កាលពីថ្ងៃច័ន្ទម្សិលមិញ សមាជិកគណបក្សប្រជាធិបតេយ្យបានស្នើឲ្យមានការកែទម្រង់ទ្រង់ទ្រាយធំលើច្បាប់ប៉ូលិសរបស់សហរដ្ឋអាមេរិកក្នុងពេលរាប់ទសវត្សរ៍កន្លងមកនេះ។ ករណីនេះបានបង្កឲ្យមានការប្រទាំងប្រទើសជាមួយនឹងលោកប្រធានាធិបតី Donald Trump ដែលទាមទារឲ្យមានការអនុវត្តច្បាប់តឹងតែង។
សមាជិករដ្ឋសភាអ្នកស្រី Karen Bass ដែលជាអ្នកស្នើមួយរូបនៃសំណើច្បាប់កំណែទម្រង់ប៉ូលិសនេះ បានប្រាប់អ្នកកាសែតថា៖ «ពិភពលោកកំពុងតែមើលឃើញនូវចលនាថ្មីនៅក្នុងសហរដ្ឋអាមេរិក។ មនុស្សដើរក្បួនតវ៉ាដើម្បីទាមទារមិនត្រឹមតែឲ្យមានការផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឲ្យមានការផ្លាស់ប្ដូរខ្លាំងក្លាដើម្បីបញ្ចប់អំពើហិង្សារបស់ប៉ូលិស បញ្ចប់ការសង្ស័យដែលរើសអើងជាតិសាសន៍ និងបញ្ចប់នូវដំណើរការដែលច្រានចោលសិទ្ធិរបស់ពលរដ្ឋអាមេរិកាំងក្នុងការមានលទ្ធភាពប្ដឹង នៅពេលដែលពួកគេត្រូវបានប៉ូលិសធ្វើឲ្យរបួស»។
បន្ទាប់ពីលោក George Floyd ដែលជាបុរសស្បែកខ្មៅវ័យ ៤៦ ឆ្នាំ បានស្លាប់នៅពេលស្ថិតក្នុងសមត្ថកិច្ចរបស់ប៉ូលិសនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពី ២ សប្ដាហ៍មុនមក សមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា និងព្រឹទ្ធសភា មានបំណងពង្រីកការទទួលខុសត្រូវរបស់ប៉ូលិស តាមដានមន្ត្រីប៉ូលិស «ដែលមានបញ្ហា» តាមរយៈ «ការកត់ត្រាទង្វើមិនត្រឹមត្រូវរបស់ប៉ូលិសនៅទូទាំងប្រទេស» និងមានបំណងបញ្ចប់នូវការអនុវត្តនៃការបញ្ជូនឧបករណ៍យោធាទៅឲ្យនាយកដ្ឋានប៉ូលិសនៅទូទាំងប្រទេស។
គណបក្សប្រជាធិបតេយ្យគ្រោងនឹងប្រជុំពិភាក្សាអំពីសំណើច្បាប់នេះចាប់ផ្ដើមពីថ្ងៃពុធស្អែកនេះទៅនៅក្នុងរដ្ឋសភា ហើយសង្ឃឹមថានឹងអនុម័តលើសំណើច្បាប់ «យុត្តិធម៌នៃទង្វើរបស់ប៉ូលិសឆ្នាំ ២០២០» នេះ នៅត្រឹមចុងខែនេះ។ បន្ទាប់មក សំណើច្បាប់នេះនឹងត្រូវឆ្លងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ៕