ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​ប្រឆាំង​ការ​រើសអើង​ជាតិ​សាសន៍​បាន​ធ្វើ​ឡើង​នៅ​ជុំវិញ​ពិភពលោក


ប្រជាជន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន Piazza del Popolo​ ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដើម្បី​អំពាវនាវ​ឲ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក George Floyd ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ក្រោយ​ពី​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ក្រុង Minneapolis សហរដ្ឋអាមេរិក។
ប្រជាជន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន Piazza del Popolo​ ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដើម្បី​អំពាវនាវ​ឲ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​លោក George Floyd ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ក្រោយ​ពី​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ក្រុង Minneapolis សហរដ្ឋអាមេរិក។

ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទីក្រុង​រ៉ូម ទីក្រុង​ឡុងដ៍ និង​ទីក្រុង​ប៉ារីស​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ។

ទោះ​បី​ជា​អ្នក​ខ្លះ​ថា ការ​តវ៉ា​នេះ​ត្រូវ​បាន​ជំរុញ​ឡើង​ដោយ​សារ​ការ​ស្លាប់​របស់​លោក George Floyd នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​បាន​លើក​ឡើង​ពី​ហេតុការណ៍​ផ្ទាល់​របស់​ប្រទេស​ពួកគេ​អំពី​បញ្ហា​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍។

មនុស្ស​រាប់​ពាន់​នាក់​ដែល​ពាក់​ម៉ាស់​បាន​ចេញ​ទៅ​ទីលាន Rome's People ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជា​លើក​ដំបូង​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ក្នុង​ទីក្រុង​នេះ។

ការ​តវ៉ា​ស្រដៀង​គ្នា​នេះ​ដែរ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាពិសេស​នៅ​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក។

ចំណែក​ឯ​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ អាជ្ញាធរ​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មនុស្ស​ជិត ១០០ នាក់ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ចុង​សប្ដាហ៍​នេះ ដែល​មាន​ការ​ចូលរួម​ពី​អ្នក​តវ៉ា​ប្រមាណ ១៥.០០០ នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ Associated Press។

រី​ឯ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង​ប៉ារីស​វិញ បាន​ប្រៀបធៀប​ករណី​ស្លាប់​របស់​លោក George Floyd ទៅ​នឹង​ករណី​ស្លាប់​របស់​លោក Adama Traoré ដែល​ជា​បុរស​ស្បែក​ខ្មៅ​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ស្លាប់​ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ប៉ារីស កាល​ពី ៤ ឆ្នាំ​មុន។

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ អ្នក​តវ៉ា​បាន​ចេញ​តាម​ដង​ផ្លូវ​ដើម្បី​លើក​ឡើង​អំពី​ជនជាតិ​ដើម​អូស្ត្រាលី ដែល​បាន​ស្លាប់​នៅ​ពេល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ប៉ូលិស។

យោង​តាម​បណ្ដាញ​ព័ត៌មាន Associated Press ជនជាតិ​ដើម​អូស្ត្រាលី​មាន​ចំនួន ២% នៃ​ប្រជាពលរដ្ឋ​សរុប ប៉ុន្តែ​មាន​ចំនួន ២៧% ក្នុង​ចំណោម​អ្នក​ជាប់​ពន្ធនាគារ។

ការ​តវ៉ា​ទ្រង់ទ្រាយ​តូច​មួយ​ចំនួន​ក៏​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ទ្វីប​អាស៊ី និង​អាហ្វ្រិក​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រទេស​កូរ៉េ​ខាង​ត្បូង អាហ្វ្រិក​ខាង​ត្បូង និង​សេណេហ្គាល់​ជា​ដើម៕

XS
SM
MD
LG