លោក Moon Jae-in ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងបានធ្វើការដើម្បីសម្របសម្រួលការចរចាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយការជំរុញឲ្យមានការចូលរួម និងការគាំទ្រការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្នុងការកាន់អំណាចនៅឆ្នាំទី១ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានសង្កត់លើការតស៊ូខាងការទូត។
ក្នុងអំឡុងនៃការកាន់អំណាចឆ្នាំដំបូងរបស់លោក ការស្វះស្វែងអនុវត្តវិស័យការទូតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ជារឿយៗធ្វើការស្របគ្នាជាមួយយុទ្ធនាការនៃការដាក់ការគាបសង្កត់ជាអតិបរមារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដើរតួនាទីដ៏សំខាន់មួយនៅក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យចូលរួមក្នុងការចរចាដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Bong Young –shik ជាអ្នកវិភាគនយោបាយនៅវិទ្យាស្ថានសម្រាប់ការសិក្សាកូរ៉េខាងជើងនៃសាកលវិទ្យាល័យ Yonsei ក្នុងក្រុងសេអ៊ូលនិយាយថា៖ «មុនពេលវិធានការតឹងតែងដែលអាចត្រូវបានជ្រើសរើសដោយសហរដ្ឋអាមេរិកលោកបានផ្តល់ឲ្យវិស័យការទូតនូវឱកាសមួយទៀតដើម្បីទទួលបានជោគជ័យ»។
នៅសប្តាហ៍នេះកាលពីមួយឆ្នាំមុន លោក Moon ដែលជាអតីតមេធាវីសិទ្ធិមនុស្សនិងជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យជឿនលឿនបានឈ្នះការបោះឆ្នោតប្រធានាធិបតីពិសេសដែលបានធ្វើឡើងបន្ទាប់ពីលោកស្រី Park Geun-hye អតីតប្រធានាធិបតីបានរងការចោទប្រកាន់លើបទចោទប្រកាន់ថា លោកស្រីបានពាក់ព័ន្ធនិងរឿងអាស្រូវស៊ីសំណូកនិងពុករលួយ។ នៅឆ្នាំនេះ លោកស្រី Park បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២៤ឆ្នាំក្នុងអំឡុងនៃការកាត់ទោសព្រហ្មទណ្ឌដែលទាក់ទិននឹងរឿងអាស្រូវដែលលោកស្រីបានរងការចោទប្រកាន់ពីការប្រើអំណាចហួស ការបង្ខិតបង្ខំនិងការសូកប៉ាន់។
លោកប្រធានាធិបតី Moon បានកាន់កាប់អំណាចនៅពេលដែលមានការតានតឹងកើនឡើង មិនត្រឹមតែការកើនឡើងនូវការសាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចឆ្លងទ្វីបរបស់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏បណ្តាលមកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្រៅផ្លូវការរបស់ចិនប្រឆាំងនឹងកូរ៉េខាងត្បូងចំពោះការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ហើយនិងការពិភាក្សាពីលទ្ធភាពនៃចំណាត់ការខាងយោធារបស់រដ្ឋបាលលោកត្រាំដើម្បីបញ្ចប់ការខំប្រឹងប្រែងរបស់កូរ៉េខាងជើងដើម្បីអភិវឌ្ឍកាំជ្រួចមីស៊ីលអន្តរទ្វីបបំពាក់ក្បាលនុយក្លេអ៊ែរដែលអាចបាញ់ដល់ដីគោកសហរដ្ឋអាមេរិក។
ក្នុងសុន្ទរកថាស្បថចូលកាន់តំណែងរបស់លោកកាលពីខែឧសភា ឆ្នាំ២០១៧ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon បានសន្យាចូលរួមការចរចាខាងការទូតជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប៉េកាំងនិងព្យុងយ៉ាងដើម្បីរកមធ្យោបាយដោះស្រាយដោយសន្តិវិធីដល់វិបត្តិដែលកំពុងរីកកាន់តែធំឡើង។
ក្នុងសុន្ទរកថាកាលពីខែកក្កដានៅទីក្រុងប៊ែឡាំងនៃប្រទេសអាល្លឺម៉ង់ ប្រធានា ធិបតី Moon បានលាតត្រដាងនូវទស្សនៈរបស់លោកសម្រាប់ការផ្សះផ្សារអន្តរកូរ៉េដែលអំពាវនាវឲ្យមានការរស់នៅជាមួយគ្នាដោយសន្តិភាពរបស់រដ្ឋាភិបាលកូរ៉េទាំង២ ក៏ប៉ុន្តែ ក៏បាននិយាយដែរថា ការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េជាលក្ខខណ្ឌសម្រាប់សន្តិភាព។
ក៏ប៉ុន្តែ មិនដូចរដ្ឋាភិបាលកែទម្រង់កូរ៉េខាងត្បូងកាលពីអតីតកាលដែលបានផ្តល់ការជួយឧបត្ថម្ភខាងសេដ្ឋកិច្ចដោយគ្មានលក្ខខណ្ឌទេនោះ រដ្ឋបាលរបស់ប្រធានាធិបតី Moon បានអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមានស្រាប់ ហើយបានស្នើផ្តល់តែកិច្ចសហប្រតិបត្តិការជំនួយមនុស្សធម៌តែប៉ុណ្ណោះ។ រដ្ឋាភិបាលក្រុងសេអ៊ូលក៏បានធ្វើឲ្យមានតុល្យភាពនូវការខិតខំរបស់ខ្លួនដោយការរក្សាការជួយឧបត្ថម្ភដ៏ខ្លាំងសម្រាប់សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកដើម្បីចូលរួមភាពកំញ៉ើញខាងយោធា ហើយនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង។
លោក James Steinberg ជាសាស្រ្តាចារ្យកិច្ចការអន្តរជាតិនៅឯសាកលវិទ្យាល័យ Syracuse និងជាអតីតអនុរដ្ឋមន្រ្តីការបរទេសក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអូបាម៉ាបាននិយាយថា៖ «អ្វីដែលយើងបានឃើញរហូតមកទល់ពេលនេះជាជំហរប្រកបដោយការទទួលខុសត្រូវដ៏ត្រឹមត្រូវមកពីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលហាក់ដូចជាយល់ថា មានភាពគ្រោះថ្នាក់ដែលយុទ្ធសាស្រ្តរបស់កូរ៉េខាងជើងគឺបំបែកសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង»។
កូរ៉េខាងជើងបានច្រានចោលការខំប្រឹងប្រែងចូលរួមកាលពីដំបូងរបស់រដ្ឋបាលលោក Moon ដែលរួមបញ្ចូលជំនួយសម្រាប់កុមាដែលទទួលរងគ្រោះមកពីការខ្វះអាហាររូបត្ថម្ភ។
កាលពីខែកញ្ញា ប្រធានាធិបតីត្រាំក៏បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូងដែរចំពោះការបន្តព្យាយាមទាក់ទងរដ្ឋាភិបាលជិះជាន់សង្កត់សង្កិនក្នុងទីក្រុងព្យុងយ៉ាង។ ប្រធានាធិបតីត្រាំនិយាយក្នុងសារក្នុងប្រព័ន្ធ Twitter ថា «ការពិភាក្សាធ្វើឲ្យស្ងប់ចិត្តជាមួយកូរ៉េខាងជើងនឹងមិនមានដំណើរការទេ ពួកគេយល់តែបញ្ហាមួយគត់»។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon ហាក់ដូចជាមិនធ្វើទៅតាមលោកប្រធានាធិបតី ត្រាំ នៅពេលដែលលោកនិយាយតវ៉ាយ៉ាងខ្លាំងប្រឆាំងសកម្មភាពខាងយោធាប្រឆាំងនឹងកូរ៉េខាងជើងដែលអាចធ្វើឲ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងសង្គ្រាមប្រកបដោយមហន្តរាយ។ ប្រធានាធិបតី ត្រាំ បានព្រមានកូរ៉េខាងជើង«ពីភ្លើងនឹងកំហឹងដែលពិភពលោកមិនដែលធ្លាប់បានឃើញ»ដោយបានសង្កត់ពីលទ្ធភាពនៃការប្រើកម្លាំងរបស់អាមេរិកដើម្បីបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ពួកអភិរក្សនិយមជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងក៏បានរិះគន់ប្រធានាធិបតី Moon ចំពោះការគាំទ្រដោយលក្ខខណ្ឌដល់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ កាសែតមួយរបស់កូរ៉េខាងត្បូងបានហៅគោលនយោបាយចូលរួមរបស់ប្រធានាធិបតីថា «ជាការគិតប្រកបដោយក្តីសង្ឃឹម»។
ក៏ប៉ុន្តែ នៅឆ្នាំនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាត់វិធានការដោយសុខចិត្តទទួលយកការខំប្រឹងប្រែងខាងការទូតនិងសំណើរបស់ប្រធានាធិបតី Moon ដើម្បីចូលរួមកីឡាអូឡាំពិករដូវរងាដែលធ្វើឡើងនៅក្នុងកូរ៉េខាងត្បូង។ ការណ៍នេះបានធ្វើឲ្យមានសម្ទុះខាងការទូតមួយដែលនាំឲ្យមានសន្និសីទកំពូលអន្តរកូរ៉េកាលពីពេលថ្មីៗនេះ ដែលនៅទីនោះប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសន្យាធ្វើការឆ្ពោះទៅកាន់ការគ្មានអាវុធនុយក្លេអ៊ែរ និងជំនួបនៅពេលខាងមុខរវាងប្រធានាធិបតី ត្រាំ និង គីម ជុងអ៊ុន ដែលត្រូវធ្វើឡើងនៅរយៈពេល ៣ទៅ៤ សប្តាហ៍ខាងមុខទៀតនេះ។
ការដាក់ទណ្ឌកម្មដ៏ខ្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលហាមឃាត់ការធ្វើពាណិជ្ជកម្មភាគច្រើនរបស់កូរ៉េខាងជើង រួមជាមួយការពិភាក្សាពីចំណាត់ការខាងយោធារបស់ប្រធានាធិបតីត្រាំដែលបានទទួលការកោតសរសើរមួយផ្នែកធំដោយចំណង់របស់គីម ជុងអ៊ុនដើម្បីផ្លាស់ប្តូរជំហរប្រឈមមុខរបស់ខ្លួន។
រដ្ឋាភិបាលរបស់គីម ជុងអ៊ុន បានគិតថា ខ្លួនបានសម្រេចជោគជ័យខាងសមត្ថ ភាពកំញ៉ើញនុយក្លេអ៊ែរហើយឥឡូវនេះបានប្រុងប្រៀបធ្វើការផ្លាស់ប្តូរខាងសេដ្ឋកិច្ចក៏អាចជាកត្តាមួយដែរ។
ការខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ប្រធានាធិបតី Moon ក៏បានបើកផ្លូវខាងការទូតសម្រាប់គីម ជុងអ៊ុន និងប្រធានាធិបតីត្រាំដើម្បីចូលរួមការចរចាដែរ។
លោក Ahn Chan-il អ្នករត់ចោលប្រទេសកូរ៉េខាងជើងនិងជាអ្នកវិភាគនៅវិទ្យា ស្ថានពិភពលោកដើម្បីការសិក្សាកូរ៉េខាងជើងបាននិយាយថា៖ «ប្រសិនបើ មិនមានរដ្ឋបាលរបស់លោក Moon ក្នុងប្រទេសកូរ៉េខាងត្បូងទេ បរិយាកាសបែបនេះនឹងមិនកើតមានឡើងទេ»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន