ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ក្រុង Tacoma ទាម​ទារ​ឲ្យ​ចាប់​ខ្លួន​ប៉ូលិស​៤នាក់​ក្រោយ​បុរស​ម្នាក់​ស្លាប់​ក្នុង​សមត្ថកិច្ច​ខ្លួន


នៅក្នុងបាតុកម្មនៅថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្រ្តី​ម្នាក់​នេះ កាន់​ស្លាក​សញ្ញា​ដែល​សរសេរ​ថា «ខ្ញុំ មិន​អាច​ដក​ដង្ហើម​បាន​ទេ» ដែល​នោះ​ជា​ឃា្ល​ដែល​លោក George Floyd បាន​និយាយ​មុន​ពេល​លោក​ស្លាប់។ (AP)
នៅក្នុងបាតុកម្មនៅថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២០ ក្បែរ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ស្រ្តី​ម្នាក់​នេះ កាន់​ស្លាក​សញ្ញា​ដែល​សរសេរ​ថា «ខ្ញុំ មិន​អាច​ដក​ដង្ហើម​បាន​ទេ» ដែល​នោះ​ជា​ឃា្ល​ដែល​លោក George Floyd បាន​និយាយ​មុន​ពេល​លោក​ស្លាប់។ (AP)

បើ​តាម​របាយការណ៍​កោសល្យវិច្ច័យ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ​ទី​៣​ខែ​មិថុនា ​បង្ហាញ​ថា ការ​ស្លាប់​របស់​បុរស​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដែល​បាន​ស្រែក​ថា​ «ខ្ញុំដក​ដង្ហើម​មិន​រួច​ទេ» នៅ​ក្នុង​ពេល​ចាប់​ខ្លួន​ដោយ​ប៉ូលិស​ក្នុងទីក្រុង Tacoma រដ្ឋWashington ត្រូវ​បាន​កំណត់​ថា​ជា​ករណី​ឃាត​កម្ម។ ចាប់​ពី​ពេល​នោះ​មក​អភិបាល​ក្រុង​ Tacoma បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ប៉ូលិស​បួននាក់ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ។

អ្នកស្រី Victoria Woodards អភិបាល​ក្រុង Tacoma បានឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​វីដេអូ​មួយកាល​ពី​យប់​ថ្ងៃ​ទី​៤​ខែ​មិថុនាថា៖ «មន្ត្រី​ប៉ូលិស​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ​គួរ​តែ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ និង​កាត់​ទោស​តាម​ច្បាប់។ ខ្ញុំ​សូម​ទាម​ទារ​នៅ​ក្នុង​យប់​នេះ ឲ្យ​មេប៉ូលិស​ប្រចាំ​ស្រុក Pierce County ត្រួត​ពិនិត្យ​ និង​បញ្ជាក់​ឡើង​វិញ ពីរាល់​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​ដោយមន្ត្រី​ប៉ូលិស [ដែល​ពាក់​ព័ន្ធ] គ្រប់​រូប។ ខ្ញុំសូម​ទាម​ទារ​ឲ្យមេប៉ូលិស​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​សកម្មភាព​របស់​ប៉ូលិសទាំងបួន​នាក់​ ​នៅ​កន្លែង​កើត​ហេតុ ហើយ​ខ្ញុំ​សូម​បញ្ជា​ឲ្យ​ប្រធាន​រដ្ឋបាល​ទីក្រុងបណ្ដេញ​ប៉ូលិស​ដែល​ពាក់ព័ន្ធ​ចេញ​ពី​ការងារ»។​

លោក Manuel Ellis បាន​ស្លាប់​ទាំង​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ ក្នុងអំឡុង​លោក​ពេល​ប៉ូលិសឃាត់​ខ្លួន​លោក​ក្រាប​នឹងដី បន្ទាប់​ពីមន្ត្រី​ប៉ូលិស​ថា​ពួក​គេ​បានឃើញ​លោក លោក Ellis ព្យាយាម​ចូល​ទៅក្នុង​រថយន្ត​ដែល​មាន​មនុស្ស​បើក កាល​ពី​ថ្ងៃ​ទី​៣ ខែមីនា​កន្លងទៅ នេះ​បើ​តាមរបាយការណ៍​របស់​នាយកដ្ឋាន​ប៉ូលិស​ក្រុង​។

ការិយាល័យ​កោសល្យវិច្ច័យ​ប្រចាំ​សង្កាត់ Pierce បាន​កំណត់​ថា លោក Ellis ត្រូវ​បាន​ស្លាប់​ដោយ​ការ​ស្ទះ​ដង្ហើម ដែលបណ្ដាលមក​ពីខ្វះ​អ៊ុកស៊ីហ្សែន​ នៅ​ពេល​រងការ​រឹត​សង្កត់​រាង​កាយ។ កត្តា​គួបផ្សំ​ផ្សេង​ៗ​ទៀត​អាច​ជា ការ​ស្រវឹងថ្នាំ​ញៀន​មេតំហ្វេតាមីន និងជំងឺ​បេះដូង។ ទោះបី​ជារបាយការណ៍​កំណត់​ថា​ការ​ស្លាប់​របស់​លោក Ellis ជា​ករណីមនុស្សឃាត​ក្តី​ ក៏​ការណ៍​នេះ​មិន​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​(បទ​ល្មើល)​ព្រហ្មទណ្ឌដោយ​ស្វ័យប្រវត្តិ​នោះទេ។​

វីដេអូ​ថត​ដោយ​ទូរស័ព្ទ​អំពី​ការ​ចាប់​ខ្លួន​ដោយ​ហិង្សា​នេះ​ត្រូវបាន​លេច​ធ្លាយ កាល​ពី​យប់​ថ្ងៃ​ទី​៤​ខែ​មិថុនា និង​បង្ហាញ​ថា​ប៉ូលិស​បាន​ដាល់​ និង​ចាប់​ខ្លួន​លោក Ellis យ៉ាង​កំរោល។ នៅ​ពេល​មួយ​នោះ គេ​ឃើញ​ប៉ូលិស​ម្នាក់​នៅ​ពី​លើ​គាត់ ហើយ​ប្រាប់​គាត់ថា៖ «ដាក់​ដៃ​មក​ក្រោយ​ខ្នង​»។

អភិបាល​ក្រុង​ Tacomaអ្នកស្រី​ Woodards បាន​និយាយ​ថា​ វីដេអូ​បាន​គ្រាន់​តែបញ្ជាក់​ពី​អ្វី​ដែលរបាយការណ៍កោសល្យវិច្ច័យ​បាន​បង្ហាញ​រួច​ទៅ​ហើយ។
អ្នកស្រី Woodards និយាយ​ថា៖ «យប់​នេះ [គ្រួសារ​លោក Ellis ​] បាន​សួរ​ថា៖ «ហេតុ​អ្វី​បានជាសាធារណជន​តែង​តែ​ត្រូវ​ការ​ឃើញវីដេអូ ទើប​ជឿ​ថា ជីវិត​របស់​ពល​រដ្ឋអាមេរិកាំង​ដើម្បី​កំណើត​អាហ្រ្វិក​ម្នាក់​ត្រូវ​បានគេ​សម្លាប់​យ៉ាង​អយុត្តិធម៌? ក្នុង​នាម​ជា​ស្រ្តី​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​មួយ​រូប «ខ្ញុំ​មិន​ត្រូវ​ការ​វីដេអូ​ដើម្បី​ជឿ​នោះ​ទេ។ ពេលខ្ញុំ​មើល​វីដេអូ​នោះ ខ្ញុំ​កាន់​តែខឹង និងកាន់​តែ​ខក​ចិត្ត»។​

ហេតុការណ៍​នេះ​កើត​ឡើង​ចំ(អំឡុង)ពេល​ដែល​មានការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​ ដែល​បណ្ដាល​មក​ពី​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មួយ​រូប​ទៀត​គឺលោក George Floyd ក្រោយ​ពេល​ដែលប៉ូលិស​ស្បែក​ស​ម្នាក់​នៅ​ក្នុង​ទីក្រុង Minneapolis យក​ជង្គង់​សង្កត់​ក​លោក ជិត​ប្រាំបួន​នាទី។ ការ​ស្លាប់​របស់​លោក Ellis ​បាន​ក្លាយ​ទៅ​ជា​ចំណុច​ពិភាក្សា​មួយមួយទៀត ​សម្រាប់​ការ​សន្ទនា​ថ្នាក់​ជាតិ​អំពី​ការ​ប្រព្រឹត្ត​របស់​ប៉ូលិស​ទៅ​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្រ្វិក។

អ្នកស្រី Woodards ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា​នោះ​ថា៖ «ប្រឈម​មុខ​នឹង​ការ​រើស​អើង​ដ៏​យូរ​អង្វែង​មក​ហើយ និង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​កើត​ឡើង​ថ្មីៗ​នេះ យើង​មាន​ការ​រន្ធត់យ៉ាង​ខ្លាំង​ដែល​មរណភាព​របស់​លោក Manuel Ellis បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ កិច្ចសន្ទនា​ថ្នាក់​ជាតិ»។

​លោក Ellis និងលោក Floyd បាន​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ចាប់​ខ្លួន​ក្នុង​កាលៈទេសៈដូច​គ្នា ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឮ​ថា​បាន​ស្រែក​មុន​ពេល​ស្លាប់ថា៖ «​ខ្ញុំ​ដក​ដង្ហើម​មិន​រួច​ទេ»។

មាន​ការ​តវ៉ា​ជា​ច្រើន​កើត​ឡើង​ក្នុង​សប្ដាហ៍​នេះ​នៅ​ក្នុង​ទីក្រុង Tacoma ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស ការ​រើស​អើង​ពូជសាសន៍ និង​ដើម្បី​រក​រយុត្តិធម៌​ជូន​លោក Ellis លោក Floyd និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្រិ្វក​ជា​ច្រើន​រូប​ទៀត​ ដែល​ត្រូវ​បាន​សម្លាប់​ក្រោមស្នា​ដៃ​របស់​ប៉ូលិស។

លោក Don Ramsdell មេប៉ូលិស​ប្រចាំទីក្រុង Tacoma បាន​ឲ្យ​ដឹង​តាមការ​ចេញ​ផ្សាយ​ព័ត៌មាន​មួយថា ប៉ូលិសក្រុង​ Tacoma បាន​បង្ហាញ​អត្តសញ្ញាណ​ប៉ូលិស​ទាំង​បួន​រូប​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​របស់​លោក Ellis ដែល​ក្នុង​នោះ​រួម​មាន​លោក Christopher Burbank លោក Matthew Collins លោក Masyih Ford និង​លោក Timothy Rankine។ លោក Burbank និង​ លោក Collins ជា​ពលរដ្ឋ​អាមេរិកាំងស្បែក​ស លោក Fordជាពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ និង​លោក Rankine មាន​ដើម​កំណើត​អាស៊ី។ បុគ្គល​ទាំង​បួន​រូប​ត្រូវ​បាន​ផ្អាក​ពី​ការងារ៕

ប្រែសម្រួល​ដោយ​លោក សឿន វឌ្ឍនា

XS
SM
MD
LG