រទេស​ចិន​ទេ យើង​នឹង​មិន​បាន​ឃើញ​សហរដ្ឋអាមេរិក​អនុវត្ត​គំនិត​ផ្តួចផ្តើម​មួយ​នេះ​ឡើយ។ ដូចច្នេះ​ខ្ញុំ​គិតថា វា​ពិត​ជា​មាន​ជាប់​ពាក់ព័ន្ធ និង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​អ្វី​ដែល​ប្រទេស​ចិន​កំពុង​តែ​ធ្វើ​នៅ​ក្នុង​ទ្វីប​អាស៊ី​បច្ចុប្បន្ន​នេះ»។

លោក Pompeo បាន​រិៈគន់​គំនិត​ផ្តួចផ្តើម ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ របស់​ប្រទេស​ចិន​ថា មាន​ផល​មិនល្អ និង​មិន​មាន​ទស្សនៈ​វែងឆ្ងាយ។ គំនិត​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក​ដែល​មាន​ទឹក​ប្រាក់​១១៣លានដុល្លា មាន​បំណង​បង្ហាញ​ពី​គំរូ​ល្អ​នៃ​អភិបាលកិច្ច​ និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ​ការ​ពង្រីក​អំណាច​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់។

លោក​បាន​បន្ត​ថា៖ «គំនិត​ផ្តួច​ផ្តើម​នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ប្រទេស​ចិន។ គំនិត​ផ្តួចផ្តើម​នេះ​បង្ហាញ​ឲ្យ​ពី​អន្ទាក់​បំណុល​របស់​ចិន​នៅ​ជុំវិញ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ ឧទាហរណ៍​ដ៏​សំខាន់​មួយ​ប្រហែល​ជា​កំពង់​ផែ ហាំ​បាន​តូតា នៅ​ក្នុង​ប្រទេស​ស្រីសង្កា​ ដែល​ប្រទេស​ចិន​បាន​ដាក់​អន្ទាក់​ប្រទេស​ស្រីលង្កា​ដោយ​មាន​ប្រសិទ្ធភាព នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​បន្ត​បន្ទាប់​ ដែល​បង្ហាញ​ថា​មាន​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ដោះ​បំណុល​បាន​ គឺ​បម្លែង​បំណុល ទៅ​ជា​ភាគ​ហ៊ុន​សម្រាប់​ប្រទេស​ចិន​ ដែល​អនុញ្ញាត​ឲ្យ​ចិន​ក្លាយ​ជា​ម្ចាស់​ដោយ​មាន​ប្រសិទ្ធិភាព»។

XS
SM
MD
LG