អាជីវកម្មថ្មោងថ្មីនៅក្នុងទ្វីបអាហ្វ្រិកជាញឹកញាប់ បានត្អូញត្អែរអំពីធនាគារដែលគ្មានឆន្ទៈក្នុងការ ផ្តល់ប្រាក់កម្ចីដល់ពួកគេ។ ដោយសារអវត្ដមាននៃការផ្តល់ប្រាក់កម្ចីនេះ ជារឿយៗ អាជីវកម្មខ្នាតតូចបានប្រើមូលនិធិចេញពីខ្លួនពួកគេផ្ទាល់ ដូចជាតាមរយៈប្រាក់សន្សំនិងដើមទុនពីមិត្តភក្តិ និងក្រុមគ្រួសារ។ ក៏ប៉ុន្តែ គោលការណ៍ប្រមូលមូលនិធិពីសាធារណជន (Crowdfunding) កំពុងតែបំពេញគម្លាតហិរញ្ញវត្ថុបានយ៉ាងច្រើន និងអាចស្រោចស្រង់អាជីវកម្មថ្មោងថ្មីឲ្យមានដំណើរការឡើងវិញក្នុងទ្វីបអាហ្រ្វិក។
អ្នកស្រី Mira Mehta គឺជាសហស្ថាបនិកនៃកុ្រមហ៊ុន Tomato Jos ដែលជាក្រុមហ៊ុនកសិកម្មជួយជ្រោមជ្រែងដល់កសិករដាំប៉េងប៉ោះនៅក្នុងប្រទេសនីហ្សេរីយ៉ា។ តាមរយៈការប្រើប្រាស់កម្មវិធី Kickstarter ដែលបានអះអាងថា ជាកម្មវិធីផ្តល់មូលនិធិតាមរយៈការប្រមូលមូលនិធិពីសាធារណជនធំជាងគេបំផុតនៅលើពិភពលោក កុ្រមហ៊ុន Tomato Jos ប្រមូលបានមូលនិធិរហូតដល់ទៅ៥៥.០០០ដុល្លារ។
ក្រុមវិនិយោគិនដែលមានធនធាននឹងឥទ្ធិពល បានសន្យាផ្តល់ប្រាក់២៣០.០០០ដុល្លារបន្ថែមទៀត ដល់កុ្រមហ៊ុន Tomato Jos នៅខាងក្រៅកម្មវិធីនេះ។ អ្នកស្រី Mehta បានប្រាប់វីអូអេ ពីទីក្រុងអាប៊ូចា (Abuja) ប្រទេសនីហ្សេរីយ៉ា៖
«វាបានធ្វើឲ្យមានលក្ខណៈស្របច្បាប់ដល់វិនិយោគិនដែលមានធនធាននឹងឥទ្ធិពលរបស់យើង។ យើងបាននិយាយថា អ្នកដឹងទេ! មនុស្សពី៥០០ ទៅ ៦០០នាក់ មានឆន្ទៈក្នុងការប្រគល់ថវិកាឲ្យពួកយើង ដោយមិនទាមទារយកតម្លៃភាគហ៊ុនទេ។ នេះ ក៏ដោយសារតែពួកគេគិតថា វាជាគំនិតដ៏ល្អមួយ។ អ្នកវិនិយោគិនជាលក្ខណៈប្រពៃណីបាននិយាយថា ពួកគេនឹងមិនទទួលឥទ្ធិពលអ្វីពីរឿងបែបនេះទេ តែខ្ញុំគិតថា នេះគឺជាការមិនចាញ់មិនឈ្នះមួយ»។
ការប្រមូលមូលនិធិពីសាធារណជនទទួលបានភាពជោគជ័យដ៏ធំធេង នៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប។ នៅក្នុងឆ្នាំ២០១៤ កម្មវីធី Kickstarter បានប្រមូលមូលនិធិបានចំនួន៥២៩លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនជាង២២.០០០គម្រោង។
ដូច្នេះ តើមូលនិធិនេះដំណើរការយ៉ាងដូចម្តេច? អាជីវកម្មដែលទើបចាប់ផ្តើមថ្មីមួយផ្សព្វផ្សាយគម្រោងរបស់ខ្លួន តាមរយៈបណ្តាញអ៊ីនធឺណិត ហើយអ្នកគាំទ្រគម្រោងនោះសន្យាផ្តល់ថវិកា ទោះបីជាគម្រោងនោះ មិនមែនដើម្បីរកប្រាក់ចំណេញក៏ដោយ។ ផ្ទុយទៅវិញ អ្នកបង្កើតគម្រោងទាំងនោះ ផ្តល់ជារង្វាន់ដើម្បីអរគុណដល់អ្នកគាំទ្ររបស់ខ្លួន។
នៅក្នុងទីផ្សារដែលទើបតែងើបឡើងក្នុងទ្វីបអាហ្រ្វិក ធនាគារជាធម្មតាមិនផ្តល់ប្រាក់កម្ចីទៅដល់អាជីវកម្មថ្មីៗទេ ដោយសារតែវត្ថុបញ្ចាំមានកម្រិតទាប និងមានហានិភ័យខ្ពស់ដែលអាជីវកម្មទាំងនោះមិនអាចសងបំណុល។ នៅក្នុងប្រទេសនីហ្សេរីយ៉ាដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក មានសហគ្រាសខ្នាតតូចនិងមធ្យម (SME) តែ១៤ភាគរយប៉ុណ្ណោះដែលទទួលបានប្រាក់កម្ចីពីធនាគារ ឬទទួលបានលទ្ធភាពដកបា្រក់លើសពីចំនួនទឹកប្រាក់ដែលពួគគេមាន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។
ការប្រមូលមូលនិធិពីសាធារណជនកំពុងតែបំពេញគម្លាតផ្នែកហិរញ្ញវត្ថុបានកាន់តែប្រសើរឡើង។
នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង លោក Patrick Schofield បានចូលរួមស្ថាបនាក្រុមហ៊ុន Thundafund មួយដើម្បីជួយជំរុញភាពច្នៃប្រឌិតនិងភាពជាសហគ្រិននៅក្នុងទី្វបអាហ្វ្រិក។ ចាប់តាំងពីការបើកដំណើរការនៅក្នុងឆ្នាំ២០១៣មក ក្រុមហ៊ុន Thundafund ប្រមូលមូលនិធិបានជិត ៣៦៥.០០០ដុល្លារសម្រាប់គម្រោងចំនួន១១៧។
«មិនមែនតែគម្លាតថវិកាទេដែលជាបញ្ហានោះ តែការព្យាយាមស្វែងយល់ ថាតើគំនិតមួយមានតម្លៃដែលគួរតែជំរុញបន្តទៅមុខឬក៏អត់នោះ ក៏ជាបញ្ហាដែរ។ អ្នកបានឃើញអត្រានៃការបរាជ័យខ្ពស់ សម្រាប់សហគ្រាសថ្មីៗដែលទើបតែបានបើកដំណើរការ។ តែក្នុងចំណោមសហគ្រាសថ្មីៗទាំងអស់នោះ មានសហគ្រាសមិនដល់៣០ភាគរយផងដែលអតិថិជនត្រូវការ ឬអាចទាក់ទាញតម្រូវការនៅលើទីផ្សារ។ តាមពិតទៅ មូលនិធិពីសាធារណជនគឺជាវិធីមួយដ៏មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការសាកល្បងគំនិតថ្មីមួយឬផលិតផលថ្មីមួយ តាមរយៈការនិយាយដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ ជាជាងនិយាយទៅកាន់ពួកវិនិយោគិន »។
កម្មវិធីមួយផ្សេងទៀតឈ្មោះ LelapaFund ត្រូវបានរចនាឡើងដើម្បីទាញយកប្រយោជន៍ពីអាណិកជនអាហ្វ្រិក។ ចំពោះអ្នកដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងទីផ្សារកំពុងរីកចម្រើនប៉ុន្តែនៅតែមានការប្រយ័ត្នប្រយែងចំពោះហានិភ័យលើការចំណាយពាក់ព័ន្ធផ្សេងៗនោះ ការវិនិយោគ តាមរយៈការប្រមូលមូលនិធិពីសាធារណជន គឺជាការព្រងព្រៀងគ្នាដ៏ល្អមួយ។ នេះបើយោងតាមប្រសាសន៍របស់លោក Elizabeth Howard ដែលជាសហស្ថាបនិកកម្មវិធី LelapaFund មានប្រសាសន៍ពីទីក្រុងប៉ារីស។
«យើងចង់ធ្វើឲ្យមានភាពងាយស្រួលសម្រាប់អាណិកជនអាហ្រ្វិក ដើម្បីវិនិយោគនៅក្នុងវិស័យ សហគ្រាសខ្នាតតូចនិងមធ្យម នៅក្នុងមាតុប្រទេសរបស់ពួកគេ ដោយយើងមានសម្មតិកម្មមួយថា ពួកវិនិយោគិនល្អបំផុតនៅក្នុងទ្វីបអាហ្រ្វិកគឺជនជាតិអាហ្វ្រិកខ្លួនឯង»។
ក៏ប៉ុន្តែគម្រោងជាច្រើនត្រូវតែប្រកួតប្រជែងជាមួយនឹងគម្រោងរាប់ពាន់ផ្សេងទៀតដើម្បីទទួលបានមូលនិធិ។ បន្ថែមពីលើនេះ ថវិកាដែលប្រមូលបាននៅក្នុងប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិកជាដើម ត្រូវការការចំណាយខ្ពស់និងមានការលំបាកក្នុងការផ្ទេរថវិកាទាំងនោះទៅឲ្យដៃគូម្ខាងទៀតនៅក្នុងទ្វីបអាហ្រ្វិក។
អ្នកស្រី Mira Mehta មានប្រសាសន៍ថា កម្មវិធីមូលនិធិពីសាធារណជន អាចបង្កើតឲ្យមានការផ្សព្វផ្សាយទូលំទូលាយដល់សាធារណជន និងផ្តល់ភាពស្របច្បាប់ដល់អាជីវកម្មថ្មីៗទាំងឡាយ ក៏ប៉ុន្តែ នេះមិនមែនមានន័យថា វាអាចទទួលបានថវិកាដោយស្វ័យប្រវត្តិនោះទេ។
«យើងអាចត្រឹមតែកំណត់គោលដៅដ៏ខ្ពស់មួយ ពីព្រោះយើងមានភាពប្រាកដប្រជាខ្លាំងណាស់ថា យើងនឹងអាចសម្រេចគោលដៅនោះបាននៅក្នុងបណ្តាញរបស់យើង។ ខ្ញុំគិតថា មិនមានសហគ្រិនច្រើនទេដែលបានពិចារណាដូច្នេះ។ ពួកគេប្រហែលជាគិតថា កម្មវិធីនេះ នឹងរាលដាលពីមួយទៅមួយយ៉ាងឆាប់រហ័ស។ តើអ្នកគិតថា នៅក្នុងបណ្តាញនៃទំនាក់ទំនងជាមួយមនុស្សដែលអ្នកស្គាល់ជាលក្ខណៈបុគ្គល អ្នកអាចប្រមូលថវិកាទាំងនេះបានទេ? ហើយប្រសិនបើអ្នកមិនអាចធ្វើបាន បរាជ័យនេះអាចរីកដាលដល់គម្រោងដទៃផ្សេងទៀត។ នេះហើយជាផ្នែកមួយនៃមូលហេតុដែលគម្រោងជាច្រើនបានបរាជ័យ។ មហាជនពិតជាមិនបានគិតពិចារណា ថាតើថវិកាទាំងនោះបានមកពីប្រភពណានោះទេ»។
បើទោះជាមានហានិភ័យយ៉ាងណាក៏ដោយ ការប្រមូលមូលនិធិពីសាធារណជនអាចមានការវិវត្តទៅមុខសម្រាប់គម្រោងដែលមានឥទ្ធិពលដល់សង្គមនិងសេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្រ្វិក៕
ប្រែសម្រួលដោយ ហង្ស វុទ្ធិកា