សហ​រដ្ឋ​អាមេរិក​ត្រៀម​ចាត់វិធាន​ការ​យោធា​ជាមុន​ដើម្បី​បង្ការ​ការ​វាយ​ប្រហារ​

រូបឯកសារ៖ យោធាអាមេរិកត្រួតពិនិត្យស្ថានទូតអាមេរិកនៅក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

សហ​រដ្ឋ​អាមេរិក​បាន​ត្រៀម​ចាត់វិធាន​ការ​យោធា​ជាមុន​ដើម្បី​បង្ការ​ការ​វាយ​ប្រហារ​លើ​កងទ័ព​អាមេរិក​នាពេល​អនាគត ​ខណៈ​ក្រសួង​ការពារ​ជាតិ​នៅតែ​សង្កេត​ឃើញ​ថា ​អ៊ីរ៉ង់​និង​កង​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​អាច​នឹង​គ្រោង​ធ្វើ​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​កង​កម្លាំង​អាមេរិក​នៅ​មជ្ឈឹម​បូព៌ា។ ​នេះបើ​យោង​តាម​លោក​ Mark Esper ​រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.ដែល​បាន​និយាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍។ ​

លោក ​Esper ​បាន​និយាយ​ថា​ «យុទ្ធសាស្ត្រ​បាន​ផ្លាស់ប្តូរ​ ហើយ​យើង​បាន​ត្រៀម​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ការពារ​បុគ្គលិក​និង​ផល​ប្រយោជន៍​និង​ដៃគូ​របស់​យើង​នៅ​ក្នុង​តំបន់»។​

ក្រុម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រហែល​១២​ករណី​ទៅ​លើ​មូលដ្ឋាន​ទ័ព​នៅ​អ៊ីរ៉ាក់​ដែល​ជា​កន្លែង​កងទ័ព​អាមេរិក​និង​កងទ័ពអន្តរជាតិ​ក្នុង​ខែ​វិច្ឆិកា​និង​ខែ​ធ្នូ​ ​ក្នុង​នោះ​ការវាយ​ប្រហារ​មួយ​ត្រូវ​គេ​ចោទ​ថា ​ជាស្នាដៃ​របស់​ក្រុម ​Kataeb Hezbollah​ នៅ​តំបន់​ Kirkuk ​ដែល​បាន​សម្លាប់​អ្នក​ម៉ៅការ​អាមេរិក​ម្នាក់​និង​ធ្វើឲ្យ​ទាហាន​អាមេរិក​និង​អ៊ីរ៉ាក់ជា​ច្រើននាក់​រង​របួស។ ​

ការវាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​ នាពេល​ថ្មីៗ​នេះ​លើ​ក្រុម​ Kataeb Hezbollah ​បាន​នាំឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​រយៈ​ពេល​២​ថ្ងៃ​នៅឯ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​បាកដាដ។

ជីវពល​ និង​ក្រុម​អ្នកគាំទ្រ​របស់ពួក​គេ ​បាន​វាយ​ប្រហារ​ស្ថានទូត​អាមេរិក​កាល​ពីថ្ងៃ​អង្គារ​ដោយ​បាន​បំផ្លាញ​កន្លែង​ទទួលភ្ញៀវ​ ដោយ​ដុតភ្លើង​ជា​ច្រើន​និង​សរសេរ​ គូរ​រូប​ប្រឆាំងការវាយ​ប្រហារ​តាម​អាកាស​នោះ។ស្ថាន​ការណ៍​មាន​សភាព​ស្ងប់ស្ងាត់​នៅថ្ងៃ​ព្រហស្បតិ៍នេះ ​នៅ​ពេល​ក្រុម​យោធា​ប៉ារ៉ាម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បានចាក​ចេញ​ពី​តំបន់​នោះ។​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Mike Pompeo ​បាន​ចោទ​ប្រកាន់​មេដឹក​នាំ​របស់​ក្រុម​ Kataeb Hezbollah ​និង​អ្នក​ផ្សេង​ទៀត​ដែល​លោក​ហៅ​ថា​ជា​«ភេរវករ»​ ពីព្រោះ​ពួកគេ​ជា​អ្នក​បំផុស​ការវាយ​លុក​ស្ថានទូត​អាមេរិក​នៅ​ក្រុងបាកដាដ។​

ប្រតិបត្តិការ​ស្ថាន​កុង​ស៊ុល​ត្រូវផ្អាក​ហើយ​ក្រសួង​ការ​បរទេស​បាន​ព្រមាន​ពលរដ្ឋ​អាមេរិក​ឱ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​នោះ។ ​លោក ​Brian Hook ​អ្នក​តំណាង​ពិសេស​របស់​អាមេរិក​អំពី​បញ្ហា​អ៊ីរ៉ង់​បាន​ប្រាប់​ទូរទស្សន៍ ​CNN ​នៅ​ថ្ងៃពុធ​ថា​ «អ្នក​ការទូត​របស់​យើង​មាន​សុវត្ថិភាព ហើយ​ស្ថានទូត​ក៏អ៊ីចឹងដែរ»៕​