ប្រេសិត​ពិសេស​អ.ស.ប៖ ភស្តុតាង​នៃ​ពលកម្ម​ដោយ​បង្ខំ​នៅ​តំបន់ Xinjiang និង​ទីបេ

រូបឯកសារ៖ អ្នកស្រុក​តម្រង់ជួរ​នៅ​ខាងក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ក្រុង Artux ក្នុង​តំបន់ Xinjiang ភាគខាងលិច​ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។ អ្នករិះគន់​និយាយ​ថា ប្រទេសចិន​ប្រើប្រាស់​មជ្ឈមណ្ឌល​ទាំងនេះ​មួយចំនួន​ជា​ជំរំឃុំឃាំង​សម្រាប់​ធ្វើ​ពលកម្ម​ដោយ​បង្ខំ។

ពលកម្ម​ដោយ​បង្ខំ​ក្នុង​ចំណោម​ក្រុម​ជន​អំបូរ Uyghur ក្រុម​ជន​អំបូរ Kazakh និង​ក្រុម​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត​កំពុង​កើត​ឡើង​នៅ​តំបន់ Xinjiang របស់​ប្រទេស​ចិន និង​តំបន់​ទីបេ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​ទម្រង់​ទាសភាព​សម័យ​ទំនើប​របស់​លោក Tomoya Obokata ដែល​ជា​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​។

យោង​តាម American Civil Liberties Union ប្រេសិត​ពិសេស​គឺ​ជា​«អ្នក​ជំនាញ​ឯករាជ្យ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ដែល​មាន​សមត្ថកិច្ច​តាមដាន ផ្តល់​យោបល់​និង​រាយការណ៍​ជា​សាធារណៈ»អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជាក់​លាក់​ណា​មួយ និង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​នៅ​ទូទាំង​ពិភពលោក។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា«ទម្រង់​សហសម័យ​នៃ​ទាសភាព​ដែល​ប៉ះពាល់​ដល់​បុគ្គល​ដែល​ជា​សមាជិក​របស់​សហគមន៍​ជនជាតិ​ភាគ​តិច សាសនា និង​ភាសា ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ ទី ១៣ ខែ​សីហា បាន​រក​ឃើញ​ករណី​ខ្លះ​នៃ​ពលកម្ម​ដោយ​បង្ខំ​នៅ​តំបន់ Xinjiang និង​ទីបេ​ដែល«អាចក្លាយ​ជា​ទាសភាព»។

របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា៖ «លើស​ពី​នេះ​ទៀត ដោយសារលក្ខណៈ​និង​វិសាលភាព​នៃ​អំណាច​ដែល​បាន​អនុវត្ត​លើ​កម្មករ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើពលកម្ម​ដោយ​បង្ខំ រួម​ទាំង​ការ​ឃ្លាំមើល​ហួសហេតុ ការ​រស់នៅ​ដោយ​រង​ការ​បំពាន​និង​លក្ខខណ្ឌ​ការងារ ការ​រឹតត្បិត​ចលនា​តាមរយៈ​ការ​ធ្វើ​ពលកម្ម ការ​គំរាមកំហែង អំពើ​ហិង្សា​លើ​រាង​កាយ​និង​ឬ​ផ្លូវ​ភេទ និង​ការ​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ ឬ​ព្រៃផ្សៃ​ដ​ទៃ​ទៀត។ ករណី​ខ្លះ​អាចក្លាយ​ជា​ទាសភាព​ដែលអាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​តម្រូវ​ឱ្យ​មាន​ការ​វិភាគ​ឯករាជ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត»។

យោង​តាម​របាយការណ៍​ដដែល​នេះ ប្រទេស​ចិន​បាន​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ដោយ​រដ្ឋ​ចំនួន​ពីរ ដើម្បី​ដាក់​មនុស្ស​ក្នុង​តំបន់​ឱ្យ​ទៅ​ធ្វើការ​ដោយ​បង្ខំ។ ពួកគេ​បាន​ដាក់​បញ្ចូល​ប្រព័ន្ធ​មួយ​តាមរយៈ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​«ជនជាតិ​ភាគ​តិច​ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ត្រូវ​ធ្វើការ» និង​វិធីសាស្រ្ត​មួយ​ក្នុង​«ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផ្ទេរ​កម្លាំង​ពលកម្ម» ដែល​ផ្ទេរ​កម្មករ​ច្រើន​លើសលប់​នៅ​តាម​ជនបទ«ចូល​ទៅ​ក្នុង​ការងារ​ផ្នែក​បន្ទាប់​បន្សំ»។

របាយការណ៍​នេះ​ក៏​បាន​កំណត់​ផង​ដែរ​នូវ​ប្រព័ន្ធ​ការងារ​ដោយ​បង្ខំ​ស្រដៀង​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​ទីបេ «ជា​កន្លែង​ដែល​មាន​គម្រោង​ផ្ទេរ​ការងារ​យ៉ាង​ទូលំទូលាយ​ដោយ​បាន​ផ្លាស់ប្តូរ​ភាគ​ច្រើន​មុខរបរ​ជា​កសិករ អ្នក​ចិញ្ចឹម​សត្វ និង​កម្មករ​នៅ​តាម​ជនបទ​ផ្សេង​ទៀត​ទៅ​ជា​ការងារ​ដែល​មាន​ជំនាញ​ទាប និង​ទទួល​បាន​ប្រាក់​ខែ​ទាប»។

ចិន​បាន​ពណ៌នា​កម្មវិធី​ទាំង​នេះ​ថា​ជា​មធ្យោបាយ​បង្កើត​ឱកាស​ការងារ​សម្រាប់​ជនជាតិ​ភាគ​តិច​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួកគេ។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា «ការ​ធ្វើ​ការងារ​ដោយ​មិន​ស្ម័គ្រ​ចិត្ត​ដែល​បង្ហាញ​ដោយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​មាន​វត្តមាន​នៅ​ក្នុង​ករណី​ជាច្រើន»នៅ​ក្នុង​តំបន់ Xinjiang និង​ទីបេ។

រូបឯកសារ៖ សមាជិក​ម្នាក់​នៃ​សមាគម Uyghur American ឈរ​នៅមុខ​សេតវិមាន​នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពី​ដើរចេញ​ពី​បរិវេណវិមាន​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​គាំទ្រ​សេចក្តីព្រាងច្បាប់​រារាំង​មិន​ឱ្យ​មាន​ការងារ​ដោយ​បង្ខំ​ទៅ​លើ​ក្រុម​ជន​អំបូរ Uyghur។ សេចក្តីព្រាង​ច្បាប់នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​ជា​ច្បាប់​នៅ​ចុង​ឆ្នាំ២០២១។

ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស និង​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ចិន​ចំពោះ​ការ​បង្ខិតបង្ខំ​កម្លាំង​ពលកម្ម​លើ​ក្រុម​អំបូរ​ជន Uyghur ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ កាល​ពី​ខែ​មិថុនា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​ច្បាប់​ការពារ​ពលកម្ម​ដោយ​បង្ខំ​លើ​ក្រុម​អំបូរ​ជន Uyghur ដោយ​ហាម​ឃាត់​ការ​នាំ​ចូល​ផលិតផល​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​ពី​តំបន់ Xinjiang។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ​ជា​យូរ​មក​ហើយ​នូវ​ការ​ចោទ​ប្រកាន់​លើការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​នៅ​តំបន់ Xinjiang ហើយ​បាន​និយាយ​ថា ការ​រៀប​ចំ​កម្លាំង​ពលកម្ម​នៅ​ក្នុង​តំបន់​គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​តែ​ប៉ុណ្ណោះ ហើយ​អ្នក​មក​ពី​ក្រុម​ជនជាតិ​ផ្សេងៗ​គ្នា​អាច​ជ្រើសរើស​ការងារ​របស់​ពួកគេ​បាន​ដោយ​សេរី។

ការឆ្លើយតបពីសហរដ្ឋអាមេរិក

គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សភា​ស្ដី​ពី​ប្រទេស​ចិន​បាន​ឱ្យ​ដឹង​នៅ​ក្នុង​ការ​បង្ហោះ​សារ​តាម Twitter ថា របាយការណ៍​នេះ​«កំណត់​អត្តសញ្ញាណ​ក្រុម​ជនជាតិ​ដែល​ត្រូវ​បាន​បង្ខិតបង្ខំ​កម្លាំង​ពលកម្ម ដែល​មាន​ក្រុម​អំបូរ​ Uyghur ក្រុម​ជន​អំបូរ​ Kazakh និង​ជនជាតិ​ផ្សេង​ទៀត​ថា​ជា​ទម្រង់​ទាសភាព​សហសម័យ និង​ជំរុញ​ឱ្យ​ប្រទេស​នានា​ឆ្លើយតប​នឹង​សកម្មភាព​នេះ​តាមរយៈ​ការ​រឹតត្បិត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ស្រដៀង​ទៅ​នឹង​ច្បាប់​ទប់ស្កាត់​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​លើ​ក្រុម​ជន​អំបូរ Uyghur»។

អង្គការ Uyghur Human Rights Project ហៅ​កាត់​ថា UHRP ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជំរុញ​ឱ្យ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍«វាយ​តម្លៃ និង​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​ជួយ​ដល់​ក្រុមជន​អំបូរ Uyghur និង Turkic ផ្សេងទៀត ដោយ​យោង​លើ​របាយការណ៍​របស់​អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​អះអាង​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ចិន​អាច​ចាត់​ទុកទាសភាព​ដែល​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ»។

នាយក​ប្រតិបត្តិ​អង្គការ​ UHRP លោក Omer Kanat បាន​និយាយ​ថា៖ «សំណុំ​រឿង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​នៅ​កម្រិត​អង្គការ​សហ​ប្រជាជាតិ​នៅ​តែ​បន្ត​ធ្វើ​ឡើង»។ លោក​ថ្លែង​ទៀត​ថា៖ «ឥឡូវ​នេះ វា​គួរ​តែ​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​ ក្នុង​ការ​មិន​អើពើ​នឹង​ភាព​សាហាវ​យង់ឃ្នង​នេះ»។

ការឆ្លើយតបពីប្រទេសចិន

កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Wang Wenbin បាន​រិះគន់​លោក Obokata ដោយ​និយាយ​ថា លោក«បំពាន​សមត្ថកិច្ច​របស់​លោក បំពាន​លើ​ក្រម​សីលធម៌​នៃ​នីតិវិធី​ពិសេស មួល​បង្កាច់ និង​ប្រមាថ»​ប្រទេស​ចិន។

រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Wang បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ថា «ប្រេសិត​ពិសេស​មួយ​ចំនួន​សុខ​ចិត្ត​ជឿ​លើ​ការ​ភូតភរ និង​ព័ត៌មាន​មិន​ពិត​អំពី​តំបន់ Xinjiang ដែលផ្សព្វផ្សាយ​ដោយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ផ្សេង​ទៀត និង​កង​កម្លាំង​ដែល​ប្រឆាំង​នឹង​ចិន»។ លោក​បាន​ថ្លែង​ទៀត​ថា៖ «មិន​ធ្លាប់​មាន​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​នៅ​ក្នុង​តំបន់ Xinjiang ទេ។ រដ្ឋាភិបាល​ចិន​ដើរ​តាម​ទស្សនវិជ្ជា​អភិវឌ្ឍន៍​ដែល​ផ្តោត​លើ​ប្រជាជន​ជា​ធំ ហើយ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​និយោជិត»។

កាល​ពី​ថ្ងៃ​ទី ១២ ខែសីហា នៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​ឡើង​នៅ​អង្គការ​ពលកម្ម​អន្តរជាតិ(ILO) ឯក​អគ្គ​រដ្ឋ​ទូត​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​សច្ចានុមតិ​លើ​អនុសញ្ញា​ជា​មូលដ្ឋាន​ចំនួន​ពីរ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តី​ពី​ពលកម្ម​ដោយ​បង្ខំ។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​សីហា លោក Wang បាន​និយាយ​ថា តំណាង​អចិន្ត្រៃយ៍​របស់​ប្រទេស​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ គឺ​លោក Chen Xu បាន​អនុម័ត​ច្បាប់​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តី​ពី​ពលកម្ម​ដោយ​បង្ខំ និង​ការ​លុប​បំបាត់​អនុសញ្ញា​ពលកម្ម​ដោយ​បង្ខំ​ដល់​អគ្គនាយក​របស់​អង្គការ​ពលកម្ម​អន្តរជាតិ លោក Guy Ryder ។

លោក Wang បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី ១៥ ខែ​សីហា​ថា «អនុសញ្ញា​ទាំង​នេះ​គឺ​ជា​ឧបករណ៍​ច្បាប់​អន្តរជាតិ​ដ៏​សំខាន់​បំផុត​សម្រាប់​លុប​បំបាត់​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ»។ លោក​បាន​ថ្លែង​ទៀត​ថា៖ «រដ្ឋាភិបាល​ចិន​តែងតែ​ប្រឆាំង​នឹង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ។ តាមរយៈ​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ទាំង​ពីរ​នៃ​កិច្ច​ព្រមព្រៀង​របស់​ខ្លួន រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នូវ​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន​លើ​ការប្រឆាំង​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ»៕

ប្រែសម្រួល​ដោយកញ្ញា អ៊ុន សុដាវី