នៅក្នុងរោងជាងតូចមួយដែលពោរពេញទៅដោយធូលីស្ថិតនៅតាមដងផ្លូវស្ងាត់មួយនៃទីក្រុង Loikaw បុរសបីនាក់កំពុងមមាញឹករៀបចំសំបកប្លាស្ទិចនិងបន្ទះឈើ។ ពួកគេកំពុងធ្វើជើងសិប្បនិម្មិតសម្រាប់ជនរងគ្រោះដោយគ្រោះថ្នាក់ដែលមើលមិនឃើញប៉ុន្តែនៅតែបន្តកើតមាននៅក្នុងរដ្ឋ Karenni។ នោះគឺគ្រោះថ្នាក់ដោយសារគ្រាប់មីន។
ដូចនៅតំបន់ជនជាតិភាគតិចជាច្រើនទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ រដ្ឋដាច់ស្រយាលដែលនៅភាគអាគ្នេយ៍ដ៏ក្រីក្រមួយនេះ ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះជាតិពន្ធរាប់ទសវត្សរ៍មកហើយ ហើយតំបន់ជនបទជាច្រើននៃរដ្ឋនេះមានពោរពេញទៅដោយគ្រាប់មីនកប់ក្នុងដីក្នុងកម្រិតខ្ពស់បំផុតក្នុងប្រទេសនេះ។
បុរសទាំងអស់នៅរោងជាងនោះដឹងពីផលប៉ះពាល់ដោយសារគ្រាប់មីនកប់ក្នុងដីយ៉ាងច្បាស់។ ពួកគាត់ទាំងបីនាក់នោះគឺជាអតីតយុទ្ធជន ជនជាតិភាគតិចអំបូរ Karenni (Kayah) ដែលពិការជើងដោយសារគ្រាប់មីន។ លោក Kyan Win អាយុ៤០ឆ្នាំ គឺជាអ្នកដឹកនាំកិច្ចការនៅក្នុងរោងជាងនេះ។ លោកបានរៀបរាប់អំពីឧប្បត្តិហេតុដែលធ្វើអោយលោកពិការនោះថា៖
«នៅខែមិថុនាឆ្នាំ២០០៣ យើងបានដើរក្បួនតាមព្រៃនិងទន្លេ ក្នុងជួរកងទ័ព KNPLF ដើម្បីទៅប្រមូលអ្នកភូមិ ហើយខ្ញុំក៏ដើរជាន់មីន។ គឺវាវេទនាណាស់»។ លោកបាននិយាយដូច្នេះ ដោយប្រើអក្សរកាត់នៃឈ្មោះរបស់ក្រុមឧទ្ទាមរណសិរ្សរំដោះប្រជាជន Karni ដែលបានប្រែក្លាយទៅជាក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាលនៅក្នុងឆ្នាំ១៩៩៤។
លោក Kyaw Win ត្រូវបានគេយកទៅក្រុង Loikaw និងក្រោយមកត្រូវបានបញ្ជូនបន្តទៅគ្លីនិក Mae Tao ក្នុងក្រុង Mae Sot នៅឯព្រំដែនថៃ ដែលគ្លីនិកនោះព្យាបាលប្រជាជនសហគមន៍ដែលហែកហួរដោយសង្គ្រាមនៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់ពីជាសះស្បើយពីការវះកាត់ជើងរបស់គាត់ គ្លីនិកនេះបានបណ្តុះបណ្តាលឲ្យគាត់ចេះនូវជំនាញធ្វើអវយវៈសិប្បនិម្មិត ហើយគាត់ក៏បានត្រឡប់មកបង្កើតរោងជាងគាំទ្រដោយក្រុម KNPLF ក្នុងឆ្នាំ ២០០៧។ ចាប់តាំងពីពេលនោះមក រោងជាងនេះបានផ្តល់អវយវៈសិប្បនិម្មិតដល់មនុស្សចំនួន ៧៥០នាក់ ដែលភាគច្រើនគឺជាជនស៊ីវិលរងគ្រោះដោយសារគ្រាប់មីន។
លោក Kyan Win បាននិយាយអំពីទឹកចិត្តរបស់លោកថា៖ «ខ្ញុំចង់តស៊ូដើម្បីជីវិតថ្មីមួយនៅពេលដែលចិត្តគំនិតរបស់ខ្ញុំនៅខ្លាំងនៅឡើយ។ ជនរងគ្រោះទាំងនោះគឺជាអ្នកភូមិក្រីក្រដែលទៅនេសាទ និងធ្វើកសិកម្មនៅក្នុងតំបន់របស់ពួកគេ ហើយក៏បានជាន់គ្រាប់មីនទាំងនោះទៅ។ ពួកគេត្រូវការជំនួយ»។
ប៉ុន្តែលោកបានបន្ថែមថា ក្នុងពេលថ្មីៗនេះ រោងជាងរបស់លោកកំពុងជួបប្រទះការខ្វះខាតការផ្គត់ផ្គង់មូលនិធិ។
ពោរពេញទៅដោយមីន
មីយ៉ាន់ម៉ាគឺជាប្រទេសដែលមានអត្រារងគ្រោះដោយសារគ្រាប់មីនខ្ពស់ជាងគេចំណាត់ថ្នាក់ទីបីទូទាំងពិភពលោក បន្ទាប់ពីប្រទេសកូឡុំប៊ី និងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោតាមមជ្ឈមណ្ឌលឃ្លាំមើលគ្រាប់មីនកប់ក្នុងដីនិងគ្រឿងផ្ទុះចង្កោម (Landmine and Cluster Munition Monitor)។ មជ្ឈមណ្ឌលនេះនិយាយថា ខ្លួនបានធ្វើការតាមដាន និងកត់ត្រានូវករណីរងគ្រោះចំនួន៣៧៤៥នាក់ ដែលក្នុងនោះមាន៣៩៦នាក់បានស្លាប់ ចន្លោះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៤។ ដោយសារប្រទេសមីយ៉ាន់ម៉ាមិនមានតួលេខផ្លូវការអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីននោះ ក្រុមនេះបាននិយាយថា៖ «ចំនួននេះត្រូវបានគេជឿថា ជាការកត់ត្រាចំនួនតូចមួយនៃតួលេខពិតប្រាកដប៉ុណ្ណោះ»។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលឃ្លាំមើលគ្រាប់មីនគប់ក្នុងដីនិងគ្រឿងផ្ទុះចង្កោម ដែលចេញផ្សាយចុងក្រោយកាលពីខែវិច្ឆកាឆ្នាំ២០១៥ គ្រាន់តែនៅក្នុងឆ្នាំ២០១៤ មានអ្នករងរបួស២៥១នាក់ ហើយនៅក្នុងនោះមាន៤៥នាក់បានស្លាប់។ នៅក្នុងឆ្នាំ២០១៣ មានគ្រោះថ្នាក់ចំនួន១៤៥ករណី។ ដោយមិនមានទិន្នន័យច្បាស់លាស់ ក្រុមនេះក៏បានផ្អាកធ្វើការវែកញែកលើនិន្នាការ ប៉ុន្តែបាននិយាយថា ការប្រើប្រាស់អវុធបែបនេះនៅតែបន្តកើនឡើងឥតស្រាកស្រាន្ត។
បើប្រៀបធៀបទៅនឹងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៤ មានការស្លាប់ និងរបួសដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះចំនួន១៥៧ករណី នេះបើយោងតាមអាជ្ញាធរកម្ចាត់មីនកម្ពុជា។
លោក Yeshua Moser-Puanguswan អ្នកស្រាវជ្រាវជនជាតិមីយ៉ាន់ម៉ានៃមជ្ឈមណ្ឌលគ្រាប់មីននិងគ្រឿងផ្ទុះចង្កោម បាននិយាយថា៖ «សង្គ្រាមដោយប្រើគ្រាប់មីនត្រូវបានគេចាត់ទុកថា ជាជម្លោះប្រដាប់អាវុធមួយប្រភេទក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមិនមានការផ្លាស់ប្តូរ»។
យោងតាមមជ្ឈមណ្ឌលដដែលនេះ ប្រទេសនេះមិនបានចុះហត្ថលេខាលើសន្ធិសញ្ញា Ottawa ដែលហាមឃាត់ការប្រើប្រាស់គ្រាប់មីនទេ នៅឆ្នាំ ១៩៩៧ ហើយនៅក្នុងឆ្នាំ២០១៤ ប្រទេសមីយ៉ាន់ម៉ា ស៊ីរី និងប្រទេសកូរ៉េខាងជើង គឺជាប្រទេសដែល «ត្រូវបានគេបញ្ជាក់ថាមានការប្រើប្រាស់គ្រាប់មីនសាជាថ្មី»។
កងយោធាត្រូវបានគេសង្ស័យថា បានដាក់ពង្រាយគ្រាប់មីនប្រឆាំងនឹងមនុស្សដែលត្រូវបានផលិតនៅក្នុងរោងចក្រអាវុធរបស់ខ្លួន ខណៈពេលដែលក្រុមឧទ្ទាមជនជាតិភាគតិចប្រើប្រាស់គ្រាប់មីនផលិតនៅបរទេសនិងមីនច្នៃជាអាវុធការពារខ្លួន ដើម្បីការពារពួកគេពីការលុកលុយរាតត្បាតរបស់សត្រូវ។
តំបន់ Bago ក៏ដូចជារដ្ឋ Kerenni និងរដ្ឋ Karen នៅភាគអាគ្នេយ៍នៅតែជាតំបន់ដែលមានគ្រាប់មីនយ៉ាងច្រើន និងមានឧប្បត្តិហេតុផ្ទុះមីនញឹកញាប់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបើយោងតាមមជ្ឈមណ្ឌលឃ្លាំមើលគ្រាប់មីននិងគ្រឿងផ្ទុះចង្កោម រដ្ឋ Kachin និងរដ្ឋ Shan នៅភាគខាងជើងគឺជារដ្ឋបន្ទាប់ដែលមានគ្រាប់មីនច្រើននិងមានគ្រោះថ្នាក់ជាញឹកញាប់។
បទឈប់បាញ់គ្នាដែលផ្តួចផ្តើមដោយរដ្ឋាភិបាលមុន ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ បាននាំឲ្យជម្លោះមានការធ្លាក់ចុះនៅភាគអាគ្នេយ៍ ហើយបាននាំឱ្យមាន«បទឈប់បាញ់គ្នាជាមួយក្រុមឧទ្ទាមចំនួនប្រាំបីក្រុមនៅទូទាំងប្រទេស នៅខែកញ្ញាឆ្នាំ ២០១៥» ប៉ុន្តែមានការរីកចម្រើនតិចតួចប៉ុណ្ណោះលើបញ្ហាគ្រាប់មីន។
នៅភាគខាងជើង ការប្រយុទ្ធគ្នាជាមួយកងទ័ពទាមទារឯករាជ្យ Kachin និងក្រុមដ៏ទៃទៀតកាន់តែអាក្រក់ឡើងៗ ហើយការប្រើប្រាស់គ្រាប់មីននិងការបាត់បង់ទីលំនៅរបស់ជនស៊ីវិលក៏កាន់តែអាក្រក់ដូចគ្នាដែរ។
ជំនួយអន្ដរជាតិ
សហគមន៍អន្តរជាតិមានភាពរហ័សរហួនក្នុងការកោតសរសើរការចរចាឈប់បាញ់គ្នារបស់រដ្ឋាភិបាល ហើយនៅឆ្នាំ២០១៣ សហភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន៣,៥ លានអឺរ៉ូ ស្មើរនឹង៤,៦ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនមីយ៉ាន់ម៉ា (Myanmar Mine Action Center) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដូចជាអង្គការ MAG អង្គការ Halo Trust និងអង្គការផ្តល់ជំនួយប្រជាជនន័រវែស (Norwegian People's Aid) បានមកដល់ប្រទេសនេះ ដោយចង់ជួយលើការធ្វើផែនទីនិងដោះមីន ការផ្តល់ជំនួយដល់ជនរងគ្រោះ និងការលើកកម្ពស់ការយល់ដឹងសាធារណៈ ដែលការងារទាំងអស់នេះត្រូវបានហាមឃាត់ដោយអតីតរបបយោធាភូមា។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលនិងពួកយោធាបានបរាជ័យក្នុងការផ្តល់អំណាចឲ្យអន្ដរជាតិបោសសម្អាតមីន និងគូសផែនទី ដោយនិយាយថា ការចរចាលើបទឈប់បាញ់គ្នាគួរតែត្រូវបានបញ្ចប់ជាមុនសិន។ បទឈប់បាញ់គ្នាទូទាំងប្រទេសឆ្នាំ២០១៥ បានធ្វើការប្តេជ្ញាកម្ចាត់មីន «ដោយអនុលោមតាមការរីកចម្រើននៃដំណើរការសន្តិភាព» ប៉ុន្តែចាប់តាំងពីការចុះហត្ថលេខានោះមក នៅពុំទាន់មានការអនុញ្ញាតឲ្យបោសសម្អាតមីននៅឡើយទេ។
លោក Bjarne Ussing អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការជំនួយព្រះវិហារដាណឺម៉ាកផ្នែកសកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ (DanChurchAid Humanitarian Mine Action) ដែលធ្វើការនៅភាគអាគេ្នយ៍នៃប្រទេសមីយ៉ាន់ម៉ាបាននិយាយថា៖ «មជ្ឈមណ្ឌលកម្ចាត់មីនបានបរាជ័យទាំងស្រុង។ មជ្ឈមណ្ឌលនេះមិនមាននោះទេ។ ចំណែកមួយនៃប្រាក់ជំនួយរបស់សហភាពអឺរ៉ុបត្រូវបានប្រើសម្រាប់ការបណ្តុះបណ្តាលនិងទិញរថយន្តមួយចំនួន ក៏ដូចជាការស្ទង់មតិតូចមួយ»។
លោកបានកត់សម្គាល់ថា បទឈប់បាញ់នៅលើក្រដាសអំពីការដោះមីន «ត្រូវបានសរសេរដោយប្រើពាក្យពេចន៍ទូលំទូលាយមិនច្បាស់លាស់។ យើងនឹងរង់ចាំមើលថាតើវាមានន័យយ៉ាងដូចម្តេច»។
លោកបន្ថែមថា ការដែលមិនមានការរីកចម្រើនលើការកម្ចាត់មីន បានគំរាមកំហែងដល់ផែនការរបស់មីយ៉ាន់ម៉ា និងថៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនចំនួន១៥០.០០០នាក់នៅតំបន់ភាគអាគ្នេយ៍ដែលគ្រោងនឹងធ្វើឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
រដ្ឋាភិបាលថ្មីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy)នឹងចាប់ផ្តើមដំណើរការបទឈប់បាញ់គ្នាឡើងវិញ ប៉ុន្តែបញ្ហាសន្តិសុខនៅតែស្ថិតនៅក្រោមសមត្ថកិច្ចរបស់ពួកយោធាដ៏មានឥទ្ធិពលដដែល។
ទោះយ៉ាងណា លោក Melissa Andersson នាយកប្រចាំប្រទេសមីយ៉ាន់ម៉ារបស់អង្គការជំនួយរបស់ប្រជាជនន័រវែស (Norwegian People's Aid) នៅតែមានសង្ឃឹមថា ការបោះជំហានទៅមុខនឹងកើតមាននៅទីបំផុត។
លោកមានប្រសាសន៍ថា៖ «វានៅតែអាចធ្វើបាន តាមរយៈការចាប់ផ្តើមបោសសម្អាតនៅតំបន់មួយចំនួនដែលមិនសូវមានលក្ខណៈរសើបផ្នែកយុទ្ធសាស្រ្ត»៕
ប្រែសម្រួលដោយ ផន បុប្ផា