កាលពីថ្ងៃសៅរ៍ម្សិលមិញ អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅតាមទីក្រុងផ្សេងទៀតនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ដើម្បីតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ និងភាពឃោរឃៅរបស់ប៉ូលិស បន្ទាប់ពីបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់បានស្លាប់ពេលស្ថិតក្នុងការឃាត់ខ្លួនរបស់ប៉ូលិសកាលពីជិត ២ សប្ដាហ៍មុន។
ការតវ៉ាទាមទារឲ្យមានយុត្តិធម៌ផ្នែកជាតិសាសន៍ និងឲ្យមានការកែទម្រង់ផ្នែកប៉ូលិសជាប្រព័ន្ធ បានផ្ទុះឡើងនៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក និងបានបន្តធ្វើជារៀងរាល់ថ្ងៃ បន្ទាប់ពីលោក George Floyd អាយុ ៤៦ ឆ្នាំ បានស្លាប់កាលពីថ្ងៃទី ២៥ ខែឧសភា កន្លងទៅនេះនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ក្រោយពីមន្ត្រីប៉ូលិសឈ្មោះ Derek Chauvin បានសង្កត់ជង្គង់លើករបស់លោកអស់ជិត ៩ នាទី នៅពេលដែលលោកប្រឹងនិយាយទាំងដង្ហក់ខ្យល់ថា ខ្ញុំមិនអាចដកដង្ហើមបានទេ។
នេះគឺជាស្ថានការណ៍នៃការស្លាប់ថ្មីចុងក្រោយបំផុតនៃការស្លាប់ជាច្រើនក្នុងចំណោមពលរដ្ឋអាមេរិកាំងស្បែកខ្មៅពេលស្ថិតក្នុងការឃាត់ខ្លួនរបស់ប៉ូលិស។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងមក គេឃើញថា នៅក្នុងការតវ៉ានៅតាមទីក្រុងនានានៅទូទាំងពិភពលោក មនុស្សគ្រប់អាយុ ពណ៌សម្បុរ និងជាតិសាសន៍ បានស្រែកបន្ទោរក្នុងសាមគ្គីភាពថា៖ «ខ្ញុំមិនអាចដកដង្ហើមបានទេ» ដែលជាពាក្យចុងក្រោយរបស់លោក Floyd។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមអ្នកតវ៉ាដោយសន្តិវិធីបានដើរក្បួនតវ៉ាកាត់តាមតំបន់ស្នាក់នៅជាច្រើន និងកាត់តាមវិមានរដ្ឋសភា និងឧទ្យាន National Mall កាលពីរសៀលថ្ងៃសៅរ៍។
អភិបាលរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រី Muriel Bowser បានថ្លែងទៅកាន់ក្រុមអ្នកតវ៉ានៅផ្លូវដែលទើបតែប្ដូរឈ្មោះថ្មីថា Black Lives Matter Plaza ស្ថិតនៅភាគខាងជើងនៃឧទ្យាន Lafayette និងសេតវិមាន ថា៖ «ខ្ញុំមានកូនស្រីអាយុ ២ ឆ្នាំ ម្នាក់។ ខ្ញុំចង់ឲ្យនាងធំដឹងក្ដីឡើងនៅក្នុងប្រទេសមួយ ដែលនាងមិនខ្លាចពេលចេញទៅទិញឥវ៉ាន់នៅតាមហាង និងមិនខ្លាចពេលចេញទៅធ្វើការ»៕