ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត​​ The New York Times ថា​លោក​ត្រាំ​ដឹង​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៦


ប្រធានាធិបតី​ដូណាល់​ ត្រាំ បក់ដៃ​ទៅកាន់​សមាជិក​សារព័ត៌មាន​ខណ​ដែល​លោក​ដើរ​នៅ​ក្នុង​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

របាយការ​ណ៍​មួយ​នៅក្នុង​កាសែត The New York Times កាលពី​ថ្ងៃ​ពុធ​បាន​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​ទំហំ​នៃ​ការ​ស៊ើបការ​សម្ងាត់​ដែល​លោក​ប្រធានាធិបតី​ស.រ.អា.​ Donald Trump បាន​ទទួលអំពី ​មុខ​នាទី​ដោយ​ផ្ទាល់របស់​ប្រធានាធិបតី​រុស្សី Vladimir Putin នៅ​ក្នុង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្សី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាល​ពី​ឆ្នាំ២០១៦។​

សេចក្តី​រាយការណ៍​នេះ​បាន​បំភ្លឺ​អំពី​ការ​ប៉ុនប៉ងរបស់​ប្រធានាធិបតី Trump ដើម្បី​បង្វែរ​ការ​យក​ចិត្តទុកដាក់​ពី​មុខនាទី​របស់​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​នៅ​ក្នុង​ជ័យជម្នះ​របស់​លោកលើ​លោកស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​មានរួម​បញ្ចូល​សេចក្តី​ថ្លែងការណ៍​ចុះ​ឡើង​របស់​លោក​ដែល​ដំបូង​ឡើយមានភាពផ្ទុយគ្នា ហើយ​បន្ទាប់មកមានការទទួល​ស្គាល់ការ​រក​ឃើញ​របស់​សហគមន៍​ស៊ើបការ​សម្ងាត់ចាប់តាំង​ពី​ជំនួប​របស់​លោក​ជា​មួយ​លោក Putin នៅ​ក្នុងក្រុង Helsinki កាលពី​ថ្ងៃ​ចន្ទ។

សារព័ត៌មាន The New York Times និយាយ​ថា​លោក​ Trump បាន​ដឹងជា​ដំបូង​អំពី​ការជ្រៀតជ្រែក​របស់​រុស្សីកាលពីថ្ងៃទី៦ខែ​មករា​ឆ្នាំ២០១៧ គឺ​ពីរ​សប្តាហ៍​មុន​ការ​សម្ពោធ​តំណែង​ប្រធានាធិបតី​របស់​លោក នៅ​ក្នុង​ការ​ប្រជុំគ្នា​មួយ​នៅ​ក្នុង​អាគារ Trump Towerក្នុង​បូរីញូវយ៉ក​ជាមួយ​លោក John Brennan នាយក​ CIA នៅពេល​នោះ; លោក​ James Clapper នាយក​មន្ទីរ​ស៊ើបការសម្ងាត់ជាតិ​នៅ​ពេល​នោះ លោក​ James Comey នាយក​ FBI នៅពេល​នោះ​និង​លោក​ឧត្តមនាវី Mike Rogers នាយក​ទីភ្នាក់ងារសន្តិជាតិ​នៅ​ពេល​នោះ។

មន្ត្រី​ជាន់ខ្ពស់​ទាំង​នេះ​បានបង្ហាញ​ប្រធានាធិបតី​ជាប់ឆ្នោត​ Trump នូវ​ព័ត៌មាន​សម្ងាត់​ដែល​បង្ហាញ​ថា​ Putin បាន​បញ្ជា​ដោយផ្ទាល់ខ្លួន​គាត់​ឱ្យ​ចូល​លួច​យក​ព័ត៌មាន​ពីទិន្នន័យ​កុំព្យូទ័រ​នៅ​ស.រ.អា.និង​ឱ្យ​ធ្វើយុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​ដែល​មានរួម​បញ្ចូល​អត្ថបទ​និង​អ៊ីម៉ែល ពីនាយ​ទាហាន​រុស្ស៊ី​និងព័ត៌មាន​ពីប្រភព​សម្ងាត់​បំផុត​ម្នាក់​ជិត​ស្និទ្ធ​នឹង​ Putin។​

ភ័ស្តុតាង​មាន​រួម​បញ្ចូល​អ៊ីម៉ែល​ ដែល​បានត្រូវ​លួចពី​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សារៈសំខាន់​ណាស់ក្នុងការ​ទាក់ទាញអ្នក​បោះឆ្នោត​ចេញ​ពី​លោក​ស្រី​ Clinton។​

ក៏​ប៉ុន្តែ​នៅ​ក្រោយ​ជំនួប​នោះមក​ លោក​ Trump បានចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​បន្ទោស «ប្រទេសរុស្សី ប្រទេសចិន​និងប្រទេសឯទៀតៗ ព្រម​ទាំង​ក្រុម​និង​ប្រទេសខាង​ក្រៅផ្សេងទៀត»៕

XS
SM
MD
LG