នៅថ្ងៃសៅរ៍នេះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែនរវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងក្រុមទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សី តែប៉ុន្មានម៉ោងនៅមុនពេលចេញការចេញជាធរមាននូវបទឈប់បាញ់គ្នាមួយ ដែលមានគោលដៅបញ្ឈប់ជម្លោះ។
បទឈប់បាញ់គ្នានេះមានកំណត់នឹងត្រូវអនុវត្តនៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍នេះដែលត្រូវនឹងម៉ោង១០យប់ម៉ោងសាកលនៅថ្ងៃសៅរ៍នេះ ក្នុងពេលបីបួនថ្ងៃក្រោយពីក្រុមមេដឹកនាំនៃប្រទេសអ៊ុយក្រែន រុស្សី បារាំងនិងអាល្លឺម៉ង់បានយល់ស្របគ្នាឲ្យមានការឈប់បាញ់គ្នានៅក្នុងរដ្ឋធានី Minsk នៃប្រទេសបេឡារុស។
គេរំពឹងថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នឹងប្រជុំគ្នាគ្រាមានអាសន្ននៅថ្ងៃអាទិត្យ ដើម្បីគាំទ្របទឈប់បាញ់គ្នានេះ។ក្រុមអ្នកការទូតអ.ស.ប.បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលមានប្រទេសជាសមាជិក១៥នឹងបោះឆ្នោតអំពីសេចក្តីសម្រេចចិត្តមួយ ដែលត្រូវបានព្រាងដោយប្រទេសរុស្សីក្នុងការអំពាវនាវដល់ភាគីទាំងអស់ឲ្យអនុវត្តកិច្ចព្រមព្រៀងនេះ។
កាលពីថ្ងៃសុក្រ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែននៅក្នុងតំបន់យុទ្ធសាស្ត្រសំខាន់មួយនៅជុំវិញក្រុង Debatseve។មានមនុស្សយ៉ាងតិចណាស់២៦នាក់បានស្លាប់ដោយមានរួមបញ្ចូលទាំងក្រុមទាហាននិងជនស៊ីវិលអ៊ុយក្រែនផងដែរ។
កាលពីថ្ងៃសុក្រស.រ.អា.បានចោទប្រកាន់ប្រទេសរុស្សីថា បានបញ្ជូនគ្រឿងអាវុធនិងប្រដាប់ប្រដាយោធាជាច្រើនទៅឲ្យក្រុមយុទ្ធជនលម្អៀងទៅខាងរុស្សីក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
ប្រទេសរុស្សីបានបដិសេធថា ខ្លួនមិនបានបញ្ជូនក្រុមទាហាន ឬគ្រឿងអាវុធឆ្លងកាត់ព្រំដែនទៅជួយក្នុងការប្រយុទ្ធនោះទេ ដែលបានបណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់៥.៤០០នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសចាប់តាំងពីពេលដែលក្រុមទាមទារបំបែករដ្ឋបានធ្វើការបះបោរកាលពី១០ខែកន្លងទៅនេះ៕