រដ្ឋសភា គ្រោង​នឹង​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ១៩​នៅ​ថ្ងៃសុក្រ

រូបឯកសារ៖ លោក ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ នៅក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើកទី​៦​និតិកាល​ទី​៥ នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

រដ្ឋសភា​កម្ពុជា​ គ្រោង​នឹង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​សុក្រ​ ទី​៥ ​ខែ​មីនា​នេះ ដែល​នេះ​ជា​វិធានការ​ដែល​ស្ថាប័ន​នីតិបញ្ញត្តិ​នេះ​ហៅ​ថា​ គឺ​ដើម្បី​«ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ ៦​ ជំពូក ​និង​១៨ ​មាត្រា​នេះ ផ្តល់​អំណាច​ឲ្យ​អាជ្ញាធរ​ក្នុង​ការដាក់​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​ដល់​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក និង​អ្នក​ដែល​គេច​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩។

កាល​ពី​ចុង​ខែ​កុម្ភៈ រដ្ឋាភិបាល​បាន​សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​រដ្ឋសភា ដើម្បី​ពិភាក្សា​និង​អនុម័ត ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឡើង​ជា​លើក​ទី​៣​នូវ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ចូល​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។

គិត​មក​ត្រឹម​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ក្នុង​សហគមន៍​ចុង​ក្រោយ​នេះ​ សរុប​មាន​ជាង​៤០០​នាក់​ហើយ ​ភាគច្រើន​ជា​ជនជាតិ​ចិន​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ​និង​ក្រុង​ព្រះសីហនុ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី«វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត» អនុញ្ញាត​ឲ្យ​មាន​វិធាន​ការ​រដ្ឋបាល​ ដូចជា​ការ​រឹតត្បិត​ ឬ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ការ​ហាមឃាត់​ការ​ប្រមូល​ផ្តុំ​គ្នា ការ​កម្រិត​សកម្មភាព​ការងារ ឬ​មុខ​របរ និង​ការ​បិទ​ខ្ទប់​តំបន់​ ឬ​ទី​កន្លែង​មួយ​ចំនួន​ជាដើម។

មាត្រា​៧ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដែល VOA​ ទទួល​បាន ​ចែង​ថា ​ការ​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ ឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៦ ​ខែ​ទៅ​៣ ​ឆ្នាំ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល​ទៅ​ ១០ ​លាន​រៀល កាល​បើ​អំពើ​ខាង​លើ​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ​ទៅ​អ្នក​ដទៃ។

ចំណែក​មាត្រា​៨ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា​ ការ​គេច​វេះ​ពី​ការ​ព្យាបាល ឬ​គេច​ពី​កន្លែង​ព្យាបាល នឹង​ត្រូវ​ផ្តន្ទា​ទោស​ពី​ ១​ ឆ្នាំ​ទៅ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៨​លាន​រៀល​ទៅ​ ២០ ​លាន​រៀល។ ​បើ​អំពើ​នេះ​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ​ដល់​អ្នក​ដទៃ ត្រូវ​ដាក់​ពន្ធនាគារ​ពី ​៥ ​ឆ្នាំ​ទៅ ​១០​ឆ្នាំ៕