ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ឧទ្ទាម​នៅ​អ៊ុយក្រែន​រារាំង​ក្រុម​អ្នក​ឃ្លាំមើល​អឺរ៉ុប​មិន​ឲ្យ​ចូល​ក្រុង​ Debaltseve


សមាជិក​ក្រុម​ប្រដាប់​អាវុធ​របស់​ប្រទេស​អ៊ុយក្រែន​ ត្រូវ​បាន​ឃើញ​មិន​ឆ្ងាយ​ពី​ក្រុង​ Debaltseve ភាគ​ខាងកើត​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។
សមាជិក​ក្រុម​ប្រដាប់​អាវុធ​របស់​ប្រទេស​អ៊ុយក្រែន​ ត្រូវ​បាន​ឃើញ​មិន​ឆ្ងាយ​ពី​ក្រុង​ Debaltseve ភាគ​ខាងកើត​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។

កាលពី​ថ្ងៃ​អាទិត្យ​ ក្រុម​ទាមទារ​បំបែក​រដ្ឋលម្អៀងទៅ​ខាងរុស្សី​បាន​រារាំង​ក្រុម​អ្នកឃ្លាំ​មើល​របស់​អឺរ៉ុប​មិន​ឲ្យ​ទៅ​កាន់​ក្រុង​ Debaltseve នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន នៅ​ពេល​មាន​ការ​ប្រយុទ្ធគ្នា​នៅ​តែ​បន្ត​តាម​កន្លែងប្រសព្វផ្លូវ​រទេះ​ភ្លើង ​ទោះបី​ជា​មាន​បទ​ឈប់បាញ់​គ្នា​ថ្មី​មួយបាន​ត្រូវគោរព​ដោយ​ភាគ​ច្រើន​នៅទូទាំង​តំបន់​នោះ​ក៏​ដោយ។​

អង្គការសម្រាប់សន្តិសុខនិងកិច្ច​សហប្រតិបត្តិការ​ក្នុង​ទ្វីបអឺរ៉ុបបាន​និយាយថា​បទ​ឈប់បាញ់​គ្នា​ដែល​បាន​ចាប់ផ្តើ​ម​កាល​ពី​ពាក់កណ្តាល​អធ្រាត្រ​តាមពេល​វេលា​ក្នុង​មូលដ្ឋាន​បាន​ធ្វើ​ឲ្យ​ស្ងាត់​ដោយ​ភាគច្រើន​នៃការបាញ់​ផ្តក់​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន​ ក៏​ប៉ុន្តែ​នៅ​មាន​ការ​បាញ់គ្នា​នៅ​ក្នុង​ក្រុង Debaltseve ដែល​ជា​កន្លែង​ភ្ជាប់​ផ្លូវ​រទេះភ្លើង​រវាង​ក្រុង Luhansk និង​ក្រុង​ Donetsk ដែលកាន់កាប់​ដោយ​ក្រុម​ឧទ្ទាម។​

ក្រុមឧទ្ទាម​បាន​អះអាង​ថា​ ការ​ឈប់បាញ់​គ្នា​មិនត្រូវ​អនុវត្ត​សម្រាប់​ក្រុង​ Debaltseve ទេ ដែល​នៅ​ទី​នោះ​ក្រុម​ទាមទារ​បំបែក​រដ្ឋ​បាន​ព្យាយាម​ទ្បោមព័ទ្ធកងកម្លាំង​រដ្ឋាភិបាល​ក្រុង​ Kyiv ក្នុង​រយៈពេលតែប៉ុន្មាន​ម៉ោង​មុន​ពេល​មាន​បទឈប់បាញ់​គ្នា។

លោក Andriy Lysenko អ្នកនាំ​ពាក្យ​យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​ ក្រុម​ទាមទារ​បំបែក​រដ្ឋ​បាន​បាញ់ផ្តក់​លើ​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​ Kyiv ១០ដង​ក្នុង​រយៈពេលប៉ុន្មា​នម៉ោង បន្ទាប់​ពីការ​ចាប់ផ្តើម​បទឈប់បាញ់​គ្នាដែល​បានត្រូវធ្វើការ​ចរចា​គ្នា​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋធានី​ Minsk នៃប្រទេសបេឡារុស។​

ក៏​ប៉ុន្តែ​លោក​បាននិយាយ​ថាជាទូទៅ មាន «សញ្ញា​នៃស្ថេរភាព» ក្នុង​ប៉ែក​ខាង​កើត​នៃប្រទេស​អ៊ុយក្រែន។​

អ្នកស្រុក​ក្រុង​ Luhansk ឈ្មោះ Lubov Mersalova បាន​និយាយ​ថា «យើងមានជំនឿ​លើ​សន្តិភាព​ ហើយ​សង្ឃឹម​ថា​នឹង​គ្មាន​សង្គ្រាម​ទៀត​ទេ។​ខ្ញុំសង្ឃឹម​ថា​នឹង​មាន​ភាព​ស្ងប់ស្ងៀម​ ប្រជាជន​នឹង​អាច​ដើរតាមផ្លូវ ពលរដ្ឋ​នឹង​វិល​ត្រទ្បប់​មក​វិញ​ហើយ​ក្រុង​នេះ​នឹង​មានជីវភាព​ធម្មតា​ទ្បើងវិញ​ ហើយ​អ្វី​ៗ ទាំងអស់​នឹង​ល្អ​ប្រសើរ​ឡើង»៕

XS
SM
MD
LG