កិច្ច​ឈប់​បាញ់គ្នា​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ជិត​បរាជ័យ​ខណៈមាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុងក្រុង​ Debaltseve

ទាហាន​អ៊ុយក្រែន​សម្រាក​នៅ​លើ​យាន​យន្ត​របស់​ខ្លួន​នៅ​ក្បែរផ្លូវ​នៅ​ចន្លោះ​ទីក្រុង​ Debaltseve និង​ទីក្រុង​ Artemivsk ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

កិច្ច​ឈប់បាញ់គ្នា​មាន​រយៈពេលខ្លី​មួយ នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ហាក់​ដូច​ជា​ជិត​ទទួល​បរាជ័យ​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ពេល​ដែល​ពួក​ទាមទារ​បំបែក​រដ្ឋលម្អៀង​ទៅ​ខាងរុស្ស៊ី​និង​កងកម្លាំងរដ្ឋាភិបាល​ក្រុង​គាវ (Kyiv) បាន​បាញ់​កាំភ្លើង​ធំ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកនៅ​ក្នុង​ក្រុង​ Debaltseve ​ដែល​ជា​កន្លែង​ប្រសព្វ​ផ្លូវ​រទេះ​ភ្លើង​ដែល​នៅ​ទី​នោះ​ពួក​ឧទ្ទាម​បាន​ទ្បោមព័ទ្ធ​ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន។

ពួក​ទា​មទារ​បំបែក​រដ្ឋ​បានស្នើ​បើក​ឲ្យ​ពួក​យុទ្ធជន​របស់​រដ្ឋាភិបាល​ក្រុង​គាវ (Kyiv) ចាក​ចេញ​ពី​ទី​នោះ​ដោយ​សុខសាន្ត​ តែ​ពួក​គេ​ត្រូវ​ទម្លាក់​អាវុធពួក​គេជា​មុន​សិន។​លោក ​Vladislav Seleznyov ​អ្នក​នាំ​ពាក្យ​របស់​ក្រុម​យោធា​អ៊ុយក្រែន​បាន​និយាយ​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters ​ថា​លោក​ច្រាន​ចោល​សំណើ​នេះ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ តាម​រយៈកិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​ ក្រុង​នេះ​ឋិត​នៅ​ក្នុង​ដែនដី​អ៊ុយក្រែន។​

គ្មាន​ភាគី​ណាមួយ​បាននិយាយ​ថា​ ខ្លួន​ចង់ចាប់ផ្តើម​ដក​អាវុធ​ធុនធ្ងន់​ពីខ្សែ​បន្ទាត់​ជួរ​មុខ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ​ ដូចដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​នៅ​ក្នុង​កិច្ច​ឈប់​បាញ់​គ្នា​មួយ​ដែលត្រូវ​បាន​ចរចា​កាល​ពី​សប្តាហ៍​មុន​ដោយ​ក្រុម​មេដឹកនាំ​នៃប្រទេសអ៊ុយក្រែន​ រុស្ស៊ី​ បារាំង​និង​ប្រទេស​អាល្លឺម៉ង់។​

លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់​ Angela Merkel ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​តាម​កិច្ច​ព្រមព្រៀង​ឈប់បាញ់គ្នា។ ​ទោះ​យ៉ាង​ណា ​លោក​ស្រី​បាន​ទទួល​ស្គាល់​ថា​ ស្ថានការណ៍​មាន​ភាព​ផុយ​ស្រួយ​ ក៏​ប៉ុន្តែ​នេះ​ជាអ្វី​ដែលត្រូវ​បាន​រំពឹង​ថា​មាន​ ដោយ​លោកស្រី​យោង​ដល់​ស្ថានការណ៍នៅ​ក្នុង​ក្រុង Debaltseve៕