សង្គមស៊ីវិលធ្វើការលើវិស័យសិទ្ធិមនុស្សអំពាវនាវឲ្យមានការបញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងតាមផ្លូវច្បាប់ និងរាងកាយមកលើអ្នកកាសែត ដើម្បីរក្សាលំហឲ្យពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាប្រយោជន៍ក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្តល់ការគាំទ្រលើគោលនយោបាយរបស់រដ្ឋាភិបាល ឬក៏បានដឹងពីកំហុសឆ្គងរបស់មន្ត្រីសាធារណៈ។
សេចក្តីអំពាវនាវនេះ ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន នៅចំពេលមានការប្រារព្ធទិវាអន្តរជាតិអំពីការបញ្ឈប់និទណ្ឌភាពលើអ្នកកាសែតថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រៅប្រទេសចំនួន៩ ចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ ការធ្វើទុក្ខបុកម្នេញ និងឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែតហាក់ដូចជាមានការកើនឡើង។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) យល់ថា ការយាយីអ្នកកាសែតលើរាងកាយរហូតដល់មានការសម្លាប់អ្នកកាសែតបានបន្តកើតមានចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣មក។ លោកចាត់ទុកបញ្ហានិទណ្ឌភាពនៅតែជារឿងមួយគួរឲ្យព្រួយបារម្ភ ខណៈជនដៃដល់ដែលធ្វើបាបអ្នកកាសែតតាមទម្រង់យាយីផ្សេងៗរួមមានអំពើហិង្សាផងនោះ មិនត្រូវបានយកមកប្រឈមមុខជាមួយនឹងតុលាការទេ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ករណីថ្មីៗ យើងឃើញសូម្បីតែមានករណីនៃការវាយដំ ទៅលើអ្នកសារព័ត៌មានដូចជានៅក្នុងខេត្តសៀមរាប ករណីវាយដំទៅលើអ្នកសារព័ត៌មាន ដែលហ៊ានធ្វើការស៊ើបអង្កេតបទល្មើសព្រៃឈើដូចជាករណីនៅក្នុងខេត្តក្រចេះអ៊ីចឹងជាដើម។ ហើយនឹងងករណីនៃការស្លាប់អ្នកសារព័ត៌មានលោកពិសិតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរកឃើញថា ត្រូវបានលើកឡើងថា ជាគ្រោះថ្នាក់ចរាចរណ៍អីហ្នឹង គឺជារឿងមួយគួរតែមានការស៊ើប»។
លោក គួយ ពិសិត អាយុ២៤ឆ្នាំ ជាអ្នកសារព័ត៌មានអង្គភាព CBNTV Online បានស្លាប់នៅចំណុចផ្លូវបេតុងមួយ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ អះអាងថា ការស្លាប់នោះ ជាករណីគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាករណីឃាតកម្មទេ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកកន្លងមក។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)បានឲ្យដឹងបន្ថែមទៀតថា មានករណីហិង្សាលើអ្នកកាសែតមួយចំនួនទៀត មិនទាន់ត្រូវបានមន្ត្រីជំនាញសន្តិសុខ ធ្វើការអង្កេតរកជនដៃដល់មកផ្តន្ទាទោសបាននោះទេ។ លោកថ្លែងថា៖
«ករណីវាយដំលើអ្នកសារព័ត៌មាន ដែលហ៊ានទៅយកព័ត៌មាននៅកន្លែងប្រព្រឹត្តល្បែងស៊ីសងអីហ្នឹង គួរតែត្រូវបាន អាជ្ញាធរមានសមត្ថកិច្ចហ្នឹងចាប់ជនល្មើស ដែលហ៊ានប្រព្រឹត្តល្បែងស៊ីសង ហ៊ានវាយដំលើអ្នកសារព័ត៌មានហ្នឹង ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់»។
បើតាមសមាគមខេមបូចា ក្នុងរយៈពេល១០ខែចុងក្រោយ គឺគិតពីខែមករា ដល់ខែតុលាឆ្នាំ២០២១ មានអ្នកកាសែតចំនួន៨១នាក់ ត្រូវបានក្លាយជាគោលដៅនៃការយាយី ដោយក្នុងនោះ ពួកគេបានរងអំពើហិង្សា២០ករណី គំរាមកំហែង១៦ករណី ប្រឈមនឹងវិធានការតុលាការ៨ករណី និងត្រូវបានឃុំខ្លួនដើម្បីសួរនាំចំនួន៦ករណីក្នុងនោះ មានស្ត្រីម្នាក់ផងដែរ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន៩ ដែលក្នុងនោះមានសមាគមខេមបូចា និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសរសេរតាមន័យដើមថា៖ «យើងទទូចសុំអាជ្ញាធរកម្ពុជា ចាត់វិធានការជាបន្ទាន់ ដើម្បីធានាការស៊ើបអង្កេតមានប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាពត្រូវបានធ្វើឡើងទៅក្នុងករណីឧក្រិដ្ឋកម្ម និងធានាថា យុត្តិធម៌ត្រូវបានរកឃើញ»។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អាជ្ញាធរពាក់ព័ន្ធគួរតែបង្កើនកិច្ចខិតខំ បើកការអង្កេតលើករណីឧក្រិដ្ឋកម្មធ្ងន់ធ្ងរដូចជាឃាតកម្មលើអ្នកកាសែត ដើម្បីធានាថា អ្នកប្រកបអាជីពសារព័ត៌មានមិនមានការភ័យខ្លាច ក្នុងការផ្សព្វផ្សាយដំណឹងពិត ដែលជាប្រយោជន៍រួមរបស់សាធារណជនទូទៅ។
អ្នកស្រីថ្លែងថា៖ «នៅពេលណាដែលយើងមិនបានខ្នះខ្នែង ក្នុងការស្វែងរកយុត្តិធម៌ បង្ហាញនូវការពិតជូនពលរដ្ឋ ជូនសាធារណជនបានដឹងឮនោះទេ។ បានន័យថា យើងគាំទ្រចំពោះនិទណ្ឌភាពនេះ ឲ្យនៅតែជាឧបសគ្គនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលនឹងមានការភ័យខ្លាចដូចថា នៅពេលមានបទល្មើសហ្នឹង គឺជនល្មើសមិនត្រូវរងនូវការផ្តន្ទាទោសណាមួយនោះទេ»។
អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងចាំបាច់បំផុត ដែលមន្ត្រីពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការអីជាដើមហ្នឹងត្រូវតែស្វែងរកនូវយុត្តិធម៌នេះ ដើម្បីបង្ហាញដល់ពលរដ្ឋថាយុត្តិធម៌ពិតជាមានសម្រាប់ ជនរងគ្រោះ ហើយនឹងក្រុមគ្រួសារ ហើយនឹងសិទ្ធិក្នុងការដឹងឮការពិតរបស់សាធារណជនហ្នឹង គឺត្រូវបានធានា»។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលខាងលើ គិតចាប់តាំងពីឆ្នាំ១៩៩៤មក មានអ្នកកាសែតយ៉ាងតិចណាស់ ១៧នាក់ ត្រូវបានសម្លាប់ និងស្លាប់នៅក្នុងប្រទេសកម្ពុជា។ ហើយស្ទើរតែគ្រប់ករណីទាំងអស់ជនរងគ្រោះត្រូវបានក្លាយជាគោលដៅ ដោយសារការងាររបស់ពួកគេ។
អ្នកកាសែតចំនួន១២នាក់ ក្នុងចំណោម១៧នាក់ដែលបានស្លាប់នោះ បានធ្វើសេចក្តីរាយការណ៍រសើបនៅពេលពួកគេបានស្លាប់។ ជាងនេះទៅទៀត ជនល្មើសមិនដែលត្រូវបាននាំមកកាត់ទោសនោះទេ ក្នុងករណីស្លាប់ចំនួន១២ករណីនោះ។
គួរកត់សម្គាល់ផងដែរថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០២១ ដែលជាចំណាត់ថ្នាក់មិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ២០២០មក។ នេះ បើយោងតាមអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders)។
ថ្លែងក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធអនឡាញស្តីពី សេរីភាពសារព័ត៌មាន និងនិទណ្ឌភាពរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ កត់សម្គាល់ពីសារសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មានក្នុងការពាំនាំដំណឹងពិតពីប្រជាជនទៅរដ្ឋ និងរដ្ឋមកប្រជាជន។
ក៏ប៉ុន្តែ មន្ត្រីរូបនេះក៏ថ្លែងដែរថា អ្នកសារព័ត៌មានត្រូវមានការទទួលខុសត្រូវចំពោះ កំហុសវិជ្ជាជីវៈរបស់ខ្លួនផងដែរ។ លោកថ្លែងថា៖
«ដូច្នេះទន្ទឹមហ្នឹង ច្បាប់របបសារព័ត៌មាន មានការបើកទូលាយ អ្នកដែលប្រកបវិជ្ជាជីវៈសារព័ត៌មាន គឺត្រូវមានកាតព្វកិច្ចនៅក្នុងការទទួលខុសត្រូវរបស់ខ្លួន»។
អ្នកនាំពាក្យរូបនោះ ក៏ស្នើឲ្យអ្នកកាសែតសិក្សាអំពីឯកសារច្បាប់ និងលិខិតបទដ្ឋានដែលមានជាធរមាន ពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញវិជ្ជាជីវៈសារព័ត៌មាន ប្រព្រឹត្តទៅ ដោយគ្មានការប្រឈមនៅពេលបំពេញការងារជាអ្នកកាសែតនោះ។ តែលោកមិនបានមានមតិយ៉ាងណានោះទេ លើការចាត់ការផ្លូវច្បាប់ក្នុងសំណុំរឿងឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន។
ក្នុងសំណុំរឿងយាយីអ្នកកាសែតនេះ ចាងហ្វាងគេហទំព័រ Koh Kong Hot News លោក យួន ឈីវ ត្រូវបានសាលាដំបូងខេត្តកោះកុង កាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
នៅមុនពេលកាត់ទោស អ្នកកាសែតឈរជើងនៅខេត្តកោះកុងរូបនោះ បានរាយការណ៍ព័ត៌មានតាមប្រព័ន្ធសង្គមហ្វេសប៊ុក អំពីវិវាទដីធ្លីមួយនៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរក្នុងខេត្តកោះកុង។
លោក នាវ កាវ អាយុ៤៥ឆ្នាំ ប្អូនប្រុសបង្កើតរបស់លោក យួន ឈីវ បញ្ជាក់ថា លោក យួន ឈីវ បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ព្រះសីហនុ ដោយមិនសុខចិត្តនឹងសាលក្រមរបស់សាលាដំបូងខេត្តកោះកុង។
លោកនិយាយថា៖ «បើតាមសាច់រឿងដែលយើងដឹងទៅ ខ្ញុំគិតថា ការផ្សាយព័ត៌មាន បើវាមិនពិតយើងអាចបំភ្លឺឲ្យសាធារណមតិ ឡើងវិញបាន។ ហើយមួយទៀត អ្វីដែលខាងតុលាការចោទប្រកាន់ពីបទញុះញង់ ឲ្យចលាចលក្នុងសង្គម ខ្ញុំក៏មិនយល់ផ្លូវច្បាប់ដែរ។ ប៉ុន្តែគ្រាន់តែ រឿងទិដ្ឋភាពជាក់ស្តែង ការកាប់បំផ្លាញដំណាំ ខ្ទមផ្ទះអីចឹងទៅ គាត់គ្រាន់តែស្រែក ស្រែកហ្នឹងមិនស្រែកអីទេ គ្រាន់តែថា ផ្សាយព័ត៌មានពិត ហើយដល់ពេលអ៊ីចឹង មិនដឹងយ៉ាងណា យ៉ាងណា យើងក៏មិនស៊ីជម្រៅដែរ»។
ប្អូនប្រុសលោក យួន ឈីវ សង្ឃឹមថា សាលាឧទ្ធរណ៍នឹងប្រើឆន្ទានុសិទ្ធិសម្រេចលើបណ្តឹងលោកយួន ឈីវ ជំទាស់ការកាត់ទោសរបស់សាលាដំបូងខេត្តកោះកុង និងសម្រេចឱ្យលោករួចខ្លួន៕